ការពិនិត្យឡើងវិញនាឆ្នាំ ២០១៣៖ វិវាទដីធ្លីធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងវិបត្តិ
ចេញផ្សាយ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ជាផ្នែកមួយនៃការឈានទៅរកការចេញផ្សាយរបាយការណ៍របស់យើងអំពី “សិទិ្ធមនុស្សឆ្នាំ ២០១៣៖ ឆ្នាំស្ថិតក្នុងការពិនិត្យឡើងវិញ អង្គការលីកាដូ កំពុងធ្វើការចេញផ្សាយ លំដាប់នៃគេហទំព័រចំនួន ៤ភាគ ដែលជាការពិនិត្យមើលឡើងវិញនូវសិទិ្ធមនុស្សសំខាន់ៗ នៅក្នុងឆ្នាំ២០១៣។ ការដាក់បន្តិចម្តងៗជារៀងរាល់ថ្ងៃនឹងត្រូវបានធ្វើឡើងពេញមួយសប្តាហ៍រហូត ដល់ការបោះពុម្ពផ្សាយរបាយការណ៍ទាំងមូលរបស់យើងនៅថ្ងៃទី២១ ខែមិនា។
ក្រៅពីបញ្ហាបោះឆ្នោត វិវាទដីធ្លីនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរមួយសម្រាប់ប្រទេសកម្ពុជាក្នុង ឆ្នាំ ២០១៣ នេះ ដោយវាបានកើតឡើងអស់រយៈពេលយ៉ាងតិចណាស់ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ផ្ទៃដីកម្ពុជាជាង ២,២លានហិកតា ត្រូវបានសម្បទានទៅឲ្យក្រុមហ៊ុនធំៗជាច្រើនក្រោមរូបភាពជាសម្បទានដី សេដ្ឋកិច្ច (ELCs)។ យោងតាមការស៊ើបអង្កេតដែលធ្វើឡើងដោយអង្គការសិទ្ធិមនុស្ស លីកាដូ បានបង្ហាញថា៖ រាល់ការសម្បទានដី និងរាល់ការរំលោភបំពានដីផ្សេងៗជាច្រើនទៀតបានជះឥទ្ធិពលដល់ប្រជាពលរដ្ឋជាង ៤២០.០០០ ចាប់តាំងពីឆ្នាំ ២០០៣មក។
ក្នុងឆ្នាំ២០១២នេះ ដោយសារតែការបោះឆ្នោតថ្នាក់ឃុំ/សង្កាត់បានខិតជិតមកដល់ ម្យ៉ាងទៀតព្រមទាំងមាន សម្ពាធពីសហគមន៏ម្ចាស់ជំនួយ សម្តេចនាយករដ្ឋមន្រ្តី និងគណបក្សរបស់សម្តេចបានស្នើសុំឲ្យមានដំណោះស្រាយចំនួនពីរសម្រាប់វិបត្តិដីធ្លីនៅកម្ពុជាគឺ៖ ទី១ គឺផ្អាកការសម្បទានដីសេដ្ឋកិច្ចជាបណ្តោះអាសន្នដោយធ្វើការត្រួតពិនិត្យសារឡើងវិញនូវដីដែលរាជរដ្ឋាភិបាលបានសម្បទានកន្លងមក ទី២ គឺបង្កើតការរៀបចំកម្មវិធីផ្តល់បណ័្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលឲ្យបានច្រើន។ ត្រឹមចុងឆ្នាំ ២០១៣ កម្មវិធីទាំងពីរ នោះត្រូវបានបរាជ័យ។
ទោះបីជាបទបញ្ជារបស់រាជរដ្ឋាភិបាលបានផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីៗទៅឲ្យក្រុមហ៊ុនឯកជនក៏ដោយ ក៏ការទប់ស្កាត់នេះមិនមានប្រសិទ្ធិភាពនោះទេ ដោយសារដីសម្បទានសេដ្ឋកិច្ចថ្មីយ៉ាងតិចណាស់ចំនួន ១៦ ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនឯកជន ចាប់តាំងពីបទបញ្ជាអំពីការផ្អាកផ្តល់សម្បទានដីសេដ្ឋកិច្ចនេះចូលជាធរមាននៅក្នុងឆ្នាំ២០១២ ដែលសរុបជាផ្ទៃដីចំនួន ៨០.០០០ហិកតា។ គ្រាន់តែក្នុងឆ្នាំ ២០១៣ នេះ ដីរបស់ប្រជាពលរដ្ឋជាង ២.៩០០ គ្រួសារ ត្រូវបានរំលោភបំពាន។ ច្រើនជាង ៤៦០ គ្រួសារ ក្នុងចំណោមគ្រួសារទាំងអស់នេះត្រូវបានបណ្តេញចេញទាំងបង្ខំ។
ទន្ទឹមនឹងនេះដែរ ការសន្យារបស់រាជរដ្ឋាភិបាលក្នុងការ “ត្រូតពិនិត្យឡើងវិញជាលក្ខណៈប្រព័ន្ធ” នៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ ហើយក៏មិនមានដីសម្បទានសេដ្ឋកិច្ចដែលពោរពេញដោយបញ្ហា និងត្រូវបានកត់ត្រាទុកណាមួយ ត្រូវបានលុបចោលនោះឡើយ។
កម្មវិធីក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក៏បានបង្កឲ្យមានបញ្ហាផងដែរ។ ក្នុងកម្មវិធីនេះ សម័្ពន្ធយុវជនអ្នកស្ម័គ្រចិត្ត ដែលជាប់ទាក់ទងជាមួយគណបក្សកាន់អំណាចជាង ២.០០០នាក់ ត្រូវបានបញ្ជូនឲ្យទៅវាស់ដី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ការអនុវត្តន៏សកម្មភាពទាំងនេះ ពោរពេញដោយការសម្ងាត់ ហើយការត្រួតពិនិត្យឯករាជ្យក៏ត្រូវបានគេហាមឃាត់ផងដែរ។
ទោះបីជារាជរដ្ឋាភិបាលអះអាងថាខ្លួនបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជាង ៤៧០.០០០ គ្រួសារលើផ្ទៃដី ១,៨លានហិកតាក៏ដោយ ក៏កម្មវិធីនេះ បានជៀសវាងយ៉ាងល្អិតល្អន់ពីតំបន់ដីដែលមានជម្លោះ ជាពិសេសកន្លែងដែលមានការសម្បទានណាដែលរំលោភលើដីរបស់ប្រជាពលរដ្ឋ។
ប្រហែលជាមានការបញ្ហាធំបំផុត ដែលការចុះចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាក់ស្តែងត្រូវបានឧបត្តម្ភដោយជំនួយឯកជនពីសម្តេចនាយករដ្ឋមន្ត្រី និងសម្ព័ន្ធមិត្តរបស់សម្តេចរួមមាន៖ សមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាច និងឧកញ្ញាជាច្រើន។ ម្យ៉ាងវិញទៀត កម្មវិធីនេះត្រូវបានបង្កើតឡើងដោយស្ថាប័នរដ្ឋទាំងស្រុង ដែលធ្វើឲ្យមតិសាធារណៈជាច្រើនហៅសកម្មភាពចុះវាស់វែងដីធ្លីនេះ ថាជាសកម្មភាពទិញសន្លឹកឆ្នោត។
លើសពីនេះទៀត មានរបាយការណ៍ជាក់លាក់ជាច្រើនពីម្ចាស់ដី ជាពិសេសនៅក្នុងសហគមន៍ជនជាតិដើមភាគតិច ដែលត្រូវបានគេបំភិតបំភ័យ ឬបានប្រើល្បិចនៅក្នុងលក្ខខ័ណ្ឌវាស់វែងដីដែលធ្វើឡើងដោយក្រុមនិស្សិតស្ម័គ្រចិត្ត។ ការផ្តល់ប័ណ្ណកម្មសិទ្ធិជាលក្ខណៈឯកជននេះធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារសហគមន៏ជនជាតិដើមភាគតិច តាមរយៈការផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លីជាលក្ខណៈសមូហភាព។ មានរបាយការណ៍ជាក់លាក់ជាច្រើនទៀតរបស់ម្ចាស់ដីក៏បានបញ្ជាក់ផងដែរថា ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគេនឹងអាចត្រូវបានដកហូតមកវិញប្រសិនបើគណបក្សកាន់អំណាចចាញ់ឆ្នោត ឬប័ណ្ណកម្មសិទ្ធិរបស់ពួកគេអាចនឹងត្រូវបានផ្តល់ជូនបន្ទាប់ពីគណបក្សកាន់អំណាចឈ្នះឆ្នោត។
ការអភិវឌ្ឍន៏ក្នុងវិស័យឧស្សាហកម្មស្ករអំពៅនៅប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយមានបណ្តេញចេញដោយហិង្សា ការរឹបអូសយកដីកសិកម្មយ៉ាងច្រើន ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរូមមានដំណាំ និងព្រៃសហគមន៏ ហើយព្រមទាំងការប្រើប្រាស់អំពើហិង្សា និងការគម្រាមកំហែង។
ស្ករអំពៅស្ថិតក្រោមការត្រួតពិនិត្យ
ចំការអំពៅនៅក្នុងប្រទេសកម្ពុជា (ដែលមួយចំនួនត្រូវបានដាំដុះនៅលើផ្ទៃដីដែលបានដណ្តើមយកពីប្រជាពលរដ្ឋក្រីក្រជាច្រើនយ៉ាងហិង្សា) ត្រូវបានអន្តរជាតិយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០១៣ នេះ។
ចាប់តាំងពីឆ្នាំ ២០០៩ កើនឡើងនៃចំនួននៃការផ្តល់ដីសម្បទានសេដ្ឋកិច្ច ត្រូវបានគេធ្វើឡើងដើម្បីផលិតស្ករអំពៅសុទ្ធ។ សកម្មភាពនេះមានទំនាក់ទំនងគ្នា ជាមួយនឹងគោលការណ៏អនុគ្រោះផ្នែកពាណិជ្ជកម្ម (GSP) របស់សហគមន៏អឺរ៉ុប (EU) ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជានាំចេញស្ករអំពៅទៅសហគមន៏អឺរ៉ុបដោយមិនចាំបាច់បង់ពន្ធគយ ក្រោមកម្មវិធីអ្វីៗទាំងអស់លើកលែងតែអាវុធ “Everything But Arms” (EBA) របស់សហគមន៏អឺរ៉ុប។
ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសដែលមិនមានផ្ទៃដីដាំអំពៅសោះនៅក្នុងឆ្នាំ២០០៦ ទៅជាប្រទេសដែលមានផ្ទៃដីដាំអំពៅជាង ១០០.០០០ហិកតា ក្រោមរូបភាពជួលទៅឲ្យក្រុមហ៊ុនកសិឧស្សាហកម្មមួយចំនួនសម្រាប់ដំណាំអំពៅនៅក្នុងឆ្នាំ ២០១២។ ចាប់តាំងពីមានសេរីនិយកម្មពីសហភាពអឺរ៉ុប ស្ករអំពៅបានក្លាយជាវិស័យមួយដែលមានការរីកចំរើនយ៉ាងខ្លាំងក្នុងឆ្នាំ២០០៩ ហើយតម្លៃស្ករអំពៅរបស់ប្រទេសកម្ពុជាដែលនាំចេញប្រចាំឆ្នាំកើនឡើងយ៉ាងខ្លាំង ចាប់ពី ៥១.០០០ដុល្លាអាមេរិក ទៅ ១៣.៨លានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០១១។ ផលិតផលស្ករអំពៅរបស់ប្រទេសកម្ពុជាចំនួន ៩២% បាននាំចេញទៅកាន់សហគមន៏អឺរ៉ុប។ សម្រាប់ប្រទេសដែលនាំចេញស្ករអំពៅ បានបញ្ជាក់ម្តងហើយម្តងទៀត និងយ៉ាងទូលំទូលាយ ថាពួកគេបានវិនិយោគស្ករអំពៅនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងមួយដើម្បីអាចទទួលបានអត្ថប្រយោជន៏ពីកម្មវិធី EBA របស់សហគមន៏អឺរ៉ុប។
ការអភិវឌ្ឍន៏ក្នុងវិស័យឧស្សាហកម្មស្ករអំពៅនៅប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយមានការបណ្តេញចេញដោយហិង្សា ការរឹបអូសយកដីកសិកម្មជាច្រើន ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរូមមានដំណាំ និងព្រៃសហគមន៏ ហើយព្រមទាំងការប្រើប្រាស់អំពើហិង្សា និងការគម្រាមកំហែង។
បទប្បញ្ញត្តិរបស់សហគមន៏អឺរ៉ុប បានបង្កើតការការពារសិទិ្ធមនុស្ស ដែលទាមទារឱ្យមានការស៊ើបអង្កេត និងមានសក្តានុពលក្នុងការដកសិទ្ធិជាអាទិភាពក្នុងការទទួលបានភាពអនុគ្រោះក្នុងការធ្វើពាណិជ្ជកម្ម ប្រសិនបើការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ ត្រូវបានគេរកឃើញ។ ប៉ុន្តែកន្លងមក គណៈកម្មាធិការអឺរ៉ុប (EC) មិនបានប្រតិ្តបត្តិតាមវិធានការការពារទាំងអស់នេះទេ។ ក្នុងខែមិនា សមាជិកសភាអឺរ៉ុបចំនួន ១៣នាក់ បានស្នើសុំជាផ្លូវការ ឲ្យមានការស៊ើបអង្កេតមួយលើករណីការរំលោភបំពានសិទ្ធិមនុស្សពាក់ព័ន្ធនឹងការសម្បទានដីសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ ប៉ុន្តែគណៈកម្មាធិការអឺរ៉ុប (EC) បានបដិសេធការស្នើសុំនេះ។
ទន្ទឹមនឹងនេះដែរ ក្រុមប្រជាពលរដ្ឋប្រមាណជាង ២០០ នាក់ មកពីខេត្តកោះកុង បានលើកយកបញ្ហាផ្ទាល់របស់អ្នកទាំងនោះ រួមជាមួយនឹងបណ្តឹងរាប់លានករណីប្រឆាំងនឹងក្រុមហ៊ុន Tate & Lyle របស់ប្រទេសអង់គ្លេស ដោយអះអាងថាក្រុមហ៊ុនស្ករអំពៅនេះមានចេតនាទទួលផលចំណេញពីដីដែលរឹបអូសបានពីប្រជាពលរដ្ឋដោយខុសច្បាប់។ ប្រជាពលរដ្ឋប្រមាណជា ៦០០នាក់មកពីខេត្តឧត្តរមានជ័យ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនស្ករអំពៅរបស់ថៃ Giant Mitr Phol Sugar Corporation ទៅកាន់គណៈកម្មាធិការសិទ្ធិមនុស្សជាតិប្រទេសថៃ ខណៈពេលដែលក្រុមហ៊ុននេះទទួលបានការសម្បទានដីសេដ្ឋកិច្ចជាច្រើនក្នុងប្រទេសកម្ពុជា។ សំណុំរឿងរបស់ប្រជាពលរដ្ឋទាំងអស់នេះនៅតែបន្តរង់ចាំ នៅពេលដែលការព្យាយាមឲ្យមានការអនុវត្តការទាមទារនោះបែរជាទទួលបាននូវភាពអសកម្មរបស់តុលាការទៅវិញ។
ក្រឡេកមើលព្រឹត្តការណ៏ក្នុងឆ្នាំ ២០១៤
នៅចុងបញ្ចប់នៃឆ្នាំនៃភាពចលាចល វាបានបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាស្ទើរតែមិនមានការផ្លាស់ប្តូរអ្វីទាំងអស់ រចនាសម្ព័ន្ធគ្រប់គ្រងអំណាចចាស់នៅតែបន្តមាន ហើយរាជរដ្ឋាភិបាលនៅតែបន្តព្យាយាមបង្ក្រាបនូវរាល់ការគម្រាមកំហែងណាដែលប៉ះពាល់ដល់អំណាចរបស់ខ្លួន។ ប៉ុន្តែនៅតាមដងវិថី អ្វីៗបានមានការផ្លាស់ប្តូរ។ ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយផ្ទាល់ខ្លួនរបស់អ្នកទាំងនោះ ដែលមិនធ្លាប់មានពីមុនមក ទោះបីជាការធ្វើបាតុកម្មនោះមានភាពគ្រោះថ្នាក់ នឹងត្រូវបានរងការបង្រ្កាបយ៉ាងណាក៏ដោយ។ ដោយមិនមានការអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ធ្វើឲ្យសន្តិភាពក្នុងឆ្នាំ ២០១៤នេះហាក់បីដូចជាមានការធ្លាក់ចុះយ៉ាងខ្លាំង។
MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- សិទ្ធិដីធ្លី
- ឯកសារទាក់ទង