មេដឹកនាំសហជីពម្នាក់ត្រូវបានផ្តន្ទាទោស និងដាក់ពន្ធនាគារ មុនពេលបោះឆ្នោតរើសប្រធានសហព័ន្ធសហជីព
ចេញផ្សាយ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤លោក ម៉ម រិទ្ធី ដែលជាអនុប្រធានសហភាពការងារកម្ពុជា (CLC) ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីយប់មិញ នៅខាងក្រៅការិយាល័យរបស់សហជីព ក្រោយពេលលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដោយកំបាំងមុខ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ។ លោកត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន ១៨ ខែ កាលពីថ្ងៃអង្គារ៍ កន្លងទៅ ។
ក្រៅពីជាអនុប្រធានសហភាពការងារកម្ពុជា លោក រិទ្ធី ដែលមានអាយុ ៣៥ ឆ្នាំ ក៏ជាប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) ។ លោកត្រូវបានតុលាការផ្តន្ទាទោស ពាក់ព័ន្ធនឹងការចេញផ្សាយនូវវីដេអូមួយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដែលលោកបានរិះគន់ការចាប់ខ្លួនសមាជិកសហជីពរបស់លោក នៅកាស៊ីណូ ជីន ប៉ី ខេត្តព្រះសីហនុ ។
សាលក្រមផ្តន្ទាទោសខាងលើ ត្រូវបានចេញ ដោយមិនមានវត្តមានរបស់លោក ឬមេធាវីរបស់លោកនោះទេ ក្រោយពេលដែលមេធាវីរបស់លោក បានដាក់ពាក្យស្នើសុំពន្យារពេល ដោយសារមេធាវីជាប់រវល់ ។ តុលាការបានរកឃើញថាលោកមានពិរុទ្ធភាព ពីបទ ញុះញង់ យោងតាមមាត្រា ៤៩៤ និង ៤៩៥ និងបទ “ឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ” យោងតាមមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ និងពិន័យជាប្រាក់ចំនួន ២ លានរៀល (ប្រមាណ ៥០០ ដុល្លារអាមេរិក) ។
ការចាប់ឃុំខ្លួនលោក រិទ្ធី ត្រូវបានធ្វើឡើង មុនពេលការបោះឆ្នោតផ្ទៃក្នុងជ្រើសរើសប្រធានថ្មីរបស់សហភាពការងារកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែនេះ ៕
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម