អត្ថបទខ្លីៗ

សមាជិក​សហគមន៍​ព្រៃឡង់​ត្រូវបាន​ហាមឃាត់​ដោយ​អាជ្ញាធរ

ចេញផ្សាយ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២០
F T M
នគរបាល​ប្រដាប់​ដោយកាំភ្លើងឃ្លាំមើល​ពិធីបុណ្យ​បំបួសព្រៃឡង់​កាលពីឆ្នាំមុន។

នារសៀលនេះ ​សមាជិក​សហគមន៍​ សកម្មជន​បរិស្ថាន​ ព្រះសង្ឃ ​និង​បុគ្គលិក​អង្គការ​សង្គមស៊ីវិល​ រាប់រយនាក់​ ត្រូវបាន​អាជ្ញាធរ​ហាមឃាត់​មិនឱ្យ​ធ្វើដំណើរ​ចូលទៅ​កាន់តំបន់​ការពារ​ព្រៃឡង់។​ អ្នកចូលរួម​ជាច្រើន​ក្រុមត្រូវបាន​បញ្ឈប់ ​ខណៈពេល​កំពុងធ្វើដំណើរ​ទៅកាន់​ទីតាំង​ពិធីបុណ្យ​បំបួសព្រៃឡង់​ប្រចាំឆ្នាំ​ដែលបាន​គ្រោងទុក​ ដែលធ្វើឡើងក្នុង​គោលបំណង​លើកកម្ពស់​ការយល់​ដឹងអំពី​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ និង​ការអភិរក្ស​តំបន់​ព្រៃការពារ​ធំជាងគេ​នៅកម្ពុជានេះ។

អាជ្ញាធរ​មកពី​ក្រសួង​បរិស្ថាន ​និងមន្រ្តី​មូលដ្ឋាន​ ដែល​មួយចំនួន​ប្រដាប់​ដោយកាំភ្លើង​ បានប្រាប់​ទៅក្រុម​សហគមន៍​ទាំងបួន​ខេត្តថា ​ចាំបាច់​តម្រូវឱ្យ​មានការ​អនុញ្ញាតពី​ “ថ្នាក់លើ”​ ទើចអាច​ចូលទៅ​កាន់ព្រៃឡង់​បាន និង​បានទាមទារ​ឱ្យមាន ​“លិខិត​អនុញ្ញាត​ជាផ្លូវការ” ពីអ្នកចូល​រួមទាំងនេះ។ ​ការអនុញ្ញាតនេះ ​មិនបាន​តម្រូវនៅក្នុង​ច្បាប់ទេ។

អ្នកចូលរួមមួយចំនួន​ ក៏បាន​រាយការណ៍​ផងដែរថា​ អាជ្ញាធរ​ក្នុងតំបន់​បានគំរាមកំហែង​អ្នកភូមិ​ក្នុងមូលដ្ឋាន​ ដើម្បី​ដាក់សម្ពាធ​លើអ្នកទាំងនោះ​កុំឱ្យអនុញ្ញាតឱ្យ​អ្នកចូលរួម​សម្រាកនៅក្នុង​ភូមិរបស់​អ្នកទាំងនោះ ​អំឡុងពេល​ដែលពួកគាត់​ធ្វើដំណើរ​ ឬចូលរួម​ក្នុងពិធីបុណ្យ ​ដែលមានរយៈពេល​ពីរថ្ងៃនេះ។​

ផ្ទុយពីសកម្មភាព​នៅថ្ងៃនេះ ​កាលពីសប្ដាហ៍មុន​ មន្រ្តីបរិស្ថាន​ជាង៥០០នាក់ ​មកពីក្រសួង​បរិស្ថានបាន​ប្រារព្ធពិធី​មួយនៅ​តំបន់ព្រៃឡង់​ និងបានលើកទឹកចិត្ត​យុវជន​ និងសមាជិក​សហគមន៍​ ឱ្យចូលរួម​ចាត់វិធានការ​ ដើម្បី​ជួយអភិរក្ស​ព្រៃដ៏ធំ ​ដែលមាន​ខេត្តចំនួន៤នេះ​រួមមាន​ ខេត្តក្រចេះ ​ខេត្តកំពង់ធំ​ ខេត្តព្រះវិហារ​ និងខេត្តស្ទឹងត្រែង។​

កាលពីឆ្នាំ២០១៨ សមាជិក​សហគមន៍​ត្រូវបាន​បង្ខំឱ្យលុបចោល​ព្រឹត្តិការណ៍​ប្រចាំឆ្នាំនេះផងដែរ​ ដោយសារ​ការគំរាមកំហែង​ពីសំណាក់​អាជ្ញាធរ។​ នៅពេលនោះ ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ បានលើកឡើងថា​ មិនមាន​ការភ័យខ្លាច​បែបនេះទេ ​និងបានឆ្លើយតប​ទៅអ្នកសារព័ត៌មានថា​ ក្រសួង​របស់លោកចង់​ឱ្យមាន​ការសហការគ្នា​ ដើម្បីការពារព្រៃ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា