សវនាការលើសំណុំរឿងហិង្សាលើតំណាងរាស្ត្របក្សជំទាស់ បានចាប់ផ្តើម
ចេញផ្សាយ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមបើកសវនាការជំនុំជម្រះលើសំណុំរឿងសមាជិកកងអង្គរក្សសម្តេចនាយករដ្ឋមន្ត្រីចំនួន បីនាក់ ដែលត្រូវបានចោទប្រកាន់ពីបទវាយដំយ៉ាងធ្ងន់ធ្ងរទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប លោក ញ៉យ ចំរើន និងលោក គង់ សភា ដែលការវាយដំនោះបានកើតឡើងនៅក្រៅវិមានរដ្ឋសភា អំឡុងពេលមានបាតុកម្មប្រឆាំងនឹងឯកឧត្តម កឹម សុខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំមុន។
ទាហានទាំងបីនាក់ លោក ម៉ៅ ហឿង សុត វណ្ណី និងឆាយ សារិទិ្ធ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនាដោយមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ និង៤១១ នៃក្រមព្រហ្មទណ្ឌ។ ទោះបីជាមានភស្តុតាងយ៉ាងច្បាស់អំពីជនល្មើសជាច្រើនផ្សេងទៀតក៏ដោយ ក៏អាជ្ញាធរនៅតែធ្វើការបិទការស៊ើបអង្កេតជាផ្លូវការ បន្ទាប់ពីបុរសទាំងបីនាក់បានចូលបង្ហាញខ្លួននៅនគរបាល។
ដោយផ្អែកលើភស្តុតាងតែមួយ លោក សារិទិ្ធ បានសារភាពពីការទទួលខុសត្រូវលើអំពើហិង្សាលើតំណាងរាស្ត្រម្នាក់ក្នុងចំណោមតំណាងរាស្ត្រទាំងពីរនាក់ ដោយបានលើកឡើងថាមានការបង្កហេតុដោយពាក្យសម្តី (ផ្ទុយពីការបដិសេធកាលពីលើកមុន) ហើយបានផ្តល់សាក្ខីកម្មដែលបញ្ជាក់អំពីអត្តសញ្ញាណនៃជនជាប់ចោទថាជាសមាជិកនៃកងអង្គរក្ស។ ក៏ប៉ុន្តែ មេធាវីតំណាងឲ្យតំណាងរាស្ត្រ ត្រូវបានចៅក្រមក្នុងសវនាការរារាំងពីការសាកសួរសំនួរពាក់ព័ន្ធនឹងតួនាទីនៃកងអង្គរក្សនៅក្នុងអំពើហិង្សា និងនៅក្នុងបាតុកម្មប្រឆាំងនឹងគណបក្សជំទាស់ បន្ទាប់ពីមានការជំទាស់ពីព្រះរាជអាជ្ញា និងមេធាវីការពារជនជាប់ចោទ។
ចៅក្រម បានពន្យាពេលសវនាការទៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ហើយនិងបន្តការស្តាប់សាក្ខីកម្មពីជនជាប់ចោទទាំងអស់ពាក់ព័ន្ធនឹងការវាយដំលើតំណាងរាស្ត្រគណបក្សជំទាស់ទាំងពីរ។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម