ព្រះសង្ឃ ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ដើរហែក្បូន ប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិនៅប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិលព្រះសង្ឃ និងប្រជាពលរដ្ឋចំនួន៥០០ អង្គ នាក់រៀបចំក្បួនដង្ហែធម្មយាត្រា-សិទ្ធិយាត្រាចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែធ្នូ ដើម្បីប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ (IHRD) រួមទាំងព្រះសង្ឃ និង ប្រជាពលរដ្ឋមួយចំនួនទៀត នឹងចូលរួមប្រារព្ធទិវាបុណ្យសិទ្ធិមនុស្សនេះដែរ។
នៅឆ្នាំ២០១៣ ដែលជាខួបលើកទី៦៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ បណ្ដាញ ព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម សហគមន៍ សមាគម បណ្ដាញ សហព័ន្ធ សហជីព និងអង្គការសង្គមស៊ីវិលនឹងរៀបចំក្បួនដង្ហែធម្មយាត្រា-សិទ្ធិយាត្រាដើម្បី ផ្សព្វផ្សាយអប់រំអំពីសិទ្ធិមនុស្ស។ ធម្មយាត្រា-សិទ្ធិយាត្រានេះនឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែធ្នូដោយមាន រៀបចំកម្មវិធីមួយចំនួនដូចជា (១)ធម្មទេសនាស្ដីពីពុទ្ធសាសនា និងសិទ្ធិមនុស្ស (២សំណួរ-ចម្លើយស្ដីពីសិទ្ធិមនុស្ស ល្បែងល្បងប្រាជ្ញា និងសូត្រកំណាព្យផ្សេងៗ។
ក្បួនដង្ហែធម្មយាត្រា-សិទ្ធិយាត្រានេះ ត្រូវចេញដំណើរពីភូមិ ឃុំ ស្រុក ខេត្ត/ក្រុង ដោយធ្វើដំណើរតាមផ្លូវជាតិចំនួនប្រាំ រហូតដល់ខាងមុខវិមានរដ្ឋសភាជាតិ រាជធានីភ្នំពេញ។
ផ្លូវជាតិលេខ១៖ ចាប់ផ្ដើមពីចំណុចទីរួមស្រុកចន្ទ្រា ខេត្តស្វាយរៀង
ផ្លូវជាតិលេខ៣៖ ចាប់ផ្ដើមចេញពីចំណុចក្រុងកំពត ខេត្តកំពត
ផ្លូវជាតិលេខ៤៖ ចាប់ផ្ដើមចេញពីឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
ផ្លូវជាតិលេខ៥៖ ចាប់ផ្ដើមចេញពីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ផ្លូវជាតិលេខ៦៖ ចាប់ផ្ដើមចេញពីក្រុងកំពង់ធំ ខេត្តកំពង់ធំ
ការដង្ហែមកកាន់រដ្ឋសភាជាតិ ជាព្រឹត្តិការណ៍ចុងក្រោយនៃក្បួនដង្ហែរ ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញ
មូលបទនៃទិវាសិទិ្ធមនុស្សអន្តរជាតិនាឆ្នាំនេះ “មានយុត្តិធម៌ មានសន្តិភាព!”។ អ្នករៀបចំកម្មវិធីគ្រោងបង្ហាញ
សារនេះ ទៅតំណាងរាស្ត្រជាប់ឆ្នោតអំពីស្ថានភាពសិទ្ធិមនុស្សជាកិច្ចបញ្ចប់ពិធីបុណ្យសិទ្ធិមនុស្ស។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ សង្គម (IMNSJ) មានសង្ឃដីកាថា
"អាត្មាយល់ឃើញថាទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិ (IHRD) ជាព្រឹត្តិការណ៍ឆ្ពោះទៅរកមាគ៌ាសិន្តិភាព និងយុត្តិធម៌
សម្រាប់មនុស្សលោកគ្រប់រូបទូទាំងសកលលោក។ ព្រះពុទ្ធបង្រៀនមនុស្សអោយចេះកសាងសន្តិភាព យើងត្រូវតែចេះ
ស្វែងរកយុត្តិធម៌ជាមុនសិនតាមរយៈធ្វើអំពើល្អជាមួយមនុស្សគ្រប់សហគមន៍នៅទូទាំងពិភពលោក។"
លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា (CYN) បាននិយាយថា៖ “ទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិ(IHRD)
គួរតែជាព្រឹត្តិការណ៍សប្បាយ និងអឹកអធឹកមួយ (ព្រឹត្តិការណ៍នេះ ជាការអបអរសាទរអំពីសិទិ្ធរបស់យើង ក្តីសង្ឃឹម
របស់យើងសម្រាប់អនាគត និងទស្សនវិស័យរបស់យើងសម្រាប់សង្គមជាតិ)”។ លោកបានបន្តទៀតថា៖ “ប៉ុន្តែនៅ
ពេលជាមួយគ្នានេះ នេះក៏ជាការទាញចំណាប់អារម្មណ៍ទៅដល់បញ្ហាតានតឹងមួយ៖ ការពិតគឺស្ថានភាពសិទិ្ធមនុស្ស
នៅប្រទេសកម្ពុជា ត្រូវបានគេធ្វើឲ្យមានសភាពយ៉ាប់យ៉ឺននៅប៉ុន្មានឆ្នាំចុងក្រោយនេះ”។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានមានប្រសាសន៍ថា៖ “ដីធ្លី
និងពលកម្មបានក្លាយជាបញ្ហាសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ”។ លោកបានបន្តទៀតថា៖
“ដីធ្លី និងពលកម្ម ក៏ជាមូលដ្ឋានគ្រឹះនៃការចិញ្ចឹមជីវិតរស់នៅរបស់ប្រជាពលរដ្ឋ (អ្នកទាំងនោះ គឺជាស្នូលនៃសង្គម
ជាតិ)។ នៅពេលដែលមិនមានយុត្តិធម៌នៅក្នុងផ្នែកនេះ នោះក៏នឹងមិនមានយុត្តិធម៌នៅក្នុងផ្នែកដទៃទៀតដែរ”។
អ្នកស្រី យ៉ោម បុប្ឆា បានមានប្រសាសន៍ថា៖ “ពិភពលោកត្រូវការដឹងថាសកម្មជនដីធ្លី និងអ្នកការពារសិទិ្ធមនុស្ស
នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ កំពុងតែក្លាយជាជនរងគ្រោះនៃអំពើហិង្សា និងការចាប់ដាក់ពន្ធនាគារពី
សំណាក់អាជ្ញាធររដ្ឋ។ អំឡុងពេលទិវាសិទិ្ធមនុស្សអន្តរជាតិ ប្រជាពលរដ្ឋនឹងធ្វើការដើរហែក្បួន ដើម្បីបញ្ចប់អំពើ
ហិង្សា និងភាពអយុត្តិធម៌នេះ”។
ទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិ ត្រូវបានគេប្រារព្ធធ្វើនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ នៅថ្ងៃទី១០ ខែធ្នូ ដើម្បីជា
ការរំលឹកដល់ការតស៊ូផ្នែកសិទិ្ធមនុស្ស ដែលបន្តមានឥទ្ធិពលលើប្រជាពលរដ្ឋទូទាំងពិភពលោក។ ទិវាបុណ្យសិទ្ធិ
មនុស្សអន្តរជាតិ គឺជាការផ្តល់សាក្សី និងការបង្ហាញអំពីការរីករាលដាននៃការរំលោភសិទិ្ធមនុស្ស និងជាឱកាស
សម្រាប់សង្គមស៊ីវិល រាជរដ្ឋាភិបាលនានា អង្គការអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងការបង្ហាញកិច្ចខិតខំប្រឹងប្រែង
របស់ពួកគេនៅក្នុងការធានា និងតាមដានការគោរពគោលការណ៍សិទិ្ធមនុស្ស។
ការប្រារព្ធពិធីបុណ្យសិទ្ធិមនុស្សនេះ ត្រូវបានចងភ្ជាប់ជាមួយនឹងមូលបទតែមួយ“មានយុត្តធម៌មានសន្តិភាព!
”ហើយស្លាកសញ្ញាដែលមានទង់សាសនា ទង់ជាតិនិងក្រមាពណ៌ខៀវតំណាងតួនាទីចំបងនៃអ្នកការពារ
សិទិ្ធមនុស្សនៅកម្ពុជា។
ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិនេះ។ សូមទាក់ទងអ្នករៀបចំ
កម្មវិធី ដែលមានរាយនាមក្នុងបញ្ជី សម្រាប់ព័ត៌មានបន្ថែម អំពីធម្មយាត្រា-សិទ្ធិយាត្រា នៅគោលដៅនីមួយៗ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ Mr. Yeng Virak, Executive Director of CLEC 012-801-235
▪ Mr. Am Sam Ath, Technical Supervisor of LICADHO 012-327-770
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ឯកសារទាក់ទង