ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពិនិត្យឡើងវិញលើ សេចក្តីសម្រេចរបស់ស៊ីអេអូ ក្នុងការស៊ើបអង្កេតពាក្យបណ្តឹង ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣; ក្រុមសង្គមស៊ីវិលការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ(ស៊ីអេអូ) នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានកំណត់ថា ការស៊ើបអង្កេតលើភាពអនុលោម ត្រូវបានអនុញ្ញាត ដើម្បីជាការឆ្លើយតបទៅនឹងពាក្យបណ្តឹង អំពី ការវិនិយោគរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៦ស្ថាប័ន នៅកម្ពុជា ក៏ដូចជា មូលនិធិនិងវិនិយោគិនចំនួន៤ ដែលបានរួមចំណែកធ្វើឱ្យការខូចខាតអន្តរាយដល់ប្រជាពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ ។ ទោះបីជាយ៉ាងណា ក្នុងដំណើរការដែលមិនធ្លាប់មានពីមុនមក ផ្នែកគ្រប់គ្រងនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានស្នើឱ្យមានការត្រួតពិនិត្យឡើងវិញដោយក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ចំពោះ សេចក្តីសម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ដែលការស្នើនេះអាចនាំឱ្យពន្យារពេល ឬបញ្ចប់ដំណើរការស៊ើបអង្កេតភាពអនុលោម ។
ក្រុមប្រឹក្សាភិបាល មានរយ:ពេល ១០ថ្ងៃ ដើម្បីត្រួតពិនិត្យមើលសំណើនេះ ។ ដំណើរការនេះអាចអនុញ្ញាតឱ្យការស៊ើបអង្កេតភាពអនុលោម បន្តទៅមុខ ផ្លាស់ប្តូរសេចក្តីសម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ឬក៏ផ្តល់ឱ្យក្រុមប្រឹក្សាភិបាលនូវពេលវេលាបន្ថែមដើម្បីត្រួតពិនិត្យសំណើ ។
ការស៊ើបអង្កេត គឺជាជំហ៊ានដ៏សំខាន់ ឆ្ពោះទៅរកយុត្តិធម៌ និងដំណោះស្រាយសំណង សម្រាប់ពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ ដែលបន្តរងគ្រោះដោយសារតែកម្ចីបែបកេងប្រវ័ញ្ច
អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានមានប្រសាសន៍ថា “ការស៊ើបអង្កេត គឺជាជំហ៊ានដ៏សំខាន់ ឆ្ពោះទៅរកយុត្តិធម៌ និងដំណោះស្រាយសំណង សម្រាប់ពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ ដែលបន្តរងគ្រោះដោយសារតែកម្ចីបែបកេងប្រវ័ញ្ច” ។ “សំណើរបស់ផ្នែកគ្រប់គ្រងនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ឱ្យមានការត្រួតពិនិត្យឡើងវិញដោយក្រុមប្រឹក្សាភិបាល បន្ទាប់ពីការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ បានសម្រេចបើកការស៊ើបអង្កេតដែលជាកិច្ចការដ៏ស័ក្តិសមដែលត្រូវធ្វើ ហើយនោះ វាគឺជារឿងដ៏គួរអាម៉ាស់ដើម្បីជៀសវាងពីការពិនិត្យមើល ។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ត្រូវបង្ហាញថា ខ្លួនមានការប្តេជ្ញាចិត្តក្នុងការទទួលខុសត្រូវ តាមរយ:ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ និងបញ្ឈប់ការប៉ុនប៉ងដែលធ្វើឱ្យខូចដំណើរការឯករាជ្យ” ។
ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ដែលជាយន្តការគណនេយ្យភាពផ្ទៃក្នុងនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ថា ការិយាល័យខ្លួន “បានបញ្ចប់ការវាយតម្លៃភាពអនុលោមលើករណីនេះ និងបានសន្និដ្ឋានថា ការស៊ើបអង្កេតគឺជាកិច្ចការដ៏ស័ក្តិសមដែលត្រូវធ្វើ”។
យោងតាមគោលនយោបាយ របស់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ សេចក្តីសម្រេចបែបនេះត្រូវបានធ្វើឡើងដោយផ្អែកលើលក្ខណ:វិនិច្ឆ័យមួយចំនួន រួមបញ្ចូលទាំង “ការចង្អុលបង្ហាញជាបឋមពីការខូចខាត ឬការខូចខាតដែលអាចកើតឡើង” ឬ“ការចង្អុលបង្ហាញជាបឋមថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ អាចមិនបានអនុលោមតាមគោលនយោបាយ [ទទួលខុសត្រូវខាងបរិស្ថាន និងសង្គម] របស់ខ្លួន” និង “ថាតើការចោទប្រកាន់ពីការខូចខាត មានជាប់ពាក់ព័ន្ធដែលគួរជឿបានទៅនឹងភាពមិនអនុលោមឬទេ” ។
គោលនយោបាយថ្មីមួយ ដែលបង្កើតឡើងក្នុងឆ្នាំ ២០២១ អនុញ្ញាតឱ្យ ផ្នែកគ្រប់គ្រងនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ស្នើក្រុមប្រឹក្សាភិបាលត្រួតពិនិត្យឡើងវិញចំពោះសេចក្តីសម្រេចរបស់ ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ លើមូលដ្ឋានបច្ចេកទេសជាក់លាក់ ។ សំណើបែបនេះ គឺជាសំណើលើកទីមួយដែលបានធ្វើឡើង ចាប់តាំងពីគោលនយោបាយត្រូវបានអនុវត្ត ។
ពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ នៅបន្តរងគ្រោះពីផលប៉ះពាល់នៃវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូច
អង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និង អង្គការសមធម៌កម្ពុជា (EC) តាងនាមឱ្យពលរដ្ឋកម្ពុជាជាអ្នកខ្ចីឥណទានខ្នាតតូច បានដាក់ពាក្យបណ្តឹងស្តីពី “កម្ពុជា៖ អន្តរការីហិរញ្ញវត្ថុ-០៤” ទៅការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ នៅក្នុងខែកុម្ភ: ឆ្នាំ ២០២២ ។ ពាក្យបណ្តឹងបានធ្វើការចោទប្រកាន់ ក្នុងចំណោមបញ្ហានានា ដោយមាន ការបរាជ័យរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងដំណើរការត្រួតពិនិត្យដ៏ត្រឹមត្រូវនៅមុនពេលដំណើរការគម្រោង និងការរំលោភបំពានស្តង់ដារអនុវត្តរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បណ្តាលមកពីការអនុវត្តកម្ចីគ្មានសីលធម៌ និងកម្ចីបែបកេងប្រវ័ញ្ច នៅកម្ពុជា ។
ការស៊ើបអង្កេត គ្របដណ្តប់លើធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៦ ក្នុងប្រទេសកម្ពុជា (ធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ធនាគារហត្ថា ធនាគារអិលអូអិលស៊ី និងធនាគារស្ថាបនា) និងវិនិយោគិន ឬមូលនិធិ ចំនួន ៤ (ឥណទានពង្រឹងមីក្រូហិរញ្ញវត្ថុ មូលនិធិគំនិតផ្តួចផ្តើមមីក្រូហិរញ្ញវត្ថុដើម្បីបំណុលអាស៊ី ក្រុមហ៊ុន Advans S.A និង ក្រុមហ៊ុន North Haven Thai Private Equity Fund L.P.) ។
ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ បានផលិតនូវរបាយការណ៍វាយតម្លៃ ដែលរៀបរាប់លំអិតអំពី មូលហេតុនៃការសម្រេចចិត្ត ឆ្ពោះទៅធ្វើការស៊ើបអង្កេតភាពអនុលោម ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះមិនអាចបោះពុម្ភផ្សាយបានឡើយ រហូតដល់ការបញ្ចប់នៃដំណើរការត្រួតពិនិត្យឡើងវិញរបស់ក្រុមប្រឹក្សាភិបាល ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិ នៃអង្គការសមធម៌កម្ពុជា បានមានប្រសាសន៍ថា “យើងសង្ឃឹមថា ការស៊ើបអង្កេតនេះអាចដំណើរការទៅមុខបានឆាប់ៗនេះ ដើម្បីជំរុញដល់សិទ្ធិទទួលបានដំណោះស្រាយរបស់អ្នកខ្ចីឥណទាន និងចាប់ផ្តើមដោះស្រាយការខូចខាតធ្ងន់ធ្ងរនានា ដែលបណ្តាលមកពីការវិនិយោគទាំងអស់នេះ” ។ “ពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ នៅបន្តរងគ្រោះពីផលប៉ះពាល់នៃវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូច ហើយយើងនឹងរង់ចាំធ្វើការជាមួយ ក្រុមការងារពីការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ដើម្បីដោះស្រាយវិបត្តិដែលកំពុងតែកើតមានជាបន្តបន្ទាប់នេះ” ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ អ្នកនាង ណាលី ពីឡូក នាយិកា ទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ តាមរយ: Signal ដែលមានលេខ (+855) 12214454 ។
▪ លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌ តាមរយ: Signal ដែលមានលេខ (+855) 12791700 ។
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបញ្ហាបំណុល