របាយការណ៍

សិទ្ធិ​មនុស្ស​ឆ្នាំ​២០១៦​៖ ឆ្នាំ​ស្ថិត​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ

ចេញផ្សាយ ខែកុម្ភៈ ឆ្នាំ២០១៧
F T M

កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ អ្នក​វិភាគ​នយោបាយ​ដ៏មាន​ប្រជាប្រិយភាព​ លោក​បណ្ឌិត​ កែម​ ឡី ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ ឃាតកម្ម​លើរូប​លោក​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ការ​តក់ស្លុត​យ៉ាងខ្លាំង​ ហើយ​ពិធី​បុណ្យសព​របស់​លោក​បាន​ឲ្យ​ឃើញ​ថា ​ប្រជាពលរដ្ឋ​រាប់សែន​នាក់​បាន​ចេញ​មក​តាម​ដង​ផ្លូវ​ដើម្បី​ចូលរួម​ដង្ហែសព​លោក​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ភូមិ​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ​ ដែល​ចំនួន​អ្នក​ចូលរួម​ច្រើន​បែបនេះ​មិនធ្លាប់​មាន​នោះទេ​ ចាប់​តាំងពី​ឆ្នាំ២០១៣​មក។

ឃាតកម្ម​ដ៏រន្ធត់​នេះ​បាន​កើតឡើង​ ចំពេល​ដែល​មាន​ការ​កើនឡើង​ខ្លាំង​នៃភាព​តានតឹង​ផ្នែក​នយោបាយ​នៅកម្ពុជា​។ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់​និង​ការបោះឆ្នោត​ថ្នាក់ជាតិ​ ត្រូវ​បាន​កំណត់​ថា​នឹង​ត្រូវ​ធ្វើឡើង​នៅឆ្នាំ​២០១៧​ និង​ឆ្នាំ២០១៨។​ ប៉ុន្តែ​រយៈពេល​ពេញ​មួយ​ឆ្នាំ២០១៦​នេះ ​មតិជាតិ​និងអន្តរជាតិ​បានរិះ​គន់ថា អាជ្ញាធររដ្ឋ​ហាក់​ដូចជា​បាន​បង្ហាញ​ពី​ការ​ប៉ុនប៉ង​បំបិទ​សំឡេង​ប្រជាពលរដ្ឋ​និង​អ្នកនយោបាយ​ឯករាជ្យ​ តាមរយៈ​ការ​បង្ក្រាប​ដោយ​ហិង្សា​ ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ ​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ​និង​ការ​បង្កើត​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​ មុន​ពេល​ប្រទេស​កម្ពុជា​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត។​ គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ២០១៦​ មាន​អ្នក​ជាប់​ឃុំ​ដោយ​អំពើ​អយុត្តិធម៌​នៅ​ក្នុង​ពន្ធនាគារ​ចំនួន២៩នាក់​ ដែល​ត្រូវ​បាន​ចង​ក្រង​ជាឯកសារ។​ រហូត​ដល់​ចុងឆ្នាំ​២០១៦នេះ​ មាន​២៧នាក់​ក្នុង​ចំណោម​អ្នក​ទាំងនោះ​ កំពុង​នៅ​ជាប់​ក្នុងពន្ធនាគារ​នៅឡើយ។​

រយៈពេល​ពេញ​មួយឆ្នាំ​ សង្គម​ស៊ីវិល​បាន​ប្រឈម​នឹង​ច្បាប់​ដែល​មាន​ការ​រឹតត្បឹត​ ការ​ធ្វើទុក្ខបុកម្នេញ​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ និង​ការ​បង្រ្កាប​លើ​សេរីភាព​ជា​មូលដ្ឋាន​ផ្សេងៗ​ ដែល​ជា​ការ​ប៉ុនប៉ង​បង្កើត​បរិយាកាស​ភ័យខ្លាច​និង​បំបិទ​សំឡេង​ឯករាជ្យ។​ ការ​ជួបជុំ​ដោយ​សន្តិវិធី​ត្រូវ​បាន​បំបែក​ ហើយ​ពេលខ្លះ​ត្រូវ​បាន​បំបែក​ដោយ​ហិង្សា​ទៀត​ផង។​ ការ​វាយប្រហារ​តាម​ពាក្យ​សម្ដី​ពី​សំណាក់​អាជ្ញាធររដ្ឋនិង​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​បាន​ធ្វើការ​ចោទប្រកាន់​ដោយ​មិន​ត្រឹមត្រូវ​ទៅ​លើ​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​និង​ការ​បញ្ចេញមតិ​នានា​ថាជា​ “ការ​ធ្វើ​បដិវត្តន៍​ពណ៌​” គឺ​បាន​ក្លាយ​ទៅជា​រឿង​ធម្មតា​ទៅហើយ​។

ជាមួយគ្នា​នេះដែរ​ គណបក្ស​ជំទាស់​ត្រូវ​បាន​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ​ជាបន្ត​បន្ទាប់​ ពី​សំណាក់​អាជ្ញាធររដ្ឋ។​ បន្ទាប់​ពី​មេដឹកនាំ​គណបក្យ​ជំទាស់​ត្រូវបង្ខំចិត្ត​ឲ្យ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​ឆ្នាំ២០១៦​បាន​បង្ហាញ​ពី​យុទ្ធនាការ​ចោទ​ប្រកាន់​ផ្សេងៗ​ប្រឆាំង​នឹង​អនុប្រធាន​គណបក្ស​ជំទាស់​ ដែល​នាំ​ឲ្យ​អនុប្រធាន​រូបនេះ​ត្រូវ​បង្ខំ​ចិត្ត​ឃុំខ្លួន​ឯង​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​អស់​រយៈពេល​៦ខែ។​ លើស​ពីនេះទៀត ​មាន​ការ​ចល័ត​ទាហ៊ាន​ជាច្រើន​នាក់​នៅ​ជុំវិញ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ និង​ការ​ផ្ដន្ទាទោស​លើអនុប្រធាន​រូបនោះ​ ប៉ុន្តែ​ក្រោយ​មក​បាន​ទទូលការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ក្នុង​ខែធ្នូ។​

គិតត្រឹម​ចុងឆ្នាំ​២០១៦នេះ​ (ដែល​ជា​ខួប​២៥ឆ្នាំ​បន្ទាប់​ពី​កិច្ចព្រម​ព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះហត្ថលេខា​) អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ បាន​ឈានដល់​ដំណាក់​កាល​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ។​ ទោះបីជា​យ៉ាងណា​ នៅមាន​ផលវិជ្ជមាន​មួយចំនួន​ផងដែរ​។ បើ​ទោះបីជា​មាន​ភាព​តក់ស្លុត​នៃ​ឃាតកម្ម​លើលោក​បណ្ឌិត​ កែម ឡី​ មរណភាព​របស់​លោក​បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់​ឲ្យ​រួមគ្នា​សម្ដែង​មតិ​ជាធ្លុង​មួយ​ដើម្បី​ទទួល​បាន​យុត្តិធម៌។​ ស្ថិត​ក្នុង​ការ​ប្រឈម​នៃការ​គំរាមកំហែង​ ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​និង​ការ​ប្រើប្រាស់​អំពើហិង្សា​ សង្គម​ស៊ីវិល​កម្ពុជា​នៅតែ​បន្ត​សកម្មភាព​តវ៉ា​ជាសាធារណៈ​ដោយអហិង្សានិង​អំពាវនាវ​ឲ្យមាន​ការ​ផ្លាស់ប្ដូរជាវិជ្ជមាន។​ ខណៈ​ដែល​ការ​បោះឆ្នោត​ខិតជិត​ចូល​មក​ដល់ ​ការ​ប្ដេជ្ញាចិត្ត​និង​ការ​បន្ត​ការ​តស៊ូទាំង​នេះ​នឹង​នាំឲ្យ​មាន​ប្រសិទ្ធិភាព​កាន់តែ​ខ្លាំង​ឡើងថែម​ទៀត​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា