សេចក្តីថ្លែងការណ៍

អង្គការ​សង្គម​ស៊ីវិល​សូម​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​​សេចក្តីព្រាង​ច្បាប់​ស្តីពី​ សណ្តាប់​ធ្នាប់​សាធារណៈ

ចេញផ្សាយ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០; ក្រុមសង្គមស៊ីវិល
F T M

យើង​ខ្ញុំជា​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​អន្ត​រ​ជាតិ​ និងសហគមន៍​ដែល​មាន​រាយ​នាមដូច​​ខាង​ក្រោម​ សូម​អំពាវនាវ​ឱ្យ​​រាជ​រដ្ឋាភិបាល​កម្ពុជា (“រដ្ឋាភិបាល​”) ទម្លាក់​ចោលនូវ​សេចក្តីព្រាង​ច្បាប់ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ ដែល​​មាន​លក្ខណៈគាប​សង្កត់​ និងសូម​ឱ្យគោរពទៅតាម​កាតព្វកិច្ច​របស់ខ្លួន​​​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្ត​រជាតិ​។ សេចក្តីព្រាង​ច្បាប់​នេះមាន​​បទប្បញ្ញត្តិ​ជាច្រើន​​ដែល​មាន​​វិសាល​ភាពទូលំទូលាយ​ក្នុងការ​កំណត់​បទល្មើសចំពោះ​សកម្មភាព​ស្រប​ច្បាប់​ប្រចាំថ្ងៃ​​​ជាច្រើន​នៅក្នុង​​​ព្រះរាជាណាចក្រកម្ពុជា​ (“កម្ពុជា”) ​ហើយ​ដែល​នឹង​រំលោភ​លើ​សិទ្ធិ​សេរីភាព​ខាងការ​បញ្ចេញ​មតិ​ ខាង​​សមាគម​ ខាង​ការ​ជួប​ប្រជុំ​និង​សិទ្ធិ​មនុស្ស​ផ្សេងៗទៀត​​។ ប្រសិន​បើ​សេចក្តីព្រាង​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​​ ច្បាប់​នេះ​នឹង​ក្លាយ​ជា​ច្បាប់​ដែល​មាន​លក្ខណៈគាប​សង្កត់មួ​យ​ផ្សេង​ទៀត​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ដែល​ប៉ះពាល់សិទ្ធិ​មនុស្ស​​ធ្ងន់​ធ្ងរ​។

សេចក្តីព្រាង​ច្បាប់​នេះ​ត្រូវបាន​តាក់តែងឡើង​​ក្នុង​គោលបំណង​​បញ្ញត្ត​អំពីការ​​ប្រើ​ប្រាស់​​ទីកន្លែង​សាធារណៈ និង​ការ​បង្ហាញ​ឥរិយាបទ​ជា​សាធារណៈនៅ​​ទីកន្លែង​សាធារណៈទាំង​នោះ​។ សេចក្តីព្រាង​ច្បាប់​នេះ​ចែង​អំពី​សោភ័ណភាព​ អនាម័យ បរិស្ថាន ភាព​ស្ងប់ស្ងាត់ និង​តម្លៃ​សង្គម ដែល​ទាំង​អស់​នេះ​ស្ថិតក្នុង​​​គោល​បំណង​ទូលំទូលាយ​ក្នុងការ​រក្សា “សណ្តាប់ធ្នាប់​សាធារណៈ”។ សេចក្តី​ព្រាង​ច្បាប់នេះ​ព្យាយាម​កំណត់ការ​​ហាមឃាត់​នូវ​​សកម្ម​ភាព​ជាក់លាក់​មួយ​ចំនួនដែល​រៀប​​​​រាប់អំពី​ប្រភេទ​នៃ​​ការ​កំណត់ទោ​ស​ទណ្ឌផ្សេង​ៗប្រសិន​បើ​មិន​គោរព​តាម ​និង​ផ្តល់​អំណាច​ដល់​ ​អាជ្ញាធរ​កម្ពុជា​នៅ​គ្រប់​លំដាប់​ថ្នាក់​ដើម្បី​​​អនុវត្ត​ដោយ​ពុំផ្អែកលើ​មូលដ្ឋាន​គតិយុត្តិ​ ក្រោមហេតុផលធ្វើ​ឱ្យ​​ “សង្គម​កាន់​តែ​​មានភាពស៊ីវីល័យ​”។ យើង​ខ្ញុំ​មាន​ក្តីបារម្ភយ៉ាង​​ខ្លាំង​ចំពោះ​បទប្បញ្ញត្តិ​ដែល​មាន​អត្ថន័យ​ទូលំទូលាយ​ និងមាន​ លក្ខណៈ​បំពាន​​ជាច្រើន​ក្នុង​សេចក្តីព្រាង​ច្បាប់​នេះ​ ដែល​រំលោភ​លើ​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ជា​ច្រើនដូច​​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​(“រដ្ឋ​ធម្ម​នុញ្ញ”) និង​សន្ធិសញ្ញាសិទ្ធិ​មនុស្ស​អន្ត​រជាតិ​នានា​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ក្នុង​នោះ​រួម​ទាំង​កតិកាសញ្ញា​អន្ត​រជាតិ​ស្តីពីសិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ (“ក.អ.ស.ព.ន”) និង​កតិកា​សញ្ញាអន្ត​រជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច​​ សង្គម​កិច្ច និង​វប្បធម៌ (ក.អ.ស.ស.ស.វ)។ យើង​ខ្ញុំ​សូម​គូស​បញ្ជាក់​នូវ​ក្តីបារម្ភ​ចម្បង​ៗដូចខាង​ក្រោម​។ ទោះជា​យ៉ាង​នេះ​ក្តី​ ការ​ទម្លាក់​ចោល​ទាំង​ស្រុង​នូវ​​សេចក្តីព្រាង​ច្បាប់​ដែល​ពុំចាំ​បាច់​នេះ​គឺជា​ការ​ប្រសើរ​។​

១. វិសាលភាពនិង​គោល​បំណង៖ សេចក្តីព្រាង​ច្បាប់​នេះមាន​វិសាល​ភាព​​ទូលំទូលាយ​ ហើយ​​ការ​បញ្ចូល​បញ្ញត្តិ​ហាម​ឃាត់​ដែល​មាន​ន័យ​ទូលំ​ទូលាយ​​​​លើ​សកម្មភាព​មួយ​ចំនួន​នោះ​ ​ស្ទើ​រតែ​ពុំអាច​អនុវត្ត​បាន​ជាទូទៅដែល​​ផ្ទុយ​ទៅ​នឹង​គោល​ការណ៍​នីតិរដ្ឋជា​សកល​ដែល​មាន​ជាយូរ​មក​ហើយ​។ មាត្រា​ ១ ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​អំពី​គោល​បំណង​ «ធានា​ដល់​ការ​គ្រប់គ្រង​សណ្តាប់​ធ្នាប់​សាធារណៈ ឱ្យ​មាន​​​របៀប​រៀប​រយ ​សោភ័ណភាព អនាម័យ​ បរិស្ថាន​ ភាព​ស្ងប់ស្ងាត់​ សុវត្ថិភាព​សង្គម​ រក្សា​ប្រពៃណី​ជាតិ​និង​សេចក្តីថ្លៃ​ថ្នូ​រ​របស់​ប្រជាពលរដ្ឋ»។ ​វាក្យ​សព្ទនិង​និយម​ន័យ​ជាច្រើន​នៅពុំទាន់ត្រូវ​បាន​ពន្យល់ឱ្យ​បាន​​ច្បាស់​លាស់ ​និង​ដោយ​អាស្រ័យ​ថា​ដើម្បី​តម្លៃ​សង្គម ដែល​អាច​បកស្រាយ​ផ្សេងៗ​គ្នា គ្មាន​មូលដ្ឋាន​គតិយុត្តិ ​​និងអាច​ផ្លាស់ប្តូរ​ជាបន្ត​បន្ទាប់។ កង្វះ​ភាព​ច្បាស់​លាស់​នេះ​ជា​បច្ច័យ​មួយ​នាំ​ឱ្យ​មាន​ការ​បក​ស្រាយ​ផ្សេងៗ​ក្នុងការ​អនុវត្ត​ច្បាប់​នេះ ដែល​ធ្វើ​ឱ្យ​សាធារណ​ជន​​ពិបាក​យល់ឱ្យ​​បាន​ច្បាស់​លាស់​​ ដោយ​ពុំដឹង​ជាមុន​ថា​តើ​សកម្ម​ភាព​ណា​ខ្លះ​ដែល​ផ្ទុយ​ឬ​ស្រប​នឹង​​​ច្បាប់នេះ​​។​ ទោះ​បីជា​សណ្តាប់​ធ្នាប់​សាធារណៈគឺជា​គោល​បំណង​ស្រប​តាម​ផ្លូវ​ច្បាប់​ដែល​ត្រូវ​បាន​អនុញ្ញាត​ក្រោម​ ក.អ.ស.ព.ន និង​ ក.អ.ស.ស.ស.វ ក៏​ដោយ​ក្តី ប៉ុន្តែ​អត្ថន័យនៃ​ពាក្យ​សណ្តាប់​ធ្នាប់​សាធារណៈនេះ​​​អាចត្រូវ​បាន​គេលើក​យក​​ជា​សម្អាង​ដើម្បី​​រឹត​ត្បិត​សិទ្ធិ​មនុស្ស​ក្នុង​ស្ថាន​ភាព​ចង្អៀត​​ណាមួយ​។ ការ​រឹតត្បិត​ណាមួយ​ក្រោម​ហេតុ​ផល​សណ្តាប់​ធ្នាប់​សាធារណៈ អាចធ្វើ​ឡើង​តែក្នុង​ករណី​​ចាំបាច់​ សមាមាត្រ​និង​ជាជម្រើសចុង​ក្រោ​យតែប៉ុណ្ណោះ។

២. ការ​រើ​ស​អើង៖ សេចក្តីព្រាង​ច្បាប់​នេះ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ក្រុម​បុគ្គល​ដែល​ងាយ​រង​គ្រោះ ដែល​ផ្ទុយ​ទៅនឹង​ការ​ធានា​អំពីការ​មិន​រើស​អើងដូចមានចែង​ក្នុង​​រដ្ឋ​ធម្មនុញ្ញ ក.អ.ស.ព.ន ក.អ.ស.ស.ស.វ និង​លិខិ​តូប​ករណ៍​សិទ្ធិមនុស្ស​ដែល​ត្រូវ​អនុវត្ត​ដទៃទៀត​។ សេចក្តីព្រាង​ច្បាប់​នេះ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​លើ​ប្រជាពលរដ្ឋ​​ដែលមាន​ភាពលំបាក​ផ្នែក​សេដ្ឋកិច្ច​និង​អ្នក​​ធ្វើការ​ងារ​ក្នុង​វិស័យ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​ភាគ​ច្រើន​នៃ​អ្នក​ទាំងនោះ​ពឹង​ផ្អែកលើ​សកម្ម​ភាពនានា​​ដើម្បី​ផ្គត់ផ្គង់​​ជីវភាព​ប្រចាំថ្ងៃ ដែល​ចំណុច​នេះ​ត្រូវ​បាន​ហាម​ឃាត់នៅ​ក្នុង​សេចក្តីព្រាង​ច្បាប់​នេះ ។ ឧទាហរណ៍ មាត្រា ​១១ ហាម​ឃាត់ “​​ការតាំង​ ឬការ​​លក់​ដូរ​ទំនិញ​បំពាន​លើ​ទី​សាធារណៈគ្មាន​សណ្តាប់ធ្នាប់” ​​ដែល​ជាប្រភព​ចំណូល​មួយផ្នែក​នៅ​ប្រទេស​កម្ពុជា ចំណែក​មាត្រា​៣៧ (ឈ)​ ហាម​ឃាត់​ “​ការ​សុំទាន​តាម​គ្រប់រូប​ភាព”។ មាត្រា ​១១ ​ហាម​ឃាត់​ការ​យក​ទី​សាធារណៈជា “ទីស្នាក់​អាស្រ័យ​នៅ​បណ្តោះ​អាសន្ន” ដោយ​គ្មាន​ការ​អនុញ្ញាត​ពីអាជ្ញា​ធរ​មាន​សមត្ថកិច្ច​។ បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​រស់​នៅ​ក្នុង​ជីវភាព​សមរម្យ​ហើយ​ប្រទេស​កម្ពុជានៅ​កំពុង​ប្រឈម​​កង្វះ​​ប្រព័ន្ធ​កិច្ច​គាំ​ពារសង្គម​ដែល​​អាច​ធានា​សិទ្ធិ​នេះ​ដល់​ប្រជាពលរដ្ឋ​ដែល​​ប្រឈម​ហានិភ័យ​​ក្នុង​សង្គមនៅឡើយ។​ បន្ថែម​លើ​កង្វះ​ការ​គាំទ្រ​ដល់​​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​​នេះ​​ សេចក្តីព្រាង​ច្បាប់នេះ​មាន​ឥទ្ធិពលកាន់តែ​ធ្វើ​ឱ្យ​មាន​ភាពក្រី​ក្រ ​និង​វិសមភាព​សេដ្ឋកិច្ចកើន​ឡើងថែមទៀត​។

សេចក្តីព្រាង​ច្បាប់នេះ​មាន​បទប្បញ្ញត្តិ​មួយ​ចំនួន​ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​របស់​បុគ្គល​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ព្រម​ទាំង​ជា​បច្ច័យឱ្យ​មាន​ការ​រើស​អើងនិង​ការ​ប្រមាថ​មាក់ងាយ​ផង​ដែរ។​ សេច​ក្តី​ព្រាង​ច្បាប់​នេះ​បញ្ញត្​តអំពី​ការ​រឹត​ត្បិតតាមអំពើចិត្ត​​និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​លើ​បុគ្គល “​​វិបល្លាស​ស្មារតី” ដែល​ពន្យល់​អត្ថន័យ​​មិនច្បាស់​លាស់​ថា​ “សំដៅ​ដល់​ការ​ប្រែប្រួល​ស្មារតី​ដែល​នាំឱ្យ​បាត់បង់​ការ​ដឹង​ខុស​ត្រូវ” ។ និយម​ន័យ​នេះ​ខ្វះ​មូលដ្ឋាន​ផ្លូវ​ច្បាប់​និង​វិទ្យា​សាស្ត្រ​ និង​ពុំ​មាន​តម្រូវ​ឱ្យ​ធ្វើរោគ​វិនិច្ឆយ​ពី​អ្នក​ជំនាញ​ដែល​ប្រការ​នេះ​ហាក់​ដូច​ជា​សន្មត​លើ​ស្ថាន​ភាព​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​បុគ្គល​ទាក់​ទង​នឹង​លទ្ធ​ភាព​នៃ​ការ​វិនិច្ឆយ​ដឹង​ខុសត្រូវ ហើយ​ដោយ​មិន​ថ្លឹង​ថ្លែង​ដល់​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​នៃ​ជំងឺ “វិបល្លាសស្មារតី” ផង​នោះ​​។ ហេតុ​ដូច្នោះ​ច្បាប់នេះ​ពុំស្រប​ជាមួយ​បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ​ ព្រោះ​ពុំបាន​កំណត់​ថា​តើ​អាការៈ​ជំងឺបែប​ណា​ដែល​អាច​រាប់​ថា​ជា​ប្រភេទ​ជំងឺ “វិបល្លាស​ស្មារតី” ដោយ​អនុលោម​តាមស្តង់ដារ​វេជ្ជសាស្រ្ត​ដែល​មាន​ស្ដង់ដារវេជ្ជសាស្រ្តដែលមានការទទួលស្គាល់ជាអរន្តជាតិនោះឡើយ​​។ សេចក្តីព្រាង​ច្បាប់​នេះ ​ហាម​ឃាត់​បុគ្គល​ទាំងនេះ​ពី​ “ការ​ដើ​រ​រហេត រហូត​តាម​ទីសាធារណៈ”(មាត្រា២៥)។ ការ​រឹត​ត្បិតទៅ​​លើ​ការធ្វើ​ដំណើរ​ចំពោះ​ក្រុម​បុគ្គល​នេះ​ ដោយពុំ​​តម្រូវ​ឱ្យ​មាន​ការ​កំណត់​ថាតើ​ការ​រឹត​ត្បិត​នោះ​ធ្វើ​ឡើង​ក្នុង​ករណី​ចាំបាច់​ ផ្អែក​តាម​ស្ថានភាពបុគ្គល​​ជាក់​ស្តែង​ឬយ៉ាង​ណា​នោះ​នឹង​បង្​កផល​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​នៃការ​ធ្វើ​ដំណើរ​ដែល​​ធានាក្នុង​នៅ​មាត្រា​៩នៃ​ក.អ.ស.ព.ន និង ​រំលោភ​សិទ្ធិ​ដែល​ត្រូវ​ការពារ​​ក្រោម​អនុសញ្ញា​អន្ត​រជាតិ​ស្តីពីសិទ្ធិ​នៃ​ជនមាន​​ពិការ​ភាព​ ដែល​​កម្ពុជា​បាន ​ផ្តល់​សច្ចាប័ន​។ សេចក្​តីព្រាង​ច្បាប់​នេះ​នឹងបង្កក្តី​បារម្ភជា​ខ្លាំង​ ពីព្រោះ​​នឹង​រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្តក្នុង​ការ​ទទួល​បាន​សេរីភាព​មូល​ដ្ឋាន​របស់​ខ្លួន​​ ព្រម​ទាំង​​អនុញ្ញាត​ឱ្យ​មាន​ការ​រើស​អើង​ដោយ​ផ្អែកលើ​ពិការភាព​ដោយពុំ​សម​ហេតុផល​។

បន្ថែម​លើ​ក្រុមប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ខាង​លើ ​សេចក្​តីព្រាង​ច្បាប់​ដែល​​មាន​បទប្បញ្ញត្តិ​គួរ​ឱ្យ​ព្រួយ​បារម្ភ​នេះ អាចនាំ​ឱ្យ​​មាន​ការ​រើសអើង​លើ​ស្ត្រី​កាន់តែខ្លាំងថែម​ទៀត​​(មាត្រា​៣៧ ដូច​ការ​វិភាគ​​ខាង​ក្រោម​)។

៣. សេរីភាព​ក្នុងការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ និង​ចង​ក្រង​សមាគម៖ សេចក្តីព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ​បង្ក​ក្តី​បារម្ភ​យ៉ាង​​ខ្លាំងចំពោះ​ការ​អនុវត្ត​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​និង​សេរីភាព​ចង​ក្រង​សមាគម​នៅ​កម្ពុជា។​ មាត្រា​៦ និង ​មាត្រា​៣០ តម្រូវ​ឱ្យ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជា​មុន​សិន ​ទើប ​អា​ច​“​ប្រើ​ប្រាស់​ទីសាធារណៈ” បាន និង​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ព្រឹត្តិ​ការណ៍ ប្រសិន​បើ​ពុំមាន​ការ​អនុញ្ញាត​ពីសំណាក់​អាជ្ញាធរ។ ស្រប​គ្នាជាមួយ​មាត្រា​៤៨ ដែល​ទុក​ជា​និរាករណ៍​នូវ​បទប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​សេចក្តីព្រាង​​ច្បាប់នេះ ​​កែ​ប្រែនូវគោល​ការណ៍​ជូន​ដំណឹង​ជាមុន​ដែល​មាន​ចែង​ក្នុង​មាត្រា​៥ និង​មាត្រា​​​៧ នៃ​ច្បាប់​ស្តីពីការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដោយ​ដាក់​ជំនួស​​វិញ​នូវការ​តម្រូ​វ​ឱ្យស្នើ​​សុំការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជាមុន​​​ ដែល​ផ្ទុយ​ទាំង​ស្រុង​ជាមួយ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ក្នុង​នោះ​រួម​ទាំង​មាត្រា​២១ នៃ ក.អ.ស.ព.ន។ បទ​ប្បញ្ញត្តិ​ទាំង​នេះ​ ផ្តល់​មូលដ្ឋាន​សម្រាប់​ធ្វើការ​ជ្រៀត​ជ្រែក​តាម​អំពើ​ចិត្ត ​ដែល​បុគ្គល​និង​សមាគម​ជាច្រើន​បាន​​ជួប​ប្រទះ​រួច​ហើយ​នៅពេលរៀបចំព្រឹត្តិការណ៍​នានា។ ម្យ៉ាង​វិញ​ទៀត​ មាត្រា៣១ នៃ​សេចក្​តីព្រាង​ច្បាប់នេះ​អនុញ្ញាត​ឱ្យ​អាជ្ញា​ធរ​អាច​បដិសេធ​ ឬ​បញ្ឈប់​ព្រឹត្តិការណ៍​នានា​ដោយ​ផ្អែកលើ​មូល​ហេតុដែល​មាន​អត្ថន័យ​ទូលំទូលាយ​ ៦ យ៉ាងនេះ​ ក្នុង​នោះ​មាន​ដូច​ជា ​ប្រសិន​បើ​ព្រឹត្តិការណ៍​នោះ​បង្ក“ការ​ប្រទូសរាយ​ជាមួយ​កង​កម្លាំង​សមត្ថកិច្ច” ឬ “បង្កការ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​សាធារណៈ” ជា​ដើម​​​ដែល​ចំណុច​​នេះ​មានន័យ​ទូលំទូលាយ​ខ្លាំង និង​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ហាម​ឃាត់​កា​រជួប​ប្រជុំ ឬ​ព្រឹត្តិការណ៍នានា​​តាម​ឆន្ទានុ​សិទ្ធិ​ដែល​​​​​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជាអ្នក​កំណត់​ដោយ​ពុំមាន​ការ​ព្យាករណ៍​ពី​លទ្ធភាព​អាច​ធ្វើទៅបាន​​​ ឬ​ភាព​ច្បាស់​លាស់​ក្នុង​ការ​អនុវត្ត​និង​ពុំមានការ​​ថ្លឹង​ថ្លែង​ឱ្យ​បានត្រឹម​ត្រូវ​ដល់​ការ​អនុវត្ត​​សេរីភាពមូល​ដ្ឋាន​។​ ម្យ៉ាង​ទៀត ​មាត្រា​ ៣៣ កំណត់​​លើបរិមាណនៃ​​ចំនួន​អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជួប​ប្រជុំ​​មិន​ឱ្យ​លើស​ពីចំនួន​​ “២ (ពីរ) នាក់ ​ក្នុង​១,២ ម៉ែត្រ​ក្រឡា”។ បញ្ញត្តិ​ដែល​មាន​លក្ខណៈ​បំពាន​នេះ ​ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​រឹតត្បិត​ដោយ​ស្រប​ច្បាប់​លើ​សកម្ម​ភាព​នៃការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​និង​ចង​ក្រង​សមាគម​ តាម​រយៈការ​កំណត់​នូវ​ចំនួន​អ្នក​ចូលរួម​ដោយ​ពុំតម្រូវ​ឱ្យ​អាជ្ញា​ធរ​​វាយ​តម្លៃ​ឱ្យ​បាន​ច្បាស់ថា ការ​កម្រិត​នោះ​​ចាំបាច់ក្នុង​​​កាលៈទេសៈ​ជាក់​លាក់​​ណា​មួយ​​ដែរឬយ៉ាង​ណា។​ សហគមន៍​ជនជាតិ​ដើមភាគតិច​ អង្គការ​នៅ​ថ្នាក់​មូលដ្ឋាន​ សហជីព​ និង​សកម្ម​ជននៅ​ថ្នាក់មូលដ្ឋាន​ពឹង​ផ្អែកលើ​លទ្ធភាព​នេះ​ក្នុង​ការ​ជួប​ប្រជុំ​ដើម្បី​តស៊ូមតិ​សម្រាប់​សិទ្ធិ​របស់​ខ្លួន ​នឹង​ប៉ះពាល់​ធ្ងន់​ធ្ងរ​តាម​រយៈ​បទប្បញ្ញត្តិ​ដែល​រឹត​ត្បិត​ទាំង​នេះ​។ តាម​រយៈសេចក្ដីពន្យល់ទូទៅលេខ​៣៧ ​ថ្មី​របស់​គណៈកម្មា​ធិការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ថ្លែង​បញ្ជាក់ថា ​រដ្ឋ​នានា​មិន​អាច​ផ្អែក​លើ​និយម​ន័យ​ដែល​មាន​ខ្លឹមសារ​មិន​ច្បាស់លាស់​នៃ​សណ្តាប់​ធ្នាប់​សាធារណៈ ដើម្បី​ផ្តល់​យុត្តិកម្ម​លើ​ការ​រឹត​ត្បិត​ដូច​ដែល​​សេចក្តីព្រាង​​ច្បាប់នេះ​ចែង​នោះ​ទេ។ គណៈកម្មាធិការ​សង្កត់​ធ្ងន់​ថា ​កុំ​មាន​ការ​យល់​ច្រឡំ​រវាងពាក្យ​ “សណ្តាប់​ធ្នាប់​សាធារណៈ” និង “ច្បាប់​និង​របៀប​រៀប​រយ​” ដោយច្បាប់​និង​របៀប​រៀប​រយតម្រូវ​ឱ្យ​រដ្ឋរក្សា​ “ភាពអត់​​ធ្មត់ខ្លាំង​” ចំពោះ​ការ​រំខាន​ណា​មួយ​ដោយ​សារ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​។

៤. សេរីភាព​ក្នុងការ​បញ្ចេញមតិ៖ សេចក្តីព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ ​អនុញ្ញាត​ឱ្យមាន​ការ​​​រំលោភ​ដោយ​បំពាន​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ ទីមួយ​ច្បាប់នេះ​ហាម​ឃាត់​ “ការ​ប្រើ​ពាក្យ​ សម្តីឮខ្លាំង​ៗ” (មាត្រា​ ១៦)​ និង​កំណត់​​រាល់​សំឡេង​បង្កឱ្យ​ឮខ្លាំង​រំខានដល់​អ្នក​ដទៃ​ត្រូវបញ្ឈប់​ចាប់​ពីម៉ោង​១២ (ដប់ពីរ​) ថ្ងៃត្រង់​ ដល់​ម៉ោង​១៤ (ដប់បួន) រសៀល​ និង​ចាប់​ពី ម៉ោង​២២ (ម្ភៃពីរ) យប់​ ដល់​ម៉ោង​ ៥ (ប្រាំ)ព្រឹក​ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពីអាជ្ញាធរ​មាន​សមត្ថកិច្ច (មាត្រា​១៧) ដែល​ពុំ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​នៃភាព​ចាំបាច់​សម្រាប់​ការ​សម្រេច​នូវ​គោល​បំណង​នៃសណ្តាប់ធ្នាប់​សាធារណៈនេះ ជា​ការ​បំពាន​ ក.អ.ស.ព.ន ។ ជាង​នេះ​ទៀត​ មាត្រា ​៣៦ ដែល​ហាម​ឃាត់​បុរស​ស្លៀកតែ​ខោអត់​ពាក់អាវ ឬស្លៀក​តែ​ខោ​ទ្រនាប់​បង្ហាញ​ផ្នែកខ្លះ​នៃកេរ​ភេទ និង​ហាម​ឃាត់​ស្ត្រី​ពីការ​ស្លៀក​ពាក់​ខ្លី​ខើច​លើ​ខើច​ក្រោម​ ឬ ស្លៀក​ពាក់​ស្តើង​មើល​ឃើញ​កេរ​ភេទ​” ដែល “​ប៉ះពាល់​ប្រពៃណីជាតិ​ និង​សេចក្តីថ្លៃ​ថ្នូរ​” នោះ ជាការបំពាន​លើ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ប៉ះ​ពាល់​ដល់​​ស្វ័យ​ភាព​របស់​​បុគ្គល​និង​ពុំ​បាន​ពន្យល់​ច្បាស់​លាស់​អំពី​និយម​ន័យ​នៃ​សេចក្តី​ថ្លៃថ្នូរ​ ដូច្នេះ​ជា​ការ​ទុក​ចន្លោះ​ប្រហោង​ឱ្យ​មាន​ការ​អនុវត្ត​ពុំស្មើភាព​គ្នា។ មាត្រា​៣៦ ក៏នឹង​កាន់​តែ​នាំឱ្យ​មាន​ការ​​រើស​អើង​លើ​ស្ត្រី​​ដែល​ប្រឈម​ផ្នត់​គំនិត​យេនឌ័រ​បែប​អវិជ្ជមាន​ និង​ទស្សនៈ​ឱ្យ​តម្លៃ​បុរស​ជាង ដែល​បាន​ចាក់​ឫស​ក្នុង​ប្រពៃណី​សង្គម​ជាយូរ​មកហើយ​​​។ ស្ត្រីនៅ​កម្ពុជា​ប្រឈម​​នឹង​ការ​គំរាម​កំហែង​និង​ការ​ដាក់​ពន្ធនាគារ​ដោយ​សារ​ជម្រើស​ក្នុងការ​ស្លៀកពាក់​​របស់​ខ្លួន ដោយ​មាន​ស្ត្រី​ម្នាក់​ធ្លាប់​ត្រូវ​បានផ្ដន្ទាទោស​ទាក់ទង​នឹង​ការ​ស្លៀក​ពាក់​របស់​នាង​រួច​ហើយ​ក្នុង​ឆ្នាំ​២០២០។ បន្ថែម​លើ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ទោសជាសាធារណៈលើការ​ស្លៀក​ពាក់​របស់​ស្ត្រី​ដែល​ជាការ​ជំរុញ​ឱ្យ​មាន​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​ក្នុង​នោះ​រួម​ទាំង​បទ​ល្មើស​បំពាន​ផ្លូវ​ភេទ​ជា​ដើម។ មាត្រា​ ៦ នឹង​បន្ថែម​នូវ​វប្បធម៌​នៃ​ការ​ “ស្តីបន្ទោស​លើ​ជន​រងគ្រោះ” តាម​ការ​កំណត់​ជា​បទល្មើស​លើ​ស្ត្រី​ រួម​ទំាង​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ផង​ដែរ​ដោយ​សារ​តែជម្រើស​នៃការ​ស្លៀក​ពាក់​របស់​ខ្លួន​។

ជា​ចុងក្រោយ​​ សេច​ក្តី​ព្រាង​ច្បាប់​នេះ​មាន​ឥទ្ធិពលខ្លាំង​ក្នុងការ​​រឹត​ត្បិត​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ទាំង​នៅ​លើ​និង​ក្រៅ​បណ្តាញ​អ៊ីន​ធឺណិត​។ មាត្រា​ ៣៧ បញ្ញត្តិ​អំពីហាម​ឃាត់​មាន​អត្ថន័យ​ពុំ​ច្បាស់​លាស់​ និងគ្មាន​មូលដ្ឋាន​ចំពោះ​ការបញ្ចេញ​មតិ​​ដែ​ល​ប៉ះពាល់ដល់​ “​ប្រពៃណីជាតិ​​​ និង​សេចក្តី​ថ្លៃថ្នូរ​” ដោយ​ពុំមាន​ការ​បក​ស្រាយ​លម្អិត​អំពី​បទដ្ឋាន​នៃសេច​ក្តីថ្លៃថ្នូរ​ដែល​កំណត់​ឱ្យ​សាធារណ​ជន​ទទួល​ខុស​ត្រូវ​នោះ​ទេ។ ក្នុង​នោះ​មាន​ដូច​ជា​ “ការ​ដាក់បង្ហាញ​​ ឬចែក​ចាយ​​នូវ​សំណេរ​ ឬរូបភាព​ឬប្រើ​ពាក្យ​សម្តី​មាន​ខ្លឹមសារ​ជេរ​ប្រមាថ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​” “ការ​បញ្ចេញ​អាកប្បកិរិយា​ច្រងេងច្រង៉ាង​” និង​ “ការ​ចែក​ចាយ​ ឬដាក់​បង្ហាញ​នូវ​សំណេរ​ សញ្ញា​សម្គាល់​ ឬរូបភាព​ដែល​តំណាង​ឱ្យ​ការ​គំរាម​កំហែង​”។ ​វិសាល​ភាពនៃច្បាប់​នេះគ្រប ដណ្តប់​​​រហូត​ដល់​លំហប្រព័ន្ធ​អ៊ីនធឺណិត​ ដែលបន្ថែម​ក្តីបារម្ភថែម​ទៀត​ ដោយ​សារ​ជាការ​គាប​សង្កត់​ដ៏​ទូលំទូលាយ​លើ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​នៅ​កម្ពុជា។ ​​​នៅ​ឆ្នាំ២០២០ នេះ​​មាន​ករណី​​ចាប់ខ្លួនមនុស្ស​​ជាច្រើន​ ដោយសារ​ការ​បញ្ចេញ​គំនិត​យោបល់​នៅ​លើ​បណ្តាញអ៊ីនធឺណិត។

៥-ទោសទណ្ឌនិង​ការ​អនុវត្ត៖ សកម្ម​ភាព​ដែលត្រូវ​ហាម​ឃាត់​ក្នុង​សេចក្តីព្រាង​ច្បាប់​នេះ​គឺ​ប្រឈម​ទោស​ទណ្ឌ​ផ្សេង​ៗរាប់ទាំង “ការ​ព្រមាន​” និង​ការ​ពិន័យ​ផ្នែក​រដ្ឋបាល” រហូត​ដល់ “ការ​ដាក់ពន្ធនាគារ​ និង​/ឬ​ ការ​ពិន័យ​ជាប្រាក់”។ តាម​សេចក្តីព្រាង​ច្បាប់នេះ​បុគ្គល​ល្មើស​អាច​ប្រឈម​នឹង​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​១ថ្ងៃ ដល់​ ៦ថ្ងៃ និង​ពិន័យ​ជាប្រាក់​ចន្លោះ​ ១០០.០០០ រៀល ដល់ ៥០០.០០០ រៀល ​។ សេចក្តីព្រាង​ច្បាប់​នេះ​ពុំបាន​បញ្ញត្ត​អំពីការ​អនុវត្ត​ទោសទណ្ឌ​ទាំង​នេះ​ដែល​នាំឱ្យ​អាជ្ញាធរ​មាន​ឆន្ទានុសិទ្ធិ​ក្នុងការ​កំណត់​ទោស​សម​ស្រប​ចំពោះ​សកម្ម​ភាព​ដែល​ត្រូវ​ហាម​ឃាត់​នីមួយ​ៗ ដែល​ជាបច្ច័យ​អាច​នាំឱ្យ​មាន​ការ​អនុវត្ត​ពុំ​ត្រឹម​ត្រូវ​ កង្វះ​ភាព​ស្រប​គ្នា​ក្នុង​ការ​អនុវត្ត​ និង​កង្វះ​ការ​ពិចារណា​ក្នុង​​ការ​គោរព​​និង​អនុវត្ត​តាម​ច្បាប់។ ដោយ​សារច្បាប់​នេះ​មាន​ការ​កំណត់​គោល​ដោយ​ពុំសមាមាត្រ ​លើ​ក្រុម​ប្រជាពលរដ្ឋ​ដែលមាន​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​នោះ ច្បាប់​នេះ​នឹង​កំណត់​ការ​ពិន័យ​ជាប្រាក់​លើ​បុគ្គល​ដែល​ស្ទើ​តែ​គ្មាន​លទ្ធ​ភាព​ក្នុង​ការ​បង់​ពិន័យ។ មូល​ដ្ឋាន​សម្អាង​ដែល​អាច​ដាក់​ពន្ធនាគារ​ មាន​ខ្លឹមសារ​ពុំច្បាស់​លាស់​ដែល​ពុំអាច​ទទួល​យក​បាន​គឺជាការ​រំលោភ​លើ​គោល​ការណ៍​និត្យានុកូល​ភាព។ ​ផ្អែក​លើការ​វិនិច្ឆយ​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្ត​រជាតិ​ ការ​ដាក់​ពន្ធនាគារ​គឺ​ពុំ​មែន​ជា​លក្ខខណ្ឌ​ដែល​គួរ​ចាំបាច់​ឬ​ជាការ​ឆ្លើយ​តប​សមាមាត្រ​ចំពោះ​ការ​រំលោភ​បំពាន​នៃច្បាប់​នេះ​នោះទេ ​ ដូច្នេះ​ហើយ ​នេះ​គឺ​ជាការកំណត់​ទោស​ទណ្ឌ​ដែល​ពុំសមហេតុ​ផល។

មាត្រា​ ៦ បង្ក​ក្តីបារម្ភ​ចំពោះ​ការ​អនុវត្ត​សេចក្តីព្រាង​ច្បាប់នេះ​ ព្រោះ​ច្បាប់​នេះ​ផ្តល់សិទ្ធិ​អំណាច​ដល់​អាជ្ញា​ធរ​មូលដ្ឋាន​ក្នុង “​ការរៀប​ចំ​មន្ត្រី​ជាប់​កិច្ច​សន្យា​ជួយ​ការ​ងារ​រៀប​ចំ​សណ្តាប់​ធ្នាប់​សាធារណៈ”។ “កង​កម្លាំង​សន្តិសុខ​” ឬ​ “កម្លាំង​នគរបាល​” ជួល​ដោយ​អាជ្ញា​ធរមូលដ្ឋាន​មាន​ប្រវត្តិ​ជាយូរមក​ហើយ​ជុំវិញ​ការប្រើ​អំពើហិង្សា​លើ​បុគ្គល​នានា​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ព្យាយាម​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​​ ហើយ​កម្រ​នឹង​​ទទួលខុសត្រូវ​ចំពោះ​អំពើ​ល្មើស​នេះណាស់។ កង​កម្លាំង​សន្តិសុខ​ជាប់​កិច្ច​សន្យា​ទាំងនេះ​បង្កើត​ឡើងក្រោម​ឥទ្ធិពលនយោបាយ​ គ្មាន​ច្បាប់ គ្មាន​គណនេយ្យភាព និងគ្មាន​​ការ​បណ្តុះ​បណ្តាល​​ ដូច្នេះ​ហើយ​ពួកគេ​បង្កការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ដល់​ការ​អនុវត្ត​សិទ្ធិមនុស្ស​ដោយ​សន្តិវិធី។

សេចក្តីព្រាង​ច្បាប់​ស្តីពីសណ្តាប់​ធ្នាប់​សាធារណៈនេះ​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ពេល​កំពុង​មាន​ការ​បង្ក្រាប​លើ​សេរីភាព​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​។ ច្បាប់​នានា​ជាច្រើន​​ដែល​ផ្តល់​អំណាចដល់​រដ្ឋាភិបាល​ដ៏​ទូលំទូលាយ​និងគ្មាន​មូលដ្ឋាន​​គតិយុត្តិនោះ ជារឿយ​ៗ​​ត្រូវបាន​អនុវត្ត​​ពុំត្រឹម​ត្រូវដែលធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​ និង​មាន​គោល​ដៅ​ បង្ក្រាប​​លើ​សេរីភាពបញ្ចេញមតិ​។ ប្រសិន​បើសេចក្តីព្រាង​ច្បាប់នេះ​ត្រូវបានអនុម័ត ​​ សេចក្តីព្រាង​ច្បាប់នេះ​នឹង​កាត់​បន្ថយ​សិទ្ធិ​និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ថែម​ទៀត​ដែលធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ទាំងមូល។អាស្រ័យ​ហេតុ​ដូច្នេះ​ហើយ​ យើង​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់ចោល​ទាំង​ស្រុងនូវ​សេចក្តីព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈនេះ​ និង​សូម​ឱ្យ​គោរពតាម​កាតព្វកិច្ចរបស់ខ្លួន​​​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្ត​រជាតិ៕

អង្គការ​សង្គម​ស៊ីវិល​ សហជីព​ និង​សហគមន៍​​ដែល​គាំទ្រ​សេចក្តីថ្លែងការណ៍​នេះ​ មាន​រាយ​នាម​ដូច​ខាងក្រោម៖

1. អង្គការអាកសិនអេដ កម្ពុជា
2. វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ
3. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
4. អង្គការលើកលែងទោសអន្តរជាតិ
5. អង្គការមាត្រា១៩
6. អង្គការសមាជិកអាស៊ានសម្រាប់សិទ្ធិមនុស្ស
7. អង្គការវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្សនិងអភិវឌ្ឍន
8. អង្គការបន្ទាយស្រី
9. សហគមន៍បឹងទន្លេម្រេច
10. សហគមន៍បឹងត្របែក
11. សហគមន៍បុរីកីឡា
12. សហគមន៍ប៊ូស្រា ខេត្តមណ្ឌលគិរី
13. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
14. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)
15. អង្គការជនជាតិដើមភាគតិចកម្ពុជា
16. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
17. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
18. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
19. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា
20. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ
21. បណ្ដាញយុវជនកម្ពុជា
22. អង្គការសម្ព័ន្ធសិទិ្ធកុមារកម្ពុជា(ស.ស.ក)
23. សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ
24. សម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម (CISA)
25. សម្ព័ន្ធសហគមន៍កសិករកម្ពុជា
26. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
27. អង្គការសមធម៌កម្ពុជា (EC)
28. សហគមន៍អតីតបណ្តាញស្រ្តីបឹងកក់
29. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
30. អង្គការឃ្លាំមើលសិទ្ធិមនុស្ស
31. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
32. សមាគមឥន្ទ្រទេវី (IDA)
33. គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ)
34. អង្គការសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (FIDH)
35. អង្គការអាយហ្វិក (IFEX)
36. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឌន៍ (KKKHRDA)
37. ខ្មែរថាវរៈ
38. សមាគមយុវជនខ្មែរ (KYA)
39. ក្លាហាន
40. សហគមន៍កូនគ្រៀល ខេត្តឧត្តរមានជ័យ
41. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
42. សហគមន៍ដីធ្លីភូមិភ្នំក្រិញ ខេត្តម៉ៃលិន
43. សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង
44. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)
45. មាតាធម្មជាតិកម្ពុជា (MN)
46. សហគមន៍ការពារធនធានធម្មជាតិស្រុកក្រគរ ខេត្តពោធិសាត់
47. គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NECFEC)
48. Not 1 More (N1M)
49. សហគមន៍ភ្នំបាត
50. សហគមន៍ភ្នំំក្រោម ខេត្តសៀមរាប
51. សហគមន៍ភូមិ ២៣
52. អង្គការពន្លកខ្មែរ (PKH)
53. សហគមន៍ដីធ្លី ភូមិព្រែកជីក ឃុំជីខក្រោម ខេត្តកោះកុង
54. សហគមន៍ព្រៃពាយ ខេត្តកំពត
55. សហគមន៍ផ្លូវរថភ្លើង ទួលសង្កែ A
56. សមាគមធាងត្នោត
57. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
58. សហគមន៍តានី ១៩៧ ឃុំជីខលើ ខេត្តកោះកុង
59. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាស្តីពីការលុបបំបាត់​រាល់​ទម្រង់នៃ​ការរើស​អើង​គ្រប់​រូបភាពលើស្រ្តី
60. សហគមន៍ថ្មដាខេត្តពោធិសាត់
61. អង្គការតម្លាភាពកម្ពុជា (TIC)
62. សហគមន៍ត្រពាំងសង្កែ ខេត្តកំពត
63. អង្គការនារីដើម្បីសន្តិភាព (WPM)
64. អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT)
65. ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Action Aid Cambodia (AAC)
២. Advocacy and Policy Institute (API)
៣. Alliance for Conflict Transformation (ACT)
៤. Amnesty International
៥. Article 19
៦. ASEAN Parliamentarians for Human Rights (APHR)
៧. Asian Forum for Human Rights and Development (FORUM-ASIA)
៨. Banteay Srei
៩. Beong Tunle Mrech Community
១០. Boeung Trabek Community, Phnom Penh
១១. Borei Keila Community, Phnom Penh
១២. Bu Sra community, Mondulkiri province
១៣. Building Community Voices (BCV)
១៤. Cambodian Center for Human Rights (CCHR)
១៥. Cambodian Center for Independent Media (CCIM)
១៦. Cambodian Food And Service Workers Federation (CFSWF)
១៧. Cambodian Human Rights Action Coalition (CHRAC)
១៨. Cambodian Human Rights and Development Association (ADHOC)
១៩. Cambodia Indigenous Peoples Organization (CIPO)
២០. Cambodian League for the Promotion and Defense of Human Rights (LICADHO)
២១. Cambodian Youth Network (CYN)
២២. Child Rights Coalition Cambodia (CRC-Cambodia)
២៣. CIVICUS: World Alliance for Citizen Participation
២៤. Coalition for Integrity and Social Accountability (CISA)
២៥. Coalition of Cambodian Farmer Community (CCFC)
២៦. Community Peace-Building Network (CPN)
២៧. Equitable Cambodia (EC)
២៨. Former Boeung Kak Women Network Community
២៩. Gender and Development for Cambodia (GADC)
៣០. Human Rights Watch (HRW)
៣១. Independent Democracy of Informal Economy Association (IDEA)
៣២. Indradevi Association (IDA)
៣៣. International Commission of Jurists (ICJ)
៣៤. International Federation for Human Rights (FIDH)
៣៥. International Freedom of Expression Exchange (IFEX)
៣៦. Khmer Kampuchea Krom for Human Rights and Development Association (KKKHRDA)
៣៧. Khmer Thavrak
៣៨. Khmer Youth Association (KYA)
៣៩. Klahaan
៤០. Koun Kriel Community, Oddar Meanchey province
៤១. Labor Rights Supported Union of Khmer Employees of Naga World (L.R.S.U)
៤២. Land Conflict Community, Phnom Krenh Village, Pailin province
៤៣. Lor Peang Community, Kampong Chhnang province
៤៤. Minority Rights Organization (MIRO)
៤៥. Mother Nature Cambodia (MN)
៤៦. Natural Resources Protection Community in Krakor district, Pursat province
៤៧. Neutral and Impartial Committee for Free and Fair Elections in Cambodia (NICFEC)
៤៨. Not1More (N1M)
៤៩. Phnom Bat Community
៥០. Phnom Kram Community, Siem Reap province
៥១. Phum 23 Community
៥២. Ponlok Khmer (PKH)
៥៣. Prek Chik Village, Chi Kha Kraom Commune Land Community, Koh Kong province
៥៤. Prey Peay Community, Kampot province
៥៥. Railway Station, Toul Sangkae A Community
៥៦. Sahmakum Teang Tnaut (STT)
៥៧. SOS International Airport Community
៥៨. Tany 197 Community, Chikhor Leur commune, Koh Kong province
៥៩. The Cambodian NGO Committee on CEDAW (NGO-CEDAW)
៦០. Thma Da commune, Pursat province
៦១. Transparency International Cambodia (TIC)
៦២. Trapeang Sangkae Community, Kampot province
៦៣. Women Peace Makers (WPM)
៦៤. World Organisation Against Torture (OMCT)
៦៥. Youth Council of Cambodia (YCC)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា