អត្ថបទខ្លីៗ

សកម្មជន​បរិស្ថាន​បីនាក់​ ត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនាគារ​ ខណៈសកម្មជន​ពីរអង្គ/នាក់ផ្សេងទៀត ​ត្រូវបាន​ចាប់ខ្លួន​ ទាក់ទិន​នឹង​ការតវ៉ា​ដោយ​សន្តិវិធី​ ​

ចេញផ្សាយ ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០២០
F T M
សកម្មជន​បរិស្ថានកញ្ញា​ ឡុង គន្ធា​ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅថ្ងៃសៅរ៍នេះ ​(រូបភាព​ពីមាតា​ធម្មជាតិ) ។

នៅថ្ងៃអាទិត្យនេះ​ អាជ្ញាធរបានចោទ​ប្រកាន់​យុវជន​ជាសកម្មជន​បរិស្ថាន​ចំនួន៣នាក់​ពី “ញុះញង់​បង្កឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម​” និង​បង្គាប់ឱ្យ​បញ្ជូន​អ្នកទាំងបី​ទៅឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំសវនាការ​ ពាក់ព័ន្ធ​នឹងសកម្មភាព​អហិង្សា​របស់អ្នកទាំងបី​ ក្នុងការ​អំពាវនាវ​ឱ្យរាជរដ្ឋាភិបាល​យកចិត្តទុកដាក់​អំពីការលុបបឹងតាមោក​ នៅភាគខាងជើង​នៃរាជធានីភ្នំពេញ​ ។

សកម្មជនបរិស្ថាន​ទាំងបីនាក់​រួមមាន​ លោក ថុន រដ្ឋា​ អាយុ ២៨ឆ្នាំ ​កញ្ញា ឡុង គន្ធា ​អាយុ ២២ឆ្នាំ ​និងកញ្ញា ភួន កែវរស្មី ​អាយុ​ ១៩ឆ្នាំ ​គឺជាសមាជិក​ចលនាមាតា​ធម្មជាតិកម្ពុជា ​។ នៅថ្ងៃអាទិត្យនេះ ​អ្នកទាំងបី ​ត្រូវបានចោទប្រកាន់​ជុំវិញ​ការរៀបចំ​ដង្ហែក្បួន​បែបអហិង្សា ​ដោយកញ្ញា ឡុង គន្ធា​ ពីវត្តភ្នំ​ ឆ្ពោះទៅកាន់​គេហដ្ឋាន​សម្ដេចនាយករដ្ឋមន្រ្តី ​ដើម្បីបង្ហាញ​ពីកង្វល់របស់នាង​ ទាក់ទិន​នឹងការលុបបឹង​ និងការសាងសង់​ នៅលើផ្ទៃបឹងតាមោក ​។

អ្នកទាំងបី​ ត្រូវបាន​ចាប់ខ្លួន​កាលពីថ្ងៃសុក្រ ​និងសាកសួរ​ដោយព្រះរាជាអាជ្ញានិង​ចៅក្រមស៊ើបសួរ​ នៅសាលាដំបូង​រាជធានីភ្នំពេញ​ នៅថ្ងៃចុងសប្ដាហ៍នេះ​ ។ នៅថ្ងៃអាទិត្យនេះ ​អ្នកទាំងបី​ត្រូវបាន​ចោទប្រកាន់​ពី “ញុះញង់​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម”​ តាមបញ្ញត្តិមាត្រា៤៩៤​ និងមាត្រា៤៩៥​នៃក្រមព្រហ្មទណ្ឌ ​ដែលមានចែងពី​ការផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ចន្លោះពី៦ខែ​ រហូតដល់ ២ឆ្នាំ​ និងពិន័យជាប្រាក់​រហូតដល់ ៤លានរៀល​ ។ លោក រដ្ឋា ​ត្រូវបាន​បញ្ជូនទៅឃុំខ្លួន​នៅមណ្ឌល​អប់រំកែប្រែទី១ ​ខណៈដែលកញ្ញា​ គន្ធា និងកញ្ញា ​កែវរស្មី​ ត្រូវបាន​បញ្ជូនទៅឃុំខ្លួន​នៅមណ្ឌលអប់រំ​កែប្រែទី២ ។​

ករណី​ដាច់ដោយឡែក​មួយទៀត ​នៅថ្ងៃអាទិត្យនេះ ​អាជ្ញាធរបាន​ចាប់ខ្លួន​សមាជិក​ពីរនាក់​នៃចលនា​យុវជន ​”ប្រជាពលរដ្ឋ​សកម្ម​ដើម្បីយុត្តិធម៌​” ដែល​គ្រោងនឹងរៀបចំ​ការជួបជុំ​នៅទីលាន​ប្រជាធិបតេយ្យ ​នៅសប្ដាហ៍ក្រោយនេះ​ ដើម្បីអំពាវនាវ​ឱ្យដោះលែង​ លោក រ៉ុង ឈុន​ អតីតប្រធាន​សហជីព​ដែលកំពុងជាប់ឃុំ​ក្នុងពន្ធនាគារ ​។

ព្រះតេជព្រះគុណ ​កើត សារ៉ាយ​ សមាជិកខ្មែរថាវរៈ​ និងលោក​ មាន ព្រហ្មមុនី​ អនុប្រធាន​សមាគមនិស្សិតខ្មែរបញ្ញាវ័ន្ត​ ត្រូវបាន​ចាប់ខ្លួន​ នៅរាជធានីភ្នំពេញ ​ពាក់ព័ន្ធ​នឹងផែនការ​ជួបជុំគ្នា​នៅទីលាន​ប្រជាធិបតេយ្យ​ក្នុងរាជធានីភ្នំពេញ​ និងការអំពាវនាវ​ឱ្យដោះលែង​ លោក រ៉ុង ឈុន​ ប្រធានសហជីព ។​ លោក រ៉ុង ឈុន​ ត្រូវបាន​ចាប់ខ្លួន​ កាលពីចុងខែកក្កដា​ និងចោទប្រកាន់​ពីបទញុះញង់​ ជុំវិញ​ការអត្ថាធិប្បាយ​របស់លោក​នៅក្នុងកម្មវិធី​ផ្សាយរបស់វិទ្យុ​មួយ​អំពីបញ្ហាព្រំដែនកម្ពុជា​-វៀតណាម ។​

សាលារាជធានីភ្នំពេញ​ ធ្លាប់បាន​ចេញសេចក្ដីប្រកាស​ព័ត៌មាន​ក្នុងការ​ហាមឃាត់​ការជួបជុំគ្នានេះ​ ដោយលើក​ហេតុផលថា​ អ្នករៀបចំ​មិនអាច​គ្រប់គ្រង​ចំនួនអ្នកចូលរួមបាន​ និងចោទប្រកាន់​អ្នកទាំងនោះថា​ “ញុះញង់”​ ឱ្យសាធារណជន​ចូលរួមការតវ៉ា ។​ ចលនា ​“ប្រជាពលរដ្ឋ​សកម្មដើម្បីយុត្តិធម៌”​ បានប្រកាស​នៅថ្ងៃសៅរ៍​ម្សិលមិញថា​ អ្នករៀបចំ​នឹងនៅតែធ្វើការ​ជួបជុំគ្នា​តាមការ​គ្រោងទុក ដែល​ត្រូវចាប់ផ្ដើម​ពីថ្ងៃទី០៧​ ដល់ថ្ងៃទី១៥​ ខែកញ្ញា ​ឆ្នាំ២០២០នេះ ។​

រាប់​បញ្ចូលទាំង​ការចាប់ខ្លួន​ព្រះអង្គ កើត សារ៉ាយ ​និងលោក មាន ព្រហ្មមុនី​ មនុស្សចំនួន៨អង្គ/នាក់​ហើយ ​ត្រូវបាន​ចាប់ខ្លួន/ព្រះកាយ ​ដោយសារ​ការរៀបចំ​ ឬចូលរួម​ក្នុងការ​តវ៉ាដោយសន្ដិវិធី​ ដើម្បីអំពាវនាវ​ឱ្យដោះលែង​ លោក រ៉ុង ឈុន ។​ ក្រុមសង្គម​ស៊ីវិលប្រមាណ​១៤២ស្ថាប័ន​ បានអំពាវនាវ​តុលាការ និង​រាជរដ្ឋាភិបាល​ដោះលែង ​លោក រ៉ុង ឈុន​ ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់ប្រឆាំង​នឹងលោកវិញ ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា