ធ្វើជាកម្មករទាំងនៅវ័យក្មេង៖ ជីវិតរបស់អតីតកម្មកររោងចក្រស្បែកជើង
ចេញផ្សាយ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤នៅក្នុងទិវាអន្តរជាតិប្រឆាំងពលកម្មកុមារដែលនឹងឈានមកដល់នាពេលខាងមុខ អង្គការលីកាដូ បានចេញផ្សាយនូវខ្សែវីដេអូរូបភាពចំនួនពីរ ដែលរៀបរាប់អំពីទំនាក់ទំនងរវាងពលកម្មកុមារ និងបញ្ហាផ្សេងៗដូចជាភាពក្រីក្រ អត្រាបោះបង់ចោលការសិក្សា និងការបណ្តេញចេញពីដីធ្លីរបស់អ្នកទាំងនោះដោយបង្ខំ។ ខ្សែវីដេអូរូបភាពទីមួយ និយាយអំពីជីវិតរបស់កុមារី ព្រំ ឌីណា អាយុ ១៤ឆ្នាំ ដែលបានបោះបង់ការសិក្សានៅពេលមានអាយុ ១២ឆ្នាំ ដើម្បីទៅធ្វើការនៅក្នុងរោងចក្រស្បែកជើង។
ព្រំឌីណា ដែលមានអាយុ ១៤ឆ្នាំ បានបោះបង់ការសិក្សានៅពេលនាងមានអាយុ ១២ឆ្នាំ ដើម្បីទៅធ្វើការនៅក្នុងរោងចក្រស្បែកជើង។ ក្រោយមកនាងត្រូវបានបណ្តេញចេញដោយសារមូលហេតុនាងមានអាយុក្មេងពេក ប៉ុន្តែការបណ្តេញនេះត្រូវបានធ្វើនៅពេលនាងបានធ្វើការអស់រយៈពេលជាងមួយឆ្នាំទៅហើយ។ នៅក្នុងរោងចក្រស្បែកជើង ឌីណា បានធ្វើការនៅក្នុងល័ក្ខខ័ណ្ឌមួយដ៏អាក្រក់។ ការងាររបស់នាង គឺបិទជ័រកាវ ធ្វើស្បែក និងដេរ។ ឥឡូវនាងបានចូលសាលារៀន ហើយកំពុងរៀនភាសាចិន ដើម្បីក្លាយជាអ្នកបកប្រែភាសាចិន។ នាងសង្ឃឹមថា នឹងបានធ្វើការជាអ្នកបកប្រែនៅក្នុងរោងចក្រដដែលនេះ នោះនាងអាចទទួលបានប្រាក់ខែខ្ពស់ និងជួយចេញថ្លៃព្យាបាលដល់ម្តាយនាងផងដែរ។ ការស្រាវជ្រាវរបស់អង្គការអន្តរជាតិខាងពលកម្ម (ILO)នៅឆ្នាំ ២០១៣ បានរកឃើញថាប្រហែល ៤៨ ភាគរយនៃកម្មករជាកុមារនៅកម្ពុជា រួមទាំងអ្នកដែលធ្វើការក្នុងល័ក្ខខ័ណ្ឌគ្រោះថ្នាក់ បានបោះបង់ ឬមិនដែលបានចូលសាលារៀននោះទេ។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទ្ធិកុមារ