អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​តម្កល់​សាលដីកា​ផ្តន្ទាទោស​សមាជិក​សហគមន៍​ដីធ្លី​នៅ​ត្បូងឃ្មុំ​

ចេញផ្សាយ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២៤
F T M
រូបភាព​សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ​ ​នៅថ្ងៃទី០៤ ​ខែតុលា ​ឆ្នាំ២០២៣ ។

​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​តម្កល់​សេចក្តី​សម្រេច​របស់​ខ្លួន​លើកទីមួយ​ ​ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​២​ ​ឆ្នាំ​ ​ប៉ុន្តែ​សម្រេច​ព្យួរទោស​ដាក់​ពន្ធ​នាគា​រ​ ​មក​លើ​សមាជិក​សហគមន៍​ដីធ្លី​ស្រែប្រាំង​ចំនួន​ ​៤​នាក់​ ​។​ ​អ្នក​ទាំង​ ​៤​ ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទ​ “​ធ្វើ​ឱ្យ​ខូចខាត​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​ដោយសារ​ការប្រព្រឹត្ត​មាន​បុគ្គល​ច្រើន​រូប​ធ្វើសកម្មភាព​ក្នុងឋានៈជា​សហចារី​” ​។​

​សមាជិក​សហគមន៍​ទាំង​ ​៤​ ​រូប​ ​គឺ​ស្ថិត​ក្នុងចំណោម​ជនជាប់ចោទ​ចំនួន​ ​៩​ ​នាក់​ ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ ​ហា​ម៊ូ​នី​ ​វី​ន​ ​អ៊ី​ន​វេ​ស​មែន​ ខូ អិ​ល​ធី​ឌី​ ​ចោទប្រកាន់​ថា​បាន​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ ​ដោយ​មិន​ឱ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ដីធ្លី​របស់​អ្នក​ទាំងនោះ​កាលពី​ឆ្នាំ​ ​២​០​១​៧​ ​និង​ ​២​០​២​០​ ​។​ ​អ្នក​ទាំងនោះ​ ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយចេតនា​ដោយមាន​ស្ថាន​ទម្ងន់​ទោស​ ​និង​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​២​ ​ឆ្នាំ​ ​កាលពី​ឆ្នាំ​ ​២​០​២​១​ ​ដោយ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ ​។​ ​ក្រោយមក​ ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​ ​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ ​កាលពី​ឆ្នាំ​ ​២​០​២​២​ ​ប៉ុន្តែ​តុលាការ​កំពូល​កាលពី​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​៣​ ​បាន​សម្រេច​បញ្ជូន​សំណុំរឿង​នេះ​ ​ទៅ​ឱ្យ​សាលាឧទ្ធរណ៍​ជំនុំ​ជម្រះ​សាជាថ្មី​ ​។​

​សាលាឧទ្ធរណ៍​ ​តាមរយៈ​សវនាការ​ជំនុំ​ជម្រះ​ជា​លើក​ទីពីរ​ ​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​សមាជិក​សហគមន៍​ទាំង​ ​៤​ ​នាក់​ ​និង​តម្កល់​កា​រដាក់​ពន្ធ​នាគា​រ​ចំនួន​ ​២​ ​ឆ្នាំ​ ​ប៉ុន្តែ​សម្រេច​ឱ្យ​ព្យួរទោស​ទាំងនោះ​ ​។​ ​សមាជិក​សហគមន៍​ទាំងនោះ​ ​រួម​មាន​ ​លោក​ ​ចក់​ ​ជ័យ​ ​អ្នកស្រី​ ​ឃឹម​ ​សុខជា​ង​ ​លោក​ ​ពុំ​ ​ពេជ្រ​ និង​លោក​ ​វឿន​ វឿ ​។​

​សហគមន៍​ស្រែប្រាំង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​បាន​តស៊ូ​ការពារ​ដីធ្លី​របស់​ពួកគេ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ជាមួយនឹង​ក្រុមហ៊ុន​ ​ហា​ម៊ូ​នី​ ​វី​ន​ ​អ៊ី​ន​វេ​ស​មែន​ ​ដែល​ជា​ក្រុមហ៊ុន​ចិន​ចំការកៅស៊ូ​ ​។​ ​ក្រុមហ៊ុន​នេះ​ ​តែងតែ​រារាំង​អ្នកភូមិ​ស្រែប្រាំង​ ​ដោយ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ដីស្រែ​របស់​អ្នក​ទាំងនោះ​ ​ដែល​នេះ​បណ្តាល​ឱ្យ​មានការ​តវ៉ា​ជាច្រើន​ដង​ពី​សមាជិក​សហគមន៍​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា