សង្គមស៊ីវិល សោកស្តាយយ៉ាងខ្លាំង ចំពោះការប្រើអំពើហិង្សាយ៉ាងខ្លាំងក្លាពីសំណាក់កងកម្លាំងរដ្ឋ និងការស្លាប់ នៅអំឡុងពេលបាតុកម្មក្រោយការបោះឆ្នោត
ចេញផ្សាយ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិលយើងខ្ញុំជាអង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ក្រុមនគរបាលទៅលើក្រុមយុវជន កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ដែលបណ្តាលឲ្យយុវជនម្នាក់ស្លាប់ និងរបួសជាច្រើននាក់ នៅពេលដែលកងកម្លាំងប្រដាប់ដោយអាវុធ បានទទួលបានការអនុញ្ញាត ឲ្យធ្វើការបាញ់ដោយប្រើអាវុធពិត ទៅលើក្រុមអ្នកបាតុករ អ្នកធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយជាទៀងទាត់ និងប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរនោះ។
បន្ទាប់ពីការធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទីមួយ ដែលត្រូវបានគ្រោងនឹងរៀបចំឡើងរយៈពេលបីថ្ងៃ ដោយគណបក្សសង្គ្រោះជាតិ ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំង នៅវេលាយប់ថ្ងៃអាទិត្យ។ រនាំងបន្លាលួស ត្រូវបានដាក់ពង្រាយដោយកាត់ផ្តាច់ចរាចរណ៍សំខាន់ៗមួយចំនួនពេញមួយថ្ងៃ ដែលបណ្តាលឲ្យចរាចរណ៍នៅក្នុងតំបន់សំខាន់ៗនៅក្នុងរាជធានីភ្នំពេញមានភាពច្របូកច្របល់។
នៅក្បែរស្ពានអាកាសព្រះមុនីវង្ស ក្រុមនគរបាល បានតបតដោយហិង្សា និងបានបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក លើក្រុមប្រជាពលរដ្ឋដែលកំពុងជាប់កកស្ទះក្នុងចរាចរណ៍ រួមមានអ្នកធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយជាទៀងទាត់ ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរនោះ និងក្រុមបាតុករ។ យោងតាមសាក្សីដែលបានឃើញហេតុការណ៍នោះ បានបញ្ជាក់ថា ភាពតានតឹង កាន់តែធ្ងន់ធ្ងរឡើងៗ នៅពេលដែលក្រុមកងរាជអាវុធហត្ថបានត្រៀមបាញ់កាំភ្លើងពិត។
លោក ម៉ៅ សុខចាន់ អាយុ ២៩ឆ្នាំ ត្រូវគ្រាប់ត្រង់ចំកណ្តាលថ្ងាស ហើយស្លាប់នៅនឹងកន្លែងភ្លាមៗ។ បុរសចំនួន ៩ នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ បុរស ៨ នាក់ ក្នុងចំនោម ៩នាក់ បានរងរបួសដោយគ្រាប់កាំភ្លើង។ បុរសជាច្រើនផ្សេងទៀត រួមមានទាំងយុវជន ត្រូវបានកងកម្លាំង វាយដំយ៉ាងធ្ងន់ធ្ងរ។
បុរសម្នាក់ បានត្រូវរបួសបាក់ជើងខាងស្តាំ និងម្នាក់ទៀតរងរបួសកំភួនដៃខាងឆ្វេង ដោយសារគ្រាប់កាំភ្លើង។ បុរសទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខែ្មរសូវៀត។ ចំណែកបុរស ម្នាក់ទៀត បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ បណ្តាលមកពីការវាយយ៉ាងដំណំ។ បុរស ៦នាក់ ផ្សេងទៀត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រ ហើយបុរសទាំងនោះ សុទ្ធតែរងរបួសដោយគ្រាប់កាំភ្លើង។
ការឆ្លើយតបដំបូងពីក្រុមកងរាជអាវុធហត្ថ បានបង្ហាញឲ្យឃើញថា អាជ្ញាធរមានសមត្ថកិច្ច មិនមានការព្រួយបារម្ភពីការប្រើប្រាស់កម្លាំងច្រើនហួសកម្រិតនោះទេ។ លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាននិយាយទៅកាន់កាសែតភ្នំពេញប៉ុស្តិ៍ថា “បើពួកគេជាបាតុករល្អ ពួកគេមិនចេញមកតវ៉ានៅ [ពេលយប់] នោះទេ … ដូច្នេះអាជ្ញាធរត្រូវតែមានសិទ្ធិធ្វើការបង្ក្រាប”។
លោក ស មូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម បានមានប្រសាសន៍ថា៖ “វាហាក់បីដូចជាកងកម្លាំងប្រដាប់អាវុធ ត្រូវបានទទួលបញ្ជាឲ្យប្រើប្រាស់អាវុធពិត បាញ់ទៅលើក្រុមប្រជាពលរដ្ឋដែលគ្មានអាវុធក្នុងដៃ ដោយមិនយកចិត្តទុកដាក់។” លោកបានបន្តទៀតថា៖ “នេះបានបង្ហាញឲ្យច្បាស់ថា ការប្រើកម្លាំងនេះមិនមានការចាំបាច់ និងមិនមានភាពស្មើគ្នា និងបង្ហាញនូវការមិនគោរពរបស់អាជ្ញាធរមកលើប្រជាពលរដ្ឋកម្ពុជា។”
នៅព្រឹកថ្ងៃនោះ ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរនោះ និងក្រុមបាតុករ បានព្យាយាមបំផ្លាញរនាំងដែលដាក់ពង្រាយតាមផ្លូវធំៗ ក្នុងរាជធានីភ្នំពេញ ដូចជាផ្លូវទៅកាន់ព្រះបរមរាជវាំង និងសួនច្បារមាត់ទន្លេ ដែលប្រជាពលរដ្ឋតែងទៅបន់ស្រន់។ មានរថយន្តសង្គ្រោះបន្ទាន់ក៏បានជាប់គាំងដែលមិនអាច ឆ្លងកាត់ដើម្បីធ្វើដំណើរ ទៅកាន់មន្ទីពេទ្យគន្ធបុប្ផាផងដែរ។ នគរបាលបានព្យាយាមបំបែកក្រុមមនុស្ស ដោយប្រើរថយន្តបាញ់ទឹក និងគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ប៉ុន្តែបាតុកម្មត្រូវបានបញ្ឈប់ ខណៈដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានប្រាប់ទៅក្រុមបាតុករឲ្យត្រលប់ទៅកាន់សួនប្រជាធិបតេយ្យវិញ។
ក្រុមបាតុករដែលគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណជា៣០០០នាក់ បានបន្តស្នាក់នៅក្នុងសួនប្រជាធិបតេយ្យនៅពេលយប់ ដើម្បីបន្តការធ្វើបាតុកម្មអហិង្សារយៈពេលបីថ្ងៃ បើទោះបីជា រាជរដ្ឋាភិបាលបានបញ្ជាឲ្យពួកគាត់ចាកចេញពីសួនប្រជាធិបតេយ្យនៅម៉ោង៦ល្ងាចក៏ដោយ។
នៅថ្ងៃទីមួយនៃថ្ងៃធ្វើបាតុកម្ម មេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំក្រុមបាតុករផ្សេងៗពីគ្នា ដោយដើរពីខណ្ឌទួលគោក និងខណ្ឌមានជ័យ។ ការហែក្បួន បានធ្វើឲ្យមានកំនើនមនុស្សកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅកាន់សួនប្រជាធិបតេយ្យ ដែលមានអ្នកគាំទ្រប្រមាណជាង ៣០០០០នាក់ បានប្រមូលផ្តុំគ្នា ដើម្បីចាំស្តាប់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ស្វែងរកដំណោះស្រាយ ចំពោះភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរនៃការបោះឆ្នោត។ មហាបាតុកម្មនេះ នឹងបន្ត ក្នុងរយៈពេលពីរថ្ងៃទៀត។ នៅព្រឹកថ្ងៃច័ន្ទ អ្នកដឹកនាំ និងអ្នកតំណាងមកពីគណបក្សប្រជាជន និងសង្គ្រោះជាតិ បានជួបគ្នានៅរដ្ឋសភាដើម្បីស្វែងរកដំណោះស្រាយនយោបាយ។
អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “អ្នកដឹកនាំគណបក្សទាំងពីរ ត្រូវតែប្តេជ្ញាយកគោលការណ៍សិទ្ធិមនុស្ស និងការការពារប្រជាពលរដ្ឋកម្ពុជាជាអាទិភាព នៅក្នុងកិច្ចពិភាក្សានយោបាយនៅថ្ងៃខាងមុខ។” អ្នកនាងបានបន្តទៀតថា៖ “សោកនាដកម្មដែលបានកើតឡើងនេះ បានបង្ហាញថា ប្រសិនបើគ្មានការប្តេជ្ញាចិត្តទាំងនេះទេ វានឹងមិនអាចធានាឲ្យមានសន្តិភាព និងសន្តិសុខសម្រាប់ប្រទេសកម្ពុជានោះទេ។”
ពេញមួយថ្ងៃនោះ អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ បានអំពាវដោយការលើកទឹកចិត្តចំពោះអ្នកគាំទ្រ ឲ្យធ្វើការតវ៉ាដោយសន្តិវីធី និងអត់ធ្មត់ពីអំពើហិង្សា។ ក្រុមអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ បានចុះធ្វើអន្តរាគមន៍ជាច្រើនដង ក្នុងការបន្ធូរបន្ថយភាពតានតឹង នៅឯផ្លូវមួយចំនួនដែលត្រូវបានគេបិទ។
លោកទីម ម៉ាឡៃ ជាប្រធានបណ្តាញយុវជនកម្មកម្ពុជាបានមានប្រសាសន៍ថា៖ “សោកនាដកម្មនេះមិនអាចជៀសផុតទាំងស្រុងបានទេ។” លោកបានបន្តទៀតថា៖ “ពួកយើងត្រូវការដឹងថា តើអ្នកណាជាអ្នកបញ្ជាកងកម្លាំងឲ្យបាញ់កាំភ្លើងពិត។ ការឆ្លើយតបរបស់ក្រុមប៉ូលីសទាំងនោះមិនមានភាពស្មើគ្នាទៅនឹងការគម្រាមកំហែង ដែលបង្កដោយក្រុមបាតុករយុវជននោះទេ។”
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមអំពាវនាវដល់អាជ្ញាធរទាំងអស់ សូមលោកមេត្តាអនុវត្តឲ្យបានម៉ត់ចត់ត្រឹមត្រូវ ហើយឲ្យមានការស៊ើបអង្កេតដោយឯករាជ្យពេញលេញទៅលើ ឧប្បត្តិវហេតុនៃការប្រើប្រាស់កម្លាំងលើសកម្រិតកាលពីម្សិលមិញនេះ រួមទាំងអ្នកបញ្ជាក្រុមកងកម្លាំងឲ្យធ្វើការបាញ់កាំភ្លើង ហើយនឹងកាលៈទេសៈដែលត្រូវបានអនុញាតិឲ្យធ្វើនោះ។ បុគ្គលណាមួយដែលត្រូវបានរកឃើញពីការទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្ស ត្រូវតែនាំមកផ្តន្ទាទោសភ្លាមៗ ហើយនឹងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងគ្រួសាររបស់អ្នកទាំងនោះ។
សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
បន្ទាយស្រី
សហគមន៍បឹងកក់ (BKL)
សហគមន៍បុរីកីឡា (BK)
អង្គការអនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
សហភាពសហជីពកម្ពុជា (CCU)
សហព័ន្ធសហជីព កម្មករចំនីអាហារ និងសេវាកម្ម (CFSWF)
សមាគមន្ត្រីរាជការកម្ពុជា (CICA)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
បណ្តាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
ពង្រឹងអំណាចយុវជននៅកម្ពុជា (EYC)
សមធម៌កម្ពុជា (EC)
សមាគមអភិវឌ្ឍន៍កសិករកម្ពុជា (FDA)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
ក្រុមនាំសារ (MB)
គណៈកម្មាធិកាអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (NICFEC)
ចលនាប្រជាពលរដ្ឋសម្រាប់ការផ្លាស់ប្តូរ (PAC)
សមាគមធាងត្នោត (STT)
ចលនាសង្គមដើម្បីការផ្លាស់ប្តូរ (SAC)
ស្ត្រីខ្មែរ
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
សហគមន៍ថ្មគោល
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Action for Environment and Community (AEC)
២. Banteay Srei
៣. Boeung Kak Lake Community (BKL)
៤. Borei Keila Community (BK)
៥. CamASEAN
៦. Cambodian Center for Independent Media (CCIM)
៧. Cambodian Confederation Unions (CCU)
៨. Cambodian Food and Service Worker Federation (CFSWF)
៩. Cambodia's Independent Civil-Servants Association (CICA)
១០. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១១. Cambodian Worker Center for Development (CWCD)
១២. Cambodian Youth Network (CYN)
១៣. Coalition of Cambodian Farmer Community (CCFC)
១៤. Community Legal Education Centre (CLEC)
១៥. Community Peace-Building Network (CPN)
១៦. Empowering Youth in Cambodia (EYC)
១៧. Equitable Cambodia (EC)
១៨. Farmer Development Association (FDA)
១៩. Independent Democracy of Informal Economy Association (IDEA)
២០. Messenger Band (MB)
២១. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
២២. People’s Action for Change (PAC)
២៣. Sahmakum Teang Tnaut (STT)
២៤. Social Action for Change (SAC)
២៥. Strey Khmer
២៦. The Cambodian NGO Committee on CEDAW (NGO-CEDAW)
២៧. Thmor Kol Community
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទិ្ធមនុស្ស លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
▪ លោក ស ម៉ូរា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម ទូរស័ព្ទលេខ៖ ០១៦ ៥២៥ ៧៨១
▪ លោក ទីម ម៉ាឡៃ ជាប្រធានបណ្តាញយុវជនកម្មកម្ពុជា ទូរស័ព្ទលេខ៖ ០១៧ ៩៩០ ៦៨៩
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- ការបោះឆ្នោត សិទិ្ធបញ្ចេញមតិ និងចូលរួម