ស្នើសុំឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាបើកការស៊ើបអង្កេតឡើងវិញចំពោះករណីឃាតកម្មមកលើសកម្មជនព្រៃឈើលោក ឈុត វុទ្ធី
ចេញផ្សាយ ខែមេសា ឆ្នាំ២០២៤ មើលឯកសារនេះជាភាសាខ្មែរ (PDF, 60 KBs) | |
មើលឯកសារនេះជាភាសាអង់គ្លេស (PDF, 110.17 KBs) |
គិតមកដល់ពេលនេះ គឺមានរយៈពេល ១២ឆ្នាំ មកហើយ ដែលលោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ។ លោក ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់ ត្រង់ចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈពេលដែលលោក និងអ្នកសារព័ត៌មានពីររូបផ្សេងទៀតរបស់ កាសែតឌឹខេមបូឌាដេលី (The Cambodia Daily) ចុះទៅស៊ើបអង្កេតអំពីបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងតំបន់ភ្នំក្រវ៉ាញ ។ មរណភាពរបស់លោក និងការមិនទាន់ទទួលបានភាពយុត្តិធម៌អំពីឃាតកម្មនេះ បង្កជាការឈឺចាប់ និងសោកស្តាយជាខ្លាំងសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ សកម្មជនបរិស្ថាន អ្នកស្រឡាញ់ព្រៃឈើ ពលរដ្ឋសហគមន៍ព្រៃឈើ ព្រមទាំងអ្នកស្រឡាញ់គាំទ្ររូបលោក ។
ព្រឹត្តិការណ៍បាញ់សម្លាប់លោក ឈុត វុទ្ធី ទាំងកណ្តាលថ្ងៃ ដោយខ្មាន់កាំភ្លើង ដែលមានតួនាទីជាកងកម្លាំងយោធា បានបង្ហាញយ៉ាងច្បាស់ថា ថាភាពសកម្មនិយមរបស់ពលរដ្ឋនៅក្នុងកិច្ចអភិរក្ស ថែរក្សាការពារធនធានធម្មជាតិ នៅតែបន្តត្រូវបានគេដាក់គោលដៅក្នុងការគំរាមកំហែង បំភិតបំភ័យ រំលោភបំពាន និងវាយប្រហារ ដោយជនល្មើសព្រៃឈើដែលមានទំនាក់ទំនងជិតសិទិ្ធជាមួយអ្នកមានអំណាច ។
ឃាតកម្មលើរូបលោក និងការមិនទាន់ទទួលបានយុត្តិធម៌អស់រយៈពេល ១២ ឆ្នាំនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋសហគមន៍ព្រៃឈើ សកម្មជនព្រៃឈើ សកម្មជនបរិស្ថាន និងអ្នកស្រលាញ់ធនធានធម្មជាតិដទៃទៀត ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ។ សិទិ្ធ និងសេរីភាពដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ត្រូវបានរឹតត្បិតកាន់តែខ្លាំងឡើងៗ ។ ក្រៅពីរងការគំរាមកំហែង និងបំភិតបំភ័យពីជនល្មើសព្រៃឈើ ពលរដ្ឋសហគមន៍ការពារព្រៃឈើ និងសកម្មជនបរិស្ថាន និងព្រៃឈើ នៅតែត្រូវបានអាជ្ញាធរមូលដ្ឋានចោទប្រកាន់មិនត្រឹមត្រូវ និងរឹតត្បិតក្នុងការចូលល្បាតព្រៃ ដូចជាព្រៃព្រះរកា និងព្រៃឡង់ជាដើម ។
សវនាការដែលបានធ្វើឡើង ដោយបានផ្តន្ទាទោសបុគ្គលិកក្រុមហ៊ុន Timber Green លោក រ៉ាន់ បូរ័ត្ន ឱ្យជាប់ពន្ធនាគារចំនួន ពីរឆ្នាំ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ពីបទ “មនុស្សឃាតដោយអចេតនា” បានបន្សល់ទុកនូវមន្ទិលសង្ស័យជាច្រើន ពីសំណាក់សាធារណជន ក្រុមសង្គមស៊ីវិលជាតិ-អន្តរជាតិ ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រផងដែរ ។ ការផ្តល់សក្ខីកម្ម ភស្តុតាង និងការធ្វើបទបង្ហាញរបស់ជនល្មើសនៅក្នុងអំឡុងពេលសវនាការ គឺមិនមានភាពស៊ីចង្វាក់គ្នានោះទេ ។ ជាពិសេសការសម្តែងឡើងវិញរបស់ បូរ័ត្ន អំពីការបាញ់ទៅលើលោក រតនា នៅក្នុងបន្ទប់សវនាការ បានបង្ហាញយ៉ាងច្បាស់ដំណើររឿងឧប្បទវហេតុនេះ មិនអាចឱ្យគេជឿបាន ព្រោះមិនអាចទៅរួចទេ ដែលកាំភ្លើងដ៏វែង AK 47 របស់លោក រតនា អាចបែរ ១៨០ ដឺក្រេ ហើយបណ្តាលឱ្យបាញ់ត្រូវកន្លែងពីរផ្សេងគ្នាចំងាយឆ្ងាយពីគ្នា ដោយមួយនៅទ្រូង ឯមួយទៀតនៅចំត្រង់ពោះលោក រតនា នោះទេ ។
ក្នុងឱកាសគម្រប់ខួប ១២ ឆ្នាំ នៃឃាតកម្មរបស់លោក ឈុត វុទ្ធី និងការមិនទាន់ទទួលបានយុត្តិធម៌ពិតប្រាកដ ក្រុមសហគមន៍មូលដ្ឋាន សមាគម អង្គការសង្គមស៊ីវិល សហជីព ដូចមានរាយឈ្មោះខាងក្រោមនេះ ស្នើសុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាអន្តរាគមន៍ និងពិចារណា៖
១. បើកការស៊ើបអង្កេតឡើងវិញដោយគណកម្មការឯករាជ្យ ទៅលើករណីឃាតកម្មសកម្មជនព្រៃឈើលោក ឈុត វុទ្ធី ឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងយុត្តិធម៌ ។
២. ក្រសួងយុត្តិធម៌ សូមបន្តជំរុញឱ្យស្ថាប័នអយ្យការធ្វើការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ ដើម្បីឈានទៅរកការកំណត់អ្នកបញ្ជា និងអ្នកពាក់ព័ន្ធ ឱ្យមកទទួលខុសត្រូវទៅតាមផ្លូវច្បាប់ ។
៣. ក្រសួងការពារជាតិ សូមឱ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្មនេះ ដែលរួមទាំងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតពីទាហាន ឬកងរាជអាវុធហត្ថក្នុងហេតុការណ៍ដែលនាំទៅដល់ការបាញ់សម្លាប់លោក ឈុត វុទ្ធី ដែលជាសកម្មជនបរិស្ថាន និងជាជនស៊ីវិល និងការសង្ស័យថាមានការពាក់ព័ន្ធនឹងការរកស៊ីឈើដោយខុសច្បាប់ ។
៤. រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន សូមមេត្តាបញ្ឈប់ការរឹតត្បិត និងធ្វើទុក្ខបុកម្នេញដោយមិនត្រឹមត្រូវមកលើសិទិ្ធសេរីភាពរបស់សហគមន៍មូលដ្ឋាន យុវជន ក៏ដូចជាអ្នកការពារធនធានធម្មជាតិនានា ក្នុងការចូលល្បាត និងការពារព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេស ។
៥. សូមអនុញ្ញាតឱ្យមានការសាងសង់ស្តូបរលឹកដល់វីរភាពសកម្មជនការពារព្រៃឈើដ៏ឆ្នើមរូបនេះ ដើម្បីជាការផ្តល់នូវកិត្តិយស និងជាការចូលរួមនិងលើកទឹកចិត្តដល់សកម្មជនព្រៃឈើនិងបរិស្ថាន ពលរដ្ឋសហគមន៍ការពារព្រៃឈើ និងអ្នកស្រលាញ់ព្រៃឈើនិងធនធានធម្មជាតិដទៃទៀត ឱ្យបន្តការងារចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។
លិខិតចំហនេះចូលរួមគាំទ្រដោយ៖
1. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
2. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
3. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
4. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
5. បណ្តាញយុវជនកម្ពុជា (CYN)
6. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
7. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
8. សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)
9. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)