ឯកឧត្ដម កឹម សុខា ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ និងបទសន្ទិដ្ឋិភាពជាមួយបរទេស
ចេញផ្សាយ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស ឯកឧត្ដម កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ (CNRP) ពីបទក្បត់ជាតិ និងបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។ ឯកឧត្ដម ត្រូវបានផ្ដន្ទាទោស ២៧ឆ្នាំ ក្នុងពន្ធនាគារ និងភ្លាមៗត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះ ក្រោយពីត្រូវបាននាំចេញពីបន្ទប់សវនាការដោយសន្តិសុខ និងនគរបាល៥នាក់ ។ ការផ្ដន្ទាទោសនេះ ធ្វើឡើងនៅរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ មុនពេលឈានដល់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ ។
តុលាការ ក៏បានបង្គាប់ឱ្យដកសិទ្ធិនយោបាយជាស្ថាពរចំពោះឯកឧត្ដម កឹម សុខា ក្នុងការឈរឈ្មោះ ឬចូលរួមបោះឆ្នោត ដែលជាទណ្ឌកម្មបន្ថែម តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ ។ សាលក្រម បានរៀបរាប់ថា ទំហំគ្រោះថ្នាក់ គឺពុំទាន់ត្រូវបានវាយតម្លៃនៅឡើយ ដែលទំនងជាពាក់ព័ន្ធនឹងវិធានការរដ្ឋប្បវេណី ដែលអាចនឹងត្រូវបានប្ដឹង ស្របតាមមាត្រា២២នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកនេះ ក៏បានបង្គាប់ឱ្យចេញដីកាឃុំខ្លួន និងដីកាចាប់ខ្លួន ដែលមានប្រសិទ្ធភាពអនុវត្តភ្លាមៗ តាមបញ្ញត្តិមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ដោយពិចារណាពីសុខភាពរបស់ឯកឧត្ដមដែលមានអាយុ ៦៩ឆ្នាំ និងការបន្តសហការកន្លងមកនៅក្នុងសវនាការ ចៅក្រមបានបង្គាប់ឱ្យឯកឧត្ដម កឹម សុខា ស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះ និងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ រហូតដល់ពេលការផ្ដន្ទាទោសចូលជាស្ថាពរ ដោយសាររង់ចាំបណ្ដឹងឧទ្ធរណ៍ និងបណ្ដឹងសារទុក្ខ ។ លក្ខខណ្ឌពេញលេញក្នុងការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ មិនត្រូវបានបញ្ជាក់ជាក់លាក់នោះទេ ប៉ុន្តែរួមមាន ការហាមឃាត់ឯកឧត្ដម កឹម សុខា មិនឱ្យជួបអ្នកណាផ្សេងក្រៅពីក្រុមគ្រួសារ ទោះបីជាដោយផ្ទាល់ក្ដី ឬតាមរយៈប្រព័ន្ធអនឡាញក្ដី ប្រសិនបើគ្មានការអនុញ្ញាតពីតុលាការ ។ នគរបាល ក៏ត្រូវបានផ្ដល់សិទ្ធិពេញលេញ ក្នុងការឃ្លាំមើល ធ្វើអធិការកិច្ច និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីអនុវត្តការត្រួតពិនិត្យតាមផ្លូវតុលាការនេះ ។
ភាគីផ្សេងៗ នឹងទទួលបានសាលក្រមពេញលេញ ប៉ុន្តែព័ត៌មានពិស្ដារនៃអ្នកគាំទ្រ និងតួអង្គបរទេសទាំងអស់ នឹងនៅតែរក្សាទុកជាការសម្ងាត់ជារៀងរហូត បើតាមតុលាការ ។
ឯកឧត្ដម កឹម សុខា ត្រូវបានចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រ នៅគេហដ្ឋានរបស់ឯកឧត្ដម កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ គឺមានរយៈពេលត្រឹមតែ២ខែប៉ុណ្ណោះ ក្រោយពីការបោះឆ្នោតជ្រើសរើសក្រមប្រឹក្សាឃុំ-សង្កាត់ ក្នុងខែកក្កដា ឆ្នាំ២០១៧ ជាការចាប់ខ្លួនមួយដែលសាលាដំបូងរាជធានីភ្នំពេញ យល់ថា ស្របតាមច្បាប់ នៅក្នុងសាលក្រមថ្ងៃនេះ ។ ឯកឧត្ដម ត្រូវបានឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី៣ ដែលជាតំបន់ដាច់ស្រយាល ក្នុងខេត្តត្បូងឃ្មុំ អស់រយៈពេលជាងមួយឆ្នាំ ។
ក្រោយពីចាប់ខ្លួនឯកឧត្ដម តុលាការកំពូល បានរំលាយគណបក្សសង្រ្គោះជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ និងដាក់បម្រាមធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ចំពោះមន្ត្រីគណបក្សចំនួន១១៨រូប ។ គណបក្សនេះ ត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០១២ នៅពេលដែលគណបក្សនយោបាយដឹកនាំដោយឯកឧត្ដម សម រង្ស៊ី (គណបក្ស សម រង្ស៊ី) និងគណបក្សដឹកនាំដោយឯកឧត្ដម កឹម សុខា (គណបក្សសិទ្ធិមនុស្សដែលបង្កើតឡើងក្នុងឆ្នាំ២០០៧) បានរួមបញ្ចូលគ្នា នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ ។
ទោះបីជាឯកឧត្ដម កឹម សុខា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម ត្រូវបានប្រឈមនឹងការឃុំខ្លួនក្នុងផ្ទះ តាមលក្ខខណ្ឌក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ ឯកឧត្ដម ត្រូវបានរារាំងពីការចាកចេញពីទីតាំងដ៏តូចមួយនៅជុំវិញគេហដ្ឋានរបស់ឯកឧត្ដម ការជួបជាមួយ “ជនបរទេស” ឬមន្ត្រីគណបក្សសង្គ្រោះជាតិ ឬការធ្វើសកម្មភាពនយោបាយផ្សេងៗ ។ ការរឹតត្បិតទាំងនេះ ដែលក្នុងនោះមានការឃុំខ្លួនក្នុងផ្ទះ ត្រូវបានបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែឯកឧត្ដម នៅតែត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងសកម្មភាពនយោបាយ ឬចាកចេញពីប្រទេស ។
ការដាក់បម្រាមធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ចំពោះមន្ត្រីគណបក្សចំនួន១១៨រូប បានផុតកំណត់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន បានភៀសខ្លួនចេញពីប្រទេស និងបដិសេធមិនឱ្យចូលមកក្នុងប្រទេសវិញ ដោយបន្តរស់នៅក្រៅប្រទេស ។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សមាជិក និងអ្នកគាំទ្រសរុបចំនួន ១៥៨រូប ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងធំៗចំនួន៥ផ្សេងគ្នា ហើយអតីតសមាជិកគណបក្សចំនួន៧៩នាក់ ត្រូវបានផ្ដន្ទាទោស ដែលភាគច្រើនកាត់ទោសដោយកំបាំងមុខ ។ សវនាការនៃសំណុំរឿងធំមួយទៀតពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ៧៨នាក់ មិនទាន់ត្រូវបានកំណត់ពេលវេលានោះទេ ។
ករណីប្រឆាំងនឹងឯកឧត្ដម កឹម សុខា ត្រូវបានប្រព្រឹត្តទៅនៅក្នុងការជំនុំជម្រះចំនួន ៦៦លើក ដោយអូសបន្លាយពេលជាង៣ឆ្នាំ ។ ករណីនេះអះអាងថា សកម្មភាពនយោបាយ ការថ្លែងជាសាធារណៈនិងការជាប់ពាក់ព័ន្ធ ការបង្កើតអង្គការមិនមែនរដ្ឋាភិបាលសិទ្ធិមនុស្ស និងសកម្មភាពដទៃទៀតក្នុងរយៈពេល ២៤ឆ្នាំ (១៩៩៣-២០១៧) របស់ឯកឧត្ដម ត្រូវបានធ្វើឡើងដោយមានការគាំទ្រពីសំណាក់បរទេសដែលមិនបង្ហាញអត្តសញ្ញាណ រួមជាមួយនឹងចេតនាក្នុងការបង្កើតបដិវត្ដពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។
ភស្តុតាងសំខាន់ដែលបានលើកយកមកបង្ហាញប្រឆាំងនឹងមេដឹកនាំគណបក្សជំទាស់រូបនេះ គឺការថ្លែងរបស់ឯកឧត្ដម ក្នុងឆ្នាំ២០១៣ ទៅកាន់អ្នកគាំទ្រនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ដែលឯកឧត្ដម បានលើកឡើងពីរៀនសូត្រអំពីប្រជាធិបតេយ្យមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក និងការទទួលបានការណែនាំអំពីរបៀបផ្លាស់ប្ដូរមេដឹកនាំ ដោយយោងទៅលើការតវ៉ាជាសាធារណៈមួយចំនួន ដែលក្រោយមក បានបណ្ដេញចេញមេដឹកនាំផ្ដាច់ការនៃប្រទេសស៊ែប លោក Slobodan Milošević ។
មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្ដីរបស់ឯកឧត្ដម កឹម សុខា និងការបង្កើតគណបក្សសង្គ្រោះជាតិមុនពេលមានការបោះឆ្នោតជាតិជាសកលក្នុងខែកក្កដា ឆ្នាំ២០១៣ ក៏ដូចជាការធ្វើបាតុកម្មអំពាវនាវឱ្យមានការកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្រោយការបោះឆ្នោត ដោយផ្អែកលើ របាយការណ៍នៃភាពមិនប្រក្រតី ។
អំពើហិង្សានៅមហាវិថី វេង ស្រេង នៅក្នុងរាជធានីភ្នំពេញ កាលខែមករា ឆ្នាំ២០១៤ ដែលអាជ្ញាធរបានបាញ់រះទៅលើកម្មកររោងចក្រដែលធ្វើកូដកម្ម ត្រូវបានរៀបរាប់ដោយតំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីរបស់រាជរដ្ឋាភិបាល ថាជា ការប៉ុនប៉ងធ្វើបដិវត្តពណ៌ ។ ការតវ៉ាជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៦ ដែលត្រូវបានស្គាល់ថាជា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលបានធ្វើឡើងឆ្លើយតបទៅនឹងការចាប់ និងឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស៥នាក់ ក៏ត្រូវបានកំណត់ចរិកលក្ខណៈថាជា ត្រូវបានរៀបចំលួចលាក់ដោយគណបក្សសង្គ្រោះជាតិផងដែរ ដែលជាការប៉ុនប៉ងធ្វើបដិវត្តពណ៌ជាលើកទី២ ។
សាក្សីដែលត្រូវបានកោះហៅឱ្យចូលរួមសវនាការ រួមមាននាយិកាប្រតិបត្តិបច្ចុប្បន្ននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ត្រូវបានសាកសួរអំពីការជាប់ពាក់ព័ន្ធរបស់ឯកឧត្ដម កឹម សុខា ជាមួយ “បរទេស” មូលនិធិជំនួយរបស់ CCHR ក៏ដូចជាការចូលរួមនៅក្នុងសិក្ខាសាលាអំពីការឃ្លាំមើលការបោះឆ្នោត និងបាតុកម្មអហិង្សា ជាដើម ។
តាមរយៈសវនាការទាំងមូល អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានការពារខ្លួនយ៉ាងខ្លាំង ថាជា ការលើកកម្ពស់អហិង្សា និងការស្វែងរកការផ្លាស់ប្ដូរតាមរយៈដំណើរការលទ្ធិប្រជាធិបតេយ្យ ។ មេធាវីការពារសិទ្ធិរបស់ឯកឧត្ដម កឹម សុខា បានសាកសួរពីភាពស្របច្បាប់នៃការចាប់ខ្លួនឯកឧត្ដម និងបានបដិសេធទៅលើ ភស្តុតាងដោយមូលដ្ឋានមួយចំនួន ក្នុងនោះមានភាពមិនជាប់ពាក់ព័ន្ធគ្នារវាងភស្តុតាង និងឯកឧត្ដម កឹម សុខា ហើយសម្ដីឯកឧត្ដមត្រូវបានការពារដោយច្បាប់ ឬមិនអាចយកជាការបានដោយសារវាបានកើតឡើងមុនឆ្នាំ២០០៩ (ពេលដែលក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចូលជាធរមាន) ។
ក្រុមការងារស្ដីពីការឃុំខ្លួនតាមទំនើងចិត្តនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសការចាប់ខ្លួន និងការឃុំខ្លួនឯកឧត្ដម កឹម សុខា នៅក្នុងសេចក្ដីសម្រេចមួយ ក្នុងខែមេសា ឆ្នាំ២០១៨ ថាជា ការចាប់ខ្លួនតាមទំនើងចិត្ត និងជាការរំលោភបំពានទៅលើសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ។ ក្រុមការងារនេះ ក៏បានលើកឡើងផងដែរថា បទចោទព្រហ្មទណ្ឌប្រឆាំងនឹងឯកឧត្ដម កឹម សុខា គឺជាការរឹតត្បិតដែលមិនអាចប្រកែកបាន ទៅលើសិទ្ធិសេរីភាពបញ្ចេញមតិ និងគំនិតយោបល់របស់ឯកឧត្ដម ។
ក្នុងខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារនេះ បានចេញសេចក្ដីថ្លែងការណ៍មួយ រួមជាមួយនឹងអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិចំនួន៣រូបទៀត ដែល សម្ដែងក្ដីបារម្ភ ជុំវិញការឃុំខ្លួនឯកឧត្ដមក្នុងផ្ទះ ដោយកត់សម្គាល់ថា ឯកឧត្ដមនៅតែស្ថិតក្រោមការឃុំខ្លួន និងលើសពីរយៈពេលឃុំខ្លួនបណ្ដោះអាសន្នអតិបរមា ដែលកំណត់ចំនួន១៨០ថ្ងៃ ចំពោះការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ យោងតាមមាត្រា២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
សវនាការនៃសំណុំរឿងក្បត់ជាតិនេះ មិនត្រូវបានធ្វើឡើងនោះទេ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ និងត្រូវបានផ្អាកអស់រយៈពេលជិត២ឆ្នាំ អំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ។ សវនាការនេះ បានបន្ដនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ហើយក្រោយពីសវនាការចំនួន ៦៦លើក សេចក្ដីសន្និដ្ឋានត្រូវបានធ្វើឡើងនៅក្នុងការជំនុំជម្រះដ៏វែងមួយដែលមានរយៈពេល ១១ម៉ោង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ។ តាមរយៈការជំនុំជម្រះរយៈពេល ១១ម៉ោងនោះ ឯកឧត្ដម កឹម សុខា ត្រូវបានអនុញ្ញាតឱ្យសម្ដែងមតិយោបល់តែប៉ុន្មាននាទីប៉ុណ្ណោះ ៕
MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ