អត្ថបទខ្លីៗ

គ្រួសារ​របស់​អ្នកការពារសិទ្ធិមនុស្ស​ដែលកំពុង​ជាប់ពន្ធនាគារ​ អំពាវនាវ​រកយុត្តិធម៌​ អំឡុង​ពេលប្រារព្ធ​ទិវាសិទ្ធិមនុស្ស​តាមបណ្ដាញ​ទំនាក់ទំនងសង្គម

ចេញផ្សាយ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២០
F T M
សមាជិកសហគមន៍​ជីខក្រោមក្នុងខេត្ត​កោះកុង ប្រារព្ធទិវា​សិទ្ធិមនុស្ស​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

នាថ្ងៃនេះ ​សមាជិក​គ្រួសារ​របស់​អ្នកការពារ​សិទ្ធិមនុស្ស​ដែលកំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនាគារ​យ៉ាងតិច៥នាក់ ​បានអំពាវនាវ​ឱ្យមានការ​ដោះលែង​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគាត់​ឱ្យមាន​សេរីភាពវិញ​ ខណៈដែល​សហគមន៍​នៅទូទាំងប្រទេស​ បានបង្ខំចិត្ត​ប្រារព្ធទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​តាមប្រព័ន្ធ​ផ្សព្វផ្សាយសង្គម ។​ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​បានបដិសេធ​មិនឱ្យ​សហគមន៍​មូលដ្ឋាន​ជួបជុំគ្នា ​ដោយលើក​ហេតុផល​ពីហានិភ័យ​នៃឆ្លងវីរុសកូវីដ១៩​ សហគមន៍​មូលដ្ឋាន​ជាង ២០​ បានប្រារព្ធ​ទិវាសិទ្ធិមនុស្ស​ខួបលើកទី៧២​ នៃការបង្កើត​ឱ្យមាន​សេចក្ដី​ប្រកាស​ជាសកល​ស្ដីពីសិទ្ធិមនុស្ស ​នៅលើប្រព័ន្ធផ្សព្វផ្សាយ​សង្គមវិញ​ ដោយបាន​អំពាវនាវ​ឱ្យមានការគោរព​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់ពួកគាត់ ។​

នេះជាលើកទីមួយ​ហើយ​ក្នុងរយៈពេល​២៧ឆ្នាំ ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មិនអាច​ប្រារព្ធទិវា​សិទ្ធិមនុស្ស​ជាថ្ងៃឈប់សម្រាក​ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានលុបចោល​ថ្ងៃប្រារព្ធ​ទិវាមួយនេះ​ចេញពី​ថ្ងៃឈប់សម្រាក​ប្រចាំឆ្នាំ ​កាលពីឆ្នាំមុន ។​ ទោះបីជា​បែបនេះក្ដី ​ក៏សហគមន៍​ជាច្រើន​នៅទូទាំង​ប្រទេស​បានរៀបចំ​ព្រឹត្តិការណ៍នេះ​ដោយមានការ​ចូលរួម​ពីកសិករ​ កម្មករ-កម្មការិនី​ និង​សហគមន៍​ជាច្រើន ដើម្បី​សម្ដែង​មតិ​អំពីការរំលោភយកដីធ្លី ​សិទ្ធិរបស់កម្មករ-កម្មការិនី​ និងការបន្ត​កើតមាន​នៃការ​រំលោភសិទ្ធិមនុស្ស​ដែលសហគមន៍​របស់ពួកគាត់​កំពុងជួបប្រឈម ។​ ដោយហេតុថា ​ប្រទេសកម្ពុជា​បានរកឃើញ​ករណីដំបូង​នៃការឆ្លង​ជាសហគមន៍​នៃវីរុសកូវីដ១៩​នៅរយៈពេលពីរសប្ដាហ៍​ចុងក្រោយ​មុនពេល​ប្រារព្ធទិវានេះ​ ក្រុមប្រជាពលរដ្ឋ​ជាច្រើន​បាននាំគ្នា​ប្រារព្ធទិវានេះ​តាមប្រព័ន្ធផ្សព្វផ្សាយ​សង្គមវិញ​ ដោយបាន​លើកឡើងថា ​យុទ្ធនាការនេះ​នឹងបន្តធ្វើឡើង​រហូត​ដល់​ថ្ងៃទី២៥ ​ខែធ្នូ ​ឆ្នាំ២០២០​។ មនុស្សមួយក្រុម​នៅសហគមន៍មួយ​ក្នុងខេត្តកោះកុង​ដែលបាន​ចាប់ផ្ដើម​ប្រារព្ធទិវានេះ​នៅលើបណ្ដាញ​ទំនាក់ទំនង​សង្គម​ដោយមានការថតរូប​និងវីដេអូ​ខ្លួនឯង​ជាមួយ​នឹងផ្ទាំងបដាមួយ​ ត្រូវបាន​ឃ្លាំមើល​ដោយនគរបាល​មូលដ្ឋាន​ជាច្រើន ។ ​

នារសៀលនេះ ​គ្រួសារ​និងប្ដីឬប្រពន្ធ​របស់​សកម្មជន​វ័យក្មេង​ដែលកំពុងជាប់ឃុំ​ក្នុងពន្ធនាគារ​ចំនួនយ៉ាងតិច៥នាក់​ដោយសារ​ការបង្ក្រាប​លើបាតុករ​អហិង្សា​កាលពីឆ្នាំមុន​ បានសំណូមពរ​យ៉ាងទទូច​ឱ្យរាជរដ្ឋាភិបាលដោះលែង​អ្នកទាំងនោះវិញ ។​ សាច់ញាតិ​របស់​ក្រុមយុវជន​ខ្មែរថាវរៈ​ គឺលោក ហ៊ុន វណ្ណៈ ​អ្នកស្រី ឈឿន ដារ៉ាវី​ និងកញ្ញា ​អេង ម៉ាឡៃ ​ក៏ដូចជា​សកម្មជន​ចលនាមាតាធម្មជាតិ​ កញ្ញា ​ភួន កែវរស្មី ​និងលោក ថុន រដ្ឋា​ បានបង្ហោះរូបភាព​របស់ពួកគាត់​ភ្ជាប់​ជាមួយ​រូបភាព​មនុស្សជាទីស្រឡាញ់​របស់ពួកគាត់​ដែលកំពុង​ជាប់ឃុំខ្លួន​ ដើម្បីទាមទារ​ជាសាធារណៈឱ្យ​មានការដោះលែង​អ្នកទាំងនោះឱ្យ​មានសេរីភាព​វិញ ។​ សកម្មជន​ទាំង៥នាក់​ ត្រូវបាន​ចាប់ខ្លួន​កាលពីដើមឆ្នាំនេះ​ ដែលជាផ្នែកមួយ​នៃការចាប់ខ្លួន​បែបហិង្សាទៅលើយុវជន​ និងសកម្មជន​បរិស្ថាន ​ដែលបាន​ចេញតវ៉ា​នៅតាមដងផ្លូវ​ដោយសន្តិវិធី​ ដើម្បីជំទាស់​ទៅនឹងការ​ចាប់ខ្លួនលោក ​រ៉ុង ឈុន ​ប្រធានសហជីព​​ ក៏ដូចជាជំទាស់​ទៅនឹង​ការលក់បឹងតាមោក​ ក្នុងរាជធានីភ្នំពេញ ។​ សកម្មជនទាំង៥នាក់ ​កំពុងស្ថិតក្រោម​ការឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំសវនាការ​ និងប្រឈម​នឹងការជាប់​ពន្ធនាគារ​រហូតដល់ ​២ឆ្នាំ ​ប្រសិនបើត្រូវបាន​រកឃើញថា​មានទោស ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា