ការស្លាប់នៅមណ្ឌលព្រៃស្ពឺគូសបញ្ជាក់ពីការរំលោភបំពាននៅក្នុងមណ្ឌលឃុំឃាំង
ចេញផ្សាយ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិលអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាគួរតែបិទរាល់មណ្ឌលទាំងឡាយណាដែលបានឃុំឃាំងមនុស្សមិនត្រឹមត្រូវ និងក្រៅពីប្រព័ន្ធតុលាការព្រហ្មទណ្ឌ។ ការរំលោភបំពានទៅលើគោលបំណងដើមនៃមណ្ឌលទាំងនេះ ត្រូវបានបង្ហាញដោយការស្លាប់របស់បុរសម្នាក់កាលពីថ្ងៃទី ២៦ ខែវិឆ្ឆិកា ឆ្នាំ២០១៤ ដែលត្រូវបានជាប់ឃុំឃាំងដោយមិនត្រឹមត្រូវ ហើយមិនទទួលបានការថែទាំសុខភាពនៅមណ្ឌលព្រៃស្ពឺក្រៅរាជធានីភ្នំពេញ។
ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “ការទុកឲ្យមណ្ឌលឃុំឃាំងនេះដំណើរការ គឺជាការបន្តទុកឲ្យអាជ្ញាធររំលោភសិទ្ធិមនុស្សឥតឈប់ឈរលើអ្នកដែលត្រូវបានចាត់ទុកថាជា “ជនគ្មានទីពឹង”។ អ្នកនាង បានបន្តទៀតថា៖ “ការរំលោភបំពានជាប្រព័ន្ធទៅលើអ្នកដែលងាយរងគ្រោះបំផុតនៅកម្ពុជា កើតឡើងនៅមណ្ឌលទាំងនេះ ហើយរាជរដ្ឋាភិបាលគួរតែបិទ មណ្ឌលទាំងនេះអោយបានឆាប់រហ័ស”។
យោងតាមមន្រ្តីធ្វើការនៅក្នុងមណ្ឌលនោះមួយរូប និងសាក្សីជាច្រើនទៀត កាលពីថ្ងៃទី២ ខែវិច្ឆិកា អាជ្ញាធរបាននាំយកបុរសម្នាក់ឈ្មោះ ភា ទៅកាន់មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈពោធិ៍សែនជ័យនៃព្រៃស្ពឺ។ លោក ភា ត្រូវបាននាំយកទៅទីនោះក្នុងអំឡុងពេលយុទ្ធនាការ “បោសសម្អាត” ដោយកងសន្តិសុខនៅទីក្រុងភ្នំពេញ ដើម្បីប្រមូលជនគ្មានទីស្នាក់អាស្រ័យ និងជនដទៃទៀតដែលត្រូវបានចាត់ទុកថាជា “ជនអនាថា” ពីតាមដងផ្លូវនានានូវ មុនពេលការប្រារព្ធពិធីបុណ្យអុំទូកប្រពៃណីជាតិ ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិឆ្ឆិកា។ យុទ្ធនាការបោសសម្អាតនេះ (ដែលជាផ្នែកមួយនៃប្រតិបត្តិការក្នុងគោលបំណងទប់ស្កាត់ការតវ៉ាប្រឆាំងនឹងអាជ្ញាធររដ្ឋក្នុងពេលថ្ងៃឈប់សម្រាក) ត្រូវបានធ្វើឡើងដោយនគរបាល កងសន្តិសុខ “សណ្ដាប់ធ្នាប់សាធារណៈ” កងរាជអាវុធហត្ថប្រដាប់ដោយអាវុធធុនធ្ងន់ ក្រោមបញ្ជារបស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស។ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ លោក អភិបាល មានអំណាចក្នុងការចាត់ចែងទៅលើមណ្ឌលព្រៃស្ពឺនេះ។
លោក ភា ដែលធ្លាប់រស់នៅតាមដងផ្លូវ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរបន្ទាប់ពីត្រូវបានឃុំឃាំង។ គាត់ស្គមយ៉ាងខ្លាំងហើយមានរបួសដែលអាចឆ្លងមេរោគនៅលើជើង និងផ្នែកផ្សេងទៀតនៃរាងកាយរបស់គាត់។ តាមប្រភពបានបញ្ជាក់ថា អំឡុងពេលឃុំឃាំងជាច្រើនសប្ដាហ៍ មន្ត្រីនៅមណ្ឌលទីនោះ មិនបានព្យាយាមក្នុងការព្យាបាលជម្ងឺលោកនោះទេ ហើយមិនព្រមយកលោកទៅកន្លែងផ្សេងដើម្បីព្យាបាលជម្ងឺថែមទៀតផង។ លោកបានស្លាប់នៅព្រឹកថ្ងៃទី ២៦ ខែវិឆ្ឆិកា បន្ទាប់មកសពរបស់លោកត្រូវបានយកចេញទៅបូជាភ្លាមៗនៅវត្តសុភក្រ័្តឃួន។ នគរបាល មិនបានធ្វើការស៊ើបអង្កេតអោយបានត្រឹមត្រូវទាក់ទងនឹងមរណភាពនេះទេ។
គោលការណ៍នៃអង្គការសហប្រជាជាតិសម្រាប់ការពារគ្រប់មនុស្សទាំងអស់ដែលស្ថិតនៅក្រោមគ្រប់ទម្រង់នៃការឃុំឃាំង ឬការជាប់ពន្ធនាគារ បានចែងថាការថែទាំសុខភាព និងការព្យាបាល ត្រូវតែត្រូវបានផ្តល់ឲ្យទៅអ្នកជាប់ឃុំនៅពេលណាដែលចាំបាច់ និងដោយឥតគិតថ្លៃ។ នៅពេលណាដែលមនុស្សម្នាក់ស្លាប់នៅក្នុងការឃុំខ្លួន “ការស៊ើបអង្កេតមួយអំពីមូលហេតុនៃការស្លាប់នេះ ... ត្រូវតែត្រូវបានធ្វើឡើងដោយតុលាការឬអាជ្ញាធរផ្សេងទៀត”។ លើសពីនេះ “លទ្ធផលនៃការស៊ើបអង្កេតបែបនេះ ... ត្រូវតែអាចធ្វើឡើងបានទៅតាមការស្នើសុំ”។
អង្គការលីកាដូ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងថា ស្ថានភាពលំបាកនៅមណ្ឌលព្រៃស្ពឺ ដែលនាំឲ្យមានការស្លាប់របស់លោក ភា ក៏ជាស្ថានភាពដែលអ្នកជាប់ឃុំដទៃទៀតកំពុងប្រឈមមុខផងដែរ។ មានមនុស្សប្រហែលជា ៣០នាក់ ផ្សេងទៀត នៅក្នុងមណ្ឌលព្រៃស្ពឺ អំឡុងពេលការស្លាប់របស់លោក ភា។ តួរលេខនេះរាប់បញ្ចូលទាំងក្មេងតូចពីរនាក់ ដែលនៅជាមួយម្ដាយដែលមានជម្ងឺលើរាងកាយ ហើយនិងក្មេងតូចម្នាក់ទៀតដែលនៅជាមួយឪពុករបស់គេ ដែលនេះជាការរំលោភបំពានច្បាប់អន្តរជាតិប្រឆាំងនឹងការឃុំខ្លួនកុមារដោយមិនត្រឹមត្រូវ។ អ្នកទាំងអស់នោះត្រូវបានឃុំខ្លួនដោយគ្មានការចោទប្រកាន់ឬការជំនុំជម្រះក្តីអ្វីទាំងអស់។ យោងតាមប្រភពមួយ ស្រ្តីមានផ្ទៃពោះម្នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលនោះ បានរត់គេចខ្លួននៅពេលដែលនាងដឹងថានាងនឹងចូលទៅធ្វើការងារពលកម្ម ដោយនាងរត់ជាមួយមនុស្សកែភេទម្នាក់ដែលនៅក្នុងមណ្ឌលឃុំឃាំងនោះដែរ។
ប្រវត្តិនៃការរំលោភបំពាននៅក្នុងមណ្ឌល
អង្គការលីកាដូ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និង អង្គការសិទ្ធិមនុស្សផ្សេងទៀតបានចងក្រងជាឯកសារស្ដីពីការធ្វើទារុណកម្ម និងការធ្វើបាបយ៉ាងអាក្រក់ជាលក្ខណៈប្រព័ន្ធនិងអមនុស្សធម៌ ក៏ដូចជាការរំលោភសេពសន្ថវៈ ការសម្លាប់ និងការរំលោភបំពានផ្សេងៗទៀតនៅក្នុងមណ្ឌលព្រៃស្ពឺ ចាប់តាំងពីមណ្ឌលនេះបានបើកឲ្យដំណើរការនៅឆ្នាំ២០០៤។ នៅចុងឆ្នាំ២០០៨ យោងតាមការប្រកាសឲ្យដឹងជាសាធារណៈនៃការរំលោភបំពាននៅមណ្ឌលព្រៃស្ពឺ និងមណ្ឌលផ្សេងទៀតដែលស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អាជ្ញាធររដ្ឋបានអះអាងថាមណ្ឌលព្រៃស្ពឺលែងមានការឃុំឃាំងមនុស្សដោយមិនត្រឹមត្រូវទៀតហើយ។ ខណៈដែលមានការបង្ហាញនៅពេលដំបូងថាមនុស្សមួយចំនូនត្រូវបានដោះលែង ហើយអ្នកដទៃទៀតត្រូវឃុំខ្លួនក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ មណ្ឌលព្រៃស្ពឺបានត្រឡប់ទៅរកសភាពដើមក្នុងការឃុំឃាំងមនុស្សដែលផ្ទុយពីឆន្ទៈរបស់អ្នកទាំងនោះ ជាច្រើនសប្ដាហ៍ហើយពេលខ្លះជាច្រើនខែ។
នៅកម្ពុជា ជាទម្លាប់អាជ្ញាធរនិយមឃុំឃាំង អ្នកដែលត្រូវបានអះអាងថាជាអ្នកប្រើប្រាស់ថ្នាំញៀន មនុស្សគ្មានទីស្នាក់អាស្រ័យ ក្មេងរស់នៅតាម “ចិញ្ចើមថ្នល់” អ្នកបម្រើសេវាកំសាន្ត និងមនុស្សដែលមានពិការភាព នៅក្នុងប្រព័ន្ធគ្មានរបៀបរៀបរយនៃមណ្ឌលឃុំខ្លួននៅទូទាំងប្រទេស។ មណ្ឌលឃុំឃាំងមួយចំនួនក្នុងចំណោមមណ្ឌលឃុំឃាំងទាំងនោះ គឺសម្រាប់ការព្យាបាលអ្នកប្រើប្រាស់ថ្នាំញៀន ខណៈដែលមណ្ឌលផ្សេងទៀត ជាកន្លែង “ស្ដារនីតិសម្បទាសង្គម”។ ក្រៅពីមណ្ឌលព្រៃស្ពឺ ក្រសួងសង្គមកិច្ចក៏មានសិទ្ធិអំណាចគ្រប់គ្រងលើមណ្ឌលភ្នំបាក់នៅក្រុងស៊ីសុផុន ខេត្តបន្ទាយមានជ័យ និងគ្រប់គ្រងរួមជាមួយកងទាហាន នៅមណ្ឌលឃុំឃាំងអ្នកញៀនថ្នាំក្នុងមូលដ្ឋានទ័ពក្នុងក្រុងកោះកុង ខេត្តកោះកុងផងដែរ។ មានមណ្ឌលឃុំឃាំងអ្នកញៀនថ្នាំ ៦កន្លែងផ្សេងទៀតនៅទូទាំងប្រទេសដែលជារៀងរាល់ឆ្នាំផ្ទុកមនុស្សយ៉ាងតិចណាស់ ២.០០០នាក់ ដោយមិនបានធ្វើតាមដំណើរការ។
កាលពីពេលមុន អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចងក្រងឯកសារអំពីរបៀបដែលកងសន្តិសុខ និងបុគ្គលិកផ្សេងទៀតវាយទៅលើអ្នកជាប់ឃុំជាមួយនឹងទុយយ៉ូទឹក វាយនឹងបំពង់ប្ញស្សីឬធាងត្នោត ឆក់នឹងដំបងឆក់ ការរំលោភបំពានផ្លូវភេទ និងការដាក់ទណ្ឌកម្មទៅលើរាងកាយដើម្បីអោយមានការឈឺចាប់លើរាងកាយ។ អ្នកជាប់ឃុំមកពីមណ្ឌលមួយចំនួន ត្រូវបានបង្ខំឲ្យធ្វើការនៅការដ្ឋានសំណង់ រាប់បញ្ចូលទាំងការជួយម្តងម្កាលសង់សណ្ឋាគារមួយ។
អង្គការលីកាដូ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងថា អាជ្ញាធរបានលើកឡើងគំនិតនៃការព្យាបាលនៅនឹងកន្លែងដោយអង្គការមិនមែនរដ្ឋាភិបាលនានា ទៅលើ “ពលរដ្ឋ” ដែលមានជម្ងឺផ្លូវចិត្តមួយចំនួនតូច ដើម្បីឲ្យមានការបន្តដំណើរមណ្ឌលព្រៃស្ពឺ។ មិនមានមូលហេតុថាហេតុអ្វីបានជាការគាំពារនេះ មិនអាចត្រូវបានផ្តល់ដោយស្មគ្រ័ចិត្ត ក្រៅតែពីការបង្ខាំងនៅក្នុងមណ្ឌលដែលមានការរំលោភបំពានជាប្រព័ន្ធបានកើតឡើង ហើយនេះបានបង្ហាញថាជាការមានះក្នុងការកែប្រែ។ មនុស្សគ្មានទីស្នាក់អាស្រ័យ និងមនុស្សដែលត្រូវបានគេមិនអើពើផ្សេងទៀត ដែលនៅបន្តនៅទីនោះដោយ “ស្មគ្រ័ចិត្ត” ជារឿយៗតែងធ្វើសុខចិត្តនៅបែបនេះ ពីព្រោះអ្នកទាំងនោះភ័យខ្លាចមានការធ្វើបាបនៅតាមដងផ្លូវពីសំណាក់កងសន្តិសុខ ហើយពួកគាត់ជឿជាក់ថាមិនមានសេវាតាមសហគមន៍មូលដ្ឋានដោយស្ម័គ្រចិត្តសម្រាប់ពួកគេនោះទេ។
លោក ប្រែត អាដាម នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំនៅតំបន់អាស៊ី បានមានប្រសាសន៍ថា៖ “អាជ្ញាធរកម្ពុជាគួរតែទទួលស្គាល់ថាមិនអាចទៅរួចនោះទេដែលប្រែក្លាយមណ្ឌលព្រៃស្ពឺ និងមណ្ឌលស្រដៀងគ្នាផ្សេងទៀតឲ្យទៅជាស្ថាប័នដែលគោរពសិទ្ធិមនុស្ស”។ លោកបានបន្ថែមថា៖ “ការស្លាប់មនុស្សចុងក្រោយនៅមណ្ឌលព្រៃស្ពឺ គួរតែជារឿងចុងក្រោយសម្រាប់ម្ចាស់ជំនួយ ភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គទូតនានា ដែលគួរតែរួមគ្នាទាមទារអោយបិទមណ្ឌលព្រៃស្ពឺ ហើយត្រឡប់មកជួយផ្ដល់សេវាពិតប្រាកដដោយស្មគ្រ័ចិត្តដល់ពលដ្ឋកម្ពុជាមួយចំនួនដែលមិនត្រូវបានគេអើពើ”។
- ចំណងជើង & មូលបទ
- មណ្ឌលសង្គមកិច្ច និងកែប្រែ