សេចក្តីថ្លែងការណ៍

ផ្អាកជា​បណ្តោះអាសន្ន​នូវគម្រោងអភិវឌ្ឍន៍​នានាដែល​កំពុងធ្វើឱ្យ​ប៉ះពាល់តំបន់​បឹងទំពុន ឬជើងឯក

ចេញផ្សាយ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២០
F T M

របាយការណ៍​ថ្មីបង្ហាញ​ពីការរំលោភ​សិទ្ធិមនុស្ស និងការបំផ្លាញ​បរិស្ថាននៅពេល​ការអភិវឌ្ឍន៍របស់ឯកជន គំរាមកំហែង​ធ្វើឱ្យមានការជន់លិច​នៅក្នុងរាជធានីភ្នំពេញ

ប្រជាពលរដ្ឋ​ជាងមួយលាន​នាក់នៅក្នុងរាជ​ធានីភ្នំពេញកំពុង​ប្រឈមនឹង​ការកើនឡើង​នូវទឹកជំនន់ និងមាន​មនុស្សជាងមួយពាន់​គ្រួសារទៀត​កំពុងប្រឈម​នឹងការបណ្តេញចេញ ការបាត់បង់​ប្រាក់ចំណូល និងអសន្តិសុខ​ស្បៀង ខណៈដែលគម្រោង​អភវិឌ្ឍន៍ អាយ អិន ជី ស៊ីធី (ING City) និង គម្រោង​ផ្សេងៗទៀត​បាននិង​កំពុងធ្វើ​ឱ្យប៉ះពាល់​តំបន់​បឹងទំបន់ ឬជើងឯក​ដែលស្ថិត​នៅភាគខាង​ត្បូង រាជធានី​ភ្នំពេញ។

របាយការណ៍​ស្រាវជ្រាវ​ដែលមាន​ចំណងជើងថា ការបាត់បង់​បឹងទំពុន៖ ការវាយតម្លៃហេតុប៉ះពាល់​សង្គម និង​សិទ្ធិមនុស្ស​ពីការបំផ្លិចបំផ្លាញ​តំបន់បឹងទំពុន ឬជើងឯក បានរកឃើញថា​ប្រជាជន​កម្ពុជា រាប់លាន​នាក់ទំនង​ជានឹង​រងផលប៉ះពាល់​ពីការធ្វើ​ឱ្យប៉ះពាល់ធ្ងន់ធ្ងរ​នៅតំបន់​បឹងទំពុន ឬជើងឯក ដោយ ក្រុមហ៊ុន អាយ អិន ជី ហូលឌីង​(ING Holdings) និងសាជីវកម្ម​ឯកជន​ផ្សេងៗទៀត រួម​មានក្រុម​ហ៊ុន ជីប​ម៉ុង អ៊ីអនម៉ល អ័រគីដេវីឡា និងបុរីប៉េងហួត។ល។ ក្រុមអង្គការ​សង្គម​ស៊ីវិលដែល​ធ្វើការលើ វិស័យ​សិទិ្ធមនុស្ស និង​បរិស្ថាន​បានស្ទង់មតិ​ជាមួយ​នឹងប្រជាពល​រដ្ឋចំនួន ៤៦៩ គ្រួសារ ដែល​កំពុង​រស់នៅ ឬប្រើប្រាស់​តំបន់បឹង​នេះ និងទន្លេ។ ជាលទ្ធផល របាយការណ៍​បង្ហាញពី​ផលប៉ះពាល់គួរ​ឱ្យព្រួយ​បារម្ភក្នុង តំបន់​បឹងទំពុន ឬជើងឯក ក្នុងផ្ទៃ​ក្រឡា​ប្រមាណ ១.៥០០ ហិកតា ដែលកំពុង​តែជួយទ្រទ្រង់​ដល់ជីវភាព​រស់នៅ​របស់ប្រជាសហគមន៍​មូលដ្ឋាន និងដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការគ្រប់គ្រង​កាកសំណល់ និង​ការពារ​ទឹកជំនន់​នៅក្នុងរាជ​ធានីភ្នំពេញ។

“ខ្ញុំគិតថា វានឹងប៉ះពាល់​ដល់ប្រជាជន​ក្រីក្រដែល​ដាំបន្លែ និងនេសាទ​ត្រីនៅក្នុងតំបន់​បឹងនេះ ដោយសារ​តែយើង​ពឹងផ្អែក​លើបឹង​សម្រាប់ការរស់​នៅប្រចាំថ្ងៃ​របស់យើង។” សម្តី​របស់សមាជិក​សហគមន៍​មកពីតំបន់​បឹងទំពុន ឬជើងឯក កាលពី ខែឧសភា ឆ្នាំ២០២០

បើគ្មាន​តំបន់បឹង​ទាំងនេះទេ ប្រជាជន​ជាងមួយ​លាននាក់​នៅក្នុងរាជធានី​ភ្នំពេញនឹងប្រឈមការ​កើន​ឡើង​នៃទឹកជំនន់។ សម្រាប់​សហគមន៍​នៅខ្សែ​ទឹកខាងក្រោម​ បើការ​អភិវឌ្ឍ​របស់ឯកជន​ដែលនៅតែ​បន្ត​នឹង​បណ្តាល​ឱ្យបាត់បង់​នូវមុខរបរចិញ្ចឹម​ជីវិត និងមនុស្ស​ជាងមួយពាន់​គ្រួសារត្រូវបាន​បង្ខំឱ្យ​ចាកចេញ​ពី​លំនៅ​ឋាន​របស់ពួកគាត់។ ផ្ទៃនៃ​តំបន់បឹង​ទំពុន ឬ​បឹងជើងឯក​ដែលធ្លាប់ជា​ទ្រព្យសម្បត្តិ​សាធារណៈ ដោយសារ​ស្របតាមលក្ខណៈវិនិច្ឆ័យ​ដែលត្រូវចាត់​ទុកថាជាទ្រព្យសម្បត្តិ​សាធារណៈ ឥឡូវ​ត្រូវបាន​គេកាត់ និងបែងចែក​ទៅឱ្យក្រុមហ៊ុន​អភិវឌ្ឍន៍នានា ដោយសារ​តែមានអនុក្រឹត្យ​របស់រាជ​រដ្ឋាភិបាល​នៅចន្លោះ ឆ្នាំ២០១៧ និងឆ្នាំ២០១៩។ ជាលទ្ធផល​ផ្ទៃតំបន់បឹងទំពុន​ឬជើងឯក​ដែលពី​មុន​មានទំហំយ៉ាងហោច​ណាស់ ១.៥០០ ហិកតា ប៉ុន្តែឥឡូវ​នេះគ្រោង​នឹងត្រូវកាត់​មកនៅត្រឹមទំហំ ១០៧ ហិកតា​តែប៉ុណ្ណោះ។ តំបន់​បឹងទំពុន ឬជើង​ឯកបម្រើ​ផលប្រយោជន៍​សាធារណៈ​សំខាន់ពីរគឺ កាត់​បន្ថយទឹកជំនន់​ក្នុងរាជធានី​ភ្នំពេញ ដោយបឹងនេះ​រក្សាទុក​ទឹកភ្លៀង​ដែលហូរចេញ​ពីរាជធានី និងមួយ​ផ្នែកទៀត​ដើរតួនាទី​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ដែលហូរ​ចេញ​ពី​រាជធានី​ភ្នំពេញ មុនពេល​ហូរចូល​ទៅក្នុងទន្លេ​បាសាក់។ ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA) បាន​គ្រោងនឹងផ្តល់​នូវរោងចក្រ​ប្រព្រឹត្តកម្ម​ទឹកកខ្វក់ដែល​មានតម្លៃ​ខ្ពស់ ដែលអាច​ធ្វើប្រព្រឹត្ត​កម្មទឹក​កខ្វក់បាន​តិចជាង ២ ភាគរយ នៃទឹកកខ្វក់​ដែលកំពុង​ហូរចូល​ក្នុងតំបន់​បឹងទំពុន ឬជើង​ឯកជា​រៀងរាល់ថ្ងៃ។

សិទ្ធិមនុស្ស
សិទ្ធិមនុស្ស​ជាមូលដ្ឋាន មានដូចជា សិទ្ធិមានលំនៅ​ឋានសមរម្យ សិទ្ធិទទួលបាន​ការពារផ្នែក​សន្តិសុខ​សង្គម សិទ្ធិទទួលបានការងារ​ សិទ្ធិទទួល​បានស្បៀងអាហារ​គ្រប់គ្រាន់ សិទ្ធិទទួល​បានការអប់រំ សិទ្ធិចូលរួម​ក្នុងកិច្ចការសង្គម សិទ្ធិក្នុងការទទួល​បានទឹកស្អាត អនាម័យ និងសិទ្ធិទទួល​បានសុខភាពល្អ សុទ្ធសឹង​តែស្ថិតក្រោម​ការគំរាមកំហែង​ដោយសារគម្រោង អាយ អិន ជី ស៊ីធី (ING City)  និងការ​អភិវឌ្ឍន៍​ផ្សេងៗ​នៅលើតំបន់​បឹងទំពុន ឬជើងឯក​។ ទឹកជំនន់ និងការបាត់បង់ជីវភាពរស់នៅត្រូវបានគេរាយការណ៍​យ៉ាង​ទូលំទូលាយនៅតាមសហគមន៍ដែលបានស្ទង់មតិ​។ គ្រួសារជាច្រើន​បានរាយការណ៍​ថា ប្រាក់​ចំណូល​ចម្បង​របស់ពួកគាត់​គឺផ្អែកលើការ​ដាំដំណាំ ឬដោយ​ការនេសាទ​នៅក្នុងបឹងនេះ ដែល​ពួកគាត់​នឹងមិន​អាចធ្វើ​បានទេនៅពេល​ដែលតំបន់បឹង​ត្រូវបាន​បំផ្លិចបំផ្លាញ។ លើសពីនេះទៀត សិទ្ធិ​ក្នុងការទទួល​បាន​លំនៅឋាន​សមរម្យអាច​ត្រូវប្រឈម​នឹងការបណ្តេញចេញ ដោយហេតុ​ថាប្រជា​សហគមន៍​រាប់រយ​គ្រួសារ​គ្មាន​ប័ណ្ណកម្មសិទ្ធិដីធ្លី។ ភាគច្រើន​នៃគ្រួសារ​ទាំងនេះកំពុង​ទទួលរង​នូវផល​ប៉ះពាល់នៃការជំពាក់​បំណុល មិនសូវ​បានទទួលបានប័ណ្ណក្រីក្រ និងគ្រួសារ​ស្ទើរតែទាំងអស់​មិនទទួលបាន​ការពិគ្រោះ​យោបល់​ស្តីពីគម្រោង​អភិវឌ្ឍនានា​របស់ក្រុមហ៊ុន​ឯកជន​ទាំងនោះឡើយ។

រាជរដ្ឋាភិបាល​មានការទទួល​ខុសត្រូវក្នុង​ការធានាការពារ​ប្រជាជន​ពីការរំលោភ​សិទ្ធិមនុស្ស​។ របាយការណ៍​នេះត្រូវបានរៀបចំ​ឡើងដើម្បី​បង្ហាញពីហានិភ័យ​នានាទាក់ទង​នឹងសិទ្ធិមនុស្ស ដើម្បីឱ្យ​រាជរដ្ឋាភិបាល​អាចចាត់​វិធានការ​ដែល​សមស្រប​នានា​ដើម្បីដោះស្រាយ​បញ្ហាទាំងនោះ។

លោក សឿង សារ៉ន (អង្គការ​សមាគម​ធាងត្នោត)

ផលប៉ះពាល់ផ្នែកបរិស្ថាន
តំបន់បឹងទំពុន ឬជើឯកជាង ៩០% នឹងត្រូវ​រងផលប៉ះ​ពាល់ធ្ងន់ធ្ងរ ហើយ​ទន្លេបាសាក់ និងទន្លេ​មេគង្គ​ក៏នឹងត្រូវបានបំពុលដោយ​សារការ​អភិវឌ្ឍ​ទាំងនេះ​ផងដែរ​។ បច្ចុប្បន្ននេះ​ដំណាំដែល​ដាំនៅលើ​ផ្ទៃបឹង បាន​ធ្វើព្រឹត្តកម្ម​ទឹកកខ្វក់​ដែលហូរចេញ​ពីរាជធានី​ភ្នំពេញ មុនពេល​វាហូរចេញ​ពីបឹងនេះ​ចូល​ទៅ​ក្នុង​ទន្លេបាសាក់។ ប្រសិន​បើបឹងត្រូវបាន​បាត់បង់ ទឹកកខ្វក់​នឹងហូរ​ចូលទន្លេ​បាសាក់ ឬទន្លេមេគង្គ ឬ​ទន្លេទាំង​ពីរដោយ​មិនបាន​ធ្វើព្រឹត្តកម្ម ដែល​នេះបង្កហានិភ័យ​ធ្ងន់ធ្ងរ​ដល់ជម្រកត្រី និងប្រជា​សហគមន៍​ដែលពួកគាត់​ពឹង​ផ្អែកលើ​ទន្លេសម្រាប់​ទឹកបរិភោគ និង​ចំណីអាហារ​របស់ពួក​គាត់ប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត បឹងនេះគឺជាជម្រក​នៃពពួកសត្វ​ជាច្រើនប្រភេទ រួមទាំង​សត្វជិត​ផុតពូជ​ផងដែរ។​​ ការធ្វើ​ឱ្យប៉ះពាល់ ឬបំផ្លិច​បំផ្លាញ​តំបន់បឹងទំពុន ឬជើងឯកនឹង​ធ្វើឱ្យសត្វ និងជីវ​ចម្រុះដែលកំពុង​រស់នៅ​ក្នុងបឹង​ទាំងនេះ​ប្រឈម​នឹង​ហានិភ័យធ្ងន់ធ្ងរ។

“ត្រីអាចត្រូវបានងាប់ បក្សី​អាចត្រូវ​បានងាប់ ហើយវា​នឹងប៉ះពាល់​ដល់សត្វ និងមនុស្ស​ដទៃទៀត។ គេមិន​ទាន់ដឹងច្បាស់ថាតើមាន​វិធានការ​អ្វីខ្លះដើម្បីការពារ​ប្រឆាំងនឹង​ការខូចខាត​ផ្នែកបរិស្ថាន​នេះ។ រាជរដ្ឋាភិបាល​ត្រូវប្រាកដថា ច្បាប់ពាក់ព័ន្ធនានា​ត្រូវបាន​គោរពដើម្បី​ការពារបរិស្ថាន និងសង្គម។ ការស្រាវជ្រាវ និងការចូល​រួមជាសាធារណៈបន្ថែម​ទៀត​គួរត្រូវបាន​ធ្វើឡើង​សម្រាប់គម្រោង​ដូចនេះ ពីព្រោះវា​នឹងធ្វើឱ្យប៉ះពាល់​ដល់មនុស្ស​រាប់លាននាក់ និងអនាគត​រាជធានីភ្នំពេញ​ទាំងមូល។” លោក អៀង វុទ្ធី (អង្គការសមធម៌កម្ពុជា)

របាយការណ៍​ក៏បានរក​ឃើញថាដីខ្សាច់​ភាគច្រើន​ដែលចាក់លុប​តំបន់បឹងពុន ឬជើងឯកនេះកំពុង​ត្រូវបាន​បូមចេញពីទន្លេមេគង្គ និងទន្លេបាសាក់​។ បរិមាណដីខ្សាច់​ដែលត្រូវការ​ដើម្បីបំពេញ​នៅតំបន់​បឹងទំពុន​ ឬជើងឯក​ត្រូវបាន​គេប៉ាន់ប្រមាណ​ថាមានចំនួន​ប្រហែល ៧៧,០០០,០០០ ម៉ែត្រគូប ឬ​ច្រើនជាង ១០០ លានតោន។ ការបូម​ខ្សាច់ចេញ​ពីទន្លេក្បែរនោះ​បង្កជាហានិភ័យ​យ៉ាងខ្លាំង​ដល់បរិស្ថាន និងប្រជាជន​ក្នុងតំបន់ដែល​រស់នៅក្បែរ​នោះ។

ដើម្បី​ឈ្វេងយល់​លម្អិតពីរបាយការណ៍​សិក្សាស្រាវ​ជ្រាវនេះ សូមចូល​ទៅកាន់គេហទំព័រ​របស់​អង្គការសម្ព័ន្ធ​ខ្មែរជំរឿននិងការពារ​សិទ្ធិមនុស្សលីកាដូ (LICADHO) បណ្តាញយុវជនកម្ពុជា (CYN) អង្គការសមធម៌កម្ពុជា (EC) និងអង្គការសមាគមធាងត្នោត (STT)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត​ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (LICADHO)។ ទូរស័ព្ទ៖ ០១០ ៣២៧ ៧៧០។ អ៊ីម៉ែល៖ samathmail@gmail.com
 លោក អៀង វុទ្ធី ​ អង្គការសមធម៌កម្ពុជា (EC)។ ទូរស័ព្ទ៖ ០១២​ ៧៩១ ៧០០។ អ៊ីម៉ែល៖ vuthy@equitablecambodia.org
 លោក សឿង សារ៉ន អង្គការសមាគមធាងត្នោត (STT)។ ទូរស័ព្ទ៖​ ០៨៩ ៦៦៦ ០១៣ ។ អ៊ីម៉ែល៖ director@teangtnaut.org

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា