អត្ថបទខ្លីៗ

​សកម្មជន​គណបក្ស​ភ្លើង​ទៀន​៧​នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន

ចេញផ្សាយ ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០២៣
F T M
រូបភាពនៅមុខ សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ និង​អយ្យការ​អមសាលាដំបូង​ ខេត្ត​បន្ទាយ​មានជ័យ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។

​នា​ល្ងាច​ម្សិលមិញ​នេះ​ ​មន្ត្រី​ ​និង​សមាជិក​គណបក្ស​ភ្លើង​ទៀន​ចំនួន​ ​៧​រូប​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​ក្រោយ​ពី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​និង/ឬ​មាត្រា​៤​៩​៥​ ​និង​បទ​ឆបោក​ ​តាម​បញ្ញត្តិ​មាត្រា​ ​៣​៧​៧​ ​និង​ ​៣​៧​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​។​ ​បច្ចុប្បន្ន​ ​អ្នក​ទាំងនោះ​ ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​បន្ទាយ​មានជ័យ​ ​។​

​សកម្មជន​ទាំង​៧​នាក់​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ ​គឺ​ស្ថិត​ក្នុងចំណោម​សមាជិក​គណបក្ស​ភ្លើង​ទៀន​ចំនួន​ ​២​៣​នាក់​ ​ដែល​ត្រូវ​បាន​កោះហៅ​ទៅ​សាកសួរ​ដោយ​មន្ត្រី​នគរបាល​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ​ចាប់តាំង​ពី​ថ្ងៃសៅរ៍​ ​ទី​០​៩​ ​ខែកញ្ញា​នេះ​ ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​ថ្មី​មួយ​ ​។​ ​មូលដ្ឋាន​នៃ​ការចោទប្រកាន់​នេះ​ ​គឺ​ពុំទាន់​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​នៅឡើយ​ទេ​ ​។​

​សកម្មជន​នយោបាយ​គណបក្ស​ភ្លើង​ទៀន​ទាំង​៧​នាក់​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​រួម​មាន​ ​លោក​ ​ស៊ី​ន​ ​វត្ថា​ ​ប្រធាន​គណៈកម្មាធិការប្រតិបត្តិ​ខេត្ត​បន្ទាយ​មានជ័យ​ ​លោក​ ​ឡុង​ ឡា​វី​ ​អនុប្រធាន​គណៈកម្មាធិការប្រតិបត្តិ​ខេត្ត​បន្ទាយ​មានជ័យ​ ​លោក​ ​ទេស​ ​សម្បត្តិ​ ​វ​ឌ្ឍនោ ​សមាជិក​គណបក្ស​ ​លោក​ ​ទួត​ ​វាសនា​ ​ប្រធាន​គណៈកម្មាធិការប្រតិបត្តិ​ស្រុក​មង្គល​បុរី​ ​លោក​ ​ឈុំ​ ​ស៊ីណាត​ ​អនុប្រធាន​គណៈកម្មាធិការប្រតិបត្តិ​​ស្រុក​មង្គល​បុរី​ ​​លោក​ ​លោក​ ​វ៉ាន់​ ស៊ុ​យ​អ៊ី​វ​ ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ ​និងលោក ហ៊ឹម ឡា អ្នកគាំទ្រគណបក្សភ្លើងទៀន ។​ ក្នុងនោះ ​សកម្មជន៥នាក់​ ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ផង​ និង​បទឆបោក​ផង​ ខណៈដែល​សកម្មជន​២នាក់​ទៀត ​គឺលោក ​​វ៉ាន់​​ ស៊ុ​យ​អ៊ីវ​ និង​លោក ​ហ៊ឹម ឡា ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​តែមួយទេ ។​

​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូលរួម​ការបោះឆ្នោត​ថ្នាក់​ជាតិ​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​ដោយ​ផ្អែក​តាម​សេចក្ដី​សម្រេច​មួយ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​គ​.​ជ​.​ប​ ​បាន​សម្រេច​ថា​ ​គណបក្ស​ភ្លើង​ទៀន​ ​ពុំ​មាន​សិទ្ធិ​ចុះបញ្ជី​ប្រកួតប្រជែង​នៅ​លើ​សន្លឹកឆ្នោត​នោះ​ទេ​ ​ដោយសារ​គណបក្ស​នេះ​បាន​ខកខាន​ក្នុង​កា​រដាក់​ឯកសារ​ចុះបញ្ជី​ច្បាប់ដើម​ ​។​ ​គណបក្ស​ភ្លើង​ទៀន​ ​បាន​បង្ហាញ​ពី​សន្ទុះ​គាំទ្រ​ខ្លាំង​មួយ​ ​និង​ជា​គណ​បក្សជំទាស់​សំខាន់​មួយ​ ​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​៕​

អត្ថបទខ្លីនេះ ​ត្រូវបាន​កែសម្រួល​នៅថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២៣​ ដើម្បី​បញ្ជាក់​បន្ថែម​ពីការ​ឃុំខ្លួន​លោក ​ហ៊ឹម ឡា ​ដោយសារ​លីកាដូ ​ទើប​ទទួលបាន​ព័ត៌មាននេះ ​ក្រោយពេល​ចេញផ្សាយ​អត្ថបទ ។ ​ចំនួន​បទចោទ​ព្រហ្មទណ្ឌ​ ក៏មានការ​កែប្រែ​ផងដែរ ។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា