អត្ថបទ

រឿងរ៉ាវរបស់ស្រ្តី និង​ក្មេងស្រី ​នៅក្នុង​ពន្ធនាគារ

ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២១
F T M

នាថ្ងៃទិវាសិទ្ធិនារី​អន្តរជាតិនេះ​ សម្ព័ន្ធ​ខ្មែរជំរឿន ​និង​ការពារ​សិទ្ធិមនុស្ស ​លីកាដូ​ (អង្គការលីកាដូ)​ សូមស្នើសុំ​ឱ្យមាន​ការកែលម្អ​ឱ្យបានឆាប់​រហ័ស​ ទៅលើ​លក្ខខណ្ឌ​ដែល​ប្រឈម​ដោយស្ត្រី​ និងក្មេងស្រី ​ដែលកំពុង​ជាប់ឃុំ​នៅក្នុងពន្ធនាគារ​ ដែល​មានស្ថានភាព​លំបាក​ និង​ចង្អៀត​ណែនខ្លាំង ។​

កាលពីខែមុន​ ស្រ្តីចំនួន៩នាក់​ បានចែករំលែក​រឿងរ៉ាវ​របស់​ពួកគាត់​ជាមួយ​អង្គការលីកាដូ​អំពីជីវិត​នៅក្នុងមណ្ឌល​អប់រំកែប្រែទី២​ (ម២)​ ដែលជា​ពន្ធនាគារ​តែមួយគត់​នៅកម្ពុជា​ បង្កើតឡើង​សម្រាប់​ស្រ្តី និងអនីតិជន ។​ ក្នុងនោះ ​មានស្រ្តី៥នាក់ ​រួមមាន​ សុខា​ បុប្ផា​ សុភារី​ ស្រីល័ក្ខ​ និងច័ន្ទមុនី ​ដែល​បច្ចុប្បន្ន​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ ឬត្រូវបាន​ដោះលែង​កាលពីពេលថ្មីៗនេះ ។​ ឈ្មោះ​របស់​ពួកគាត់​ទាំង៥នាក់​ ត្រូវបានប្ដូរ​ ដើម្បី​បិទបាំង​អត្តសញ្ញាណ​របស់ពួកគាត់ ។​ រីឯ​អ្នកផ្សេងទៀត​គឺជាសមាជិក​គ្រួសារ​នៃស្រ្តីជា​អ្នកការពារ​សិទ្ធិមនុស្ស​ដែលកំពុងជាប់ឃុំ​ក្នុងពន្ធនាគារ​ដូចជា​ អ្នកស្រី ​ឈឿន ដារ៉ាវី​ កញ្ញា ​អេង ម៉ាឡៃ ​(សូ មេត្តា)កញ្ញា ​ឡុង គន្ធា​ និង​កញ្ញា ​ភួន កែវរស្មី ។​

ស្រ្តី​ទាំងអស់នេះ ​បាន​កំពុង​ប្រឈម​នឹងស្ថានភាព​លំបាក​នៅក្នុង​ពន្ធនាគារ ។​ ការរំលោភបំពាន​សិទ្ធិនៅក្នុង​ពន្ធនាគារ​មិនគួរត្រូវបាន​មើលរំលង​ទេ ​ហើយនេះជាទំនួល​ខុសត្រូវរបស់​រាជរដ្ឋាភិបាល ​ក្នុងការ​ដោះស្រាយវិបត្តិនេះ​ឱ្យបានឆាប់ ​ដោយការ​អនុវត្ត​ដ៏ល្អផ្អែក​តាម​បទប្បញ្ញតិ្ត​និងច្បាប់ជាតិ​និងអន្តរជាតិ ។

មាតិកា

  សកម្មជន​ជាស្ត្រី​ត្រូវបាន​បំបិទ​សំឡេង
  ស្ថានភាព​ដ៏លំបាកនៅក្នុង​ពន្ធនាគារ
  ការឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ និងការ​សន្មត​ថាគ្មានទោស
  ម្ដាយ និងក្មេងៗនៅ​ក្នុងពន្ធនាគារ
  ប្រព័ន្ធមួយ​នៅក្នុងវិបត្តិ៖​ ជំងឺកូវីដ១៩​ និង​គ្រោះធម្មជាតិ

សកម្មជន​ជាស្ត្រី​ត្រូវបាន​បំបិទ​សំឡេង

Five environmental activists from Mother Nature were convicted for incitement on Wednesday for planning a peaceful protest.

ក្នុងចំណោម​ការចាប់ខ្លួនជាបន្តបន្ទាប់ ​ក្រោយពី​មានការ​ឃុំខ្លួន​លោក រ៉ុង ឈុន ​ប្រធាន​សហជីព​ ក្នុងខែ​កក្កដា​ ឆ្នាំ២០២០​ អ្នកការពារ​សិទ្ធិមនុស្ស​ជាស្ត្រី​ជាច្រើននាក់​ត្រូវបាន​ចាប់ដាក់​ពន្ធនាគារ​ ដើម្បី​ព្យាយាម​បំបិទសំឡេង​សកម្ម​និយម​បែបអហិង្សា​របស់​ពួកគាត់ ។​ ក្នុងចំណោម​ពួកគាត់​រួមមាន​ កញ្ញា ​ស កន្និកា​ អ្នកស្រី ​ឈឿន ដារ៉ាវី​ និងកញ្ញា ​អេង ម៉ាឡៃ ​ដែលម្នាក់ៗ​ត្រូវបាន​ចាប់ខ្លួន​ បន្ទាប់ពី​បានអំពាវនាវ​ដោយ​សន្ដិវិធី​ឱ្យមានការ​ដោះលែង​លោក រ៉ុង ឈុន ។​ អំឡុងពេល​ចាប់ខ្លួន​ អ្នកស្រី ​ដារ៉ាវី ​ត្រូវបាន​ចាប់បោច​សក់អូស​ចូល​ទៅក្នុងឡាន ​ជាហេតុផល​ដែល​អ្នកស្រី ​កោរសក់​នាពេលថ្មីៗនេះ ​ដើម្បី​បង្ហាញពី​ភាពអយុត្តិធម៌​នៃការបន្ត​ឃុំខ្លួន​អ្នកស្រី ។​

កាលពីដើម​ខែកញ្ញា​ សកម្មជន​បរិស្ថាន​ជាស្ត្រី ​កញ្ញា ឡុង គន្ធា ​និងកញ្ញា ភួន កែវរស្មី ​ព្រមទាំង​លោក ថុន រដ្ឋា​ ក៏ត្រូវបាន​ចាប់ដាក់​ពន្ធនាគារ​ ដោយសារ​គម្រោង​ដើរ​ហែក្បួន​ម្នាក់ឯង​ដោយ​កញ្ញា ​ឡុង គន្ធា​ ​ ពាក់ព័ន្ធ​នឹងការព្រួយបារម្ភ​របស់នាង​អំពីការលក់​បឹងតាមោក​នៅភាគខាងជើង​នៃរាជធានីភ្នំពេញ ។​ ស្រ្តីនីមួយៗ​ត្រូវបាន​ចោទប្រកាន់​ពីបទញុះញង់ ​និងប្រឈម​នឹងការជាប់​ពន្ធនាគារ​រហូតដល់២ឆ្នាំ ​ប្រសិនបើ​ត្រូវបាន​រកឃើញ​ថាមានទោស ។​ ស្រ្តីទាំងនេះ ​កំពុងស្ថិតនៅ​ក្នុង​ពន្ធនាគារ​នៅឡើយ ​ដោយតស៊ូ​នឹងស្ថានភាព​ដ៏លំបាក​ជាមួយស្ត្រី ​និងក្មេងស្រី​​រាប់ពាន់នាក់​ផ្សេងទៀត ។​

យើងខ្ញុំ​ សូមស្នើសុំ​ឱ្យអាជ្ញាធរដោះលែង​អ្នកជាប់ឃុំ​ទាំងឡាយណា ​ដែលត្រូវបាន​ឃុំខ្លួន​ដោយ​គ្មានមូលដ្ឋាន​ច្បាប់គ្រប់គ្រាន់​ ក្នុងនោះ​មានអ្នកដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​មិនត្រឹមត្រូវ​ដោយសារ​សកម្មនិយម​បែបអហិង្សា​របស់​ពួកគាត់​ ឬអ្នក​ដែល​ប្រជាពលរដ្ឋ​យល់ឃើញថា ​ពួកគាត់​ត្រូវបាន​ចោទប្រកាន់​ក្រោមហេតុផល​នយោបាយ ។​

ត្រឡប់​ទៅមាតិកា

ស្ថានភាព​ដ៏លំបាកនៅក្នុង​ពន្ធនាគារ

មុនពេល​នាងត្រូវ​បាន​ដោះលែង​កាលពី​ដើមឆ្នាំនេះ ​សុខា​ បានជាប់​ពន្ធនាគារ​រយៈពេល​ ៣ឆ្នាំ ​៦ខែ ​នៅ មណ្ឌលអប់រំកែប្រែទី២ ។​ នាងបាន​និយាយថា ​នាងត្រូវបាន​ចាប់ខ្លួន​ នៅខណៈពេល​ដែលនាង​បានប៉ុនប៉ង​ទិញថ្នាំញៀន​ មេតាហ្វេតាមីន​ សម្រាប់​ប្រើប្រាស់​រយៈពេល ​១សប្ដាហ៍ ។​

សុខា​បានរៀបរាប់ថា​ “ខ្ញុំបាន​ជាប់​នៅក្នុង​បន្ទប់ឃុំឃាំង​ជាមួយ​ស្រ្តីចំនួន១៧៦នាក់​ ដែលមាន​បន្ទប់ទឹក​១ និងបង្គន់២ ដែលទំហំបន្ទប់​ឃុំឃាំង​មានទទឹង​ប្រវែង​ប្រមាណ​ជិត ៧ម៉ែត្រ​ និងបណ្ដោយប្រវែង​ប្រហែល ​៣០ម៉ែត្រ ​គឺវាចង្អៀត​ខ្លាំងណាស់” ។​

ខ្ញុំបាន​ជាប់​នៅក្នុង​បន្ទប់ឃុំឃាំង​ជាមួយ​ស្រ្តីចំនួន១៧៦នាក់​ ដែលមាន​បន្ទប់ទឹក​១ និងបង្គន់២ ។

គិតត្រឹមចុងឆ្នាំមុន ពន្ធនាគារ​ចំនួន​១៧​ក្នុងចំណោម​ពន្ធនាគារ​ទាំង១៨​ ដែល​អង្គការ​លីកាដូ​បានឃ្លាំមើល​ បានផ្ទុកមនុស្ស​លើសពី​១០០%​ នៃទំហំផ្ទុក​របស់​ពន្ធនាគារ​នីមួយៗ ។​ មណ្ឌលអប់រំកែប្រែទី២ គឺបាន​ផ្ទុកមនុស្ស​ជិត ៤០០% ។​ ភាពចង្អៀត​ណែនដ៏លំបាកនេះ ​បានបង្កើន​ឱ្យមាន​ស្ថានភាព​កាន់តែ​អាក្រក់​ថែមទៀត​ជាមួយនឹង​ យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់​រាជរដ្ឋាភិបាល​ ដោយបាន​ធ្វើឱ្យ​មានស្ថានភាព​អសុវត្ថិភាព​ គ្មានអនាម័យ​ និងអមនុស្សធម៌ ។​ ស្ថានភាព​ទាំងនេះ ​បាន​អនុវត្ត​ផ្ទុយពី ស្ដង់ដា​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អ្នកជាប់ឃុំ ​(វិធាន​របស់លោក​ Nelson Mandela)​ ក៏ដូចជា​វិធាន​ជាក់លាក់នៃវិធានការ​មិនឃុំខ្លួន​សម្រាប់​ជនល្មើស​ជាស្រ្តី ​(វិធានបាងកក)​ ។

ស្រ្តីនៅ​ក្នុង​ពន្ធនាគារ​ត្រូវចំណាយ​ប្រាក់លើ​រឿង​គ្រប់យ៉ាង​ រួមមាន​អាហារ​ដែល​មានជីវជាតិ​ ទឹកស្អាត​គ្រប់គ្រាន់​ សេវា​ថែទាំ​សុខភាព​គ្រប់គ្រាន់​ អគ្គីសនី​ប្រើប្រាស់ ​ការសួរសុខទុក្ខ​របស់​ក្រុមគ្រួសារ​ ការចំណាយពេល​នៅក្រៅ​បន្ទប់ឃុំឃាំង​ និង​ទំហំ​កន្លែង​សម្រាក​នៅលើឥដ្ឋ ​ជាដើម ។​ អ្នកដែល​គ្មានលទ្ធភាព​ ជារឿយៗ​មិនទទួល​បានសេវា​ទាំងនេះទេ ។ ​ការកម្រិត​លទ្ធភាព​នៃការប្រើប្រាស់​ទឹកស្អាត​ និងសាប៊ូ ​អាចនាំ​ឱ្យមាន​ផលប៉ះពាល់​មិនសមស្រប​ចំពោះស្រ្តី​ដែលមានផ្ទៃពោះ ​ស្រ្តីបំបៅ​ដោះកូន​ ឬស្រ្តីដែល​មករដូវ​ ហើយ​សម្ភារៈ​ប្រើប្រាស់​អំឡុងពេល​មករដូវ​មិនត្រូវបាន​ផ្ដល់​ដោយ​ពន្ធនាគារ​នោះទេ ​ដែលទាំងនេះ​ជាការអនុវត្ត​ផ្ទុយពី​វិធានបាងកក ​។

ដោយ​ជាប់ផុងជាមួយ​បំណុល​បន្ទាប់ពី​ស្វាមី​ទទួល​មរណភាព​ សុភារី​បានចាប់ផ្ដើម​លក់គ្រឿងញៀន​ ដើម្បី​មានលទ្ធភាព​សងកម្ចី​របស់​គ្រួសារ​ដែលជំពាក់គេ​ ។ នាងបាន​និយាយថា ​រយៈពេល​៥ឆ្នាំដែល​នាងបាន​ចំណាយពេល​នៅក្នុង​ពន្ធនាគារ​ គឺជាពេល​ដែល​លំបាក​បំផុត​ក្នុងឆាកជីវិត​របស់នាង ។​

នាងបាន​ពន្យល់ថា ​“មានអង្គការ​មួយដែល​បាន​ផ្ដល់សំឡី​អនាម័យ​ចំនួន​ ៣កញ្វប់​នៅរៀងរាល់​រយៈពេល ៤ខែ ​ប៉ុន្តែជាធម្មតា​ ក្នុងរយៈពេល​១ខែ ​ខ្ញុំត្រូវប្រើវា​ចំនួន៣កញ្ចប់” ។​ នាងបានបន្តថា​ “ពន្ធនាគារមិនបាន​ផ្ដល់អ្វី​នោះទេ ។​ ស្រីៗ​ចែកគ្នា​ប្រើ ​ប៉ុន្តែវា​ពិបាកណាស់​នៅពេល​ដែល​គ្មាន​របស់​ប្រើប្រាស់​គ្រប់គ្រាន់” ។​

មិនត្រឹមតែ​ស្ត្រីពេញវ័យ​ប៉ុណ្ណោះទេ​ដែលរងគ្រោះ​នៅក្នុង​ពន្ធនាគារ ។​ ជារឿយៗ ​អ្នកជាប់ឃុំ​ជាអនីតិជន​រួមមាន​ ក្មេងស្រី​ ត្រូវបាន​ឃុំខ្លួន​ ឬដាក់ឱ្យ​នៅជាមួយ​អ្នកជាប់ឃុំ​ជាមនុស្ស​ពេញវ័យដែរ ។​ ស្ត្រី ​និងក្មេងស្រី​ ក៏ទទួលបានតិចតួច​នូវការ​អប់រំ​ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដែលនេះ​ក៏ជាការ​អនុវត្ត​ផ្ទុយពី​បទដ្ឋាន​អន្តរជាតិ​ផងដែរ ។​

យើងខ្ញុំ​ សូមស្នើសុំឱ្យ​រាជរដ្ឋាភិបាល​ សូមអនុវត្ត​ឱ្យបានពេញលេញ​នូវ ​វិធានអប្បបរមា​តាមស្ដង់ដា​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ជនជាប់ឃុំ ​(វិធាន​របស់លោក​ Nelson Mandela)​ និង​វិធាន​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ជនជាប់ឃុំ​ជាស្រ្តី ​និងវិធានការ​មិនឃុំខ្លួន​សម្រាប់​ជនល្មើស​ជាស្រ្តី ​(វិធានបាងកក)​ ។

ត្រឡប់​ទៅមាតិកា

ការឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ និងការ​សន្មត​ថាគ្មានទោស

ច័ន្ទមុនី​ ដែលកំពុង​មានផ្ទៃពោះ ​បានពន្យល់ថា​ “ការរស់នៅ​ក្នុងពន្ធនាគារ​គឺលំបាកណាស់ ​ប៉ុន្តែ​ខ្ញុំមិនដឹង​ថា​ត្រូវធ្វើ​យ៉ាងមិច” ។​ “ខ្ញុំមិនទាន់មាន​ថ្ងៃកំណត់​សវនាការ​នៅឡើយទេ” ។ ​

គិតត្រឹម​ដើមឆ្នាំនេះ​ ជិតមួយភាគបី​នៃស្រ្តី ​និងក្មេងស្រី​ ជាប់ឃុំ​ក្នុងពន្ធនាគារ​ ដែលអង្គការ​លីកាដូ​បានឃ្លាំមើល​គឺស្ថិត​ក្នុងដំណាក់កាល​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំសវនាការ ។ ក្នុងនោះ​មាន ច័ន្ទមុនី ផងដែរ ដែលមិនទាន់​ត្រូវបាន​រកឃើញថា​មានទោស​ពីបទល្មើស​ណាមួយ ​ដើម្បី​បង្ហាញពី​ហេតុផល​នៃការឃុំខ្លួន​នាងនៅឡើយទេ ​ខណៈដែលស្រ្តី​និងក្មេងស្រី​ប្រមាណ ​៤១%​ផ្សេងទៀត​ កំពុងរង់ចាំ​សាលដីកា​ស្ថាពរ​ពីតុលាការ​ជាន់ខ្ពស់ ។

គ្រប់​ប្រជាពលរដ្ឋកម្ពុជា​ មាន​សិទ្ធិទទួល​បាន​ការសន្មតថា​គ្មានទោស ​ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ខណៈដែល​ជនជាប់ចោទ​នៃបទល្មើសណាមួយ​ ត្រូវតែ​មានសេរីភាព ​ប៉ុន្តែ​ក្នុងការ​អនុវត្ត​ជាក់ស្ដែង ​មនុស្សជាច្រើន ​ត្រូវបាន​ដាក់ឱ្យស្ថិត​ក្រោមការ​ឃុំខ្លួនបណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ ដោយ​គ្មានហេតុផល​សមស្រប ។​ ជនសង្ស័យ​ជាច្រើននាក់​ មិនដែល​បានជួបមេធាវី​ មិនដែល​មានលទ្ធភាព​ស្នើសុំ​នៅក្រៅឃុំ ​និងមិនដឹង​ពី​បទចោទ​ដែលខ្លួន​ត្រូវបាន​ចោទប្រកាន់​នោះទេ ។​

ការរស់នៅ​ក្នុងពន្ធនាគារ​គឺលំបាកណាស់ ​ប៉ុន្តែ​ខ្ញុំមិនដឹង​ថា​ត្រូវធ្វើ​យ៉ាងមិច ។​ ខ្ញុំមិនទាន់មាន​ថ្ងៃកំណត់​សវនាការ​នៅឡើយទេ ។

ការប្រើប្រាស់​ច្រើនហួសហេតុ​នៃការឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ នៅតែ​បន្តកើត​មាន ទោះបីជា​យុទ្ធនាការ​រយៈពេល១ឆ្នាំ ​ត្រូវបាន​ប្រកាស​ដោយ​ឯកឧត្តម​ កើត រឹទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ ក្នុងខែ​ឧសភា ​ឆ្នាំ២០២០ ​ក៏ដោយ ។​ យុទ្ធនាការនេះ​មានគោលបំណង​ ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅក្នុង​ប្រព័ន្ធ​តុលាការ ​និង​កាត់បន្ថយ​ភាពចង្អៀតណែន​នៅក្នុង​ពន្ធនាគារ​ ប៉ុន្តែ​តួលេខ​របស់​មន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃក្រសួង​មហាផ្ទៃ បានបង្ហាញថា ​អត្រា​នៃការ​ចាប់ខ្លួន​ក្នុង​បទល្មើស​គ្រឿងញៀន​បានបន្តកើនឡើង​ទាំងស្រុង​ក្នុងឆ្នាំ​ ២០២០​ ។​ ក្រសួង​មហាផ្ទៃ​បានធ្វើការ​កត់សម្គាល់​នៅក្នុង​លិខិតចុះខែកុម្ភៈ​ ឆ្នាំ២០២១​ ដែលផ្ញើ​ជូនទៅ​អ្នករាយការណ៍​ពិសេស​របស់អង្គការ​សហប្រជាជាតិថា​ “អត្រា​អ្នកជាប់​ឃុំនៅទូទាំង​ប្រទេស​គឺនៅថេរ” ។​ អត្រាឃុំខ្លួននេះ​អាចត្រូវបាន​ធ្លាក់ចុះ ​ហើយ​បញ្ហាភាព​ចង្អៀតណែន​នៅក្នុង​ពន្ធនាគារ​អាចធូរស្រាល ​ប្រសិនបើ​គោលការណ៍​សន្មត​ថា​គ្មានទោស ​និងនីតិវិធី​នៃការស្នើសុំ​នៅក្រៅឃុំ ​ដែល​ត្រូវបាន​ធានា​ដោយរដ្ឋធម្មនុញ្ញ​ ត្រូវបាន​យកមក​អនុវត្ត​ដោយត្រឹមត្រូវ ។​

យើងខ្ញុំ​ សូមស្នើសុំ​ដល់អាជ្ញាធរ​ សូមឱ្យ​ប្រើប្រាស់​ការឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ជាជម្រើស​ចុងក្រោយ​ ស្របតាម​គោលការណ៍​សន្មតថា​គ្មានទោស​ និង​ការពិចារណា​ឱ្យបាន​ត្រឹមត្រូវ​ចំពោះ​អ្នកជាប់ឃុំ​ដែល​ប្រឈមនឹង​ហានិភ័យ​ខ្ពស់​ដូចជា​ ស្រ្តី​មានផ្ទៃពោះ ​ស្រ្តីមាន​កូនតូច​នៅជាមួយ​ និងអ្នកជាប់ឃុំ​ជាអនីតិជន​ ជាដើម ។​

យើងខ្ញុំ​ សូមស្នើសុំ​ដល់អាជ្ញាធរ​ សូមឱ្យ​ធានាថា​ គ្រប់អ្នកជាប់ឃុំ​គឺត្រូវបាន​សាកសួរ​ថាពួកគេ​ចង់ស្នើសុំ​នៅក្រៅឃុំ​ដែរ ឬទេ ​និងផ្ដល់​អាទិភាព​សវនាការ​សុំនៅក្រៅឃុំ​របស់​អ្នកជាប់ឃុំ​ដែល​ប្រឈមនឹង​ហានិភ័យខ្ពស់​ដូចជា​ ស្រ្តីមាន​ផ្ទៃពោះ ស្រ្តី​មានកូនតូច​នៅជាមួយ​ និង​អ្នកជាប់ឃុំ​ជាអនីតិជន​ ជាដើម ។

ត្រឡប់​ទៅមាតិកា

ម្ដាយ និងក្មេងៗនៅ​ក្នុងពន្ធនាគារ

ក្មេងៗ​ដែលមាន​អាយុក្រោម ​៣ឆ្នាំ ​ត្រូវបាន​ច្បាប់អនុញ្ញាត​ឱ្យរស់នៅ​ក្នុងពន្ធនាគារ​ជាមួយ​ម្ដាយ​របស់​ពួកគេ ។​ នៅខែមករា​ ឆ្នាំ២០២០​ ទារិកា​អាយុ ៥ខែម្នាក់​ ដែលរស់នៅ​ក្នុងមណ្ឌលអប់រំកែប្រែទី២​ ជាមួយម្ដាយ​របស់នាង​ បាន​ស្លាប់នៅក្នុងមន្ទីរពេទ្យ ។​ ម្ដាយរបស់​នាង​ ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្រោម​ការឃុំខ្លួន​បណ្ដោះអាសន្ន​ ដោយសារ​មានការចោទប្រកាន់ថា​ នាងរក្សា​ទុកសារធាតុញៀន​ មេតាហ្វេតាមីន​ ដែលមាន​តម្លៃ​ត្រឹមតែ​ ១ម៉ឺនរៀល​ ឬ២,៥ដុល្លារ ។​ ខណៈដែល​ករណីនេះ​ទំនង​ជាការធ្វេសប្រហែស​មួយផ្នែក​របស់​មន្ត្រីពន្ធនាគារ​ និង​បុគ្គលិកពេទ្យ​នៅក្នុងពន្ធនាគារ​ មិនមាន​ការស៊ើបអង្កេត​ស៊ីជម្រៅ​ដោយឯករាជ្យ​ ឬមិនលំអៀង​ណាមួយ​ ត្រូវបាន​ធ្វើឡើង​ចំពោះការស្លាប់​របស់​ទារិកា​នេះទេ ។ ​

ទោះបីជា​មានសោកនាដកម្ម​នេះកើតឡើង​ ស្ថានភាព​នៅពន្ធនាគារ​នៅតែមិនមាន​ភាពល្អប្រសើរ​ សម្រាប់​ស្ត្រីជាប់ឃុំ​ដែលមានកូនតូច​នៅជាមួយ​ និងស្រ្តីមានផ្ទៃពោះ ។​ បុប្ផា​ ជាស្រ្តី​មានផ្ទៃពោះ ​ក្នុងអំឡុងពេល​ដែលនាងជាប់ឃុំ​ក្នុងពន្ធនាគារ ។​ នាងបាន​ពន្យល់ថា ​“ខ្ញុំដេក​លើ​កន្ទេល​នៅជិត​បន្ទប់ទឹក”​ ។ “វាពិតជា​ពិបាក​ខ្លាំងណាស់ ​ខ្ញុំឈឺពោះ​និងខ្លួន” ។​

ខ្ញុំដេក​លើ​កន្ទេល​នៅជិត​បន្ទប់ទឹក”​ ។ វាពិតជា​ពិបាក​ខ្លាំងណាស់ ​ខ្ញុំឈឺពោះ​និងខ្លួន ។

ជាទូទៅ​ ស្ត្រីមាន​ផ្ទៃពោះ​ត្រូវបាន​បដិសេធ​ការផ្ដល់​ចំណែក​អាហារ​បន្ថែម​ និងវីតាមីន​ ដែលមាន​សារៈសំខាន់​ក្នុងការ​ជួយដល់​សុខភាព​របស់​ពួកគេ​ពេលដែល​មានផ្ទៃពោះ ។​ បុប្ផា​បានពន្យល់ថា​ “យើងពឹង​ផ្អែកលើ​គ្រួសារ​ក្នុងការ​ផ្ដល់អាហារ​ទាំងនេះ” ។​ “ម្ដាយ​របស់ខ្ញុំ​មិនដែល​មកសួរសុខទុក្ខ​ខ្ញុំទេ​ ព្រោះគាត់​គ្មានលុយ ។​ ខ្ញុំបាន​ហូប​តែអាហារ​ដែល​ពន្ធនាគារ​ផ្ដល់ឱ្យទេ ​ទោះបីជា​វាមិនសូវមាន​គុណភាព “​។

ជាធម្មតា​ ស្ត្រីមាន​ផ្ទៃពោះ​មិនត្រូវបាន​ផ្ដល់​សេវាថែទាំ​សុខភាព​នៅមុនពេល​ និងក្រោយពេល​សម្រាល​កូននោះទេ ។​ ក្នុងករណី​មួយចំនួន​ ស្ត្រីនិង​កូនទើបកើត​ ត្រូវត្រឡប់​ទៅសម្រាក​នៅក្នុង​បន្ទប់​ឃុំឃាំងនៅ​លើឥដ្ឋវិញ ​បន្ទាប់ពី​សម្រាល​កូនបាន១ថ្ងៃ ។​ រាជរដ្ឋាភិបាល​ផ្ដល់ប្រាក់​បន្ថែមទៅ​ក្នុងកញ្ចប់​ថវិកា​របស់ពន្ធនាគារ​ត្រឹមតែ ០,៤៣ដុល្លារ ​ក្នុង១ថ្ងៃប៉ុណ្ណោះ​ សម្រាប់​ក្មេងម្នាក់ ។​ ជាលទ្ធផល​ ស្រ្តីជាម្ដាយ​មិនត្រូវ​បានផ្ដល់​អាហារ​ចាំបាច់​បន្ថែម​សម្រាប់​ការបំបៅ​ដោះកូន​ ឬម្សៅទឹកដោះគោ ​ក៏ដូចជា​ដបទឹកដោះគោកូន​ក្មេង​ដែលមាន​អនាម័យ ។​ នៅពេល​ដែលក្មេងតូច​ចាប់ផ្ដើម​បរិភោគ​អាហារ​រឹងបន្តិច​ ជាពិសេស​ពួកគេ​នឹងឃ្លាន​អាហារ​ដែលមាន​សារធាតុ​ចិញ្ចឹមខ្ពស់ ​។ នៅ​ពន្ធនាគារ​ភាគច្រើន ​គឺមានទីធ្លា​តិចតួចណាស់​សម្រាប់ក្មេងលេង​ ហើយប្រដាប់​ប្រដាក្មេងលេង​មិនត្រូវ​បានផ្ដល់​ឱ្យនោះទេ ។​

ក្មេងៗ​កាន់តែ​ច្រើនឡើងៗ​ កំពុង​ចំណាយ​ពេលវ័យក្មេង​របស់ពួកគេ​នៅក្នុង​ពន្ធនាគារ ។​ នៅពន្ធនាគារ​ជាច្រើន​ដែល​អង្គការ​លីកាដូ​បានឃ្លាំមើល ​ចំនួន​ក្មេងៗ​ដែលរស់នៅ​ជាមួយម្ដាយ​របស់​ពួកគេ​ក្នុងពន្ធនាគារ​បាន​កើនឡើង​ពីចំនួន​ ៣០នាក់​ ក្នុងឆ្នាំ​ ២០១៥​ ដល់ ១០៦នាក់​ ក្នុងឆ្នាំ​២០២១ ។​

យើងខ្ញុំ​ សូមស្នើសុំឱ្យតុលាការ​ សូមឱ្យផ្ដល់​ការព្យួរទោស​ដល់ស្រ្តី​ជាម្ដាយ​ ស្រ្តីមាន​ផ្ទៃពោះ ​និងអ្នកជាប់ឃុំ​ជាអនីតិជន​ដែលត្រូវបាន​ផ្ដន្ទាទោស​ពីបទមជ្ឈិម ។​

យើងខ្ញុំ​ សូមស្នើសុំ​ឱ្យរាជរដ្ឋាភិបាល​ផ្សព្វផ្សាយ​ការណែនាំ​អំពីរបៀប​ដែល​អាជ្ញាធរ​ក្នុងប្រព័ន្ធ​យុត្តិធម៌​គួរដោះស្រាយ​ករណី​ពាក់ព័ន្ធ​នឹងកុមារ​ ស្រ្តីជាម្ដាយ ​និងស្រ្តីមានផ្ទៃពោះ ​ដើម្បី​ធានាថា​ អ្នកទាំងនោះ​នឹងមិនត្រូវ​ឃុំខ្លួន​ក្នុងអត្រាខ្ពស់​ទៀត​នៅពេល​អនាគត ។​

ត្រឡប់​ទៅមាតិកា

ប្រព័ន្ធមួយ​នៅក្នុងវិបត្តិ៖​ ជំងឺកូវីដ១៩​ និង​គ្រោះធម្មជាតិ

ច័ន្ទមុនី​បាននិយាយថា​ “ខ្ញុំព្រួយបារម្ភ​ និងភ័យខ្លាច​ជំងឺកូវីដ១៩” ។​ “ពេលខ្លះ​ មានទឹក​គ្រប់គ្រាន់​ តែពេលខ្លះ​អត់មានទេ” ។​

ការឆ្លើយតប​មិនគ្រប់គ្រាន់​របស់​រាជរដ្ឋាភិបាល​ទៅលើ​ការការពារ​ជំងឺកូវីដ១៩​ នៅក្នុង​ពន្ធនាគារ​ គឺនៅខ្វះតម្លាភាព ។​ មន្ត្រី​ពន្ធនាគារ​មួយចំនួន​ត្រូវបាន​ធ្វើតេស្ត​រកឃើញថា ​មានវិជ្ជមាន​វីរុសកូវីដ១៩​ កាលពី​ចុងឆ្នាំ​២០២០​ ប៉ុន្តែ​រាជរដ្ឋាភិបាល​បានរាយការណ៍ថា​ បានធ្វើតេស្ត​ទៅលើ​អ្នកជាប់ឃុំ​តិចជាង​ ១០០នាក់​ ប៉ុណ្ណោះ។

ការទទួល​បាន​គ្រប់គ្រាន់​នូវសេវា​ថែទាំ​សុខភាព​ ទឹក​ សាប៊ូ ​ខ្យល់​ចេញចូល​ក្នុងបន្ទប់​ឃុំឃាំង ​ទឹកសម្រាប់​លាងសម្អាតដៃ​ និងម៉ាស ​គឺមានកម្រិតណាស់​ ខណៈដែល​ការវាស់កម្ដៅ​គឺមិនបាន​ធ្វើឡើង​ទៀងទាត់ទេ​ ហើយ​ការរក្សា​គម្លាត​សង្គម​គឺមិនអាច​ធ្វើទៅ​បាន​នៅក្នុង​បន្ទប់ឃុំឃាំង​ដែលមាន​លក្ខណៈ​ចង្អៀត​ណែនខ្លាំង ។​ មនុស្ស​ជាច្រើន​ដែលមាន​រោគសញ្ញា​ដូចជំងឺ​កូវីដ១៩​ ទទួលបាន​ត្រឹមតែ​ថ្នាំកម្រិត​បឋម​ដូចជា​ ប៉ារ៉ាសេតាម៉ុល​ តែប៉ុណ្ណោះ ។​

សុភារី​ បាននិយាយថា​ “មាន​អង្គការមួយ​ដែលបាន​ផ្ដល់ម៉ាស ​និង​ទឹកលាងដៃ​ ប៉ុន្តែ​វាមិន​គ្រប់គ្រាន់​ទេ”​ ។ “ក្រោយមក​ មនុស្ស​ជាច្រើន​ត្រូវការ​ទិញម៉ាស​ ឬត្រូវយក​ទឹកលាង​សម្អាតដៃ​ពីក្រុមគ្រួសារ​របស់​ពួកគេ” ។ ​

ស្រីល័ក្ខ ​ដែលបាន​ចំណាយពេល​ ៥ខែ​នៅក្នុង​ពន្ធនាគារ​ បានរៀបរាប់ថា ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បានរំលោភ​បំពាន​តាមរយៈ​ពាក្យសម្ដី​ទៅលើ​សិទ្ធិ​របស់​អ្នកជាប់ឃុំ ​ដែល​ចង់ស្វែង​រក​សេវា​ថែទាំ​សុខភាព ។​ “មុនពេល​ខ្ញុំអាច​ទៅបន្ទប់ពេទ្យ​ក្នុងពន្ធនាគារ​ មន្ត្រី​អនុរក្ស​បានប្រមាថ​ខ្ញុំដោយ​ពាក្យមិនសមរម្យមួយ​ចំនួន” ​។ “ពួកគេ​មើលងាយ​យើង​ដូចសំរាម​អ៊ីចឹង” ។​

ខ្ញុំព្រួយបារម្ភ​ និងភ័យខ្លាច​ជំងឺកូវីដ១៩” ។​ ពេលខ្លះ​ មានទឹក​គ្រប់គ្រាន់​ តែពេលខ្លះ​អត់មានទេ ។

ការចូល​សួរសុខទុក្ខ​ពីសំណាក់​ក្រុមគ្រួសារ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ទៅកាន់​ពន្ធនាគារ​ ក៏ត្រូវបាន​ផ្អាកចំនួន៣ដង​ កាលពីឆ្នាំមុន​ ខណៈដែល​ករណីខ្លះ​ ការចូលសួរ​សុខទុក្ខ​ពីសំណាក់​ក្រុមគ្រួសារ​ត្រូវបាន​ផ្អាករហូត​ដល់ ៤ខែ ។​ សុភារី​ បាននិយាយថា ​“វាពិតជា​ពិបាកណាស់​ យើង​មិនអាច​ជួប​ ឬនិយាយគ្នា​ជាមួយ​គ្រួសារ ​ឬយកសម្ភារៈ​ពីពួកគាត់” ។​ “វាពិតជា​ប៉ះពាល់​ខ្ញុំខ្លាំង​មែនទែន​ ខ្ញុំមិនបាន​ដឹង​ព័ត៌មាន​ពីក្រុមគ្រួសារទេ” ។​

អំឡុង​ពេលមាន​ទឹកជំនន់​ក្នុងខែតុលា​ ឆ្នាំ២០២០​ ពន្ធនាគារ​មួយចំនួន​ត្រូវបានបង្ខំ​ឱ្យជម្លៀស​អ្នកជាប់ឃុំ​ ដោយផ្លាស់ប្ដូរ​អ្នកទាំងនោះទៅ​កាន់ពន្ធនាគារ​មួយចំនួន​ ដែលមាន​លក្ខណៈ​ចង្អៀតណែនខ្លាំង​រួចស្រាប់​ទៅហើយ ។​

សុខា ​បាននិយាយថា​ “ទឹកជំនន់​បានហូរ​ចូល​បន្ទប់ឃុំឃាំង​នៅម៉ោង​ប្រមាណជា​ ៣ ឬ៤ទៀបភ្លឺ ។​ គ្មានអ្នកណា​ប្រាប់យើង​ពីបញ្ហា​ទឹកជំនន់​នេះទេ ​មុនពេល​ដែលវា​ហូរចូលមក” ។​ “យើងបាន​ឈរតម្រង់​ជួរនៅក្នុង​ទឹកប្រមាណជា ​៤ ទៅ៥ម៉ោង ​ដើម្បីរង់ចាំ​ឡានដឹកចេញ ។​ ទឹកបាន​ឡើង​ដល់ត្រឹមចង្កេះខ្ញុំ​ ហើយខ្ញុំ​រមាស់ខ្លាំង​មែនទែន ​។ ក្រោយមក​ យើងបាន​ដើរកាត់​ទឹកជំនន់​ ទៅកាន់​ពន្ធនាគារ​ផ្សេងទៀត ។​ អ្នកខ្លះបាន​រងរបួសជើង​ ដោយសារ​ពួកគេ​មើលមិនឃើញ​អ្វីនៅខាងក្រោមទឹក” ។​

ស្រ្តីអាច​យកវត្ថុ​មានតម្លៃ ​ឬសម្ភារៈប្រើប្រាស់​សម្រាប់​ការស្នាក់នៅ​រយៈពេល​ ២សប្ដាហ៍ ។​​ ស្រ្តីមួយ​ចំនួន​ ត្រូវគេង​ដោយគ្មាន​សម្លៀកបំពាក់​ និងកើតមាន​ការឆ្លងមេរោគ​ស្បែក​ដោយសារ​បញ្ហា​ប្រឈម​នៃការបោកគក់​ និងហាល ​សម្លៀកបំពាក់​របស់ពួកគេ ។​ សុខា​បានពន្យល់ថា ​“វារឹតតែពិបាក​ នៅពេល​ដែល​ស្ត្រីទាំងអស់​ត្រូវដាក់​ឱ្យស្ថិតនៅ​ក្នុងបន្ទប់ឃុំឃាំង​តែមួយ” ។​ “ពេលនោះ ​មានមនុស្ស​ប្រមាណជា​ ៤០០​ ទៅ ៥០០នាក់ ។​ វាពិតជា​ចង្អៀត​ខ្លាំងណាស់” ។​

ពន្ធនាគារ​ដែលមាន​ស្ថានភាព​ចង្អៀតណែន​ខ្លាំង​នៅកម្ពុជា​ គឺត្រូវបាន​រងគ្រោះ​រួចស្រាប់​ទៅហើយ ​ហើយអ្វីដែល​នឹកស្មាន​មិនដល់​ថែមទៀត​នោះគឺ ​គ្រោះធម្មជាតិ​ និង​ការរីករាលដាលនៃ​ជំងឺកូវីដ១៩​ ដែល​គំរាមកំហែង​ដល់ជីវិតរស់នៅ ​និងសុខុមាលភាព​ របស់​អ្នកជាប់ឃុំ​ទាំងអស់ ។​

យើងខ្ញុំ​​ សូមស្នើសុំ​ឱ្យរាជរដ្ឋាភិបាល​អនុវត្តតាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ​(WHO) ស្ដីពី ​“ការត្រៀមខ្លួន​ ការទប់ស្កាត់​ និងការគ្រប់គ្រង​រីរុសកូវីដ១៩​ក្នុងពន្ធនាគារ​ និងទីកន្លែងឃុំខ្លួន​ផ្សេងទៀត​” ក៏ដូចជា​អនុវត្ត​វិធានការ​រក្សាអនាម័យ​ និងរក្សា​គម្លាត​សង្គម​ឱ្យមាន​ប្រសិទ្ធភាព​នៅក្នុងពន្ធនាគារ​ទាំងអស់ ៕​

ត្រឡប់​ទៅមាតិកា

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា