សកម្មជនជាព្រះសង្ឃមិនត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំ
ចេញផ្សាយ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥នៅព្រឹកព្រលឹមថ្ងៃនេះ ព្រះសង្ឃដែលត្រូវបានចាប់ផ្សឹក ព្រះតេជគុណ សឺន ហាយ ព្រះតេជគុណ ឃីត វណ្ណៈ និងព្រះតេជគុណ សាង កុសល បានមកដល់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីស្នើសុំសេចក្តីសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំសវនាការ ដោយមានអ្នកគាំទ្រចំនួន ៧០នាក់ បានប្រមូលផ្តុំគ្នានៅក្រៅតុលាការ។ ព្រះតេជគុណ ឃីត វណ្ណៈ និងព្រះតេជគុណ សាង កុសល បានស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ក្រោយពីមានការពន្យាពេលសវនាការរបស់ព្រះអង្គកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ដែលត្រូវបានធ្វើឡើងត្រឹមតែរយៈពេល ១៥នាទី។
នៅក្នុងរយៈពេល មួយម៉ោងនៃការមកដល់តុលាការរបស់ព្រះសង្ឃទាំងបីអង្គ សំណើរសុំនៅក្រៅឃុំរបស់ព្រះអង្គ ត្រូវបានបដិសេធ ហើយព្រះអង្គត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ម១ នៅព្រៃសវិញ។
ព្រះតេជគុណ ឃីត វណ្ណៈ និងព្រះតេជគុណ សាង កុសល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅខណៈដែលកំពុងកាន់ទង់ជាតិ និងទង់សាសនាដែលបានចងភ្ជាប់នឹងដំបងប្ញស្សី ក្នុងគោលបំណងទៅគាំទ្រសកម្មជនដីធ្លីមកពីខេត្តព្រះវិហារ។ ព្រះអង្គទាំងបីត្រូវបានចោទប្រកាន់ពីបទ ចូលរួមក្នុងសមាគមន៍ទុច្ចរិត (មាត្រា ៤៩៩ នៃក្រមព្រហ្មទណ្ឌ) ហើយនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ ២.៥០០ ដុល្លារអាមេរិក ប្រសិនបើព្រះអង្គត្រូវបានគេផ្តន្ទាទោស។
ព្រះតេជគុណ សឺន ហាយ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្រៅសាលាដំបូងរាជធានីភ្នំពេញ នៅខណៈដែលកំពុងតវ៉ាទាមទារឲ្យមានការដោះលែងសកម្មជនបឹងកក់ទាំងប្រាំពីរនាក់។ ព្រះអង្គ ត្រូវបានតុលាការផ្តន្ទាទោសពីបទ រារាំងមន្ត្រីរាជការសាធារណៈដោយមានស្ថានទម្ងន់ទោស (មាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ) និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០០ ដុល្លារអាមេរិក។ ឥឡូវព្រះអង្គកំពុងរងការចោទប្រកាន់ពីបទ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ (មាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ) និងស្លៀកពាក់សំលៀកបំពាក់ព្រះសង្ឃដោយខុសច្បាប់ (មាត្រា ៥០៨ នៃក្រមព្រហ្មទណ្ឌ)។ ព្រះអង្គនឹងប្រឈមមុខនឹងទោសជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២.៦២៥ ដុល្លារអាមេរិក។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- ដោះលែង ១៩ នាក់