អត្ថបទ

តុលាការ​ផ្ដន្ទាទោស​មនុស្ស​យ៉ាងតិច​ ​៥​១​នាក់​ ​ក្នុង​សំណុំរឿង​ដ៏​ធំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​

ចេញផ្សាយ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០២២
F T M
អ្នកស្រី​ ព្រុំ ​ចាន់​ថា​ ​ប្រពន្ធ​លោក​ ​កាក់​ កុម្ភា ​ស្រែក​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​របស់​អ្នកស្រី​ពី​ពន្ធ​នាគា​រ​មកវិញ​ ​ជាមួយ​សមាជិក​គ្រួសារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត​ ​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​។​ ​

​នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ​ ​សមាជិក​ ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ​យ៉ាងតិច​ចំនួន​ ​៥​១​រូប​ ​ពី​បទ​រួមគំនិតក្បត់​ ​និង​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​៤​៥​៣​ ​មាត្រា​៤​៩​៤​ ​និង​មាត្រា​៤​៩​៥​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​

​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ​១​២​រូប​ ​ត្រូវ​បាន​កាត់ទោស​ដោយកំបាំង​មុខ​ ឱ្យ​ជាប់ពន្ធនាគារ​កំណត់​រយៈពេល​ ​៨​ឆ្នាំ​ ​។​ ​សមាជិក​ ​និង​អ្នកគាំទ្រ​ចំនួន​ ​១​៩​រូប​ ​ផ្សេងទៀត​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​៦​ឆ្នាំ​ ​។​ ​នា​ព្រឹកនេះ​ ​ក៏​មានការ​ចេញដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួនមនុស្ស​ទាំង​ ​៣​១​ ​នាក់​ ​ផង​ដែរ​ ​។​

​សកម្មជន​ចំនួន​ ​២​០​នាក់​ ​ផ្សេងទៀត​ ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​ ​ប៉ុន្តែ​ទោស​ទាំងអស់​ត្រូវ​បាន​ព្យួរ​ ​មានន័យ​ថា​ ​អ្នក​ទាំងនោះ​នឹង​មិន​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​នោះ​ទេ​ ​។​ ​ជនជាប់ចោទ​ចំនួន​ ​៩​នាក់​ ​ផ្សេងទៀត​ ​មិន​ត្រូវ​បាន​ប្រកាស​ឈ្មោះ​ក្នុង​សាលក្រម​ ​នា​ព្រឹកនេះ​ទេ​ ​ដូចនេះ​ការ​សម្រេច​សេចក្ដី​ទៅលើ​ពួកគេ​គឺ​នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ ​។​ ​ពុំ​មានការ​ទម្លាក់​ចោល​បទ​ចោទ​នៅ​ក្នុង​ការប្រកាស​សាលក្រម​នេះ​ទេ​ ​។​ ​ជនជាប់ចោទ​ម្នាក់​ក្នុងចំណោម​ ​៩​នាក់​ ​លោក​ ​យឹម​ ​ស៊ី​ណ​ន​ ​ទើបបាន​ប្រាប់​សារ​ព័ត៌មាន​ក្នុងស្រុក​ថា​ ​បទ​ចោទ​ប្រឆាំង​នឹង​អ្នក​ទាំង​៩​ ​ត្រូវ​បាន​ទម្លាក់​ចោល​ ​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​បន្ទាប់ពី​ពួកគេ​បាន​សរសេរ​លិខិត​ស្នើ​ទៅ​សម្ដេច​នាយករដ្ឋមន្ត្រី​ ​។​ ​

​កញ្ញា​ ​សេង​ច័ន្ទ​ធារី​ ​ឬ​ ​សេង​ ​ធារី​ ​ដែល​មាន​សញ្ជាតិ​ខ្មែរ​ ​និង​អាមេរិក​ ​គឺ​ស្ថិត​ក្នុងចំណោម​ជនជាប់ចោទ​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​៦​ឆ្នាំ​ ​។​ ​កញ្ញា​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ជា​កន្លែង​ដែល​កញ្ញា​ឈរ​តវ៉ា​ប្រឆាំង​នឹង​បទ​ចោទ​ផ្សេងៗ​នា​ព្រឹកនេះ​ ​ដោយ​ស្លៀកពាក់​តំណាង​ឱ្យ​រូបសំណាក​សេរីភាព​ ​បន្ទាប់ពី​មាន​ការប្រកាស​សាលក្រម​ ​។​

​ជនជាប់ចោទ​៤​នាក់​ ​ផ្សេងទៀត​ ​បាន​ជាប់ឃុំ​ស្រាប់​ទៅ​ហើយ​ ​រួម​មាន​លោក​ ​កាក់​ កុម្ភា ​លោក​ ​ហេង​ ​ច័ន្ទសុទ្ធី ​លោក​ ​ទុំ​ ​ប៊ុន​ថន​ ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ ​ខណៈ​ដែល​អ្នកស្រី​ ​យក់​ ​នាង​ ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​រាជធានី​ភ្នំពេញ​ (ប៉េហ្ស៊ី) ​។​ ​អ្នក​ទាំងនោះ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​៦​ឆ្នាំ​ ​។​ ​អ្នកស្រី​ ​យក់​ ​នាង​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​បន្ទាប់ពី​បាន​ក្លាយ​ជា​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ ​។​

​អ្នកជាប់ឃុំ​៤​នាក់​នេះ​ ​គឺ​ជនជាប់ចោទ​ដែល​មាន​វត្តមាន​នៅក្នុងបន្ទប់​សវនាការ​នា​ព្រឹកនេះ​ ​។​ ​អ្នកស្រី​ ព្រុំ ​ចន្ថា​ ​ប្រពន្ធ​លោក​ ​កាក់​ កុម្ភា ​គឺ​សមាជិក​គ្រួសារ​អ្នកជាប់ឃុំ​តែម្នាក់​គត់​ ​ដែល​បាន​ចូលរួម​ស្ដាប់ការ​ប្រកាស​សាលក្រម​ ​នា​ថ្ងៃនេះ​ ​ដោយ​បាន​យំ​ ​និង​ព្យាយាម​ទៅ​ជិត​ស្វាមី​របស់​អ្នកស្រី​ ​ប៉ុន្តែ​ម​ន្រ្តី​សន្តិសុខ​បាន​រាំង​ខ្ទប់​ជនជាប់ចោទ​ពី​អ្នកឃ្លាំមើល​នៅ​ក្នុង​សវនាការ​ ​និង​បាន​នាំ​ជនជាប់ចោទ​ចេញក្រៅ​បន្ទប់​សវនាការ​ ​។​

​អំឡុង​ពេល​សវនាការ​ ​មេធាវី​ការពារ​ក្ដី​ ​បាន​លើកឡើង​ម្ដង​ហើយ​ម្ដងទៀត​ថា​ ​ជនជាប់ចោទ​ជាច្រើន​ ​មិន​ត្រូវ​បាន​កោះហៅ​ចូល​សវនាការ​ឱ្យ​បាន​ត្រឹមត្រូវតាម​នីតិវិធី​នោះ​ទេ​ ​។​ ​ជនជាប់ចោទ​ភាគច្រើន​ ​ត្រូវ​បាន​កាត់ទោស​ដោយកំបាំង​មុខ​ ​។​

​រឿងក្ដី​នេះ​ ​បាន​អូស​បន្លាយពេល​ ​ចាប់ពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​ដល់​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​។​ ​សវនាការ​ទាំងនេះ​ ផ្ដោ​ត​សំខាន់​ទៅលើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ជាពិសេស​ឯកឧត្ដម​ ​សម​ ​រ​ង្ស៊ី ​ដែល​ជា​ប្រធាន​គណបក្ស​ ​ក្នុង​ការ​ព្យាយាម​ធ្វើ​មាតុភូមិនិវត្តន៍​ ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ក៏ដូចជា​ការ​បង្កើត​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ ​។​

​រូបភាព​ថត​ស្រ្គី​ន​ជាច្រើន​ក្នុង​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ទៅលើ​អតីត​គណ​បក្សជំទាស់​ ​ឬ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ ​គឺជា​ភស្ដុតាង​ភាគច្រើន​ត្រូវ​បាន​លើកយក​មក​បង្ហាញ​ដើម្បី​ដាក់​បន្ទុក​ ​។​ ​ពុំ​មាន​ភាព​ស៊ីចង្វាក់គ្នា​រវាង​ភស្តុតាង​ដែល​បាន​ទទួលយក​ ​ជនជាប់ចោទ​ម្នាក់ៗ​ ​និង​ធាតុផ្សំ​នៃ​បទល្មើស​នីមួយៗ​ទាំងនោះ​ទេ​ ​ហើយ​ចៅក្រម​មិនបាន​ផ្ដល់​ការ​វិភាគ​វែកញែក​នៅ​ក្នុង​សាលក្រម​ព្រឹកនេះ​ទេ​ ​។​

​សាលក្រម​ថ្ងៃនេះ​ ​ធ្វើឡើង​ក្រោយ​ពី​មាន​សវនាការ​ដ៏​ធំ​ ​ដែល​ចាប់ផ្ដើម​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​ទៅលើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ​១​៣​៨​នាក់​ ​។​ ​ក្រោយមក​ ​សវនាការ​ដ៏​ធំ​នេះ​ ​ត្រូវ​បាន​បែងចែក​ជា​ ​២​ធំ​ៗ​ ​ដោយមាន​៤​សំណុំរឿង​ ​។​ ​ការប្រកាស​សាលក្រម​នា​ថ្ងៃនេះ​ ​គឺ​ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ​ចំនួន​ ​៦​០​នាក់​ ​នៅ​ក្នុង​សំណុំរឿង​លេខ​ ​១​១​៤​០​និង​លេខ​ ​៦​០​០​៥​ ​ខណៈ​ដែល​ជនជាប់ចោទ​ចំនួន​ ​៧​៨​នាក់​ ​ផ្សេងទៀត​ ​កំពុង​រង់ចាំ​សវនាការ​នៅ​ក្នុង​សំណុំរឿង​លេខ​ ​៦​៧​២​៥​ ​និង​លេខ​ ​៧​៨​១​៨​ ​។​

​អ្នក​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​៨​ឆ្នាំ​ ​មាន​ដូចជា​៖​ ​ឯកឧត្ដម​ ​សម​ ​រ​ង្ស៊ី ​ឯកឧត្ដម​ ​អេង​ ​ឆៃ​អ៊ា​ង​ ​លោកជំទាវ​ ​មូរ​ ​សុខ​ហួរ​ ​ឯកឧត្ដម​ ​តុ​ ​វ៉ាន់​ចាន់​ ​ឯកឧត្ដម​ ​ហូរ​ ​វ៉ាន់​ ​ឯកឧត្ដម​ ​អ៊ូ​ ​ច័ន្ទ​ឫទ្ធិ​ ​ឯកឧត្ដម​ ​ឡុង​ ​រី​ ​ឯកឧត្ដម​ ​ម៉ែន​ សុ​ថាវ​រិន្រ្ទ ​ឯកឧត្ដម​ ​អ៊ុំ​ ​សំ​អាន​ ​លោក​ មោ​ញ​ ​សារ៉ាត់​ ​លោក​ ​អ៊ី​សា​ ​ឧ​ស្មាន​ ​និង​ឯកឧត្ដម​ ​គង់​ ​សភា​ ​។​

​អ្នក​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​៦​ឆ្នាំ​ ​មាន​ដូចជា​៖​ ​លោក​ ​កាក់​ កុម្ភា ​លោក​ ​ហេង​ ​ច័ន្ទសុទ្ធី ​លោក​ ​ទុំ​ ​ប៊ុន​ថន​ ​អ្នកស្រី​ ​យក់​ ​នាង​ ​លោក​ ​អូន​ ​ពៅ​ ​លោក​ ​នី​វ​ ​ចំរើន​ ​អ្នកស្រី​ ​សេង​ ​ច័ន្ទ​ធារី​ ​លោក​ ​ជា​ ​ជី​វ​ ​ឯកឧត្ដម​ ​ឡុង​ ប៊ុត្តា ​ឯកឧត្ដម​ ​ហេង​ ​ដា​ណា​រ៉ូ ​លោក​ ឆាំ ​ឆៃ​យ៉ា​ ​លោក​ ​តោ​ ​និមល​ ​លោក​ ​ហេង​ ឡៃ​ហួរ​ ​លោក​ ឃិ​ន​ ​ជំរឿន​ ​លោក​ ​នាង​ សុ​ឃុន​ ​លោក​ ​សួន​ ​ចំរើន​ ​លោក​ ​រិន​ ​រដ្ឋ​ ​លោក​ ​សេង​ ​ប៊ុន​រ៉ុ​ង​ ​និង​លោក​ ​ឆេង​ ​សោភ័ណ​ ​។​

​អ្នក​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​៥​ឆ្នាំ​ ​ប៉ុន្តែ​ត្រូវ​បាន​ព្យួរទោស​ទាំងស្រុង​ ​មាន​ដូចជា​៖​ ​លោក​ ​លី​ ​រត​ន​រស្មី​ ​លោក​ សុ​ត​ ​វ៉ាន់​ឌី​ ​លោក​ ព្រុំ ​រ័ត្ន ​លោក​ ​ភួង​ ​ថា​ ​លោក​ ​ឯក​ ​ចេស្ដា​ ​អ្នកស្រី​ ​ហង្ស​ ​សុផា​រី​ ​លោក​ ​នៅ​ ​វិចិត្រ​ ​លោក​ ​អ៊ូ​ ​គឹម​ហ៊​ត​ ​លោក​ ​ហ៊ឹង​ ​ទាក់​ ​លោក​ ​ស្រី​ ​ច័ន្ទ​តារា​ ​លោក​ ​ជា​ ​យ៉ា​ម៉ន​ ​ឯកឧត្ដម​ ​វ៉ា​ន​ ​ណា​រិទ្ធ​ ​លោក​ អ៊ិ​ន​ ខុ​ម​ ​លោក​ ​ឡេង​ ​សេង​ហុង​ ​លោក​ ​ឆាត​ ​វិជ្ជា​ ​លោក​ ​ហ៊ី​ ​សុខជា​ ​អ្នកស្រី​ ​ណី​ ​ល័ក្ខ​ ​កញ្ញា​ ​សៅ​ ​ឧសភា​ ​លោក​ ​ឃាន​ ​វិសេស​ ​និង​កញ្ញា​ ​យូ​ ​ចាន់​ធានី​ ​។​

​សាលក្រម​របស់​មនុស្ស​៩​នាក់​ផ្សេងទៀត​ ​មិនទាន់​មាន​ភាព​ច្បាស់លាស់​ ​មាន​ដូចជា​៖​ ​លោក​ ​ទឹម​ ​វណ្ណី​ ​អ្នកស្រី​ ​រស់​ ​សុផល​ ​លោក​ ​ឈុន​ ​ប៊ុន​ហ៊ា​ ​លោក​ ​សុខ​ ​រដ្ឋា​ ​លោក​ ​យង់​ ​ស៊ី​ណេ​ត​ ​អ្នកស្រី​ ព្រុំ ​សុខា​ ​លោក​ ថុ​ង​ ​ហួច​ ​លោក​ ​មាស​ ​ពិសាល​ ​និង​លោក​ ​យឹម​ ​ស៊ី​ណ​ន​ ​។​ ក្រោយមក​ ​មានការ​រាយការណ៍​ថា​ ​បទ​ចោទ​ប្រឆាំង​នឹង​អ្នក​ទាំង​៩​ ​ត្រូវ​បាន​ទម្លាក់​ចោល​ ​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​។​ ​

​សាលក្រម​ថ្ងៃនេះ​ ​គឺជា​សាលក្រម​ទី​៣​ហើយ​ ​ក្នុង​សវនាការ​ដ៏​ធំ​របស់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​គិត​ចាប់តាំង​ពី​ឆ្នាំ​២​០​២​១​មក​ ​។​ ​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ​៩​នាក់​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ឧបឃាត​ប្រឆាំង​នឹង​រដ្ឋ​ ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​ខណៈ​ដែល​មនុស្ស​ចំនួន​ ​២​១​នាក់​ផ្សេងទៀត​ ​រួម​មាន​សកម្មជន​គណបក្ស​ស​ង្រ្គោះ​ជាតិ​ ​និង​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​។​

អត្ថបទ​នេះ​ ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​ដើម្បី​បញ្ជាក់​ពី​ការ​រាយការណ៍​ថា​ ​បទ​ចោទ​ប្រឆាំង​នឹង​ជនជាប់ចោទ​៩​នាក់​ ​ដែល​ត្រូវ​បាន​ទម្លាក់​ចោល​ ​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​៕

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា