អត្ថបទខ្លីៗ

សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​៩​នាក់​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​ប៉ុន្តែ​២​នាក់​នៅបន្ត​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​

ចេញផ្សាយ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០២៣
F T M
កូនប្រុស​អ្នកស្រី ​ផាវ ញ៉ើង ​គឺយុវជន​ ហង្ស ​វាសនា ​ស្រែក​ទាមទារ​ទាំងទឹក​ភ្នែក​ឱ្យដោះលែង​ម្ដាយ​របស់ខ្លួន​ពីពន្ធនាគារ​វិញ ​នៅក្រៅ​សាលាឧទ្ធរណ៍​ព្រះសីហនុ​ ក្នុងចំណោម​សមាជិក​សហគមន៍​ផ្សេងទៀត​ដែលមកពី​ខេត្តកោះកុង​ នៅថ្ងៃទី២៩ ​ខែសីហា ​ឆ្នាំ២០២៣ ។​

​នា​ថ្ងៃនេះ​ ​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​ចំនួន​៩​នាក់​ ​ត្រូវ​បាន​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ​ប៉ុន្តែ​ពួកគេ​ ​នឹង​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​។​ ​សកម្មជន​ទាំងនេះ​ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ​អស់​រយៈពេល​ ​២​ខែ​មក​ហើយ​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​ ​ក្រោយ​ពី​ការ​ចាប់​ខ្លួនពួកគេ​ ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​។​

​សកម្មជន​ទាំង​៩​នាក់​ ​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​ ​នៅ​ព្រឹកនេះ​ ​ដែល​មានការ​គាំទ្រ​ដោយ​សមាជិក​ ​និង​តំណាង​សហគមន៍​មកពី​ខេត្ត​កោះ​កុង​ដូចជា​ ​សហគមន៍​ដីធ្លី​១​៩​៧​ ​សហគមន៍​ដីធ្លី​១​៧​៥​ ​និង​សហគមន៍​ដីធ្លី​៩​៥​៥​ ​។​ ​អាជ្ញាធរ​ ​បាន​ស្នើ​ឱ្យ​អ្នកគាំទ្រ​រង់ចាំ​នៅ​ខាងក្នុង​បរិវេណ​តុលាការ​ ​ប៉ុន្តែ​ពួកគេ​សម្រេច​ចិត្ត​រង់ចាំ​នៅ​ក្រៅ​តុលាការ​ ​ដើម្បី​អំពាវនាវ​ជា​សាធារណៈ​ឱ្យ​មានការ​ដោះលែង​អ្នកតំណាង​របស់​ពួកគេ​ ​។​

​សកម្មជន​ទាំង​៩​នាក់​ ​រួម​មាន​ ​អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​អ្នកស្រី​ ដេ​ត​ហ៊ួ ​អ្នកស្រី​ ​យី​ ​គន្ធា​ ​លោក​ ​សុខ​ ជៃ ​លោក​ ​ហេង​ ជៃ ​អ្នកស្រី​ ​ទិន​ ​តាំង​ ​លោក​ ​ឡាំង​ ចៀ​វ​ ​អ្នកស្រី​ ​សេង​ ​លីន​ ​និង​លោក​ ​យឿន​ ​ខ្មៅ​ ​។​ ​ពួកគេ​ម្នាក់ៗ​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ ​បន្ទាប់ពី​បាន​ព្យាយាម​ធ្វើដំណើរ​ដោយ​សន្តិវិធី​ទៅ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​។​

​ប៉ុន្តែ​សកម្មជន​២​នាក់​ក្នុងចំណោម​ពួកគេ​ ​គឺ​អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​និង​អ្នកស្រី​ ​សេង​ ​លីន​ ​នឹង​ត្រូវ​បន្តជាប់​ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​ដោយសារ​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​១​ឆ្នាំ​ ​ក្នុង​ករណី​ផ្សេង​មួយទៀត​ ​ដែល​ពួកគេ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​បរិ​ហា​កេរ្តិ៍​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​ពាក់ព័ន្ធ​នឹង​ភាព​សកម្ម​និយម​របស់​ពួកគេ​ ​។​

​ចំណែក​ឯ​ ​សកម្មជន​៧​នាក់​ទៀត​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ត្រូវ​ដោះលែង​ពី​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​ ​នៅពេលដែល​មន្ត្រី​ពន្ធ​នាគា​រ​ទទួល​បាន​ដីកា​បង្គាប់​ឱ្យ​ដោះលែង​ពី​តុលាការ​ ​។​ ​ក្រោយ​ពី​ការ​ដោះលែង​នេះ​ ​ពួកគេ​នឹង​នៅតែ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ​ឬ​ផ្លាស់ប្ដូរ​អាសយដ្ឋាន​ដោយ​ពុំ​មាន​ការអនុញ្ញាត​ពី​តុលាការ​ ​ហើយ​ត្រូវ​ឆ្លើយតប​រាល់​ការ​កោះហៅ​របស់​តុលាការ​ ​។​ ​សកម្មជន​ទាំង​៩​នាក់​ ​នៅតែ​បន្ត​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​២​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៤​លាន​រៀល​ (​ប្រមាណ​ជា​ ​១​.​០​០​០​ដុល្លារ​) ​ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​ថា​មានទោស​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា