ការ​ចាប់អារម្មណ៍​លើ​អ្នកការពារ​សិទ្ធិមនុស្ស៖ ព្រុំ ចាន់ថា

សកម្មជន​នយោបាយ​ ក្រុមស្ត្រី​ថ្ងៃសុក្រ​ នៅ​រាជធានី​ភ្នំពេញ

ខណៈដែលការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត ត្រូវធ្វើឡើង ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខនេះ​ ​ការ​គំរាមកំហែង​ ​និង​វិធីសាស្ត្រ​បំភិតបំភ័យ​ ​នៅតែ​បន្ត​ត្រូវ​បាន​ប្រើប្រាស់​ ​ដើម្បី​រារាំង​អ្នក​តស៊ូ​មតិ​ដែល​នៅ​សេសសល់​សម្រាប់​សេរីភាព​ ​និង​ប្រជាធិបតេយ្យ​ ​នៅ​កម្ពុជា​ ​។​ ​ការបៀតបៀន​ផ្លូវ​ភេទ​ ​និង​អំពើ​ហិង្សា​លើ​រូបរាងកាយ​ ​គឺជា​មធ្យោបាយ​តាម​អំពើ​ចិត្ត​ក្នុង​ការគាបសង្កត់​នេះ​ ​។​ ​គ្រួសារ​សកម្មជន​ ​រងគ្រោះ​ពី​ការវាយប្រហារ​ដោយ​កា​រដាក់​គោលដៅ​ ​ហើយ​មនុស្ស​មួយ​ចំនួន​បាន​ដក​ការ​គាំទ្រ​សម្រាប់​ពួកគេ​ ​ដោយសារតែ​ការ​ភ័យខ្លាច​នៃ​ប្រតិកម្ម​ពីសំណាក់​អាជ្ញាធរ​ ​។​

អ្នកស្រី​ ព្រុំ ​ចាន់​ថា​ ​និង​គ្រួសារ​ ​គឺ​ស្ថិត​ក្នុងចំណោម​សកម្មជន​ជាច្រើន​នាក់​ ​ដែល​កំពុង​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​ខាងនយោបាយ​ ​នៅ​កម្ពុជា​ ​។​ ​អ្នកស្រី​ ​គឺជា​សមាជិក​លេចធ្លោ​មួយ​រូប​នៃ​ “​ក្រុម​ស្រ្តី​ថ្ងៃសុក្រ​” ​ដែល​ជាសកម្ម​ជន​ស្ត្រី​ ​ដោយ​ត្រូវ​បាន​ស្គាល់​ពី​ការ​តវ៉ា​ ​ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​ស្វាមី​របស់​ពួកគេ​ ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគា​រយ៉ា​ង​អយុត្តិធម៌​ ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​របស់​ពួកគេ​ ​។​ ​នៅមុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា​ ​ខាងមុខនេះ​ ​ការងារ​របស់​ពួកគេ​ ​គឺ​រឹត​តែ​សំខាន់​ជាង​មុន​ទៀត​ ​ក្នុង​ការ​ជួយ​ឱ្យ​មាន​តម្លា​ភាព​ចំពោះ​អ្នក​ដែល​រំលោភ​តួនាទី​អំណាច​របស់​ពួកគេ​ ។

ធម្មតា​ ​បើ​សិន​យើង​ធ្វើការ​បក្ស​ប្រឆាំង​ ​វា​តែងតែ​មាន​ការរិះគន់​ ​និង​ស្ថាបនា​ ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដែល​កាន់កាប់​ហ្នឹង​គឺ​កែប្រែ​ ​ឬ​ក្រសួង​ដទៃ​ដើម្បី​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ ​តែ​នេះ​គ្រាន់តែ​គ្រួសារ​នាងខ្ញុំ​និយាយ​អ្វី​ដែល​ការពិត​ ​ហើយ​ធ្វើអ្វី​ពិត​ ​អ៊ីចឹង​ទៅ​ ​គាត់​ចាប់ផ្ដើម​ចាប់

អ្នកស្រី​ ​ចាន់​ថា​ ​បាន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​លើ​រូបរាងកាយ​ ​ដោយសារតែ​សកម្មភាព​អហិង្សា​របស់​អ្នកស្រី​ជាមួយ​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ ​។​ ​អ្នកស្រី​បាន​រៀបរាប់​ថា​ “​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ខ្ញុំ​គឺ​រាប់មិនអស់​ទេ​ ​អាជ្ញាធរ​គាត់​ចាប់​ខ្ញុំ​ទម្លាក់​លើក​ដូច​ជ្រូក​ចឹ​ង​ ​ចង់​១​ខែ​ដែល​ខ្ញុំ​ពាក់​អ្វី​ដែល​អប​ចង្កេះ​” ​។​ ​មាន​ពេល​មួយទៀត​ ​ដែល​អ្នកស្រី​ ​ត្រូវ​បាន​ចាប់​អូស​លើ​ផ្លូវ​ ​បណ្ដាល​ឱ្យ​រង​របួស​ហូរ​ឈាម​ជង្គង់​ ​។

ដូចគ្នានឹង​ស្ត្រី​ជាច្រើន​នាក់​ទៀត​ ​ដែល​ស្ថិតនៅ​ជួរមុខ​នៃ​ភាព​សកម្ម​និយម​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​អ្នកស្រី​ ​ចាន់​ថា​ ​ក៏​រងគ្រោះ​ពី​ការបៀតបៀន​ផ្លូវ​ភេទ​ពីសំណាក់​អាជ្ញាធរ​ផង​ដែរ​ ​។​ ​បន្ថែម​លើ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​បាន​ជួបប្រទះ​ក្នុងនាម​ជា​អ្នក​សម្ដែង​មតិ​ឥត​សំចៃ​មាត់​ ​អ្នកស្រី​លើកឡើង​ថា​ “​រូបរាងកាយ​ខ្ញុំ​គឺ​ជាំ​គ្រប់កន្លែង​ ​ក្ដិច​មួល​ ​និយាយទៅ​ត្រូវ​គ្រប់កន្លែង​ហ្មង​” ​។​ ​ការ​រំពឹង​ទុក​នៃ​តួនាទី​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​ ​ក៏បាន​បន្ត​ជា​ឧបសគ្គ​សម្រាប់​ការងារ​ជាសកម្ម​ជន​ស្ត្រី​ដូច​អ្នកស្រី​ផង​ដែរ​ ​ដោយ​ប៉ះពាល់​ទាំង​ទំនុក​ចិត្ត​ ​និង​សមត្ថភាព​របស់​ពួកគេ​ ​ក្នុង​ការ​តស៊ូ​ ​ដើម្បី​យុត្តិធម៌​ផ្នែក​នយោបាយ​ ​។​ ​អ្នកស្រី​បាន​និយាយ​ថា​ “​ខ្ញុំ​ទន់ខ្សោយ​ ​គេ​ហៅថា​បង្វិល​ច​ង្រ្កាន្ត​មិន​ជុំ​ ​ប៉ុន្តែ​ខ្ញុំ​ហ៊ាន​តស៊ូ​មតិ​ ​ហើយ​ធ្វើ​ឱ្យ​គ្រឹះ​ខ្ញុំ​រឹង​មាំ​” ​។​

បញ្ហា​លំបាក​ដែល​អ្នកស្រី​ ​ចាន់​ថា​ ​បាន​ជួប​ប្រឈម​ក្នុង​ការ​សម្ដែង​មតិ​ ​ក៏មាន​ខ្លះ​មកពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផង​ដែរ​ ​។​ ​ជាក់ស្ដែង​ ​អ្នកស្រី​ ​ព្រួយបារម្ភ​អំពី​ការស្វែងរក​កន្លែង​ស្នាក់​នៅ​ ​ក្នុង​ការ​ហែ​ធម្ម​យាត្រា​ទៅ​ខេត្ត​សៀមរាប​ ​ជាមួយ​ក្រុម​ស្រ្តី​ថ្ងៃសុក្រ​ ​ខណៈ​ដែល​ម្ចាស់​កន្លែង​ស្នាក់​នៅ​ភ័យខ្លាច​ថា​ ​ប៉ះពាល់​ដល់​ពួកគេ​ “​សូម្បីតែ​វត្ត​ក៏​អត់​ទទួល​យើង​ដែរ​” ​។​ ​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ ​ក៏​ជាសកម្ម​ជន​ ​ហើយ​ដោយសារតែ​ភាព​សកម្ម​របស់​ក្រុម​គ្រួសារ​អ្នកស្រី​ ​អ្នកជិតខាង​ខ្លាច​ប៉ះពាល់​ដល់​ពួកគេ​ដែរ​ ​ប្រសិនបើ​ពួកគេ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ ​។​

អ្នកស្រី ព្រុំ ចាន់ថា ផ្ដល់​បទសម្ភាសន៍​នៅផ្ទះ​របស់​អ្នកស្រី នៅ​រាជធានី​ភ្នំពេញ ។

អ្នកស្រី​ ​ចាន់​ថា​ ​បង្ហាញ​រូបភាព​ស្វាមី​របស់​ខ្លួន​គឺ​លោក​ ​កាក់​ កុម្ភា​រ​ ​ខណៈ​ដែល​អ្នកស្រី​កំពុង​ផ្ដល់​បទសម្ភាសន៍​ ​។​ ​លោក​ ​កាក់​ កុម្ភា​រ​ ​គឺជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ជា​គណបក្ស​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​កាលពី​ឆ្នាំ​២​០​១​៧​ ​។​ ​លោក​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ជាប់ពន្ធនាគារ​ ​ចាប់តាំង​ពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​ក្រោយ​ពី​ត្រូវ​បាន​ចោទប្រកាន់​ថា​ “​ចង់​ធ្វើបដិវត្តន៍​” ​ពាក់ព័ន្ធ​នឹង​ការ​ចែករំលែក​អាហារ​សាមគ្គី​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​។​ ​អ្នកស្រី​ ​បាន​និយាយ​ថា​ “​អ្វី​ដែលគេ​ចាប់​គាត់​ហ្នឹង​គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​” ​ដោយ​បាន​ចង្អុលបង្ហាញ​ពី​របៀប​ដែល​សកម្មភាព​នយោបាយ​របស់​ស្វាមី​អ្នកស្រី​ ​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ​ ​លោក​ ​សម​ ​រ​ង្ស៊ី ​អំឡុង​ពេល​មួយ​ដែល​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ ​ក្រោយ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២​០​១​៨​ ​។​ ​ការ​គាំទ្រ​ ​គណ​បក្សជំទាស់​ ​បាន​ឈាន​ដល់​ដំណាក់កាល​មួយ​ខ្ពស់​ខ្លាំង​អំឡុង​ពេល​នោះ​ ​ហើយ​អ្នកស្រី​ ​ចាន់​ថា​ ​ជឿ​ថា​ ​រាជរដ្ឋាភិបាល​មិន​សប្បាយចិត្ត​នោះ​ទេ​ ​។

អ្នកស្រី​និយាយ​ថា​ “​មិន​ដូច​ប្រទេស​គេ​ ​គេ​មានការ​និយាយ​បាន​” ​។​ ​អ្នកស្រី​ ​បន្ត​ថា​ “​ធម្មតា​ ​បើ​សិន​យើង​ធ្វើការ​បក្ស​ប្រឆាំង​ ​វា​តែងតែ​មាន​ការរិះគន់​ ​និង​ស្ថាបនា​ ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដែល​កាន់កាប់​ហ្នឹង​គឺ​កែប្រែ​ ​ឬ​ក្រសួង​ដទៃ​ដើម្បី​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ ​តែ​នេះ​គ្រាន់តែ​គ្រួសារ​នាងខ្ញុំ​និយាយ​អ្វី​ដែល​ការពិត​ ​ហើយ​ធ្វើអ្វី​ពិត​ ​អ៊ីចឹង​ទៅ​ ​គាត់​ចាប់ផ្ដើម​ចាប់​” ​។​

នគរបាល​មូលដ្ឋាន​ ​តែង​មក​តាមដាន​អ្នកស្រី​ ​ចាន់​ថា​ ​នៅផ្ទះ​របស់​អ្នកស្រី​ ​ក្រោម​ហេតុផល​ថា​ ​ជួយការ​ពារ​សុវត្ថិភាព​របស់​អ្នកស្រី​ ​។​ ​បំណង​ពិតប្រាកដ​របស់​ពួកគេ​ ​គឺ​ដើម្បី​ចង់បាន​ការ​សុំទោស​ពី​លោក​ ​កាក់​ កុម្ភា​រ​ ​តាមរយៈ​អ្នកស្រី​ ​ដោយ​ការ​ជួយ​ទាក់ទង​ថ្នាក់​ដឹកនាំ​ធំ​ៗ​ឱ្យ​ពិចារណា​លើ​ការ​ដោះលែង​ស្វាមី​របស់​អ្នកស្រី​ ​ប្រសិនបើ​ស្វាមី​អ្នកស្រី​យល់ព្រម​សរសេរ​លិខិត​សុំទោស​មួយ​ច្បាប់​ ​។​ ​ទោះបីជា​យ៉ាងណា​ ​ទាំង​អ្នកស្រី​ ​ចាន់​ថា​ ​និង​ស្វាមី​របស់​អ្នកស្រី​ ​គិត​ដូចគ្នា​ប្រឆាំង​នឹង​យោបល់​នេះ​ ​។​ ​លោក​ កុម្ភា​រ​ ​បាន​បដិសេធ​សុំទោស​ ​ហើយ​អ្នកស្រី​ ​ចាន់​ថា​ ​ឯកភាព​ថា​ “​ខ្ញុំ​ប្រាប់​គាត់​ទៅវិញ​ថា​អ៊ីចេះ​ ផ្ដាំ​ទៅ​រដ្ឋាភិបាល​វិញ​ថា​ ​គ្រួសារ​ខ្ញុំ​អត់​ខុស​ ​បើ​អ៊ីចឹង​ឱ្យ​សុំទោស​បែប​ម៉េច​?” ​។​

នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោយ​ពី​ការ​ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នកស្រី​ ​ចាន់​ថា​ ​អតីត​សមាជិក​គណបក្ស​ស​ង្រ្គោះ​ជាតិ​ចំនួន​ ​១​៤​នាក់​ ​ត្រូវ​បាន​លើកលែងទោស​ ​និង​ដោះលែង​ពី​ពន្ធ​នាគា​រវិ​ញ​ ​។​ ​ក្នុង​នោះ​មាន​១​២​នាក់​ ​ជា​ស្វាមី​សមាជិក​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ ​ដែល​បាន​ធ្វើការ​សុំទោស​ជា​សាធារណៈ​ចំពោះ​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​មុន​ពេល​មានការ​ដោះលែង​ ​។

​លោក​ ​កាក់​ កុម្ភា​រ​ ​ជា​ ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ​មិនបាន​ធ្វើការ​សុំទោស​ទេ​ ​។​ ​បច្ចុប្បន្ន​ ​លោក​ ​កាក់​ កុម្ភា​រ​ ​នៅ​បន្តជាប់​ឃុំ​ក្នុងមណ្ឌល​អប់រំ​កែប្រែ​ទី​១​នៅឡើយ​ ​។​

អ្នកស្រី ​ចាន់ថា ​តស៊ូលំបាក​ជាមួយ​នឹង​អវត្តមាន​ស្វាមី​របស់​អ្នកស្រី ​ជាពិសេសគឺ​ដោយសារ​ អ្នកស្រី ពេលនេះ​ ​គឺជា​អ្នកផ្គត់ផ្គង់​គ្រួសារ​ទាំងស្រុង​ ​។​ ​អ្នកស្រី​ ​រៀបរាប់​ថា​ “​កាល​គ្រួសារ​ខ្ញុំ​នៅ​ ​ត្បិតថា​គាត់​មិនបាន​រកចំណូល​ចូល​អី​បាន​ច្រើន​ ​ក៏បាន​តិចតួច​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ ​ដល់ពេល​ចាប់​គាត់​ទៅ​គឺ​មានផល​លំបាក​យ៉ាង​ខ្លាំង​ ​ហើយ​ដល់ពេល​គេ​ថែមទាំង​ចាប់​កូន​ទៀត​ទៅ​ ​និយាយរួម​ទៅ​គឺ​មានផល​លំបាក​ខ្លាំង​មែនទែន​ហ្មង​ ​ហើយ​បន្ទុក​គឺ​សម្រាប់​ខ្ញុំ​ ​។​ ​ខ្ញុំ​អត់​ដែល​គិតថា​ ​គ្រួសារ​ខ្ញុំ​ដល់​ដំណាក់កាល​ ​ឬក៏​អាច​ឈាន​ដល់​បញ្ហា​ហ្នឹង​ទេ​” ​។​

កូនប្រុស​ម្នាក់​របស់​អ្នកស្រី​ ​ចាន់​ថា​ ​គឺ​យុវជន​ ​កាក់​ ​សុវណ្ណ​ឆៃ​ ​ក៏​ប្រឈម​នឹង​ការ​មិន​សប្បាយចិត្ត​ពីសំណាក់​អាជ្ញាធរ​ដែរ​ ​ទាក់ទិន​នឹង​ការ​ដើរតាមគន្លង​នយោបាយ​របស់​ឪពុក​គេ​ ​។​ ​អ្នកស្រី​បាន​ពន្យល់​ថា​ ​សុវណ្ណ​ឆៃ​ ​ដែល​ពីមុន​មាន​អាយុ​ត្រឹម​ ​១​៥​ឆ្នាំ​ ​បាន​ចូល​ទៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដើម្បី​រើស​ទង់ជ័យ​ ​និង​ស​ម្ភារៈ​ផ្សេងទៀត​ ​កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​អ្នកស្រី​ ​បាន​រៀបរាប់​ថា​ “​ក្មេង​ដទៃ​អេតចាយ​អី​ក៏​គេ​រើស​ចូលក្នុង​ហ្នឹង​ដែរ​ ​គេ​ចូល​ទៅ​គាស់​ទៅ​អី​ ​គេ​អត់​ចាប់ខ្លួន​ទេ​ ​ស្រាប់ហើយ​គេ​ចាប់​មក​លើ​កូន​ខ្ញុំ​ ​ដោយសារ​គេ​ស្គាល់​ថា​កូន​ខ្ញុំ​គឺជា​នរណា​” ​។​ ​សុវណ្ណ​ឆៃ​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃាត់ខ្លួន​អស់​រយៈពេល​ ​៣​ថ្ងៃ​ ​អំឡុង​ពេល​ដែល​រូបគេ​ត្រូវ​បាន​វាយដំ​ផង​ដែរ​ ។​

៦​ខែក្រោយ​មក​ ​នៅ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​សុវណ្ណ​ឆៃ​ ​ត្រូវ​បាន​វាយប្រហារ​ដោយ​ដុំ​ថ្ម​ ​ដោយ​ជន​មិន​ស្គាល់​មុខ​ ​។​ ​អ្នកស្រី​ ​ចាន់​ថា​ ​បាន​និយាយ​ថា​ “​ហូរ​ឈាម​ច្រើន​មែនទែន​” ​។​ ​ពេទ្យ​ ​និង​គ្លី​និ​ក​ចំនួន​៣​ ​បាន​បដិសេធ​មិន​ទទួល​ព្យាបាល​រូបគេ​ទេ​ ​។​ ​អ្នកស្រី​ជឿ​ថា​ ​អាជ្ញាធរ​បាន​ព្រមាន​មន្ទីរពេទ្យ​ ​ឬ​គ្លី​និ​ក​ ​ទាំងនោះ​ជាមុន​ ​ខណៈ​ដែល​នៅ​មន្ទីរពេទ្យ​ទី​៤​ ​បុគ្គលិក​នៅ​ទីនោះ​បដិសេធ​មិន​ឱ្យ ​សុវណ្ណ​ឆៃ​ ​គេង​ ​ឬ​ស្នាក់​នៅ​ទេ​ ​និង​ឱ្យ​គាត់​ត្រឡប់មក​ផ្ទះ​វិញ​ ​ក្រោយ​ពី​ដឹង​ថា​ ​សមាសភាព​គាត់​ជា​នរណា​ ​។​ ​របួស​ក្បាល​របស់​គេ​ត្រូវ​ដេរ​ព្យាបាល​នៅ​ខាងក្រៅ​គ្លី​និ​ក​ ​ហើយ​បុគ្គលិក​នោះ​បាន​សុំ​ឱ្យ​លុប​រូប​ភស្តុតាង​ដែល​គាត់​បាន​ថត​នោះ​ចេញ​ ​ផង​ដែរ​ ​។​

ក្រោយពេល​កើតហេតុ​នេះ​បាន​២​ខែ​ ​នៅ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​សុវណ្ណ​ឆៃ​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅផ្ទះ​របស់​គេ​យ៉ាង​ហិង្សា​ដោយ​កម្លាំង​នគរបាល​ប្រដាប់​អាវុធ​ ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រិះគន់​គណបក្សកាន់អំណាច​នៅ​ក្នុង​ក្រុម​ឆាត​មួយ​នៅ​ក្នុង​កម្មវិធី​ផ្ញើ​សារ​ថេ​ឡេ​ក្រាម​ ​។​ ​រូបគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​រយៈពេល​ ​៣​ខែ​ ​។ អ្នកស្រី​បាន​និយាយ​ថា​ “​ការ​ចាប់ខ្លួន​នេះ​គឺ​ ​គ្មាន​ដីកា​ ​អត់​បង្ហាញ​ដីកា​ទេ​ ​ហើយ​ការ​ចាប់ខ្លួន​ត្រូវ​មាន​ភាព​ច្បាស់លាស់​ជាក់លាក់​ដែរ​ ​ដល់ពេល​អត់មាន​ដីកា​ ​មក​ចាប់​ឆៅ​ៗ​ចឹ​ង​ ​ហើយ​គាត់​ជា​អនីតិជន​” ​។​

​ឆ្លើយតប​ទៅ​នឹង​រឿង​នេះ​ ​អ្នកស្រី​ ​ចាន់​ថា​ ​បាន​ចេញ​តវ៉ា​ភ្លាម​ៗ​នៅ​ថ្ងៃ​បន្ទាប់ពី​ការ​ចាប់ខ្លួន​កូនប្រុស​អ្នកស្រី​ “​គាត់​អត់​ទឹកភ្នែក​ទេ​ ​គាត់​គ្រាន់តែ​ផ្ដាំ​មេធាវី​ឱ្យ​ប្រាប់​ខ្ញុំ​ថា​ ​កុំ​គិត​ពី​គាត់​អី​ ​គាត់​អត់អី​ទេ​ ឱ្យ​ម៉ាក់​រឹង​មាំ​ ​កុំ​ខ្លាច​” ​។ ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ព្យាបាល​ ​សុវណ្ណ​ឆៃ​ ​ពីសំណាក់​អាជ្ញាធរ​ ​គួបផ្សំ​នឹង​រឿង​ដែល​រូបគេ​ ​ជា​កុមារ​អូ​ទី​ស្សឹ​ម​ ​បាន​នាំ​ឱ្យ​មាន​ការចុះផ្សាយជាអន្តរជាតិពី​ករណី​នេះ ។​

អ្នកស្រី ព្រុំ ចាន់ថា និង​សមាជិក​ក្រុមស្ត្រី​ថ្ងៃសុក្រ ​បាន​កោរសក់​របស់​ពួកគេ នៅ​ខាង​ក្រៅស្ថានទូត​អាមេរិក ដើម្បី​ទាមទារ​ឱ្យមាន​ការដោះលែង​ស្វាមីរបស់​ពួកគេ ។

ឆន្ទៈ​ ​និង​ការ​ជឿជាក់​របស់​អ្នកស្រី​ ​ចាន់​ថា​ ​នៅ​ក្នុង​ភាព​សកម្ម​និយម​របស់​អ្នកស្រី​ ​គឺ​ខ្លាំងក្លា​ ​។​ ​នៅពេលដែល​ ​អ្នកស្រី​ ​មាន​អារម្មណ៍​ថា​បាក់ទឹកចិត្ត​ ​ក្នុង​ការ​ប្រឈម​នឹង​ការគាបសង្កត់​ជាបន្តបន្ទាប់​នេះ​ ​អ្នកស្រី​គិតទៅ​ដល់​កូន​ ​និង​ស្វាមី​របស់​អ្នកស្រី​ ​។​ ​អ្នកស្រី​លើកឡើង​ថា​ “​ខ្ញុំ​ត្រូវធ្វើ​យ៉ាងណាក៏ដោយ​ ​ដើម្បី​រក​យុត្តិធម៌​ឱ្យ​គ្រួសារ​ខ្ញុំ​ ​ក៏ដូចជា​ក្រុម​គ្រួសារ​យើង​ដែល​អត់មាន​កំហុស​សោះ​ ​ក៏​ដូច​ជាគ្រួសារ​បង​ៗ​ដទៃ​ដែល​គាត់​ជាប់ពន្ធនាគារ​ដោយ​ឥត​កំហុស​ដូចគ្នា​” ​។​ ​អ្នកស្រី​ ​បន្ត​ថា​ “​អ្នកខ្លះ​គាត់​ជួប​ផ្ទាល់​ ​តែ​គាត់​អត់​ហ៊ាន​ ​មិន​ហ៊ាន​ងើប​ខ្លាច​ ​បើ​យើង​មិន​ងើប​ទៀត​គឺ​ចប់ហើយ​” ​។​ ​អ្នកស្រី​ ​ក៏បាន​ធូរស្រាល​ចិត្ត​ខ្លះ​ជាមួយ​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ ​ដែល​ពួកគេ​ទាំងអស់គ្នា​ប្រឈម​នឹង​ស្ថានភាព​ស្រដៀងគ្នា​ “​គាត់​ជំរុញលើកទឹកចិត្ត​យើង​” ​។​

អ្នកស្រី​ ​បាន​ផ្ដល់​ដំបូន្មាន​ដល់​សកម្មជន​ជំនាន់​ក្រោយ​ថា​ “​សូម​ឱ្យ​គាត់​យក​អ្វី​ដែល​គាត់​រៀន​ចេះដឹង​ ​បន្ត​ការធ្វើដំណើរ​បម្រើ​ប្រជាពលរដ្ឋ​ ចឹ​ង​ខ្ញុំ​ក៏​សូម​ផ្ញើ​សារ​ថា​ឱ្យ​ចេះ​គិត​ពី​ផលប្រយោជន៍​រួម​ ​ឬក៏​សងគុណ​ដែន​កំណើត​របស់យើង​ ​មាតុប្រទេស​មួយ​នេះ​” ​។

គោលដៅ​សំខាន់​របស់​អ្នកស្រី​គឺ​ ​ការ​ចង់​ឃើញ​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​អ្នកទោស​មនសិការ​ទាំងអស់​ ​និង​ការ​ដោះលែង​ពួកគេ​ដោយ​គ្មាន​លក្ខខណ្ឌ​ ​។​ ​អ្នកស្រី​បាន​និយាយ​ថា​ “​ខ្ញុំ​ប្រៀបធៀប​ដូចជា​ស្មៅ​ចឹ​ង​ ចឹ​ង​ខ្ញុំ​មិន​អាច​ធ្វើអ្វី​ឱ្យ​គេ​ជាន់​ខ្ញុំ​បានទេ​ ​ការ​តស៊ូ​មតិ​របស់យើង​ ​ការ​ងើប​ហ្នឹងហើយ​ ​ទើប​គេ​មិន​ហ៊ាន​ ​ទោះជាយ៉ាងណា​ក៏​គាត់​ខ្លាច​យើង​ខ្លះ​ដែរ​ ​ព្រោះ​យើង​ជា​អ្នក​តស៊ូ​ដែល​ពិតប្រាកដ​” ​៕​

ត្រឡប់ទៅទំព័រដើមវិញ