ឆ្នាំ២០១៤ នាំមកនូវរលកថ្មីនៃជម្លោះដីធ្លីនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ចំនួនគ្រួសារ ដែលរងគ្រោះដោយសារជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងរដ្ឋ និងភ្នាក់ងាររដ្ឋនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០០ បានកើនឡើងលើសកន្លះលាននាក់ហើយ គិតមកត្រឹមខែមិនានេះ ដោយយោងតាមទិន្នន័យដែលប្រមូលដោយអង្គការលីកាដូ។
ដើម្បីបង្ហាញពីបញ្ហាសំខាន់ៗទាំងនេះ អង្គការលីកាដូ បានចេញផ្សាយវីដេអូថ្មីមួយ(សូមចុចទីនេះដើម្បីចូលទៅកាន់វីដេអូ) រួមជាមួយនឹងផែនទី (សូមចុចទីនេះដើម្បីចូលទៅកាន់ផែនទីជាភាសាអង់គ្លេស, សូមចុចទីនេះដើម្បីចូលទៅកាន់ផែនទីជាភាសាខ្មែរ) ដើម្បីបង្ហាញពីទីតាំងដែលកើតមានជម្លោះដីធ្លី និងការកើនឡើងយ៉ាងឆាប់រហ័សនៃការរំលោភដីធ្លី ដែលបានកើតឡើងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ។ រយៈពេលប៉ុន្មានខែដើមឆ្នាំ២០១៤ នេះ រលកនៃការរំលោភដីធ្លី ដែលមាន អំពើហិង្សានៅតែបន្តកើតមានឡើង ដែលមានផលប៉ះពាល់អាក្រក់ដល់ប្រជាពលរដ្ឋចំនួនជាង ២,២៤៦ គ្រួសារ នៅស្ទើរគ្រប់ខេត្ត ដែលអង្គការលីកាដូ បានធ្វើការឃ្លាំមើល។
ព្រឹត្តិការណ៍នៃបញ្ហាមួយចំនួនចុងក្រោយនេះ (រួមជាមួយនឹងផែនទី) បានបង្ហាញឲ្យឃើញពីកម្រិតនៃការបរាជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដែលកំពុងបន្តកើតមានទាំងនេះ។
ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “តួលេខចុងក្រោយទាំងនេះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើល”។ អ្នកនាងក៏បានបន្តទៀតថា៖ “កន្លះលាននាក់នៃប្រជាពលរដ្ឋដែលបានរងគ្រោះ គឺពិតជារឿងមួយដែលគួរឲ្យខ្មាស់អៀនមួយ (ចំនួននីមួយៗតំណាងឲ្យជីវិតដែលត្រូវបាន បំផ្លាញយ៉ាងខ្លាំង ហើយនិងបុគ្គលម្នាក់ៗដែលប្រឈមមុខនឹងការលំបាកខ្លាំង និងរយៈពេលយូរ)។ ប្រសិនបើ គ្មានដីធ្លីអ្នកទាំងនោះនឹងលែងមានមធ្យោបាយក្នុងការបំពេញតម្រូវការជាមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេ។ រាជរដ្ឋាភិបាលគួរតែធ្វើសកម្មភាពដើម្បីបញ្ឈប់ជំងឺនៃការរំលោភដីធ្លីដ៏រីករាលដាលនេះ”។
ចាប់តាំងពីដើមឆ្នាំ២០១៤ អ្នកឃ្លាំមើលមួយចំនួនរបស់អង្គការលីកាដូ បានកត់ត្រាទុកនូវជម្លោះដីធ្លីមួយចំនួនដូចខាងក្រោម៖
- ក្នុងខែមករា ក្រុមជនជាតិដើមភាគតិចគួយរាប់រយនាក់ ដែលរស់នៅខេត្តព្រះវិហារបានចាប់ផ្តើមធ្វើការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចិនចំនួនប្រាំ គឺ Lan Feng, Rul Feng, Heng Rul, Heng Yue និង Heng Non ដែលធ្វើការ កាប់បំផ្លាញព្រៃសហគមន៍។ ក្រុមហ៊ុននេះ បានទទួលការផ្តល់ដីសម្បទានសេដ្ឋកិច្ចចំនួន ៥ កន្លែងផ្សេងៗគ្នា ដែលអាចធ្វើឲ្យក្រុមហ៊ុននេះរួចផុតពីការកំណត់ទំហំដីតាមផ្លូវច្បាប់សម្រាប់ការសម្បទានដីចំនួន១០,០០០ហិកតានេះ។ ក្រុមជនជាតិដើមភាគតិចទាំងអស់នេះបានបន្តការតវ៉ារបស់ខ្លូន ហើយបច្ចុប្បន្ន អ្នកទាំងនេះ បានចាប់ផ្តើមសម្រាកនៅក្នុងព្រៃដើម្បីព្យាយាមការពារព្រៃឈើក្នុងតំបន់នេះ។
- នៅថ្ងៃទី៥ ខែកុម្ភៈ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៨៧គ្រួសារ ដែលរស់នៅស្រុកគីរីសាគរ ខេត្តកោះកុង ត្រូវបានបំផ្លិចបំផ្លាញដោយក្រុមហ៊ុនចិន Union Development Group ដើម្បីអភិវឌ្ឍគម្រោងទេសចរណ៍ដ៏ធំមួយ។ ការបំផ្លិចបំផ្លាញផ្ទះរបស់ក្រុមប្រជាពលរដ្ឋទាំងនេះ បានធ្វើឲ្យក្រុមគ្រួសារបស់ពួកគេគ្មានទី កន្លែងដែលត្រូវទៅហើយត្រូវបង្ខំចិត្តបោះជំរុំនៅក្បែរនោះ ដើម្បីស្នាក់នៅបណ្តោះអាសន្ន។ ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋទាំងនោះ ពុំទាន់បានទទួលសំណងអ្វីពីការបំផ្លិចបំផ្លាញនេះនៅឡើយទេ ហើយនៅពេលដែលអ្នកទាំងនេះ ធ្វើការតវ៉ាដើម្បីឲ្យអាជ្ញាធរដឹងលឺអំពីបញ្ហារបស់អ្នកទាំងនោះ ពួកគេបែរជាត្រូវ បានរងការគំរាមកំហែងពីសំណាក់កងសន្តិសុខ និងយោធាទៅវិញ។
- ថ្ងៃទី៤ ខែមីនា ក្នុងសង្កាត់បឹងកក់មួយ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ជនមិនស្គាល់មុខចំនួនពីរនាក់ បានវាយប្រហារលោក លី ស្រៀងខេង ហើយបានវាយលោកដោយញញួរ ខណៈពេលដែលលោកធ្វើដំណើរទៅផ្សារ។ លោក លី ស្រៀងខេង រួមជាមួយក្រុមគ្រួសារចំនួនបីគ្រួសារផ្សេងទៀតមានការជាប់ ទាក់ទងជាមួយជម្លោះដីធ្លីដ៏រ៉ាំរៃជាមួយក្រុមហ៊ុន Khun Sea នៅពេលដែលក្រុមហ៊ុននេះ បានទិញ ដីសាលាសង្កាត់ ដែលមួយផ្នែកនៃដីនោះ ជាន់ជាមួយដីរបស់ក្រុមគ្រួសារដែលប៉ះពាល់។ នេះមិនមែនជាសកម្មភាពវាយប្រហារលើកទីមួយទៅកាន់រូបលោកនោះទេ ការវាយប្រហារកាលពីពេលមុនរួមមានការប៉ុនប៉ងដុតផ្ទះ ការយកសត្វពស់ដែលមានពិសទៅដាក់ក្នុងផ្ទះរបស់លោក និងការវាយប្រហារលើរូបរាងកាយរបស់លោក។
- នៅថ្ងៃទី១០ ខែមីនា ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មន្ត្រីបរិស្ថានរបស់រាជរដ្ឋាភិបាល បានបាញ់គ្រាប់កាំភ្លើងទៅលើអាកាស ដើម្បីធ្វើការគំរាមកំហែងដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុន MDS Import Export Company។ ឧកញ្ញ៉ា ទ្រី ភាព ជាម្ចាស់ក្រុមហ៊ុននេះ ហើយក៏ ជាអ្នកដែលមានជម្លោះជាមួយនឹងប្រជាពលរដ្ឋចំនួន ២៣ គ្រួសារទាក់ទងនឹងការអភិវឌ្ឍន៏តំបន់សេដ្ឋកិច្ច ពិសេស។ ក្រុមគ្រួសារទាំងអស់នោះ រួមមានទាំងក្រុមគ្រួសារអតីតខ្មែរក្រហម ដែលបានតាំងទីលំនៅក្នុងតំបន់នេះ បន្ទាប់ពីមានការធ្វើសមាហ័រណកម្មប្រទេសកាលពីចុងទសវត្សន៍ឆ្នាំ ៩០។
- នៅថ្ងៃទី១១ ខែមីនា ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយលើដីព្រៃរបស់រដ្ឋចំនួនជាង ២០០ហិកតា ដែលមានទីតាំងនៅក្នុងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងបានកើតឡើងនៅពេលដែលប្រជាពលរដ្ឋ ប្រមាណជា ៦០០គ្រួសារដែលមកពីបណ្តាភូមិចំនួនប្រាំបានធ្វើការប្រមូលផ្តុំគ្នារារាំងការរុករានដីមានជម្លោះពីសំណាក់កងសន្តិសុខ និងការប្រើប្រាស់គ្រឿងចក្រធំៗ។
- ដូចគ្នាដែរនៅក្នុងខែមីនា នេះដែរ ប្រជាពលរដ្ឋដែលមកពីតំបន់អារ៉ែង ក្នុងឃុំជំនប់ ស្រុកថ្មបាំង ខេត្តកោះកុង បានធ្វើការតវ៉ាប្រឆាំងជាមួយនឹងក្រុមហ៊ុនចិន Sinohydro ដើម្បីរារាំងបុគ្គលិកក្រុមហ៊ុនចិននោះ ដែលបានប្រើប្រាស់គ្រឿងចក្រចូលទៅកាន់សហគមន៍របស់អ្នកទាំងនេះ។ ក្រុមហ៊ុន Sinohydro គឺជា ក្រុមហ៊ុនចុងក្រោយបំផុតដែលមានការពាក់ព័ន្ធនឹងគម្រោងទំនប់វារីអគ្គិសនីមួយ ដែលពោរពេញទៅដោយបញ្ហា ហើយដែលបង្ខំឲ្យមានការផ្លាស់ប្តូរទីតាំងថ្មីនៃភូមិជាច្រើនពីក្នុងតំបន់អាងស្តុកទឹកដែលបានកំណត់ក្នុងគម្រោងអភិវឌ្ឍន៍នោះទៀតផង។ ប្រជាពលរដ្ឋទាំងនោះ មានការខឹងសម្បាយ៉ាងខ្លាំង ចំពោះភាពខ្វះខាតការប្រឹក្សា និងការមិនបានគោរពតាមលក្ខខណ្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនោះ និងការបំផ្លិចបំផ្លាញបរិស្ថាន។
រលកនៃបញ្ហាដែលនៅតែកើតមានឡើងជាថ្មីនេះ បានកើតឡើងបន្ទាប់ពីបទបញ្ជាខែឧសភា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលដែលបានបង្គាប់ឲ្យផ្អាកការសម្បទានដីសេដ្ឋកិច្ចថ្មីៗ ហើយបញ្ជាឲ្យមានការត្រួតពិនិត្យសារ ឡើងវិញជាលក្ខណៈប្រព័ន្ធសម្រាប់ដីសម្បទាននាពេលកន្លងមក។ កម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅក្រោមការឧបត្តម្ភ ដោយផ្ទាល់ពីសមេ្តចនាយករដ្ឋមន្រ្តី ដែលបានផ្អែកលើកម្លាំងនិស្សិតស្ម័គ្រចិត្តជាង ២,០០០នាក់ បានធ្វើដំណើរទូទាំងប្រទេសដើម្បីធ្វើការវាស់វែងដី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ត្រូវបានអនុវត្តនៅចុងឆ្នាំ២០១២ និងដើមឆ្នាំ២០១៣ ក្រោយពីបទបញ្ជាត្រូវបានចេញ។ កម្មវិធីដែលបានរំលងស្ថាប័នរដ្ឋ ដែលមានសមត្ថកិច្ចពាក់ព័ន្ធនេះ គឺធ្វើឡើងដោយមិនមានតម្លាភាព និងមិនមានការត្រួតពិនិត្យដោយឯករាជ្យឡើយ។
នេះបានបង្ហាញឲ្យឃើញថា សេចក្តីបង្គាប់របស់រាជរដ្ឋាភិបាលមិនមានប្រសិទ្ធិភាពពេញលេញឡើយ ដោយសារតែមិនមានភស្តុតាងនៃការពិនិត្យឡើងវិញនូវដីសម្បទានដែលបានផ្តល់រួចហើយ និងដែលមានប្រសិទិ្ធភាពណាមួយកើតមានឡើងនោះទេ។ ការបរាជ័យក្នុងការត្រួតពិនិត្យនេះ គឺជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ ដោយ សារតែសេចក្តីប្រកាសថ្មីៗរបស់រាជរដ្ឋាភិបាល ថានឹងចាត់ចែងជាថ្មីនូវដីសម្បទានបានផ្តល់កន្លងមកដែលមិន មានការប្រើប្រាស់។
នេះក៏បានបង្ហាញយ៉ាងច្បាស់ ថាកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិបានបរាជ័យក្នុងការបញ្ចប់ជម្លោះ ក្នុងតំបន់មួយក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលបានអះអាងថាខ្លួនបានចាត់ចែងឡើងវិញពីការសម្បទានឲ្យក្រុមហ៊ុន ហើយថែមទាំងបានផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទៀតផង គឺជាតំបន់មួយដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ដែលជាតំបន់សហគមន៍ជនជាតិដើមភាគតិចគួយ កំពុងធ្វើការតស៊ូ ដើម្បីថែរក្សាព្រៃឈើរបស់ពួកគេ ដូចដែលបានរៀបរាប់ខាងលើ។
អង្គការលីកាដូ បន្តផ្តល់យោបល់របស់ខ្លួនមួយចំនួនទៅកាន់រាជរដ្ឋាភិបាលដូចជា៖
- បញ្ឈប់ការបណ្តេញចេញ ហើយផ្តល់សំណងឲ្យបានគ្រប់គ្រាន់ និងយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ដែលទទួលរងការផ្លាស់ប្តូរទីលំនៅដោយបង្ខំ និងដោយរងគ្រោះពីការរំលោភដីធ្លី។
- អនុវត្តការសន្យារបស់ខ្លួនក្នុងការត្រួតពិនិត្យឡើងវិញចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការសម្បទានដទៃទៀត ហើយបញ្ចប់ដំណើរការរបស់ខ្លួនក្នុងការផ្តល់ដីសម្បទានជាថ្មី រហូតដល់ការត្រូតពិនិត្យបានបញ្ចប់។
- អនុវត្តការវាស់វែង និងដំណើរការបែងចែកដីជាសាធារណៈ និងមានតម្លាភាពឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ហើយព្រមទាំងធានាឲ្យបានថាការអនុវត្តកម្មវិធីផ្តល់ប័ណ្ណកម្មសិទិ្ធជូនប្រជាពលរដ្ឋនេះ ត្រូវតែបានធ្វើឡើងពីសំណាក់ស្ថាប័នរដ្ឋដែលមានការពាក់ព័ន្ធនឹងបញ្ហានេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០ (ភាសាអង់គ្លេស និងបារាំង)
▪ លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០ (ភាសាខ្មែរ)
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទ្ធិដីធ្លី