សេចក្តីថ្លែងការណ៍

សូមដោះលែងសកម្មជនដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​សូម​បញ្ឈប់​ការ​បង្ក្រាប​មក​លើ​ក្រុម​យុវជន

ចេញផ្សាយ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០២០; ក្រុមសង្គមស៊ីវិល
F T M

អ្នកតវ៉ាអហិង្សា ប្រមូលផ្តុំគ្នានៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អំពាវ​នាវ​សុំ​ឱ្យ​មាន​ការ​ដោះ​លែង​មេ​ដឹក​នាំ​សហជីព​ លោក រ៉ុង ឈុន ។

យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមាន​រាយ​នាម​ដូច​ខាង​ក្រោម មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង អំពី​ការ​ចាប់​ខ្លួន​សកម្មជន​ជា​យុវជន​ក្មេងៗ​ចំនួន ៧នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​សូម​អំពាវនាវ ឱ្យ​អាជ្ញាធរ​ទំលាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទាំងអស់ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​ក្រុម​យុវជន​ទាំង​នោះ ។ យើងខ្ញុំ ក៏​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​បំភិត​បំភ័យ និង​បង្ក្រាប មក​លើ​ក្រុម​អ្នក​ការពារ​សិទិ្ធ​មនុស្ស និង​បរិស្ថាន​វ័យ​ក្មេង និង​ការ​តវ៉ា​ដោយ​អហិង្សា​របស់​អ្នក​ទាំង​នោះ ហើយ​និង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ធានា​នូវ​ការ​គោរព​សិទិ្ធ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​សិទិ្ធ​របស់​អ្នក​ទាំង​នោះ ក្រុម​គ្រួសារ​របស់​ពួក​គេ និង​សហគមន៍​ដែល​អ្នក​ទាំង​នោះ​រស់​នៅ ។

កាលពីថ្ងៃច័ន្ទ ទី៧ ខែកញ្ញា សមាជិកក្រុមយុវជន ខ្មែរថាវៈ លោក ថា ឡាវី ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន នៅ​ពេល​ដែល​លោក​បំរុង​ចេញ​ពី​រ៉ឺម៉ក​កង់បី ដើរ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ចូលរួម​តវ៉ា​ដោយ​អហិង្សា​អំពាវនាវ​សូម​ឱ្យ​មាន​ការ​ដោះលែង​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន ។ សមាជិក​ក្រុម​យុវជន ខ្មែរថាវៈ ម្នាក់​ទៀត កញ្ញា អេង ម៉ាឡៃ ត្រូវ​បាន​នគរបាល​តាម​ដាន ក្រោយ​ពី​ចូលរួម​តវ៉ា​អហិង្សា ហើយ​ត្រូវ​បាន​ចាប់​ខ្លួន ក្រោយ​ពេល​ដែល​កញ្ញា​ចាក​ចេញ​ពី​ការិយាល័យ​ឧត្តម​ស្នងការ​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទិ្ធ​មនុស្ស (UNOHCHR) ។

ការឃុំខ្លួនយុវជនទាំងនោះ ត្រូវបានធ្វើឡើង​ក្រោយ​ពេល​ដែល​សកម្មជន​បរិស្ថាន​ជា​យុវជន​ចំនួន ៣នាក់ ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ខែកញ្ញា ។ ការ​ចាប់​ខ្លួន ត្រូវ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​អ្នក​ទាំង​បី គ្រោង​នឹង​រៀបចំ​យុទ្ធនាការ​មួយ ដែល​យុវនារី​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​បី នឹង​ដើរ​ចេញ​ពី​វត្ត​ភ្នំ​ឆ្ពោះ​ទៅ​កាន់​គេហដ្ឋាន​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​ផ្សព្វផ្សាយ​អំពី​បញ្ហា​នៃ​ការ​ចាក់ដី​លុប​បឹង​តាមោក ដែល​នៅ​ភាគ​ខាងជើង​រាជធានី ។ យុវជន/នារីទាំង​បី​រួម​មាន កញ្ញា ឡុង គន្ធា កញ្ញា ភួង កែវរស្មី និង​លោក ថុន រដ្ឋា ។ កាល​ពីថ្ងៃ​អាទិត្យ ទី៦ ខែ​កញ្ញា អ្នក​ទាំង​បី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ឬ​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម យោង​តាម​មាត្រា ៤៩៤ និង ៤៩៥ នៃក្រម​ព្រហ្ម​ទណ្ឌ ។ អ្នក​ទាំង​បី ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ចាប់ពី​ពេល​នោះមក ។ ប្រសិន​បើ​តុលាការ​ផ្តន្ទាទោស​ដោយ​យោង​តាម​បទល្មើស​ខាង​លើ​នេះ អ្នក​ទាំង​បី អាច​ប្រឈម​មុខ​នឹងការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២ឆ្នាំ ។ ក្នុង​ចំណោម​អ្នក​ទាំង​បី កញ្ញា ភួង កែវ​រស្មី ទើប​តែ​មាន​អាយុ ១៩ឆ្នាំ ប៉ុណ្ណោះ ។

លើសពីនេះ នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ដដែល ព្រះ​សង្ឃ​ជា​សកម្មជន​យុវជន​ព្រះ​នាម កើត សារាយ និង​អនុ​ប្រធាន​សមាគមសម្ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ត​ខ្មែរ លោក មាន ព្រហ្មមុន្នី ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន/ព្រះ​កាយ ពាក់ព័ន្ធ​នឹង​គម្រោង​ប្រមូល​ផ្តុំ​គ្នា​​តវ៉ា​អហិង្សា​នៅ​ទី​លាន​ប្រជាធិបតេយ្យ ដើម្បី​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​សហជីព លោក រ៉ុង ឈុន ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ និង​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ និង​អ្នក​នាង ឈឿន ដារ៉ាវី ។ ព្រះ​តេជ​គុណ កើត សារាយ ត្រូវ​បាន​ចាប់​ផ្សឹក​កាល​ពីរ​សៀល​ថ្ងៃ​ច័ន្ទ ហើយ​អ្នក​ទាំងពីរ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ រួច​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ ម ១ ដើម្បី​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ។

នគរបាល ក៏បានចាប់ខ្លួនយុវជនអាយុ ២២ ឆ្នាំ ម្នាក់ ឈ្មោះ គា សុគន្ធ ដែល​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​រ៉េប នៅ​ខេត្ត​សៀម​រាប កាលពី​ថ្ងៃ​សុក្រ ទី៤ ខែកញ្ញា ។ លោក ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​បន្ទាប់ ពី​បទ ញុះញង់ ពាក់ព័ន្ធ​នឹង​បទ​ចម្រៀង​រ៉េប​មួយ​បទ ដែល​លោក​បាន​និពន្ធ ហើយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម យូធូប កាល​ពី ៤ខែមុន ដែល​មាន​ចំណង​ជើង​ថា៖ “ដីខ្មែរ” ។ បទ​ចម្រៀង​នេះ មាន​ការ​លើក​ឡើង​អំពី​បញ្ហា​ព្រំដែន ហើយ​ទទួល​បាន​ការចូល​ទស្សនា​ជាង ១លាន៣​សែន ដង នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម យូធូប ។ លោក សុគន្ធ ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​នៅ​ខេត្ត​សៀម​រាប ។

ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយ​ពី​មនុស្ស​ចំនួន ៦នាក់ ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​កាលពី​ខែសីហា ផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ដោះ​លែង លោក រ៉ុង ឈុន ដែល​រួម​មាន លោក ជុំ ពុទ្ធី លោក ឈួ ផេង កញ្ញា ស កន្និកា អ្នក​នាង ឈឿន ដារ៉ាវី និង​លោក ហ៊ុន វណ្ណៈ និង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ ។

ក្រសួងមហាផ្ទៃ បានចេញសេចក្តី​ថ្លែង​ការណ៍​មួយ កាល​ពី​ថ្ងៃច័ន្ទ ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចាត់​វិធានការ​ទៅ​លើ​សមាជិក​ក្រុម​យុវជន ខ្មែរថាវរៈ និង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដោយ​បាន​ចោទ​ប្រកាន់​ក្រុម​យុវជន​ទាំង​នោះ​ថា បាន​បង្ក​អសន្តិ​សុខ​សង្គម ។ ដោយ​បូក​ជាមួយ​នឹង​ការ​ចាប់​ខ្លួន​យុវជន ថា ឡាវី និង​កញ្ញា អេង ម៉ាឡៃ ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន គឺ​ឡើង​ដល់ ១០នាក់ ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​តវ៉ា​ដោយ​អហិង្សា អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង លោក រ៉ុង ឈុន ។

យើងខ្ញុំ មានការសោកស្តាយ និង​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​អំពី​ការ​ប្រើប្រាស់​បទ​ល្មើស​ញុះញង់ ដោយ​អាជ្ញាធរ ដើម្បី​បំបិទ​សិទិ្ធ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញមតិ និង​ចូលរួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម ។ យើងខ្ញុំ សូមអំពាវនាវ ឱ្យ​អាជ្ញាធរ​ទំលាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំង​នោះ និងសូមឱ្យបញ្ឈប់ការបំភិតបំភ័យ និង​បង្ក្រាប​លើ​ក្រុម​យុវជន​ដែល​ជា​សកម្មជន​សិទិ្ធ​មនុស្ស និង​បរិស្ថាន ។

សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖

1. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
2. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
3. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
4. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
5. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
6. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
7. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
8. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
9. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
10. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
11. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
12. សហភាពការងារកម្ពុជា (CLC)
13. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
14. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
15. អង្គការស័្មគ្រចិត្តដើម្បីសង្គម (CVS)
16. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
17. បណ្តាញយុវជនកម្ពុជា (CYN)
18. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
19. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
20. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
21. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
22. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
23. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
24. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
25. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
26. អង្គការសមធម៌កម្ពុជា (EC)
27. សមាគមឥន្ទ្រទេវី (IDA)
28. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
29. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
30. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
31. អង្គការស្ពានសន្តិភាព (PBO)
32. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
33. អង្គការពន្លកខ្មែរ (PKH)
34. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
35. សមាគមធាងត្នោត (STT)
36. អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ (SACD)
37. អង្គការមជ្ឈមណ្ឌលកម្ពុជា ដើម្បីការពារសិទ្ធិកុមារ (CCPCR)
38. អង្គការតម្លាភាពកម្ពុជា (TI)
39. អង្គការកម្មវិធី អភិវឌ្ឍន៍ ធនធានយុវជន (YRDP)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Activities for Environment Community (AEC)
២. Affiliated Network for Social Accountability (ANSA)
៣. Alliance for Conflict Transformation (ACT)
៤. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
៥. Building Community Voices (BCV)
៦. Cambodian Center for Human Rights (CCHR)
៧. Cambodian Food and Service Workers’ Federation (CFSWF)
៨. Cambodian Human Rights and Development Association (ADHOC)
៩. Cambodian Informal Economy Workers Association (CIWA)
១០. Cambodia’s Independent Civil Servants Association (CICA)
១១. Cambodian Institute for Democracy (CID)
១២. Cambodian Labor Confederation (CLC)
១៣. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១៤. Cambodian Tourism and Service Workers Federation (CTSWF)
១៥. Cambodian Volunteers for Society (CVS)
១៦. Cambodian Youth Network (CYN)
១៧. Cambodia Tourism Workers Union Federation (CTWUF)
១៨. Cambodia Youth and Monk Network (CYMN)
១៩. Center for Alliance of Labor and Human Rights (CENTRAL)
២០. Coalition for Integrity and Social Accountability (CISA)
២១. Coalition of Cambodian Apparel Workers Democratic Union (C.CAWDU)
២២. Coalition of Cambodian Farmers Community Association (CCFC)
២៣. Committee for Free and Fair Elections in Cambodia (COMFREL)
២៤. Community Peace-Building Network (CPN)
២៥. Equitable Cambodia (EC)
២៦. Free Trade Union of Workers of Kingdom of Cambodia (FTUWKC)
២៧. Indradevi Association (IDA)
២៨. Khmer Kampuchea Krom For Human Rights and Development Association (KKKHRDA)
២៩. Labour Right Supported Union Khmer Employee of Nagaworld (L.R.S.U)
៣០. Neutral and Impartial Committee for Free and Fair Elections in Cambodia (NICFEC)
៣១. Peace Bridge Organisation (PBO)
៣២. People Center for Development and Peace (PDP)
៣៣. Ponlok Khmer (PKH)
៣៤. Rural Cambodia Technological Support Organisation (RCTSO)
៣៥. Sahmakum Teang Tnaut (STT)
៣៦. Social Action for Community and Development (SACD)
៣៧. The Cambodian Center for the Protection of Children's Rights (CCPCR)
៣៨. Transparency International Cambodia (TI)
៣៩. Youth Resources Development Program (YRDP)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា