អង្គការសង្គមស៊ីវិល សម្ដែងការមិនពេញចិត្តចំពោះការបដិសេធបែបរើសអើងចំពោះការផ្ដល់សេវាថែទាំសុខភាពដល់អ្នកជាប់ឃុំក្នុងពន្ធនាគារ
ចេញផ្សាយ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧; ក្រុមសង្គមស៊ីវិលយើងខ្ញុំ ជាអង្គការសង្គមស៊ីវិល ដែលមានរាយនាមខាងក្រោម សូមសម្ដែងការមិនពេញចិត្តចំពោះការបដិសេធដោយមិនត្រឹមត្រូវ និងបែបរើសអើងចំពោះសិទ្ធិទទួលបានការថែទាំសុខភាពរបស់អ្នកជាប់ឃុំទាំង៣ ក្នុងចំណោមអ្នកជាប់ឃុំទាំង៥ "ដោះលែងអ្នកទាំង៥" នៅមណ្ឌលអប់រំកែប្រែទី ១ ឬ ម.១ (ព្រៃស) នៅរាជធានីភ្នំពេញ។ ចុងក្រោយនេះ លោក នី សុខា លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត ត្រូវបានអនុញ្ញាតឲ្យទទួលបានការថែទាំព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យរបស់អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (អង្គការលីកាដូ) បន្ទាប់ពីមានការរឹតបន្តឹងលើការចូលសួរសុខទុក្ខនិងការផ្ដល់សេវាថែទាំសុខភាព កាលពីខែមេសា ឆ្នាំ២០១៧។ អ្នកជាប់ឃុំទាំង ៣ នាក់មានបញ្ហាសុខភាពធ្លាក់ដុនដាប អំឡុងពេលដែលមានការរឹតបន្តឹងនោះ។ ពួកគាត់ និងសហការីដែលធ្វើការនៅសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ (អាដហុក) ដូចជា អ្នកស្រី លឹម មុន្នី ព្រមទាំងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតបុគ្គលិក អាដហុក លោក នី ចរិយា ត្រូវបានជាប់ឃុំបណ្តោះអាសន្នរង់ចាំសវនាការក្នុងពន្ធនាគារអស់រយៈពេល ៤២៦ ថ្ងៃ មកហើយ។
ក្រុមគ្រូពេទ្យអង្គការលីកាដូបានចូលទៅពិនិត្យ និងព្យាបាលអ្នកការពារសិទ្ធិមនុស្សទាំង៥ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារចំនួនបីផ្សេងគ្នានៅរាជធានីភ្នំពេញ (ម.១, ម.២ និងពន្ធនាគាររាជធានីភ្នំពេញ) ចាប់តាំងពីការឃុំខ្លួនរបស់អ្នកទាំងនោះ រហូតមកទល់ពេលដែលមានការរឹតត្បិតការចូលទៅសួរសុខទុក្ខ អ្នកទាំងបីដែលជាប់ឃុំនៅ ម.១ ចាប់ពីខែមេសា ឆ្នាំ២០១៧។ រយៈពេលពីរសប្ដាហ៍កន្លងមកនេះ ចៅក្រមស៊ើបសួរ និងប្រធានពន្ធនាគារ ម.១ បានអនុញ្ញាតចំពោះសំណើសុំចូលសួរសុខទុក្ខដាច់ដោយឡែកពីគ្នា ក្នុងការចូលទៅពិនិត្យមើលស្ថានភាពអ្នកជាប់ឃុំពីរនាក់ ក្នុងចំណោមអ្នកការពារសិទ្ធិមនុស្សទាំងបី ដោយសារតែមានការព្រួយបារម្ភជាខ្លាំងពីបញ្ហាសុខភាពរបស់លោក យី សុខសាន្ត និងលោក នី សុខា។ ទើបតែសប្ដាហ៍មុននេះទេ ដែលមានការអនុញ្ញាតឲ្យគ្រូពេទ្យលីកាដូបានចូលទៅពិនិត្យ និងព្យាបាលអ្នកទាំងនោះដោយពេញលេញវិញ។
យើងខ្ញុំមានការព្រួយបារម្ភជាខ្លាំងដោយបានទទួលដំណឹងថា អ្នកជាប់ឃុំបីនាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ជាពិសេសគឺ លោក នី សុខា ដែលបានដួលសន្លប់ក្នុងបន្ទប់ទឹកពន្ធនាគារ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧។ យើងខ្ញុំជឿជាក់ថា ស្ថានភាពនេះអាចបណ្តាលមកពីការបដិសេធចំពោះក្រុមគ្រូពេទ្យក្នុងការផ្ដល់សេវាពិនិត្យ និងថែទាំសុខភាពឲ្យបានជាប់ជាប្រចាំដល់អ្នកទាំងនោះ ព្រមទាំងស្ថានភាពមិនអំណោយផលនៅម.១។ កាលពីថ្ងៃទី២១ ខែមិថុនា លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង អ្នកស្រី លឹម មុន្នី បានបង្ហាញមុខនៅតុលាការកំពូល ដើម្បីចូលរួមសវនាការលើបណ្ដឹងសារទុក្ខជំទាស់នឹងការបដិសេធសំណើសុំនៅក្រៅឃុំរបស់អ្នកទាំងនោះ។ អំឡុងពេលសវនាការ លោក ណៃ វ៉ង់ដា បានស្នើសុំទៅសម្រាកនៅក្នុងបន្ទប់ក្បែរនោះដោយសារតែលោកមានអារម្មណ៍វិលមុខ ចំណែកឯ លោក នី សុខា និង លោក យី សុខសាន្ត ក៏ត្រូវបានរាយការណ៍ថាមានសភាពទន់ខ្សោយដោយសារតែបញ្ហាសុខភាពធ្លាក់ដុនដាប នាពេលថ្មីៗនេះ។
ទោះជាយ៉ាងណា អាជ្ញាធរកម្ពុជាគួរតែពិចារណាពីបញ្ហាសុខភាពរបស់ពួកគាត់ដែលកំពុងតែធ្លាក់ចុះខ្សោយជាខ្លាំង និងបញ្ឈប់ការអូសបន្លាយឃុំខ្លួនបណ្ដោះអាសន្នលើពួកគាត់ដោយគ្មានមូលដ្ឋានគ្រប់គ្រាន់តាមរយៈការបដិសេធសំណើសុំនៅក្រៅឃុំនេះទៀតទៅ
អ្នកនាង ណាលី ពីឡូក នាយិការងផ្នែកតស៊ូមតិរបស់អង្គការលីកាដូ បានមានប្រសាសន៍ថា “ទោះជាយ៉ាងណា អាជ្ញាធរកម្ពុជាគួរតែពិចារណាពីបញ្ហាសុខភាពរបស់ពួកគាត់ដែលកំពុងតែធ្លាក់ចុះខ្សោយជាខ្លាំង និងបញ្ឈប់ការអូសបន្លាយឃុំខ្លួនបណ្ដោះអាសន្នលើពួកគាត់ដោយគ្មានមូលដ្ឋានគ្រប់គ្រាន់តាមរយៈការបដិសេធសំណើសុំនៅក្រៅឃុំនេះទៀតទៅ”។
សិទ្ធិទទួលបានការថែទាំសុខភាពឲ្យបានគ្រប់គ្រាន់ ដែលមានចែងក្នុងមាត្រា ២៥ នៃសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស គឺជាសិទ្ធិមនុស្សសាកលរបស់បុគ្គលគ្រប់រូប ដែលមិនអាចត្រូវបានកាត់បន្ថយ ដោយគ្រាន់តែពួកគាត់ត្រូវជាប់ពន្ធនាគារនោះទេ។ ទោះបីជាពន្ធនាគារម.១ មានក្រុមគ្រូពេទ្យក៏ដោយ ប៉ុន្តែករណីនេះបង្ហាញថាសេវាពិនិត្យ និងព្យាបាលជំងឺក្នុងពន្ធនាគារនាពេលបច្ចុប្បន្ននេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះ ការរារាំងបែបរើសអើងនូវលទ្ធភាពទទួលបានការពិនិត្យ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យមកពីអង្គការលីកាដូ មានន័យថា អ្នកជាប់ឃុំមិនទាន់ទទួលបានសិទ្ធិថែទាំសុខភាពឲ្យបានគ្រប់គ្រាន់នោះទេ ខណៈនេះជាសិទ្ធិមួយរបស់ពួកគាត់ដែលត្រូវទទួលបានតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ លក្ខខណ្ឌក្នុងពន្ធនាគារ ដែលនៅមិនទាន់សមស្របតាមបទដ្ឋានអន្តរជាតិស្រាប់ទៅហើយនោះ កាន់តែមានស្ថានភាពមិនល្អថែមទៀត ចាប់តាំងពីពេលដែលអាជ្ញាធរកម្ពុជាបានចាប់ផ្តើមយុទ្ធនាការបង្ក្រាបមកលើអ្នកប្រើប្រាស់ថ្នាំញៀនចាប់តាំងពីខែមករា ឆ្នាំ២០១៧។ ការចាប់ខ្លួនមនុស្សជាច្រើន និងការអនុវត្តការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការច្រើនពេក បានបង្កឲ្យពន្ធនាគារព្រៃសកាន់តែមានសភាពចង្អៀតខ្លាំង ដែលជាកត្តាធ្វើឲ្យមានផលប៉ះពាល់មិនល្អទៅលើសុខភាពរបស់អ្នកជាប់ឃុំបន្ថែមទៀត។
បន្ថែមពីលើការរារាំងលទ្ធភាពរបស់បុគ្គលិកពេទ្យចូលទៅពិនិត្យ និងព្យាបាល នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សំណើរបស់អង្គការសង្គមស៊ីវិលមួយចំនួន ក្នុងការស្នើសុំចូលទៅសួរសុខទុក្ខអ្នកការពារសិទ្ធិមនុស្សទាំង៥ និងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី ដែលជាអ្នកការពារសិទ្ធិមនុស្សផងដែរនោះ ត្រូវបានបដិសេធឬក៏ពុំទទួលបានការឆ្លើយតបណាមួយឡើយ។ ការរឹតបន្តឹងចំពោះទំនាក់ទំនងពីខាងក្រៅបានបង្កផលប៉ះពាល់ជាអវិជ្ជមានមកលើសុខភាពផ្លូវចិត្តរបស់អ្នកការពារសិទ្ធិមនុស្ស។
នៅក្នុងខែវិចិ្ឆកា ឆ្នាំ២០១៦ ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកលើបញ្ហាការឃុំខ្លួនតាមអំពើចិត្ត បានប្រកាសថា អ្នកជាប់ឃុំទាំង៥ ត្រូវបានរើសអើងដោយសារតែការងារជាអ្នកការពារសិទ្ធិមនុស្សរបស់ពួកគាត់ ដែលការរំលោភបំពានសិទ្ធិរបស់អ្នកទាំង៥ក្នុងការទទួលបានសវនាការជំនុំជម្រះដោយយុត្តិធម៌ សិទ្ធិមានសេរីភាព និងសេរីភាពខាងសមាគម បានធ្វើឲ្យការឃុំខ្លួនលើអ្នកទាំង៥ជាការឃុំខ្លួន “តាមអំពើចិត្ត” និងអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកទាំង៥ ជាបន្ទាន់។1 អស់រយៈពេលជាង ៧ ខែក្រោយមក អ្នកទាំង៥ នៅតែបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយរយៈពេលនៃឃុំខ្លួនបណ្ដោះអាសន្នលើពួកគាត់ត្រូវបានពន្យារដល់ទៅ ៦ ខែបន្ថែមទៀត កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។
ការបន្តឃុំខ្លួនតាមអំពើចិត្តលើលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងលោក នី ចរិយា ជាការរំលោភបំពានច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយយើងខ្ញុំ សូមសំណូមពរដោយទទូចដល់អាជ្ញាធរកម្ពុជាឲ្យអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកលើបញ្ហាការឃុំខ្លួនតាមអំពើចិត្ត និងដោះលែងពួកគាត់ឲ្យមានសេរីភាពវិញ។ យើងខ្ញុំសូមអំពាវនាវឲ្យអគ្គនាយកដ្ឋានពន្ធនាគារ ចាត់វិធានការដើម្បីធ្វើឲ្យដំណើរការនៃការទទួលបានការពិនិត្យ និងថែទាំសុខភាពក្នុងពន្ធនាគារប្រកបដោយតម្លាភាព ដោយសារតែការរឹតបន្តឹងតាមអំពើចិត្ត និងមានលក្ខណៈស្មុគស្មាញ បានធ្វើឲ្យសុខភាព និងអាយុជីវិតរបស់អ្នកជាប់ឃុំ ត្រូវប្រឈមនឹងគ្រោះថ្នាក់។ យើងខ្ញុំក៏សូមអំពាវនាវឲ្យអាជ្ញាធរកម្ពុជាបន្តអនុញ្ញាតឲ្យក្រុមគ្រូពេទ្យ និងអ្នកឃ្លាំមើលពន្ធនាគារទាំងឡាយអាចចូលទៅពិនិត្យសួរសុខទុក្ខអ្នកជាប់ឃុំទាំងអស់ដោយពុំមានការរឹតត្បិត។
សេចក្ដីថ្លែងការណ៍រួមនេះគាំទ្រដោយ ៖
១. អង្គការអាក់សិនអេតកម្ពុជា
២. អង្គការលើកលែងទោសអន្តរជាតិ
៣. សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)
៤. វេទិកាអាស៊ី សម្រាប់ការអភិវឌ្ឍន៍សិទ្ធិមនុស្ស (FORUM-ASIA)
៥. សហគមន៍បឹងកក់
៦. សហគមន៍បឹងត្របែក
៧. សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
៨. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៩. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១០. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
១១. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១២. បណ្ដាញយុវជនកម្ពុជា (CYN)
១៣. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
១៤. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
១៥. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
១៦. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
១៧. អង្គការសមធម៌កម្ពុជា (EC)
១៨. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ១៩. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
២០. អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)
២១. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២២. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរ ខេត្តព្រះវិហារ
២៣. សមាគមឥន្ទ្រទេវី (IDA)
២៤. សហគមន៍ដីធ្លី ភូមិ១ ខេត្តព្រះសីហនុ
២៥. សហគមន៍ដីធ្លី ភូមិព្រែកជីក ខេត្តកោះកុង
២៦. សហគមន៍ដីធ្លី ភូមិគ្រួស ខេត្តបាត់ដំបង
២៧. សហគមន៍ដីធ្លី ភូមិស្គន់ ខេត្តសៀមរាប
២៨. សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង
២៩. អង្គការពន្លកខ្មែរ (PKH)
៣០. សហគមន៍ផ្លូវភ្លើង ទួលសង្កែ A
៣១. សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ (SEAPA)
៣២. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៣៣. អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT)
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- បញ្ហាពន្ធនាគារ