អត្ថបទខ្លីៗ

អ្នកកាសែត​៥​នាក់​ ​និង​សកម្មជន​៤​នាក់​ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ភ្នំ​តា​ម៉ៅ​

ចេញផ្សាយ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០២២
F T M
សកម្មជន​ខ្មែរ​ថាវរៈ​ (​មើល​ពីឆ្វេង​) ​កញ្ញា​ ​សុគន្ធ​ ​តុលា​ ​លោក​ ​ស្វាយ​ ​សំណាង​ (​ពុំ​ត្រូវ​បាន​ឃាត់ខ្លួន​ទេ​) ​អ្នកស្រី​ ​ឈឿន​ ​ដារ៉ា​វី​ ​កញ្ញា​ ​ឆែម​ ​ស្រី​គា​ ​និង​លោក​ ​ហ៊ុន​ ​វណ្ណៈ​ ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ ​ខេត្ត​តាកែវ​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​។​

នា​ព្រឹកនេះ​ ​អាជ្ញាធរ​ ​បាន​ឃាត់ខ្លួន​អ្នក​សារ​ព័ត៌មាន​៥​នាក់​ ​មកពី​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​វី​អូ​ឌី​ ​និង​៤​នាក់​ទៀត​មកពី​ក្រុម​យុត្តិធម៌​សង្គម​ ​ខ្មែរ​ថាវរៈ​ ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​ ​។​ ​ពួកគេ​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ម៉ោងជាង​ ​៦​ល្ងាច​នេះ​ ​ក្រោយ​ពី​អាជ្ញាធរ​តម្រូវ​ឱ្យ​ពួកគេ​ធ្វើ​កិច្ចសន្យា​មួយ​ ​។​

​មន្ត្រី​កង​អង្គរក្ស​សម្ដេច​នាយករដ្ឋមន្ត្រី​ ​បាន​ឃាត់ខ្លួន​ ​អ្នក​សារ​ព័ត៌មាន​ ​និង​សកម្មជន​ខ្មែរ​ថាវរៈ​ ​រួម​មាន​កញ្ញា​ ​សុគន្ធ​ ​តុលា​ ​កញ្ញា​ ​ឆែម​ ​ស្រី​គា​ ​កញ្ញា​ ​ឈឿន​ ​ដារ៉ា​វី​ ​និង​លោក​ ​ហ៊ុន​ ​វណ្ណៈ​ ​ហើយ​បាន​បញ្ជូន​ពួកគេ​ទាំង​៩​នាក់​ទៅ​សាកសួរ​ជាច្រើន​ម៉ោង​ ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ ​នៅ​ខេត្ត​តាកែវ​ ​។​

​សកម្មជន​ខ្មែរ​ថាវរៈ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ក្រោយ​ពី​សមាជិក​ក្រុម​ម្នាក់​បាន​ធ្វើ​ការផ្សាយ​ផ្ទាល់​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​ពី​តំបន់​ភ្នំ​តា​ម៉ៅ​ ​នា​ព្រឹកនេះ​ ​ហើយ​ក្រុម​ដដែល​នេះ​បាន​ដាក់​ញត្តិ​មួយ​ទៅកាន់​មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ពាក់ព័ន្ធ​នឹង​ដី​ព្រៃ​នេះ​ ​បើ​តាម​សមាជិក​ក្រុម​ម្នាក់ទៀត​ ​។​ ​មានការ​រាយការណ៍​ថា​ ​អាជ្ញាធរ​បាន​ចាប់ផ្ដើម​បោះបង្គោល​ដី​ព្រៃ​ ​ដែល​នាំ​មាន​ច​ម្ងល់​ជាច្រើន​ពី​អ្នកភូមិ​នៅ​ក្នុង​តំបន់​ ​និង​នាំ​ឱ្យ​មានការ​ចុះទៅ​ទស្សនា​ផ្ទាល់​ដោយក្រុម​ខ្មែរ​ថាវរៈ​ ​។​

​អ្នក​សារ​ព័ត៌មាន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃអង្គារ​នេះ​ ​កំពុង​រាយការណ៍​ពី​ផលវិបាក​នៃ​ការ​ឈូស​ឆាយដី​ព្រៃ​ ​នា​ពេលថ្មីៗនេះ​ ​។​ ​ក្រុម​កង​អង្គរក្ស​ ​បាន​ដកហូត​ស​ម្ភារៈ​របស់​អ្នក​សារ​ព័ត៌មាន​ ​និង​សកម្មជន​ ​។​

​ការ​ឃាត់ខ្លួន​នេះ​កើតឡើង​ ​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​ក្រោយ​ពី​មានការ​ឈូស​ឆាយ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ដី​ព្រៃ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​ ​ដោយ​នាំ​ឱ្យ​បាត់បង់​ដី​ព្រៃ​ប្រមាណ​រហូតដល់​ ​៥​០​០​ហិច​តា​ ​ក្នុងចំណោម​ដី​សរុប​ប្រមាណ​២​០​០​០​ហិច​តា​ ​ក្នុងរយៈពេល​ត្រឹម​១​ស​ប្ដាហ៍ ​។​ ​កាលពី​ថ្ងៃ​ទី​០​៧​ ​ខែ​សីហា​នេះ​ ​សម្ដេច​នាយករដ្ឋមន្ត្រី​ ​បាន​បញ្ជា​ឱ្យ​មានការ​ដាំ​ដើមឈើ​ឡើងវិញ​ ​ដោយ​លុបចោល​ដីសម្បទាន​ ​ដែល​រាជរដ្ឋាភិបាល​ ​បាន​ផ្ដល់​ឱ្យ​អ្នកជំនួញ​មួយ​ចំនួន​ដូចជា​ ​លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​និង​លោក​ឧកញ៉ា​ ​ឃុន​ ​សៀ​ ​ជាដើម​ ​។​ ​ការលុបចោល​នេះ​ ​កើតឡើង​បន្ទាប់ពី​វី​អូ​ឌី​ ​បាន​ចេញ​ខ្សែ​វីដេអូ​ពីលើ​អាកាស​ ​និង​អត្ថបទ​ជាច្រើន​ ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ឆាប់រហ័ស​ ​ក៏ដូចជា​ការរិះគន់​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​នៅ​លើ​បណ្ដាញ​សង្គម​ ​ជុំវិញ​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​នេះ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា