តុលាការ និងនីតិរដ្ឋ
អត្ថបទខ្លីៗ | បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាមកពីគណបក្សជំទាស់ ត្រូវចាប់ខ្លួន ឯសាលក្រមផ្តន្ទាទោសប្រធានគណបក្សបេះដូងជាតិ ត្រូវបានតម្កល់
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤
សាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត មកពីគណបក្សឆន្ទៈខ្មែរមួយរូប កាលពីថ្ងៃច័ន្ទនេះ ។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងមិនដល់ ២ សប្តាហ៍ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ នៅថ្ងៃដដែលនោះ ស្ថាបនិកម្នាក់មកពីគណបក្សជំទាស់មួយផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានតុលាការកំពូលតម្កល់សាលក្រមផ្តន្ទាទោសលើរូបលោក ។
លោក ភូ សុវណ្ណថា ដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត មកពីគណបក្សឆន្ទៈខ្មែរ និងជាអតីតប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃច័ន្ទ ក្រោយពេលលោកត្រូវបានតុលាការកោះហៅឱ្យចូលឆ្លើយបំភ្លឺ ។ លោក សុវណ្ណថា ត្រូវបានបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃច័ន្ទ ក្រោមបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈបណ្តឹងមួយរបស់អតីតសហការីរបស់លោក ដែលបច្ចុប្បន្នជាសមាជិកម្នាក់របស់គណបក្សកាន់អំណាច ។ បណ្តឹងនេះ ត្រូវបានធ្វើឡើង ដោយផ្អែកលើការបង្ហោះសាររបស់លោក សុវណ្ណថា នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ។
រីឯករណីមួយទៀត កាលពីថ្ងៃច័ន្ទដដែល តុលាការកំពូលបានសម្រេចតម្កល់ការផ្តន្ទាទោស លោក សៀម ភ្លុក សហស្ថាបនិកម្នាក់ នៃគណបក្សបេះដូងជាតិ និងជនជាប់ចោទ ៣ រូបផ្សេងទៀត ពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ។ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសឱ្យលោក ភ្លុក ជាប់ពន្ធនាគារចំនួន ៣០ ខែ និងពិន័យជាប្រាក់ ៥ លានរៀល (ប្រហែល ១.២៥០ ដុលា្លអាមេរិក) ទៅលើការចោទប្រកាន់ដែលថា លោក បានក្លែងឯកសារដែលមានស្នាមមេដៃអ្នកគាំទ្រ អំឡុងពេលដែលគណបក្សនេះព្យាយាមចុះបញ្ជីគណបក្សនយោបាយ ប៉ុន្តែត្រូវបានក្រសួងមហាផ្ទៃបដិសេធ កាលពីឆ្នាំ២០២១ ។
អត្ថបទខ្លីៗ | លោក នី ណាក់ អ្នកអធិប្បាយពីបញ្ហាសង្គម ត្រូវបានចាប់ដាក់ពន្ធនាគារ ជុំវិញការបង្ហោះសារលើហ្វេសប៊ុក
ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤
នាព្រឹកនេះ លោក នី ណាក់ អ្នកអធិប្បាយពីបញ្ហាសង្គមដោយឥតសំចៃមាត់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការក្នុងពន្ធនាគារ ក្រោយពីត្រូវបានសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង និងបទបរិហារកេរ្តិ៍ កាលពីថ្ងៃសុក្រនេះ ។
លោក នី ណាក់ បានអះអាងថា បទចោទទាំងនេះ ត្រូវបានប្ដឹងឡើង ទាក់ទងនឹងការបង្ហោះសារមួយរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលលោកបានចោទសួរអំពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ដីទំហំ៩១ហិចតា នៅក្នុងខេត្តកំពត ទៅកាន់មនុស្សម្នាក់ឈ្មោះ ហេង សួរ ។ សារព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា អ្នកទទួលបានដីនេះ គឺជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបច្ចុប្បន្ននេះ ប៉ុន្តែក្រោយមកត្រូវបានរដ្ឋាភិបាលបដិសេធវិញ ។ ពេលនេះ លោកកំពុងជាប់ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ក្នុងរាជធានីភ្នំពេញ ។
លោក នី ណាក់ បានលើកឡើងថា ការចាប់ខ្លួនលោកធ្វើឡើង តាមរយៈពាក្យបណ្ដឹងរបស់លោក ហេង សួរ ជុំវិញការបង្ហោះសាររបស់លោកមួយ ក្នុងចំណោមសារផ្សេងទៀតនៅលើបណ្ដាញសង្គម ដែលបានចែករំលែកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយបានចោទជាសំណួរថា “តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្ដល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ” ។
អត្ថបទខ្លីៗ | ការបាញ់ប្រហារនៅមហាវិថីវេងស្រេង កន្លងទៅ១០ឆ្នាំដោយគ្មានយុត្តិធម៌
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤
នារសៀលនេះ មនុស្សប្រមាណ១០០នាក់ បានប្រមូលផ្តុំគ្នានៅការិយាល័យផ្ទះសាមគ្គី ក្នុងរាជធានីភ្នំពេញ ដើម្បីរំលឹកខួប១០ឆ្នាំ នៃអំពើហិង្សាដ៏ព្រៃផ្សៃ ដែលបានកើតឡើង នៅលើមហាវិថីវេងស្រេង ក្នុងរាជធានីភ្នំពេញ នៅពេលដែលកងកម្លាំងចម្រុះរបស់រាជរដ្ឋាភិបាល បានបើកការបាញ់ប្រហារទៅលើកម្មករ-កម្មការិនីដែលកំពុងធ្វើកូដកម្ម ដោយបានបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៤នាក់ និងរងរបួស ៣៨នាក់ផ្សេងទៀត ។ លើសពីនេះ កុមារ ខឹម សុផាត ដែលជាអនីតិជននាពេលនោះ ក៏បានត្រូវគ្រាប់កាំភ្លើង និងបន្តបាត់ខ្លួនមកដល់បច្ចុប្បន្ននេះ ។
ការប្រារព្ធពិធីចងចាំនេះ ត្រូវបានចូលរួមដោយសហជីព សមាគម ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកអង្គការមិនមែនរដ្ឋាភិបាល ដោយបានចាប់ផ្ដើមដោយការសូត្រមន្តដោយព្រះសង្ឃ ។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានវាយដំ និងចាប់ខ្លួន ក្នុងឆ្នាំ២០១៤ អំឡុងពេលដែល ឃ្លាំមើលកូដកម្មមួយ នៅខាងមុខរោងចក្រ យ៉ាក ជីង មុនពេលបាញ់ប្រហារមួយថ្ងៃ បានថ្លែងនៅក្នុងការប្រារព្ធពិធីនេះផងដែរ ។
លោក វន់ ពៅ បានមានប្រសាសន៍ថា “ថ្ងៃទី០២ មករា គឺថ្ងៃសោកនាដកម្ម ។ មុនពេលចាប់ខ្លួន គេមិនបានប្រាប់យើងពីបទចោទទេ ហើយយើងក៏មិនបានជួបមេធាវីដែរ ។ យើងគ្រាន់តែតវ៉ាឱ្យមានការដំឡើងប្រាក់ខែសម្រាប់កម្មករប៉ុណ្ណោះ” ។
អត្ថបទ | “ហេតុអ្វីក៏អាជ្ញាធរមិនការពារ?”
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
ការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងសំណុំរឿង អំពើហិង្សាក្នុងគ្រួសារ ដោយមិនមានការធានាពីមធ្យោបាយតាមផ្លូវតុលាការ និងសេវាកម្មគាំទ្រ គឺធ្វើឱ្យជីវិតស្តី្រនិងកុមារស្ថិតក្នុងហានិភ័យ ។ ទោះបីជាយ៉ាងនេះក្ដី បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតវិធីសាស្ត្រនេះបន្ថែមទៀត ក្នុងព្រះរាជក្រឹត្យថ្មីមួយ ។
អ្នកស្រី បុប្ផា និងអ្នកស្រី សុធី* ដែលជាអ្នកចែករំលែករឿងរ៉ាវខាងលើ គឺជាស្រី្តដែលស្ថិតក្នុងចំណោមស្រ្តីរងគ្រោះទាំងនោះ ។ សម្រាប់យុទ្ធនាការ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រក្នុងឆ្នាំនេះ អង្គការលីកាដូ នឹងឈរជាមួយពួកគេក្នុងការទាមទារឱ្យមានភាពយុត្តិធម៌ និងសុវត្ថិភាពសម្រាប់អ្នកទាំងនោះ ។
អត្ថបទខ្លីៗ | សកម្មជនការពារព្រៃឈើ ត្រូវបានសម្រេចឱ្យរួចផុតពីបទចោទ
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣
កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ត្បូងឃ្មុំ បានប្រកាសសាលដីកា ទម្លាក់ចោលបទចោទទាំងអស់ប្រឆាំងនឹងសកម្មជនការពារព្រៃឈើនៅខេត្តរតនគិរីចំនួន ៥រូប រួមមានលោក ឆន ផល្លា សកម្មជនបរិស្ថានជាយូរឆ្នាំមកហើយ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ក្រោយពីមានការចាប់ខ្លួនលោក ក្នុងខែកញ្ញា ឆ្នាំ២០២១ ។ លោក ឆន ផល្លា ត្រូវបានដោះលែងនៅថ្ងៃនេះ បន្ទាប់ពីអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំសម្រេចមិនប្តឹងសាទុក្ខ ។
លោក ផល្លា ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៦ឆ្នាំ ក្នុងខែកក្កដា ឆ្នាំ២០២២ ខណៈដែលសកម្មជន៤នាក់ទៀតដូចជា លោក ខាំ ម៉ាសូក លោក ស៊ីថាន់ ញ៉ាន់ លោក ថ្វែ ហុក និងលោក ឡាត់ ប្រាញ់ ដែលជាជនជាតិដើមភាគតិចទំពួន ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ ប៉ុន្តែមិនត្រូវបានឃុំខ្លួនក្នុងពន្ធនាគារទេ ដោយរង់ចាំការប្ដឹងឧទ្ធរណ៍ ។ បទចោទទាំងនេះ ពាក់ព័ន្ធនឹងកិច្ចប្រជុំមួយដែលអ្នកទាំងប្រាំបានចូលរួមក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងការពារដីធ្លី និងដីព្រៃរបស់ពួកគេ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។
អ្នកទាំង៥ ធ្លាប់ត្រូវបានសាលាដំបូងខេត្តរតនគិរី ផ្ដន្ទាទោស ដោយចោទប្រកាន់ថា ពួកគេ “កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ” តាមបញ្ញត្តិមាត្រា២៨នៃក្រមព្រហ្មទណ្ឌ និងមាត្រា៥៦(៤) និងមាត្រា៦២(១) នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ៕
វីដេអូ | យន្តការដាក់ពាក្យបណ្ដឹងសម្រាប់អ្នករងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣
នាថ្ងៃនេះ អង្គការលីកាដូ សូមណែនាំយន្តការមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលចង់ដាក់ពាក្យបណ្ដឹងអំពីការរំលោភបំពាន និងកេងប្រវ័ញ្ច ពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ។
ពាក្យបណ្ដឹងនេះ អាចដាក់ដោយបុគ្គលណាម្នាក់ ដែលរងផលប៉ះពាល់ និងជួបការរំលោភបំពាន នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ។ ការរំលោភបំពានទាំងនោះ មានដូចជា ការលក់ដីដោយបង្ខំ ពលកម្មកុមារ ចំណាកស្រុកខុសច្បាប់ ភាពអត់ឃ្លាន ការគំរាមកំហែង និងការបង្ខិតបង្ខំ ព្រមទាំងផលប៉ះពាល់ផ្សេងទៀត ។
របាយការណ៍ | ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣
នាថ្ងៃនេះ អង្គការសមធម៌កម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ចេញផ្សាយរបាយការណ៍មួយស្ដីពី ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ ។ របាយការណ៍នេះ បង្ហាញពីការរកឃើញនៅក្នុងការស្ទង់មតិមួយទៅលើប្រជាពលរដ្ឋចំនួន ៧១៧ខ្នងផ្ទះ ។
ការសិក្សាស្រាវជ្រាវនេះ បង្ហាញថា ការរីករាលដាលនៃភាពជំពាក់បំណុលច្រើនលើសលប់ បាននាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន រួមមានភាពអត់ឃ្លាន ពលកម្មកុមារ និងការលក់ដីដោយបង្ខំជាដើម នៅទូទាំងខេត្តកំពង់ស្ពឺ ។ អ្នកខ្ចីប្រាក់ កំពុងធ្វើការលះបង់ដោយមិនសមស្របជាច្រើន ដើម្បីបង់សងកម្ចីដែលតម្រូវឱ្យដាក់ធានានូវប័ណ្ណកម្មសិទ្ធិដីធ្លីដ៏ច្រើនលើសលប់ ហើយជារឿយៗ វាតែងតែលើសពីប្រាក់ចំណូល និងសមត្ថភាពរបស់អ្នកខ្ចី ក្នុងការបង់សង ។
កម្រងរូបភាព | អស់រយៈពេល៧ឆ្នាំ ការអំពាវនាវឱ្យមានយុត្តិធម៌ទៅលើឃាតកម្មលោកបណ្ឌិត កែម ឡី នៅតែបន្ត
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣
នាថ្ងៃនេះ ប្រជាពលរដ្ឋ តំណាងគណបក្សនយោបាយ និងក្រុមសង្គមស៊ីវិល រួមមានបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងសកម្មជនជាច្រើននាក់ បានជួបជុំគ្នាដើម្បីប្រារព្ធខួប៧ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ។ ពួកគេនៅតែបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងឥតលម្អៀង ទៅលើការមរណភាពរបស់លោកបណ្ឌិត ដើម្បីបង្ហាញការពិត និងផ្ដល់យុត្តិធម៌សម្រាប់រូបលោក ក៏ដូចជាក្រុមគ្រួសាររបស់លោក ។
សេចក្តីថ្លែងការណ៍ | ការស្នើទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុងទាំង ១០នាក់ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីព ដែលមានរាយឈ្មោះដូចខាងក្រោម សូមស្នើសុំឱ្យទម្លាក់ចោលឱ្យបានឆាប់នូវការចោទប្រកាន់ពី បទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើសកម្មជនដីធ្លីចំនួន ១០នាក់ មកពីសហគមន៍ចំនួន ៣ នៅក្នុងខេត្តកោះកុង និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ ។ សកម្មជនដីធ្លីទាំងនេះមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ ប៉ុន្តែពួកគេគ្រាន់តែលើកឡើងពីទុក្ខកង្វល់ និងសម្ដែងមតិដោយអហិង្សា ដើម្បីការពារដីធ្លី និងក្រុមសមាជិកសហគមន៍របស់ពួកគេ ។ ប៉ុន្តែពួកគេ ត្រូវបានធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារចំពោះសកម្មភាពទាំងនោះទៅវិញ ។
សកម្មជនដីធ្លីចំនួន ១០នាក់ ត្រូវបានចា ប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ ពួកគេ៩នាក់ក្នុងចំណោមនោះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ នៅក្នុងពន្ធនាគារខេត្តកោះកុង ដោយសកម្មជនម្នាក់ទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង ។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីសកម្មជនដីធ្លីទាំងនោះព្យាយាមធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌ ។ ប្រសិនបើត្រូវបានផ្ដន្ទាទោស សកម្មជនដីធ្លីម្នាក់ៗនឹងប្រឈមនូវការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និង ពិន័យជាប្រាក់ រហូតដល់ ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារ) ។
អត្ថបទខ្លីៗ | សកម្មជនដីធ្លីខេត្តកោះកុងជាច្រើននាក់ ត្រូវបានតុលាការឃុំខ្លួន និងចោទប្រកាន់
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣
យ៉ាងតិចណាស់មានសកម្មជនដីធ្លីចំនួន ៩ នាក់ មកពីសហគមន៍ចំនួន ៤ នៅក្នុងខេត្តកោះកុង ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ ហើយត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដោយគ្រាន់តែអ្នកទាំងនោះព្យាយាមដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌ ។
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរបានរារាំងសមាជិកសហគមន៍ជាច្រើននាក់ ដែលមកពីស្រុកស្រែអំបិល ដើម្បីកុំឲ្យសហគមន៍ទាំងនោះធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិ ។ អ្នកតំណាងសហគមន៍ជាច្រើននាក់ ដែលមកពីសហគមន៍ចំនួន ៤ ត្រូវបានឃាត់ខ្លួន និងសាកសួរ ។ ក្រោយមក សកម្មជនដីធ្លីចំនួន ១១ នាក់ ត្រូវបានឃាត់ខ្លួន រួចបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅក្រុងខេមរភូមិន្ទ ។ សកម្មជនដីធ្លីទាំងនោះត្រូវបានឃាត់ខ្លួនអស់មួយយប់ ជាមួយនឹងក្មេងតូចអាយុ ៦ ឆ្នាំម្នាក់ និង១ខួបកន្លះម្នាក់ របស់សកម្មជនពីរនាក់ ។ ក្មេងទាំងពីរនាក់ បានស្នាក់នៅក្នុងស្នងការដ្ឋានអស់មួយយប់ជាមួយម្តាយរបស់ពួកគេ ។ ឪពុករបស់កុមារអាយុ៦ឆ្នាំ ត្រូវបានហៅឲ្យមកទទួលយកកូន កាលពីព្រឹកមិញ ខណៈដែលសកម្មជនទាំង ១១នាក់ ត្រូវបានបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តកោះកុង ។ អ្នកទាំងនោះត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការនៅក្នុងពន្ធនាគារខេត្តកោះកុង ។ សមាជិកសហគមន៍ផ្សេងទៀតត្រូវបានអាជ្ញាធររារាំងពីការប្រមូលផ្តុំនៅខាងក្រៅតុលាការ ដើម្បីគាំទ្រដល់អ្នកតំណាងរបស់ពួកគេ ។
សមាជិកសហគមន៍ជាង ១០០នាក់ មកពីសហគមន៍ទាំង ៥ គ្រោងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីដាក់ញត្តិ ស្នើសុំដល់រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ លោក កើត រិទ្ធ អន្តរាគមន៍ទម្លាក់ចោលបទចោទប្រកាន់មកលើសកម្មជនដីធ្លី ចំនួន ៣០ នាក់ ដែលមកពីសហគមន៍ចំនួន ៤ ។ នគរបាល បានរារាំងរថយន្តក្រុងដឹកសកម្មជនដីធ្លី ចំនួន ៤គ្រឿង កាលពីព្រឹកមិញនេះ ដោយមានតែរថយន្តមួយគ្រឿងប៉ុណ្ណោះអាចបន្តដំណើរមកកាន់រាជធានីភ្នំពេញ។
សេចក្តីថ្លែងការណ៍ | ប្រទេសកម្ពុជា និងអ៊ីតាលី មិនគួរណែនាំការស្មុំកូនអន្តរប្រទេសទេ
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បញ្ឈប់នូវការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ ។ ប្រទេសកម្ពុជា មិនបានអនុម័តកិច្ចគាំពារ ដែលនឹងការពារអត្ថប្រយោជន៍ល្អបំផុតរបស់កុមារ ឬទប់ស្កាត់ការកើតឡើងវិញ នូវការក្លែងបន្លំ និងអំពើពុករលួយធ្ងន់ធ្ងរ ដែលបានកត់សម្គាល់នៅក្នុងការស្មុំកូនអន្តរប្រទេសដែលកើតមានពីអតីតកាល ។
ប្រទេសជាច្រើន បានហាមឃាត់ការស្មុំកូនអន្តរប្រទេសពីប្រទេសកម្ពុជាពេញមួយទសវត្សរ៍ឆ្នាំ២០០០ បន្ទាប់ពីមានភស្ដុតាងជាច្រើននៃការអនុវត្តដែលប្រាសចាកពីច្បាប់ និងគ្មានសីលធម៌ ។ នេះរួមបញ្ចូលទាំងអាជ្ញាធរ និងបុគ្គលិកមណ្ឌលកុមារកំព្រា ដែលក្លែងបន្លំឯកសារប្រកាសថា កុមារមួយចំនួនជាក្មេងកំព្រា ឬជាក្មេងគេបោះបង់ចោល ដោយជាទូទៅ មានការផ្លាស់ប្ដូរឈ្មោះ និងថ្ងៃខែឆ្នាំកំណើតរបស់ពួកគេ ។ បន្ទាប់មក កុមារត្រូវបានគេស្មុំយកទៅចិញ្ចឹមនៅក្រៅប្រទេស ដោយពុំមានការយល់ព្រម ឬដឹងឮពីឪពុកម្ដាយរបស់ពួកគេ ។ ជាលទ្ធផល ប្រទេសកម្ពុជាខ្លួនឯងផ្ទាល់ បានផ្អាកការស្មុំកូនអន្តរប្រទេសនៅក្នុងឆ្នាំ២០០៩ ។
អត្ថបទខ្លីៗ | តុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
នាព្រឹកនេះ តុលាការកំពូលបានតម្ដល់សាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញ ក្នុងការបដិសេធមិនឱ្យលោក ថាច់ សេដ្ឋា ថ្នាក់ដឹកនាំនៃគណបក្សជំទាស់នៅក្រៅឃុំ ។
លោក សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងបទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៤ មាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ក្នុងខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកជាមួយពលករខ្មែរនៅក្រៅប្រទេស និងត្រូវបានបង្គាប់ឱ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ។
ថ្នាក់ដឹកនាំគណបក្សជំទាស់វ័យ ៧០ ឆ្នាំរូបនេះបានប្ដឹងឧទ្ធរណ៍ ដោយអះអាងថាលក្ខខណ្ឌនៃការដាក់រូបលោកឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការគឺគ្រប់គ្រាន់ហើយ និងបានលើកឡើងថា ស្ថានភាពសុខភាពរបស់លោកមិនអាចទ្រាំទ្រនឹងស្ថានភាពនៅក្នុងពន្ធនាគារនោះទេ ។ ទោះជាយ៉ាងណា សាលាឧទ្ធរណ៍នៅតែបង្គាប់ឱ្យមានការឃុំខ្លួនលោកបណ្ដោះអាសន្ន ក្នុងខែឧសភា ឆ្នាំ២០២៣ ។
សេចក្តីថ្លែងការណ៍ | សូមបញ្ឈប់ការឃុំខ្លួនដែលមិនចាំបាច់ លើកុមារនៅក្នុងពន្ធនាគារដ៍ចង្អៀតណែន
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣
នៅក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិនៃសិទិ្ធកុមារ ឆ្នាំ២០២៣ នេះ និងនៅខណៈដែល កំណើននៃការឃុំខ្លួនអនីតិជននៅក្នុងពន្ធនាគារមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ អង្គការ លីកាដូ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងស្ថាប័នតុលាការ សូមមេត្តាធ្វើការដោះស្រាយជាបន្ទាន់ចំពោះវិបត្តិដែលកុមារជាច្រើននាក់កំពុងជាប់ និងចម្រើនវ័យនៅក្នុងពន្ធនាគារដ៍ចង្អៀតណែន ហើយដែលការឃុំខ្លួនលើកុមារទាំងនោះ គឺមិនមាន ភាពចាំបាច់ទាល់តែសោះ ។
ចំនួនអនីតិជន ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារទាំង ១៩ កន្លែង ដែលអង្គការ លីកាដូ បានឃ្លាំមើល មានការកើនឡើងជាង ៣០% ដែលជាចំនួនលើសពីចំនួននៅក្នុងឆ្នាំមុន ។ នេះបើយោងទៅតាមព័ត៌មានដែលទទួលបានពីមន្ត្រីរដ្ឋបាលពន្ធនាគារជាច្រើន ។ ចំនួនអនីតិជននៅក្នុង ពន្ធនាគារមានរហូតដល់ទៅ ១.៦៥៨ នាក់ ក្នុងខែមេសា ឆ្នាំ ២០២៣ ។ ប្រហែល ៩៦% នៃអនីតិជនទាំងនោះជាកុមារា ៥២% នៃកុមារទាំងនោះ គឺកំពុងតែជាប់ឃុំជាបណ្តោះអាសន្ន រង់ចាំសវនាការ និង ៣៧% ផ្សេងទៀតកំពុងរង់ចាំសាលក្រមស្ថាពរ ។
អត្ថបទខ្លីៗ | សកម្មជនអំពាវនាវរកយុត្តិធម៌នៅថ្ងៃខួប១១ឆ្នាំនៃការបាញ់សម្លាប់លោក ឈុត វុទ្ធី
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣
នាថ្ងៃនេះ ក្រុមយុវជនមាតាធម្មជាតិ បានដឹកនាំការដង្ហែក្បួន ដើម្បីរំលឹកខួបនៃឃាតកម្មលើសកម្មជនការពារបរិស្ថានលោក ឈុត វុទ្ធី ដែលត្រូវបានបាញ់សម្លាប់ កាលពីឆ្នាំ២០១២ ខណៈពេលដែលលោកកំពុងជូនអ្នកសារព័ត៌មាន២នាក់ ល្បាតព្រៃការពារនៅក្នុងខេត្តកោះកុង ។ មន្រ្តីអាវុធហត្ថឈ្មោះ អ៊ីន រតនា ដែលត្រូវបានប្រទះឃើញថា ត្រូវបានបាញ់សម្លាប់នៅថ្ងៃតែមួយដែរនោះ ត្រូវបានចោទប្រកាន់ពីអំពើឃាតកម្មនេះក្រោយពីមានការស៊ើបអង្កេតមិនច្បាស់លាស់មួយ ។
ក្រុមយុវជន ប្រមាណ២៥នាក់ មកពីក្រុមមាតាធម្មជាតិ បណ្ដាញយុវជនកម្ពុជា និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ នាព្រឹកនេះ បានជួបជុំគ្នានៅមុខវត្តបទុមវត្តី ដើម្បីហែក្បួនទៅក្រសួងយុត្តិធម៌ ។ ពួកគេបង្ហាញរូបលោក ឈុត វុទ្ធី និងពាក្យស្លោកផ្សេងៗ ក៏ដូចជាស្លៀកសំលៀកបំពាក់តំណាងឱ្យលោក ឈុត វុទ្ធី ដើម្បីជានិមិត្តរូបនៃការបន្តបេសកកម្មរបស់លោក ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ។
តំណាងក្រុមយុវជនបានសម្ដែងមតិអំពីផលប៉ះពាល់ដែលកំពុងបន្តកើតមានទៅលើព្រៃឈើនៅកម្ពុជា និងអំពាវនាវឱ្យក្រសួងយុត្តិធម៌ ផ្ដល់យុត្តិធម៌ឱ្យលោក ឈុត វុទ្ធី ។ ពួកគេបានប្រគល់ញត្តិឱ្យនគរបាល ដើម្បីយកទៅឱ្យក្រសួងយុត្តិធម៌ ។ ក្រុមយុវជន ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ក្រុមសន្តិសុខខណ្ឌដូនពេញ និងអាជ្ញាធរស្លៀកពាក់ស៊ីវិលប្រមាណជា ១៥នាក់ ។
អត្ថបទខ្លីៗ | តុលាការកំពូល ផ្ដន្ទាទោសមនុស្ស ១៣នាក់ ក្នុងសវនាការដ៏ធំនៃសំណុំរឿងគណបក្សសង្គ្រោះជាតិ
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
នាព្រឹកនេះ តុលាការកំពូល បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ និងសាលដីកាសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសសមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន ១២រូប និងអតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ពីបទញុះញង់ និងបទរួមគំនិតក្បត់ ហើយត្រូវបានកាត់ទោសម្នាក់ៗឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ក្នុងនោះទោស ១៦ខែត្រូវបានព្យួរ ។ តុលាការកំពូលពុំបានផ្ដល់ហេតុផលនៅក្នុងសាលដីកានេះទេ ។
មនុស្សទាំង ១៣នាក់ ត្រូវបានផ្ដន្ទាទោស នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដោយសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងសវនាការដ៏ធំមួយ រួមជាមួយអតីតថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិចំនួន៨រូបទៀត ដែលមិនបានប្ដឹងសារទុក្ខ ។ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្ដល់ការផ្ដន្ទាទោសជនជាប់ចោទទាំង ១៣នាក់ ក្នុងខែធ្នូ ឆ្នាំ២០២២ ។ អ្នកទាំង១៣ មានដូចជា លោក ឆុន ប៊ុនឆាត លោក ឡុង ផារី លោក ឃុត ច្រឹក លោក ងិន ឃាន លោក យឹម សារ៉េត លោក ឃឹម ភាណា លោក ថៃ សុគន្ធា លោក កែវ ថៃ លោក ញ៉ែម វាន លោក ជុំ ចាន់ លោក សុខ ចន្ថា លោក ពៀត ម៉ាប់ និងលោក ស៊ន់ ធន់ ។
អ្នកទាំង១៣ ត្រូវបានឃុំខ្លួនជាប់មករហូតតាំងពីសវនាការនៅតុលាការជាន់ទាប ដោយពួកគាត់ជាច្រើននាក់ ត្រូវបានឃុំខ្លួន រហូតដល់ ៣ឆ្នាំ ហើយរង់ចាំការប្រកាសសាលដីកាស្ថាពរនៅថ្ងៃនេះ ។ អ្នកទាំងនោះ នៅតែបន្តស្ថិតក្រោមការឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី៣ ដោយកំពុងអនុវត្តទោសជាប់ពន្ធនាគារ ៣ឆ្នាំ ៨ខែ ។ ការផ្ដន្ទាទោសនេះ នឹងធ្វើឱ្យពួកគាត់ជាប់ពន្ធនាគាររហូតដល់ក្រោយការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
អត្ថបទ | មនុស្ស១៣នាក់ត្រូវបានផ្ដន្ទាទោស ក្នុងនោះ៤នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារក្នុងសំណុំរឿងក្លែងឯកសារ
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
នារសៀលនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក សៀម ភ្លុក សហស្ថាបនិកនៃគណបក្សបេះដូងជាតិខ្មែរ និងមនុស្ស១២ទៀត ពីបទក្លែងបន្លំ និងបទប្រើប្រាស់ឯកសារក្លែង តាមបញ្ញត្តិមាត្រា៦២៦ មាត្រា៦២៧ មាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ។ លើសពីនេះ លោក សៀម ភ្លុក ដែលត្រូវបានឃុំខ្លួនតាំងពីខែមេសា ឆ្នាំ២០២២ ក៏ដូចជាជនជាប់ចោទ៣នាក់ទៀត ត្រូវបានចាប់ខ្លួនតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅមុនពេលប្រកាសសាលក្រម ដោយមិនដឹងមូលហេតុ ។
តុលាការ បានកាត់ទោសលោក សៀម ភ្លុក ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ៥លានរៀល (ប្រមាណ ១.២៥០ដុល្លារ) ខណៈដែលជនជាប់ចោទ១២នាក់ទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ដូចៗគ្នាផងដែរ ។ ពុំមានការចេញដីកាចាប់ខ្លួនពួកគេទេ ហើយតុលារការ ក៏មិនបានបញ្ជាក់ហេតុផលចំពោះសាលក្រមនេះដែរ ។
អត្ថបទខ្លីៗ | តុលាការកំពូលបដិសេធបណ្ដឹងសារទុក្ខរបស់សមាជិកសហជីពណាហ្គាវើលដ៍ និងបន្តឱ្យកញ្ញា ឈឹម ស៊ីថរ នៅក្នុងពន្ធនាគារ
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
នាព្រឹកនេះ តុលាការកំពូល បានបដិសេធបណ្ដឹងសារទុក្ខរបស់ស្ត្រីសហជីពចំនួន ៧រូប ដែលជាតំណាងសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយរួមមានកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព ផងដែរ ។ តាមសាលដីការបស់តុលាការកំពូល កញ្ញា ស៊ីថរ នឹងត្រូវបន្តឃុំខ្លួនក្នុងពន្ធនាគារ នៅក្នុងដំណាក់កាលនៃសវនាការសំណុំរឿងញុះញង់ដែលកំពុងបន្តនេះ ដែលបានចាប់ផ្ដើមនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ស្ត្រីចំនួន៦រូបទៀត រួមមាន អ្នកស្រី ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ស៊ុន ស្រីពេជ្រ និងទូច សិរីមាស នឹងត្រូវបន្តដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ សាលដីការបស់តុលាការកំពូល ត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានថា ពុំមានលិខិតផ្ទេរសិទ្ធិឱ្យមេធាវី ត្រូវបានដាក់ជូន នៅក្នុងបណ្ដឹងសារទុក្ខនេះទេ ។
បច្ចុប្បន្ន ស្ត្រីទាំង៧រូប កំពុងស្ថិតក្នុងដំណាក់កាលជំនុំជម្រះពីបទញុះញង់ (រួមជាមួយជនជាប់ចោទពីរនាក់ផ្សេងទៀត) ដោយសារតែសកម្មភាពកូដកម្មអហិង្សារបស់ពួកគេ ។ ពួកគេ បានប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២២ ដែលបានបង្គាប់ឱ្យកញ្ញា ឈឹម ស៊ីថរ បន្តស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ។ ចៅក្រមស៊ើបសួរ ក៏បានសម្រេចដាក់ស្ត្រី៦រូបទៀតឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការផងដែរ ។
សមាជិកសហជីពណាហ្គាវើលដ៍ បានចាប់ផ្ដើមធ្វើកូដកម្ម តាំងពីខែធ្នូ ឆ្នាំ២០២១ ក្រោយពេលមានការបញ្ឈប់ បុគ្គលិកទ្រង់ទ្រាយធំនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ ដែលរួមមានថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ទាំងស្រុង និងសមាជិកមួយចំនួនធំនៃសហជីពនេះ ។ ស្រ្តីសហជីពទាំង៧រូប ត្រូវបានចាប់ខ្លួនដំបូងពីបទញុះញង់ នៅចុងខែធ្នូ ឆ្នាំ២០២២ និងដើមខែមករា ឆ្នាំ២០២២ ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល២ខែ ។ ពួកគេ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ក្នុងខែមីនា ឆ្នាំ២០២២ ប៉ុន្តែ កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួន នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារម្ដងទៀត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលកំពុងវិលត្រលប់មកពីចូលរួមសន្និសីទសិទ្ធិការងារមួយនៅប្រទេសអូស្ត្រាលី ។ កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួនម្ដងទៀត ដោយសារការចោទប្រកាន់ថា កញ្ញាបានបំពានលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ ទោះបីជាទាំងកញ្ញា និងមេធាវីការពារសិទ្ធិឱ្យកញ្ញា មិនធ្លាប់ទទួលបានការជូនដំណឹងអំពីលក្ខខណ្ឌណាមួយក៏ដោយ ។ កញ្ញា ស៊ីថរ កំពុងនៅបន្តឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែទី២ ក្នុងរាជធានីភ្នំពេញ ៕
អត្ថបទខ្លីៗ | ព្រះសង្ឃមួយអង្គត្រូវបានឃាត់ព្រះកាយ និងផ្សឹក អំឡុងពេលចូលរួមធម្មយាត្រា ដើម្បីយុត្តិធម៌សង្គម និងទាមទារដោះលែងសកម្មជននៅក្នុងពន្ធនាគារ
ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣
ព្រះតេជព្រះគុណ សយ សាត ត្រូវបានឃាត់ព្រះកាយមួយយប់នៅក្នុងស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ។ ព្រះអង្គត្រូវបានចាប់ផ្សឹក និងដោះលែងវិញ នៅល្ងាចថ្ងៃទី១០ ខែមីនានេះ ដោយត្រូវបានបង្ខំឱ្យក្លាយពលរដ្ឋសាមញ្ញវិញ ។
ការឃាត់ព្រះកាយនេះ កើតឡើង ក្នុងពេលដែលព្រះអង្គកំពុងបន្តដំណើរធម្មយាត្រាបែបសាសនា ដែលចាប់ផ្ដើម តាំងពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅក្នុងរាជធានីភ្នំពេញ ហើយរំពឹងថានឹងបញ្ចប់នៅក្នុងចម្ងាយ ៣៥០គីឡូម៉ែត្រ នៅក្រុងប៉ោយប៉ែត ។
ព្រះអង្គ សយ សាត បានធ្វើធម្មយាត្រានេះ ដើម្បីបង្ហាញពីការទាមទារចំនួន ៧ចំណុច រួមមាន ការអំពាវនាវសូមឱ្យបញ្ឈប់ការបណ្ដេញព្រះសង្ឃចេញពីវត្ត ដោយសារការចូលរួមសកម្មភាពសង្គម សូមកុំឱ្យប្រើប្រាស់តុលាការដោយរំលោភបំពានដើម្បីប្រឆាំងនឹងសកម្មជន សូមឱ្យគោរពសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានដំណោះស្រាយសមស្របលើបញ្ហាដីធ្លី និងសូមឱ្យមានការដោះលែងអ្នកនយោបាយ ក្រុមសង្គមស៊ីវិល និងយុវជន ដែលបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ។
អត្ថបទ | ឯកឧត្ដម កឹម សុខា ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ និងបទសន្ទិដ្ឋិភាពជាមួយបរទេស
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣
នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស ឯកឧត្ដម កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ (CNRP) ពីបទក្បត់ជាតិ និងបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។ ឯកឧត្ដម ត្រូវបានផ្ដន្ទាទោស ២៧ឆ្នាំ ក្នុងពន្ធនាគារ និងភ្លាមៗត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះ ក្រោយពីត្រូវបាននាំចេញពីបន្ទប់សវនាការដោយសន្តិសុខ និងនគរបាល៥នាក់ ។ ការផ្ដន្ទាទោសនេះ ធ្វើឡើងនៅរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ មុនពេលឈានដល់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ ។
តុលាការ ក៏បានបង្គាប់ឱ្យដកសិទ្ធិនយោបាយជាអចិន្រ្តៃយ៍ចំពោះឯកឧត្ដម កឹម សុខា ក្នុងការឈរឈ្មោះ ឬចូលរួមបោះឆ្នោត ដែលជាទណ្ឌកម្មបន្ថែម តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ ។ សាលក្រម បានរៀបរាប់ថា ទំហំគ្រោះថ្នាក់ គឺពុំទាន់ត្រូវបានវាយតម្លៃនៅឡើយ ដែលទំនងជាពាក់ព័ន្ធនឹងវិធានការរដ្ឋប្បវេណី ដែលអាចនឹងត្រូវបានប្ដឹង ស្របតាមមាត្រា២២នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
អត្ថបទខ្លីៗ | អតីតមេឃុំគណបក្សសង្គ្រោះជាតិ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១៨ខែ
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣
នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពីការផ្ដន្ទាទោសទៅលើអតីតមេឃុំមកពីគណបក្សជំទាស់ គឺ អ្នកស្រី កឹម តុលា ពាក់ព័ន្ធនឹងការចោទប្រកាន់ពី បទញុះញង់ ដោយផ្ដន្ទាទោសអ្នកស្រីដាក់ពន្ធនាគាររយៈពេល ១៨ខែ ។
អ្នកស្រី តុលា ដែលត្រូវបានជាប់ឆ្នោតនៅក្នុងខេត្តកំពង់ស្ពឺ គឺជាអតីតមន្រ្តីគណបក្សសង្រ្គោះជាតិម្នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវបានជំនុំជម្រះ និងផ្ដន្ទាទោសពីបទញុះញង់ ក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២២ នៅក្នុងសំណុំរឿងមួយទាក់ទិននឹងការបង្ហោះសារលើហ្វេសប៊ុក នៅចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ។ អ្នកស្រី តុលា ត្រូវបានផ្ដន្ទាទោសដោយកំបាំងមុខ និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ ។
អ្នកស្រី តុលា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណៈពេលដែលអ្នកស្រីកំពុងចាកចេញទៅជួបស្វាមីអ្នកស្រីនៅក្នុងប្រទេសអាឡឺម៉ង់ ។ មេធាវីការពារសិទ្ធិឱ្យអ្នកស្រី បានបដិសេធការផ្ដន្ទាទោសកាលពីខែសីហា ឆ្នាំ២០២២ ដោយផ្អែកលើហេតុផលថា អ្នកស្រី តុលា មិនធ្លាប់ត្រូវបានកោះហៅឱ្យបានត្រឹមត្រូវតាមនីតិវិធីនោះទេ ហើយសាលាដំបូងរាជធានីភ្នំពេញ បានជំនុំជម្រះករណីនេះម្ដងទៀត នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ។ ជាថ្មីម្ដងទៀត តុលាការបានផ្ដន្ទាទោសអ្នកស្រី កឹម តុលា ពីបទញុះញង់ ដោយមិនមានផ្ដល់ហេតុផលអ្វីនោះទេ ទោះបីជាពុំមានភស្តុតាងបញ្ជាក់គ្រប់គ្រាន់ នៅក្នុងពេលជំនុំជម្រះឡើងវិញនោះ ដែលថា អ្នកស្រី តុលា បានចុចចូលចិត្ត អធិប្បាយ ឬចែករំលែកការបង្ហោះសារនៅលើហ្វេសប៊ុក របស់គណបក្សផ្សេងទៀត ដែលជាកម្មវត្ថុនៃករណីនេះ ៕