សូមបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីដាក់គំនាបលើអ្នកការពារសិទិ្ធមនុស្ស លោក ស៊ឹង សែនករុណា
ចេញផ្សាយ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤; ក្រុមសង្គមស៊ីវិលយើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលរួមមានអង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព និងសហគមន៍មូលដ្ឋាន ដូចមានរាយនាមខាងក្រោម មានការសោកស្តាយជាខ្លាំង ចំពោះការដាក់ពាក្យបណ្តឹង ទៅលើលោក ស៊ឹង សែនករុណា បុគ្គលិកជាន់ខ្ពស់នៃអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ពាក់ព័ន្ធទៅនឹងការធ្វើបទអត្ថាធិប្បាយរបស់លោកនៅក្នុងអត្ថបទសារព័ត៌មានមួយ ។ លោក ករុណា គឺជាអនុប្រធានផ្នែកឃ្លាំមើលការរំលោភសិទិ្ធមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគម អាដហុក ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកហ៊ាននិយាយជាសាធារណៈអំពីការរំលោភសិទិ្ធមនុស្ស ការបាត់បង់ធនធានធម្មជាតិ ព្រៃឈើ បរិស្ថាន និងភាពអយុត្តិធម៌នៅក្នុងសង្គម ។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ជាភាសាខ្មែរ បានចេញផ្សាយអត្ថបទព័ត៌មានមួយ កាលពីថ្ងៃទី២ ខែកុម្ភៈ ដោយបានដកស្រង់សម្តីរបស់លោកថា វិវាទរបស់អ្នកនយោបាយ គួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ ។ អត្ថបទនោះក៏បានដកស្រង់សម្តីរបស់លោក ដែលកត់សម្គាល់ថា គណបក្សកាន់អំណាច តែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន ។
កាលពីថ្ងៃទី៤ ខែកុម្ភៈ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យមេធាវីរបស់គណបក្សសិក្សាពីផ្លូវច្បាប់ ដើម្បីប្តឹងលោក ស៊ឹង សែនករុណា ដោយសារតែអត្ថបទសារព័ត៌មានមួយនោះ ។ នៅថ្ងៃបន្ទាប់តាមរយៈមេធាវីរបស់គណបក្ស បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយស្នើសុំឱ្យតុលាការផ្តន្ទាទោសលោក តាមច្បាប់ជាធរមាន ។ នៅក្នុងពាក្យបណ្តឹងក៏បានប្តឹងទាមទារសំណងជំងឺចិត្តចំនួន ២ ពាន់លានរៀល (ប្រមាណជា ៥ សែនដុល្លារអាមេរិក) ដោយអះអាងថា ការនិយាយរបស់លោកក្នុងសារព័ត៌មាន ធ្វើឱ្យខូចយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ។
ការដាក់គំនាបតាមរយៈផ្លូវតុលាការនេះ គឺជាការដាក់គំនាបមួយចុងក្រោយតាមរយៈបណ្តឹងទៅតុលាការជាច្រើនផ្សេងទៀតទៅលើសកម្មជនសិទ្ធិមនុស្ស សកម្មជនសហជីព សកម្មជនបរិស្ថាន និងសកម្មជនជាច្រើននាក់កាលពីពេលកន្លងទៅ ។ ការដាក់គំនាបនេះ មានគោលបំណងរារាំងការចូលរួមរបស់សាធារណជន និងបំបិទសំឡេងរិះគន់ ។ យ៉ាងតិចណាស់មានអ្នកទោសមនសិការចំនួន ៣៧ នាក់ ដែលរួមមានសកម្មជនសិទ្ធិមនុស្ស សកម្មជនសហជីព សកម្មជនដីធ្លី សកម្មជននិងពលរដ្ឋផ្សេងទៀត កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ ។
លោក ករុណា បានបដិសេធថា លោកមិនបាននិយាយដូចការលើកឡើងរបស់អត្ថបទកាសែតនោះទេ ដោយលោកបានបញ្ជាក់ថា លោកគ្រាន់តែនិយាយក្នុងគោលដៅលើកកម្ពស់ “ការគោរពសិទិ្ធមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ” ហើយថាលោកមិនបានលើកឡើងពីឈ្មោះ ឬវាយប្រហារគណបក្សនយោបាយណាមួយជាក់លាក់នោះទេ ។ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក៏បានកែប្រែអត្ថបទសារព័ត៌មានរបស់ខ្លួនវិញផងដែរនៅលើគេហទំព័រ និងបណ្តាញសង្គមរបស់ខ្លួន ។
សេរីភាពក្នុងការបញ្ចេញមតិរិះគន់ពាក់ព័ន្ធនឹងសិទ្ធិនយោបាយ គឺត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋ និងនយោបាយ ដែលកម្ពុជាបានអនុម័តផ្តល់សច្ចាប័ន ។ ការនិយាយក្នុងអត្ថបទសារព័ត៌មានបែបនេះ មិនគួរត្រូវបានគេប្តឹងពីបទល្មើសព្រហ្មទណ្ឌនោះទេ ។
យើងខ្ញុំទាំងអស់គ្នា សូមសំណូមពរឱ្យភាគីដើមបណ្តឹង សូមដកពាក្យបណ្តឹង និងសូមអំពាវនាវដល់អាជ្ញាធរ សូមមេត្តាបញ្ឈប់នូវគ្រប់ទម្រង់នៃការរំលោភបំពានលើអ្នកការពារសិទិ្ធមនុស្ស និងសកម្មជនសង្គម ។ យើងខ្ញុំសង្ឃឹមថាតុលាការនឹងពិនិត្យពិចារណា មិនធ្វើការចោទប្រកាន់លើលោក ស៊ឹង សែនករុណា ។ យើងខ្ញុំទាំងអស់គ្នា ក៏នៅតែបន្តឈរជាមួយលោក ករុណា និងពលរដ្ឋខ្មែរគ្រប់រូប ដែលធ្វើការងារដោយអហិង្សា ក្នុងការលើកកម្ពស់ និងការពារសិទិ្ធមនុស្សនៅក្នុងប្រទេស ៕
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
២. សហគមន៍អមលាំង (កំពង់ស្ពឺ)
៣. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៤. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៥. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៦. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
៧. សហភាពពហុវិស័យកម្ពុជា (CCC)
៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
៩. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
១០. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
១១. សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
១២. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៣. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៤. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
១៥. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
១៦. គណ:កម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
១៧. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
១៨. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
១៩. អង្គការសមធម៌កម្ពុជា (EC)
២០. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
២១. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
២២. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
២៣. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២៤. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
២៥. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
២៦. សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
២៧. សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)
២៨. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ (KKKHRDA)
២៩. អង្គការក្លាហាន
៣០. សហគមន៍ជនជាតិភាគតិចកួយ (ព្រះវិហារ)
៣១. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU)
៣២. សហគមន៍ដីធ្លីខេត្តប៉ៃលិន
៣៣. សហគមន៍ដីធ្លីអូរបាត់មាន់ (ឧត្តរមានជ័យ)
៣៤. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
៣៥. អង្គការពន្លកខ្មែរ (PKH)
៣៦. សហគមន៍ភ្នំក្រោម (សៀមរាប)
៣៧. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៣៨. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
៣៩. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
៤០. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៤១. អង្គការសមាគមធាងត្នោត (សធត)
៤២. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
៤៣. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
៤៤. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៤៥. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៤៦. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៤៧. សហគមន៍ដីធ្លីតានី (សៀមរាប)
៤៨. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
៤៩. សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
៥០. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
៥១. អង្គការតម្លាភាពកម្ពុជា (TIC)
៥២. សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
៥៣. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
៥៤. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៥៥. អង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (YEDP)
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ