អង្គការ លីកាដូ អំពាវនាវសុំឲ្យមានការដោះលែងប្រជាពលរដ្ឋបុរស និងស្ត្រីចំនួន ១៩នាក់ ដែលត្រូវបានជាប់ពន្ធនាគារម១ និងម២ នៅព្រៃសរ ដោយមិនត្រឹមត្រូវ
ចេញផ្សាយ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤នៅថ្ងៃពុធ ប្រទេសកម្ពុជា នឹងប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ។ អង្គការ លីកាដូ សូមឆ្លៀតយកឱកាសនេះ សូមធ្វើការអំពាវនាវដ៏ទទួច សូមឲ្យមានការចាប់អារម្មណ៍ទៅលើបុរស និងស្ត្រីចំនួន ១៩នាក់ ដែលត្រូវបានចាប់ដាក់ពន្ធនាគារដោយមិនត្រឹមត្រូវ ក្រោយពេលមានការចាប់ខ្លួនដោយសារបញ្ហាបន្តិចបន្ទួចនៅក្នុងរាជធានីភ្នំពេញ។ អង្គការ លីកាដូ មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចាប់ដាក់ពន្ធនាគារបែបនេះ ហើយនិងការបន្តរំលោភបំពានលើប្រព័ន្ធតុលាការ ពីសំណាក់អាជ្ញាធរដ្ឋ និងបុគ្គលមួយចំនួនដែលមានទំនាក់ទំនងល្អជាមួយអាជ្ញាធររដ្ឋនេះ។
(ការធ្វើបច្ចុប្បន្នភាព៖ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើកែសម្រួលនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ដោយបញ្ចូលព័ត៌មានអំពីលោក កែ ឃីម ជាអ្នកបើកបររ៉ឺម៉កកង់បី និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។)
ការចាប់ខ្លួនជាច្រើននាពេលថ្មីៗនេះ បានកើតឡើងចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ដោយដាក់គោលដៅលើសមាជិកគណបក្សជំទាស់ សកម្មជនជាព្រះសង្ឃ និងសកម្មជនដីធ្លីដ៏យូរឆ្នាំមួយចំនួន។ នៅខណៈដែលបទចោទប្រកាន់លើអ្នកទាំង ១៩ ខុសៗគ្នា ស្ថានភាពនៃការចាប់ខ្លួន និងផ្តន្ទាទោស បង្ហាញឲ្យឃើញពីការព្យាយាមតែមួយរបស់អាជ្ញាធរក្នុងការបំបិទមាត់អ្នកដែលរិះគន់ និងរំលោភបំពាន ហើយបំភិតបំភ័យសកម្មជនជាច្រើន។
ក្នុងចំណោមការចាប់ខ្លួនលើអ្នកទាំង ១៩ ការចាប់ខ្លួនមនុស្សចំនួន ១៦ នាក់ បានកើតឡើងនៅក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ មនុស្សចំនួន ១១នាក់ ក្នុងចំណោមអ្នកទាំង ១៦ ត្រូវបានចោទប្រកាន់ ជំនុំជម្រះ និងផ្តន្ទាទោស ត្រឹមតែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបានចាប់ខ្លួន។ ម្នាក់ៗ ត្រូវបានផ្តន្ទាទោសកម្រិតអតិបរមា។ ស្ថានភាពប្រញាប់ប្រញាល់នៃនីតិវិធីនៃការផ្តន្ទាទោសនេះ បានបដិសេធនូវឱកាសរបស់មេធាវីក្នុងការរៀបចំការការពារកូនក្តី ដែលនេះជាការរំលោភនូវសិទិ្ធរបស់ជនជាប់ចោទក្នុងការទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌។
ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ "ការចាប់ខ្លួន និងការផ្តន្ទាទោសថ្មីៗទាំងនេះ បង្ហាញថាប្រព័ន្ធយុត្តាធិកា នៅតែស្ថិតក្នុងការគ្រប់គ្រងទាំងស្រុងពីអាជ្ញាធររដ្ឋ។ អ្នកណាក៏ដោយ ដែលមិនពេញចិត្តនឹងអាជ្ញាធររដ្ឋ ឬមិនគាំទ្រនឹងអ្នកដែលមានអំណាច និងមានលុយ នោះអ្នកនោះនឹងមានគ្រោះថ្នាក់អាចជាប់ពន្ធនាគារ។ នេះជាការរំលឹកមួយដែលគួរឲ្យសោកសៅ ដែលបង្ហាញថាតើអាជ្ញាធររដ្ឋបានធ្វើយ៉ាងណាខ្លះ ដើម្បីគោរពសិទិ្ធមនុស្សឲ្យបានពេញលេញ។”
បុគ្គលទាំង ១៩នាក់ ដែលរៀបរាប់ខាងក្រោម រួមមានមនុស្សចំនួន ៧នាក់ ដែលស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ និង ១១នាក់ ដែលត្រូវបានផ្តន្ទាទោស និងកំពុងជាប់ពន្ធនាគារនៅពន្ធនាគារព្រៃសរក្នុងរាជធានីភ្នំពេញ។ អង្គការ លីកាដូ សូមអំពាវនាវដ៏ទទួច សូមឲ្យមានការដោះលែងអ្នកទាំង ១៩ ជាបន្ទាន់ ហើយមេត្តាលើកចោលនូវរាល់បទចោទប្រកាន់ទាំងអស់។
មនុស្សទាំង ១៩ នាក់ ត្រូវបានរៀបរាប់តាមលំដាប់លំដោយនៃការចាប់ខ្លួន
លោក ស៊ុំ ពុទ្ធី គឺជាសមាជិកក្រុមប្រឹក្សាឃុំនៅខណ្ឌច្បារអំពៅមកពីគណបក្សសង្គ្រោះជាតិ។ លោក ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ពីបទបង្កហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស (មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ) ចូលរួមក្នុងចលនាកុបកម្ម (មាត្រា ៤៥៦ និង ៤៥៧ នៃក្រមព្រហ្មទណ្ឌ) និងរារាំងមន្ត្រីរាជការសាធារណៈដោយមានស្ថានទម្ងន់ទោស (មាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ)។ បទចោទ គឺពាក់ព័ន្ធនឹងតួនាទីនៅក្នុងអំពើហិង្សាដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅពេលមានការតវ៉ាដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។ មុនពេលមានការចាប់ខ្លួនលោក ពុទ្ធី មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ១១នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដូចគ្នា ប៉ុន្តែមានការចាប់ខ្លួនបន្តបន្ទាប់គ្នា។ លោក ពុទ្ធី កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន ១៥ឆ្នាំ និងពិន័យជាប្រាក់ ៣០០០ ដុល្លារ អាមេរិក។
លោក អ៊ុក ពេជ្យសំណាង គឺជាសកម្មជនមូលដ្ឋានដ៏ល្បីឈ្មោះនៅក្នុងរាជធានីភ្នំពេញ។ លោក ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ គឺបួនថ្ងៃបន្ទាប់ពីលោក ត្រូវបានវាយដំយ៉ាងធ្ងន់ធ្ងរនៅខណៈពេលដែលបានចូលរួមតវ៉ានៅក្បែរគេហដ្ឋានសម្តេចនាយករដ្ឋមន្ត្រី ដែលដឹកនាំដោយសកម្មជនសិទិ្ធដីធ្លីមកពីខេត្តព្រះវិហារ។ សំណាង ត្រូវបានគេចោទប្រកាន់ពីបទហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស (មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ) បំផ្លាញទ្រព្យសម្បត្តិដោយចេតនាដោយមានស្ថានទម្ងន់ទោស (មាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ) និងចូលរួមសមាគមន៍ទុច្ចរិត (មាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ)។ លើសពីនេះ សំណាង ក៏ត្រូវបានគេចោទប្រកាន់នៅក្នុងករណីដោយឡែកមួយទៀត ពាក់ព័ន្ធនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោក ត្រូវបានចោទប្រកាន់ពីបទល្មើសដូចគ្នានឹងករណីលោក ស៊ុំ ពុទ្ធី ដែរ។ ទោស និងការពិន័យរបស់បទចោទរបស់លោកសំណាងទាំងពីរករណីខុសៗគ្នានេះ អាចនឹងត្រូវបានបូកចូលគ្នា។ ដូចនេះ លោកអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០.៦២៥ ដុល្លារអាមេរិក។
អ្នកស្រី ង៉ែត ឃុន, ទេព វន្នី, សុង ស្រីលាភ, គង់ ចន្ថា, ផាន់ ឈុនរ៉េត, បូ ឆវី និង នង ស្រេង គឺជាសកម្មជនយូរឆ្នាំមកហើយនៅក្នុងសហគមន៍បឹងកក់។ អ្នកទាំងប្រាំពីរនាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ មុនពេលត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសមួយថ្ងៃបន្ទាប់ ពីបទបង្កឧបសគ្គដល់ចរាចរណ៍សាធារណៈ (មាត្រា ៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក)។ ការចាប់ខ្លួន បានកើតឡើងនៅពេលមានការតវ៉ានៅមុខសាលារាជធានីភ្នំពេញ ជាកន្លែងដែលសមាជិកសហគមន៍បឹងកក់ បានអំពាវនាវឲ្យមានដំណោះស្រាយពីអាជ្ញាធរ ដើម្បីរំដោះទឹកចេញពីផ្ទះក្នុងសហគមន៍របស់អ្នកទាំងនោះ។ ទឹកជំនន់លិចលង់យ៉ាងធ្ងន់ធ្ងរ មានសភាពធ្ងន់ធ្ងរឡើងៗ ចាប់តាំងពីផ្ទៃបឹងត្រូវបានចាក់បំពេញដោយក្រុមហ៊ុន ស៊ូកាគូ អ៊ីន ដែលជាក្រុមហ៊ុនឯកជនរបស់ព្រឹទ្ធសមាជិកមកពីគណបក្សកាន់អំណាច លោក ឡៅ ម៉េងឃីន។ នៅក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន ស៊ូកាគូ អ៊ីន បានចុះហត្ថលេខាជួលដីដែលមានជម្លោះរយៈពេល ៩៩ ឆ្នាំ ជាមួយរាជរដ្ឋាភិបាល ដែលជាផ្ទៃបឹង និងដីសហគមន៍នៅជុំវិញនោះ។ ស្ត្រីចំនួន ៥នាក់ ក្នុងចំណោមស្ត្រីទាំង ៧នាក់ ដែលត្រូវបានផ្តន្ទាទោស គឺអ្នកស្រី ង៉ែត ឃុន, ទេព វន្នី, សុង ស្រីលាភ, គង់ ចន្ថា និងផាន់ ឈុនរ៉េត ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសពីបទចោទដែលមិនត្រឹមត្រូវម្តងរួចមកហើយ នៅឆ្នាំ២០១២។ នៅក្នុងករណីបច្ចុប្បន្ន ស្ត្រីម្នាក់ៗ ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារចំនួន ១ឆ្នាំ និងពិន័យជាប្រាក់ ៥០០ ដុល្លារអាមេរិក ដែលជាទោសអតិបរមានៃបទល្មើសនេះ។
លោក មាជ សុវណ្ណារ៉ា គឺជាមន្ត្រីនៃគណបក្សសង្គ្រោះជាតិ និងជាប្រធានផ្នែកព័ត៌មាននៃគណបក្សសង្គ្រោះជាតិ។ លោកត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងអំពើហិង្សា ដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំនេះ។ លោក មាជ សុវណ្ណារ៉ា ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឲ្យមានហិង្សាដោយចេតនា (មាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ) ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ (មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ) និងដឹកនាំចលនាកុបកម្ម (មាត្រា ៤៥៩ នៃក្រមព្រហ្មទណ្ឌ)។ លោក ប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន ៣០ឆ្នាំ និងពិន័យជាប្រាក់ ៣.៥០០ ដុល្លារអាមេរិក។
អ្នកស្រី ហេង ពេជ្យ, អ៊ីម ស្រីទូច និង ភួង សុភាព គឺជាសកម្មជនមកពីតំបន់សហគមន៍បឹងកក់ និងថ្មគោល។ ស្ត្រីទាំងបីនាក់ ត្រូវបានចាប់ខ្លួននៅពេលព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅពេលដែលនគរបាលបង្ក្រាបបាតុកម្ម និងកងសន្តិសុខចំនួនជាង ១០០ នាក់ បានបំបែកការតវ៉ាអហិង្សានៅមុខសាលាដំបូងរាជធានីភ្នំពេញ។ អ្នកគាំទ្រ បានប្រមូលផ្តុំគ្នានៅក្រៅតុលាការ ដើម្បីតវ៉ានឹងការចាប់ខ្លួនសកម្មជនបឹងកក់ទាំង ៧នាក់ មួយថ្ងៃមុននោះ។ នៅពេលដែលសកម្មជនបឹងកក់ទាំង ៧នាក់ មួយថ្ងៃមុននោះ ស្ត្រីទាំងបីនាក់ ត្រូវបានឃុំខ្លួនមួយយប់ រួចត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសនៅថ្ងៃបន្ទាប់។ ស្ត្រីទាំងនោះ ត្រូវបានផ្តន្ទាទោសពីបទ រារាំងមន្ត្រីរាជការសាធារណៈដោយមានស្ថានទម្ងន់ទោស (មាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ) ហើយទទួលទោសជាប់ពន្ធនាគារអតិបរមាចំនួន ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០០ ដុល្លារអាមេរិក។
ព្រះតេជគុណ សឿង ហាយ គឺជាសកម្មជនជាព្រះសង្ឃ មកពីវត្តស្ទឹងមានជ័យ។ ព្រះអង្គ ត្រូវបានចាប់ខ្លួននៅក្រៅសាលាដំបូងរាជធានីភ្នំពេញ នៅខណៈដែលកំពុងតវ៉ាសុំឲ្យមានការដោះលែងសកម្មជនបឹងកក់ទាំង ៧នាក់ ជាមួយអ្នកស្រី ហេង ពេជ្យ, អ៊ីម ស្រីទូច និងភួង សុភាព កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤។ ព្រះអង្គ ត្រូវបានចាប់ផ្សឹកភ្លាមៗ ហើយបន្ទាប់មកត្រូវបានចោទប្រកាន់ថ្ងៃបន្ទាប់ជាមួយអ្នកស្រី ហេង ពេជ្យ និងអ៊ីម ស្រីទូច ពីបទរារាំងមន្ត្រីរាជការសាធារណៈដោយមានស្ថានទម្ងន់ទោស (មាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ) ហើយផ្តន្ទាទោសជាប់ពន្ធនាគារចំនួន ១ឆ្នាំ និងពិន័យជាប្រាក់ ៥០០ ដុល្លារអាមេរិក។ ព្រះតេជគុណ ក៏ត្រូវបានចោទប្រកាន់នៅក្នុងករណីបន្ថែមមួយទៀត ពីបទក្លែងបន្លំឯកសារសាធារណៈ (មាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ) និងស្លៀកសំលៀកបំពាក់ព្រះសង្ឃដោយខុសច្បាប់ (មាត្រា៥០៨ នៃក្រមព្រហ្មទណ្ឌ)។ ករណីបន្ថែមនេះ កំពុងត្រូវបានស៊ើបអង្កេត ហើយព្រះអង្គនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន ៥ឆ្នាំ និងពិន័យជាប្រាក់ ២.៦២៥ ដុល្លារអាមេរិកពីលើទោសបច្ចុប្បន្ន។
លោក កែ ឃីម ជាអ្នកបើកបររ៉ឺម៉កកង់បី និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានដឹកទង់ជាតិជាច្រើនទៅកាន់ទីលានប្រជាធិបតេយ្យ សម្រាប់ការតវ៉ារបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ឃីម ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ នៅពេលព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ គឺជិតបួនខែបន្ទាប់ពីការតវ៉ាថ្ងៃទី១៥ ខែកក្កដា ពាក់ព័ន្ធនឹងការចូលរួមក្នុងអំពើហិង្សា ដែលបានកើតឡើងនាថ្ងៃនោះ។ លោក ត្រូវបានចោទប្រកាន់ពីបទចូលរួមនៅក្នុងចលនាកុបកម្ម (មាត្រា ៤៥៦ និង៤៥៧ នៃក្រមព្រហ្មទណ្ឌ) និងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។
ព្រះតេជគុណ ឃីត វណ្ណៈ និង ព្រះតេជគុណ សាង កុសល ក៏ជាសកម្មជនជាព្រះសង្ឃមកពីវត្តស្ទឹងមានជ័យផងដែរ។ អ្នកទាំងពីរត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅខណៈដែលកំពុងកាន់ទង់ជាតិ និងទង់សាសនាចងជាមួយបំពង់ប្ញស្សី ដើរទៅកាន់វត្តសាមគ្គីរង្សី ដើម្បីគាំទ្រសកម្មជនដីធ្លីមកពីខេត្ត ព្រះវិហារ ដែលកំពុងស្នាក់នៅទីនោះ។ សម្រាប់ការព្យាយាមជួបសកម្មជន ព្រះសង្ឃទាំងពីរអង្គ ត្រូវបានចាប់ផ្សឹក និងចោទប្រកាន់ពីបទចូលរួមក្នុងសមាគមទុច្ចរិត (មាត្រា ៤៩៩ នៃក្រមព្រហ្មទណ្ឌ) បទចោទមួយនៅក្នុងចំនោមបទចោទមួយចំនួនដូចគ្នា ដែលត្រូវបានចោទទៅលើលោក អ៊ុក ពេជ្យសំណាង សម្រាប់សកម្មភាពរបស់ព្រះអង្គក្នុងការគាំទ្រសហគមន៍ដូចគ្នានោះ។ ព្រះអង្គ នឹងប្រឈមមុខទោសពន្ធនាគារចំនួន ៥ឆ្នាំ និងពិន័យជាប្រាក់ ២.៥០០ ដុល្លារអាមេរិក។
លោក ទេព ណារិន គឺជាសមាជិកយុវជនគណបក្សសង្គ្រោះជាតិ។ លោក ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីខកខានក្នុងការរាយការណ៍ទៅប៉ុស្តិ៍នគរបាលរាជធានីភ្នំពេញនៅក្នុងតំបន់ ដែលជាការបំពាននូវសេចក្តីបង្គាប់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដែលសេចក្តីបង្គាប់នេះគឺជាការពន្យាពេលសវនាការលើបទចោទដែលពាក់ព័ន្ធនឹងហិង្សានៅទីលានប្រជាធិបតេយ្យថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ដូចទៅនឹងលោក ស៊ុំ ពុទ្ធី និង អ៊ុក ពេជ្យសំណាង លោក ណារិន ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស (មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ) ចូលរួមក្នុងចលនាកុបកម្ម (មាត្រា ៤៥៦ និង៤៥៧ នៃក្រមព្រហ្មទណ្ឌ) និងរារាំងមន្ត្រីរាជការសាធារណៈដោយមានស្ថានទម្ងន់ទោស (មាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ) ដូចនេះលោកនឹងប្រឈមមុខជាប់ពន្ធនាគារចំនួន ១៥ឆ្នាំ ក្នុងពន្ធនាគារ និងពិន័យជាប្រាក់ ៣.០០០ ដុល្លារអាមេរិក។
កញ្ញា លី សៀវមិញ គឺជាពលរដ្ឋរស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ នាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅពេលទៅជួបសួរសុខទុក្ខឳពុករបស់នាង លោក លី ស្រៀខេង នៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចាប់ខ្លួនលោកនៅព្រឹកព្រលឹមថ្ងៃដដែលនោះ។ នៅខណៈដែលកញ្ញា លី សៀវមិញ នៅជាប់ក្នុងពន្ធនាគារនៅឡើយ ឳពុករបស់នាងត្រូវបានដោះលែងពីការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤។ មូលហេតុនៃការដោះលែង គឺមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែអ្នកទាំងពីរនៅតែជាប់ចោទពីបទហិង្សាលើម្ចាស់អចលនវត្ថុ (មាត្រា ២៥៣ នៃច្បាប់ភូមិបាល)។ នៅឆ្នាំ២០១០ ឧកញ៉ា ដែលមានទំនាក់ទំនងល្អផ្នែកនយោបាយ បានអះអាងថាជាម្ចាស់កម្មសិទិ្ធទៅលើដីដែលក្រុមគ្រួសារលោក លី ស្រៀខេង បានរស់នៅអស់រយៈពេល ៣០ឆ្នាំមកហើយ។ ក្រុមគ្រួសាររបស់លោក បានជំទាស់នឹងការបណ្តេញចេញដោយបង្ខំចាប់តាំងពីពេលនោះមក ហើយបានចោទប្រកាន់អ្នកតំណាងក្រុមហ៊ុនជាច្រើនលើកច្រើនសារ ក្នុងការគម្រាមកំហែង និងរំលោភបំពានទៅលើអ្នកទាំងនោះ រួមទាំងបំផ្លាញទ្រព្យសម្បត្តិអ្នកទាំងនោះ វាយដំអ្នកទាំងនោះ ព្យាយាមដុតផ្ទះ បោះពស់ចូលផ្ទះ និងបំពុលសត្វចិញ្ចឹមរបស់អ្នកទាំងនោះ។ បទចោទលើអ្នកទាំងពីរ គឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ប៉ុន្តែក្រុមហ៊ុនមិនបានដាក់ពាក្យបណ្តឹងនោះទេរហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤។ លោក លី សៀវមិញ និងឳពុករបស់នាង នឹងប្រឈមមុខការជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៦.២៥០ ដុល្លារអាមេរិក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ,
▪ ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០
▪ លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតអង្គការសិទិ្ធមនុស្ស លីកាដូ,
▪ ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម ដោះលែង ១៩ នាក់ អំពើនៅទីលានប្រជាធិបតេយ្យ ២០១៤ សិទ្ធិដីធ្លី