សមាជិកព្រឹទ្ធសភានៃគណបក្សជំទាស់ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំដោយសារការបង្ហោះវីដេអូនៅលើហ្វេសប៊ុក
ចេញផ្សាយ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នារសៀលនេះ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ដន្ទាទោសសមាជិកព្រឹទ្ធសភាឯកឧត្តម ហុង សុខហួរ ពីបទក្លែងបន្លំ និងបទញុះញង់ ដែលត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ។ ឯកឧត្តម ហុង សុខហួរ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល៤៥០ថ្ងៃមកហើយ។
កាលពីខែសីហាឆ្នាំ២០១៥ ឯកឧត្តម ហុង សុខហួរ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីឯកឧត្តមបានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានរូបភាពនៃសន្ធិសញ្ញាឆ្នាំ១៩៧៩រវាងប្រទេសកម្ពុជានិងវៀតណាម ដែលបានកែប្រែបោះពុម្ភឡើងវិញ។ សវនាការរបស់ឯកឧត្តមបានចាប់ផ្ដើមកាលពីខែតុលាឆ្នាំ២០១៥ ហើយត្រូវបានផ្អាករយៈពេលជាង១ឆ្នាំកន្លងមកហើយ ប៉ុន្តែសវនាការនេះទើបតែត្រូវបានបន្តជំនុំជម្រះកាលពី២សប្ដាហ៍មុន។ អំឡុងពេលសវនាការ ក្រុមមេធាវីការពារក្ដីឯកឧត្តម ហុង សុខហួរ ត្រូវបានបដិសេធដោយលោកចៅក្រម រស់ ពិសិដ្ឋ ក្នុងការបង្ហាញជាសាធារណៈនូវភ័ស្តុតាងដោះបន្ទុក។ ឯកឧត្តមត្រូវបានឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែទី១នៃពន្ធនាគារព្រៃស ចាប់តាំងពីឯកឧត្តមត្រូវបានចាប់ខ្លួនកាលពីខែសីហាឆ្នាំ២០១៥ ដោយកងកម្លាំងពិសេស តាមបញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនៅក្នុងសំណុំរឿងនេះផងដែរ ប៉ុន្ដែឯកឧត្តមមិនត្រូវបានកោះហៅឲ្យចូលរួមសវនាការនេះទេ។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម