អត្ថបទខ្លីៗ

សហគមន៍​សំរោង​ត្បូង​ ​រាយការណ៍​ថា​មានអំពើ​ហិង្សា​ ​នៅ​ពេល​អាជ្ញាធរ​កំពុង​ឈូស​ឆាយដី​តំបន់​បឹង​តា​មោក​

ចេញផ្សាយ ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៤
F T M
សមាជិកសហគមន៍ជាច្រើននាក់ កំពុងឈរតវ៉ាជំទាស់នឹងការឈូសឆាយដីនៅតំបន់បឹងតាមោកក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

នា​ព្រឹកនេះ​ ​សមាជិក​សហគមន៍​សំរោង​ត្បូង​មួយ​ចំនួន​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​បាន​រង​របួស​ពី​ការ​ប្រឈម​មុខ​ដាក់គ្នា​រវាង​អាជ្ញាធរ​ជាច្រើន​នាក់​ ​និង​សមាជិក​សហគមន៍​មួយ​ចំនួន​ ​នៅពេលដែល​អាជ្ញាធរ​កំពុង​ចាក់​ដី​លុប​តំបន់​មួយ​ក្នុង​បឹង​តា​មោក​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​តំបន់​មួយ​ចំនួន​ក្នុង​ផ្ទៃ​បឹង​តា​មោក​ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ ​កាត់​ ​និង​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ ​និង​បុគ្គល​ឯកជន​មួយ​ចំនួន​ ​ដែល​មាន​ទំនាក់ទំនង​ល្អ​ និង​​ជិតស្និទ្ធ​​ជាមួយ​អាជ្ញាធរ​រដ្ឋ​ ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​។​

​សមាជិក​មួយ​ចំនួន​នៃ​សហគមន៍​សំរោង​ត្បូង​ ​បាន​ប្រមូលផ្តុំ​គ្នា​ ​កាល​ពីម្សិលមិញ​ ​និង​នៅ​ព្រឹកនេះ​ ​ដើម្បី​តវ៉ា​ជំទាស់​នឹង​ការ​ឈូស​ឆាយ​របស់​អាជ្ញាធរ​រដ្ឋ​ដែល​ប៉ះពាល់​ដល់​ដីធ្លី​របស់​សមាជិក​សហគមន៍​ ​។​ ​សមាជិក​សហគមន៍​មួយ​ចំនួន​ ​ក៏​កំពុង​ប្រឈម​មុខ​ទៅ​នឹង​បណ្តឹង​នៅ​តុលាការ​ផង​ដែរ​ ​ដែល​យ៉ាងតិច​ណាស់​មាន​បណ្តឹង​ចំនួន​ ​៤​ ​ករណី​ ​កំពុង​ដំណើរការ​​​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​២​២​ ​ដោយ​ផ្អែក​លើ​ភាព​សកម្ម​និយម​លើ​រឿង​ដីធ្លី​របស់​ពួកគេ​ ​។​

​ការ​ប្រឈម​មុខ​ដាក់គ្នា​នៅ​ពេលនេះ​ ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹង​តា​មោក​ ​គឺ​កើតឡើង​នៅពេលដែល​គ្រឿងចក្រ​ឈូស​ឆាយ​ចំនួន​ ​៣​គ្រឿង​ ​ជាមួយ​និង​សន្តិសុខ​ចំនួន​ ​១​០​ ​នាក់​ ​ត្រូវ​បាន​ដាក់​ពង្រាយ​ ​ដើម្បី​ឈូស​ឆាយដី​ដែល​កាន់កាប់​ដោយ​សមាជិក​សហគមន៍​ ​។​ ​សមាជិក​សហគមន៍​មួយ​ចំនួន​ ​បាន​ប្រមូលផ្តុំ​គ្នា​ ​និង​ព្យាយាម​បញ្ឈប់​ការ​ឈូស​ឆាយ​នោះ​ ​។​ ​ក្រោយមក​កងកម្លាំង​នគរបាល​មួយ​ចំនួន​ ​បាន​មកដល់​ ​និង​ឈរ​ឃ្លាំមើល​សកម្មភាព​របស់​សហគមន៍​ ​។​ ​ការ​ឈូស​ឆាយ​ ​បាន​បន្ត​នា​ព្រឹកនេះ​ ​ដោយមាន​វត្តមាន​កងកម្លាំង​នគរបាល​ច្រើនជាង​កាល​ពីម្សិលមិញ​ ​ដោយមាន​ចំនួន​ប្រហែលជា​ង​ ​២​០​០​ ​នាក់​ ​រួម​មាន​នគរបាល​ប្រមាណ​ជាង​ ​៥​០​ ​នាក់​ ​និង​លោក​អភិបាល​រង​ខណ្ឌ​ព្រែក​ព្នៅ​ ​មួយ​នាក់​ផង​ដែរ​ ​។​ ​អាជ្ញាធរ​មួយ​ចំនួន​ ​បាន​ឈរ​មើល​ការ​ឈូស​ឆាយ​ ​ហើយ​អាជ្ញាធរ​មួយ​ចំនួន​ទៀត​ ​ដែល​រួម​មាន​នគរបាល​ ​និង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ ​បាន​ថតរូប​ ​និង​វីដេអូ​អំពី​សកម្មភាព​តវ៉ា​របស់​សមាជិក​សហគមន៍​ដែល​មាន​ចំនួន​ប្រមាណ​ជាង​ ​១​០​០​ ​នាក់​ ​កំពុង​ប្រមូលផ្តុំ​គ្នា​នៅ​តំបន់​នោះ​ ​។​

​ពលរដ្ឋ​មួយ​ចំនួន​ ​ដែល​រង​របួស​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅក្បែរ​នោះ​ ​ដើម្បី​ទទួលការ​ព្យាបាល​ ​ខណៈ​ដែល​សមាជិក​សហគមន៍​ដទៃទៀត​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​កំពុង​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចាកចេញ​ពី​តំបន់​ដែល​កំពុង​មាន​ជម្លោះ​ ​។​

​ការ​ប៉ះទង្គិច​គ្នា​នាស​ប្តាហ៍​នេះ​ ​កើតឡើង​ក្រោយពេល​មាន​សេចក្តីជូនដំណឹង​មួយ​ ​ដែល​ចុះ​ថ្ងៃ​ទី​១​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​ដែល​ចេញ​ដោយ​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​ ​ដោយ​បាន​អះអាង​ថា​តំបន់​នោះ​ ​គឺជា​ដី​របស់​រដ្ឋ​ ​ហើយ​បង្គាប់​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​តាំងទី​លំនៅ​ ​និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ឈូស​ឆាយ​តំបន់​នោះ​ ​។​

​សហគមន៍​សំរោង​ត្បូង​ ​បាន​ក​កើតឡើង​ ​ហើយ​ពលរដ្ឋ​ចំនួន​ ​៧​៦​ ​គ្រួសារ​ ​បាន​តាំងទីលំនៅ​ក្នុង​តំបន់​នោះ​ ​ចាប់តាំង​ពី​ឆ្នាំ​ ​១​៩​៩​៦​ ​។​ ​ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​នេះ​ ​បាន​ប្រឈមមុខនឹង​ការ​បាត់បង់​ដីធ្លី​របស់​ពួកគេ​ ​ចាប់តាំង​ពី​រាជរដ្ឋាភិបាល​ចាប់ផ្តើម​កាត់​ផ្ទៃ​បឹង​តា​មោក​ ​ទៅ​ឱ្យ​ក្រុមហ៊ុន​ ​និង​បុគ្គល​ឯកជន​ ​។​ ​រហូតមក​ទល់​ពេលនេះ​ ​រាជរដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​បឹង​តា​មោក​ចំនួន​ ​៨​០​ ​ក្បាលដី​ ​រួច​ទៅ​ហើយ​ ​ដែល​គ្រប​ដ​ណ្តប់​ប្រមាណ​ជិត​ ​៧​៥​% ​នៃ​ផ្ទៃ​បឹង​ទាំងមូល​ ​។​ ​បឹង​នេះ​ ​គឺជា​បឹង​ធំបំផុត​ចុងក្រោយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា