អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីត្រូវបាននាំខ្លួនមកសាកសួរលើបទចោទផ្សេងទៀត
ចេញផ្សាយ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នាព្រឹកនេះ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី លោក យាង សុធារិន និងលោក អ៊ួន ឈិន ត្រូវបាននាំខ្លួនមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ លើបទចោទផ្សេងទៀត ដោយយោងតាមច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
អ្នកទាំងពីរ ធ្លាប់បានបម្រើការងារឲ្យវិទ្យុអាស៊ីសេរី រហូតដល់ស្ថាប័ននេះ សម្រេចចិត្តបិទការិយាល័យនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយអាស៊ីសេរីអះអាងថាបានរងការគាបសង្កត់ពីអាជ្ញាធររដ្ឋ ហើយត្រូវបង្ខំចិត្តបិទការផ្សាយរបស់ខ្លួនតាមវិទ្យុនានា អំឡុងពេលមានការបង្រ្កាបជាបន្តបន្ទាប់មកលើប្រព័ន្ធផ្សព្វផ្សាយដែលមានលក្ខណៈរិះគន់។
អ្នកទាំងពីរ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ រយៈពេល៤ថ្ងៃក្រោយមក អ្នកទាំងពីរត្រូវបានចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ នៅក្នុងមណ្ឌលអប់រំកែប្រែទី១ (ម.១) ដែលមានសភាពចង្អៀតខ្លាំង។ បន្ទាប់មកទៀត អ្នកទាំងពីរក៏ត្រូវបានចោទប្រកាន់ពី អំពើជួញដូរមនុស្សផងដែរ ដែលជាបទចោទក្នុងករណីផ្សេងមួយទៀត ទោះបីជាមិនទាន់មានការបង្ហាញភ័ស្ដុតាងជាសាធារណៈដើម្បីគាំទ្របទចោទទាំងនោះ ក៏ដោយ។
កាលពីថ្ងៃទី១៨ ខែឧសភា លោកចៅក្រមស៊ើបសួរ ពេជ្រ វិជ្ជាធម៌ បានសម្រេចបន្តឃុំខ្លួនអ្នកទាំងពីររយៈពេល៦ខែទៀត។
អ្នកទាំងពីរ ត្រូវបានចោទប្រកាន់ដោយយោងតាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការផ្តល់ព័ត៌មានដល់រដ្ឋ ឬភ្នាក់ងារបរទេស ដែលអាច “អន្តរាយដល់ការការពារជាតិ” ព្រមទាំងមាត្រា៣៨និងមាត្រា៣៩ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ប្រសិនបើត្រូវបានផ្ដន្ទាទោស អ្នកទាំងពីរអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៦ឆ្នាំ៕
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- វាយប្រហារលើអ្នកសារព័ត៌មាន និងបញ្ហាប្រព័ន្ធផ្សព្វផ្សាយ តុលាការ និងនីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម