ពាក្យបណ្ដឹងដាក់ទៅគណៈកម្មាធិការសិទ្ធិមនុស្សប្រទេសថៃ ស្ដីពីបញ្ហាសម្បទានដីស្ករអំពៅនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិលអង្គការសង្គមស៊ីវិលចំនួនពីរ ៖ អង្គការ លីកាដូ និង អង្គការ សមធម៍កម្ពុជា បានដាក់ពាក្យបណ្ដឹងក្នុងនាមឲ្យដើមបណ្ដឹងចំនួន ៦០២គ្រួសារ ស្ដីពីការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលជាប់ពាក់ព័ន្ធនឹងដីសម្បទានស្ករអំពៅ គ្រប់គ្រងដោយក្រុមហ៊ុនថៃដ៏ធំមួយ ឈ្មោះ សារជីវកម្មស្ករសមីតរិ៍ប៉ូល (Mitr Phol Corporation)។
អង្គការទាំងពីរបានអះអាងថា ការរំលោភបំពានជាលក្ខណៈប្រព័ន្ធ និងមានសភាពធ្ងន់ធ្ងរ បានកើតឡើងចំពោះសម្បទានដីសេដ្ឋកិច្ចទាំងបី របស់ក្រុមហ៊ុនថៃ ដើម្បីផលិតកម្មស្ករអំពៅ។ ដីសម្បទានទាំងនេះ មានទីតាំងនៅស្រុកសំរោង និង ស្រុកចុងកាល់ ខេត្តឧត្តមានជ័យ នៅប៉ែកពាយព្យនៃប្រទេសកម្ពុជា។ នៅក្នុងលិខិតតែមួយ មានចុះកាលបរិច្ឆេទដូចគ្នា សម្បទានដីរយៈពេល ៧០ឆ្នាំ ត្រូវបានផ្តល់ឲ្យក្រុមហ៊ុនចំនួនបីដែលគេបានដឹងថា មានទំនាក់ទំនងផ្ទាល់ជាមួយនឹង សារជីវកម្មស្ករសមីតរិ៍ប៉ូល (Mitr Phol Corporation) ៖ ១-ក្រុមហ៊ុន អង្គរស៊ូហ្គ័រ ២-ក្រុមហ៊ុន ទន្លេស៊ូហ្គ័រខេន និង ៣-ក្រុមហ៊ុន ខេន និង ស៊ូហ្គ័រវ៉ាលី។ អគ្គនាយកនៃក្រុមហ៊ុនទាំងបីនេះ គឺសុទ្ធសឹងតែមានតួនាទីយ៉ាងសំខាន់នៅក្នុង សារជីវកម្មស្ករសមីតរិ៍ប៉ូល (Mitr Phol Corporation) ជាពិសេស ក្រុមហ៊ុននេះបានទទួលស្គាល់ថាក្រុមហ៊ុនទាំងបី គឺស្ថិតក្រោមសហគ្រាសតែមួយ។ ចំណែកឯ សមាជិកព្រឹទ្ធសភាកម្ពុជា លោកឧកញ៉ា លី យ៉ុងផាត់ ក៏ត្រូវបានជឿជាក់ថា មានជាប់ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ។
បណ្ដឹងដែលរៀបចំឡើងដោយអង្គការលីកាដូ និង អង្គការសមធម៌កម្ពុជា បានលើក ឡើងថាការទទួលបានដីសម្បទានរបស់ សារជីវកម្មស្ករសមីតរិ៍ប៉ូល (Mitr Phol Corporation) ស្ថិតក្រោមរូបភាពប្រើកម្លាំងក្រុមហ៊ុន កម្លាំងមន្រ្ដីប៉ូលីសក្នុងស្រុក កម្លាំងមន្រ្ដីយោធា និងកម្លាំងសន្ដិសុខ ក្នុងការរឹបអូសដីរបស់ប្រជាពលរដ្ឋដោយមិនស្របច្បាប់ ដោយបំផ្លិចបំផ្លាញរបស់ពួកគាត់ សម្លាប់សត្វពាហនៈ ដុតបំផ្លាញ ដណ្ដើមយកកសិផល វាយដំ គម្រាមកំហែង បំភិតបំភ័យ និងចាប់ខ្លួនអ្នកភូមិជាច្រើននាក់ដែលសកម្មភាពទាំងនេះបានបង្កឲ្យមាន ភាពអសន្ដិសុខស្បៀងអាហារ និងកាន់តែធ្វើឲ្យមានភាពក្រីក្រដល់គ្រួសារដែលទទួលរងផលប៉ះពាល់។ អង្គការក្រៅរដ្ឋាភិបាល បានបន្ដថា ការរំលោភបំពានលើសិទ្ធិពលកម្ម និង ពលកម្មកុមារ ក៏បានកើតមាននៅក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចទាំងនោះ។ បណ្ដឹងនេះ ក៏បានពិពណ៌នាលម្អិតអំពីនីតីវិធីនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលបំពានលើច្បាប់ភូមិបាលកម្ពុជា និងកាតព្វកិច្ចអន្ដរជាតិនានា។
លោកស្រី ហូយ ម៉ៃ អាយុ ៥១ឆ្នាំ ដែលជាជនរងគ្រោះ បានមានប្រសាសន៍ថា “គ្រួសាររបស់ខ្ញុំត្រូវបានបង្ខំឲ្យចាកចេញពីដីធ្លី និងផ្ទះសម្បែង ដោយមានកាំភ្លើងភ្ជុង។ ចាប់តាំងពីខ្ញុំបាត់បង់ស្រែចំការ និងផ្ទះសម្បែង ខ្ញុំបានជួលដីគេដើម្បីធ្វើកសិកម្ម និងខ្ចីបំណុលគេដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ហេតុនេះ ខ្ញុំបានបង្ខំចិត្តមិនឲ្យកូនៗទៅសាលារៀន”។
អង្គការក្រៅរដ្ឋាភិបាល ក៏បានលើទទ្ប្ហីករណ៍ថា សារជីវកម្មស្ករសមីតរិ៍ប៉ូល (Mitr Phol Corporation) ពុំបានចាត់វិធានការធ្វើការដោះស្រាយចំពោះការរំលោភបំពានសិទ្ធិមនុស្ស ដែលកើតមានដោយសារការទទួលសម្បទានដីសេដ្ឋកិច្ចរបស់ខ្លួនទេ ក្រៅតែពីការបង្ហាញនូវភស្ដុតាងដែលជាលិខិតផ្តល់ដីសម្បទានប៉ុណ្ណោះ។ លោក អៀង វុទ្ធី ដែលជានាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា បានមានប្រសាសន៍ថា “អ្វីដែលយើងចង់បាននៅពេលនេះ គឺចង់ឲ្យក្រុមហ៊ុនគិតគូរពិចារណាពីស្ថានភាពជាក់ស្ដែង និងរកដំណោះស្រាយលើបញ្ហានេះ។ គេមិនអាចយកលេសមិនចាត់វិធានការ ឬ ធ្វើការព្រងើយកន្តើយបានឡើយ”។
ដើមបណ្ដឹងទាំង ៦០២គ្រួសារ ព្រមទាំងបុគ្គលដែលទទួលរងផលប៉ះពាល់ដទៃទៀត កំពុងតែស្វែងរកនូវដំណោះស្រាយដ៏សមស្របនានា។ អង្គការលីកាដូ និង អង្កការសមធម៌កម្ពុជា បានលើកថ្លែងថា សារជីវកម្មស្ករសមីតរិ៍ប៉ូល (Mitr Phol Corporation) ត្រូវតែផ្តល់សំណងសមរម្យ និងយុត្តិធម៌ដល់ប្រជាពលរដ្ឋ។ ប្រសិនបើមិនអាចធ្វើបាន ក្រុមហ៊ុនគួរតែប្រគល់ដីជូនប្រជាពលរដ្ឋវិញ។ ជាងនេះទៀត ក្រុមហ៊ុនគួរតែផ្តល់សំណងការខូចខាតទាំងឡាយដល់ជនរងគ្រោះ ដោយសារការរំលោភបំពានដែលបង្កឡើងដោយសកម្មភាព ឬការធ្វេសប្រហែសរបស់ក្រុមហ៊ុន។ រហូតមកដល់បច្ចុប្បន្ន ទោះបីមានការផ្តល់សំណង ក៏សំណងទាំងនោះមានលក្ខណៈតិចតួច និងមានតម្លៃទាបជាងការខូចខាតជាក់ស្ដែង។ ចំណែកឯ ដំណើរការនៃការផ្តល់សំណង គឺធ្វើឡើងដោយការខ្វះការចូលរួមពីប្រជាពលរដ្ឋរងគ្រោះ ដោយមានការគម្រាមកំហែង និងមានអំពើពុករលួយ។
បណ្ដឹងនេះ ក៏បានរៀបរាប់លម្អិតពីការដុតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាង ២៥០គ្រួសារ និងការឈូសឆាយពីសំណាក់មន្រ្ដីប៉ូលីស មន្រ្ដីយោធា និង ពលករដែលគេជួល។ បន្ថែមលើនេះ វាក៏ពណ៌នាពីការចាប់ខ្លួន ការបង្ករបូសស្នាម ការដាក់ឲ្យជាប់ពន្ធនាគារ និង ការប្រើប្រាស់ហិង្សានៅក្នុងអំឡុងពេលនៃការបណ្ដេញចេញដោយបង្ខំ។ តំណាងសហគមន៍មួយរូប ដែលជាស្រ្ដីមានផ្ទៃពោះ ត្រូវបានគេចាប់ឃុំឃាំង។ លោកស្រីជាប់ឃុំរយៈពេល ៨ខែ ហើយលោកស្រីបានផ្តល់កំណើតទារកនៅក្នុងមន្ទីរឃុំឃាំងនោះ។ ប្រជាពលរដ្ឋជាច្រើនបានបាត់បង់ដីស្រែចំការ ដីប្រើប្រាស់នានា ដំណាំ ការចូលទៅព្រៃសហគមន៍ និងទទួលអនុផលព្រៃឈើដើម្បីចិញ្ចឹមជីវិត។ ចំពោះប្រភពទឹកប្រើប្រាស់នៅក្នុងតំបន់ ត្រូវបានហាមឃាត់ បំពុល និងចាក់ដីលុប ដើម្បីយកទៅធ្វើកសិកម្មរបស់ខ្លួន។ ក្រោយពេលផ្តល់ដីសម្បាទាន ប្រជាពលរដ្ឋជាច្រើនបានរាយការណ៍ពីការទទួលរងគ្រោះអំពីអសន្ដិសុខស្បៀងអាហារ។
លោក អៀង វុទ្ធីបានបន្តលើកឡើងថា “ជនរងគ្រោះត្រូវទទួលរងផលប៉ះពាល់ និង ប្រឈមនឹងភាពក្រីក្រយ៉ាងខ្លាំង។ ពួកយើងមានឯកសារជាច្រើន ដែលបង្ហាញពីការរំលោភបំពានទៅលើច្បាប់ជាតិ និងច្បាប់អន្ដរជាតិ។ ប្រជាជនទាំងនោះ គួរទទួលបាននូវយុត្តិធម៌”។
បណ្ដឹងនេះ ដូចគ្នាទៅនឹងបណ្ដឹងមុនដែលបានដាក់ដោយសហគមន៍ ដែលទទួលរងផលប៉ះពាល់ពីសម្បទានដីស្ករអំពៅនៅខេត្តកោះកុង។ គណៈកម្មាធិការសិទ្ធិមនុស្សប្រទេសថៃ បានរកឃើញនិងចេញជារបាយការណ៍មួយ ដែលបញ្ជាក់ថា ប្រជារដ្ឋនៅខេត្តកោះកុង ពិតជាទទួលរងនូវការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសម័្ពន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០ អ៊ីមែល៖ director@licadho-cambodia.org
▪ លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ទូរស័ព្ទលេខ៖ ០១២ ៧៩១ ៧០០ អ៊ីមែល៖ Vuthy@equitablecambodia.or
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- សិទ្ធិដីធ្លី លី យ៉ុងផាត់