អត្ថបទខ្លីៗ

សកម្មជន​ការពារបរិស្ថាន​ត្រូវបាន​ផ្ដន្ទាទោស​ពីការគ្រោង​តវ៉ា​ដោយ​សន្ដិវិធី

ចេញផ្សាយ ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២១
F T M
លោក ថុន រដ្ឋា​ និងកញ្ញា ​ភួន កែវរស្មី ​គឺស្ថិត​ក្នុង​ចំណោម​សកម្មជន​មាតា​ធម្មជាតិ​ទាំង៥នាក់​ ដែល​ត្រូវបាន​ផ្ដន្ទាទោស​ពីបទ​ញុះញង់​នៅថ្ងៃពុធនេះ ​(រូបភាព​ពីមាតា​ធម្មជាតិ​កម្ពុជា) ​។

នាព្រឹកនេះ​ យុវជន​ជាសកម្មជន​បរិស្ថាន​ចំនួន៣រូប​ ត្រូវបាន​សាលាដំបូង​រាជធានីភ្នំពេញ​ ផ្ដន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​ ចន្លោះពី​ ១៨ខែ​ ទៅ២០ខែ​ ដោយសារ​ការរៀបចំ​ឱ្យមាន​ការដើរ​ហែក្បួនសន្ដិវិធី​ដោយស្ដ្រីម្នាក់​ ក្នុងគោល​បំណង​បង្ហាញ​ពីការ​បន្តចាក់​លុបបឹងតាមោក​ក្នុងរាជធានីភ្នំពេញ​ពីសំណាក់អាជ្ញាធរ​ និង​ភាពសកម្មនិយម​ផ្សេងទៀត​ក្នុងកិច្ចការពារ​ធនធាន​ធម្មជាតិ​របស់​ប្រទេសកម្ពុជា ។​

គិតត្រឹម​ពេលចាប់ខ្លួន​ សកម្មជន​ កញ្ញា ឡុង គន្ធា ​មានអាយុ ២២ឆ្នាំ ​និងកញ្ញា ​ភួន កែវរស្មី ​មានអាយុ ១៩ឆ្នាំ ​ហើយអ្នកទាំងពីរ​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ១៨ខែ ​ពី “បទញុះញង់​បង្កឱ្យ​មានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់សន្ដិសុខ​សង្គម”​ តាមបញ្ញត្តិ​មាត្រា ៤៩៤​ និងមាត្រា ៤៩៥​ នៃក្រមព្រហ្មទណ្ឌ ​និងពិន័យ​ជាប្រាក់​ម្នាក់ៗ​ចំនួន ៤លានរៀល ​(ប្រមាណ ១ពាន់ដុល្លារ) ។ ​សកម្មជនទី៣គឺ​ លោក ថុន រដ្ឋា​ អាយុ ២៩ឆ្នាំ ​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ ២០ខែ​ និងពិន័យ​ជាប្រាក់​ចំនួន ៤លាន​រៀល​ ក្រោមបទ​ចោទ​ដូចគ្នា ។ ​

សកម្មជន២នាក់​ផ្សេងទៀត​ ត្រូវបាន​កាត់ទោស​ដោយកំបាំងមុខ​ ក្រោម​បទចោទដូចគ្នា​ ដោយ​មានការ​ចេញដីកា​ចាប់ខ្លួន​ពួកគេ​ផងដែរ ។​ លោក​ Alejandro Gonzalez-Davidson ​សញ្ជាតិ​អេស្ប៉ាញ ​និងជាស្ថាបនិក​នៃចលនា​មាតាធម្មជាតិ​ ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ ២០ខែ ​ខណៈដែលកញ្ញា ​ជា គន្ធីន​ ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ ១៨ខែ ។​ អ្នកទាំងពីរ​ ត្រូវបាន​ពិន័យ​ជាប្រាក់​ម្នាក់ៗ​ចំនួន ៤លាន​រៀលដូចគ្នា ។​

កញ្ញា ​គន្ធា ​កញ្ញា ​កែវរស្មី ​និងលោក ​រដ្ឋា ​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្រោម​ការឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ចាប់តាំងពី​ពេលដែល​អាជ្ញាធរ​បានចាប់ខ្លួន​ពួកគេ​ កាលពី​ដើមខែ​កញ្ញា ​ឆ្នាំ២០២០​ បន្ទាប់ពី​ពួកគេ​គ្រោងរៀបចំ​ការដើរក្បួន​ ដោយ​កញ្ញា ​ឡុង គន្ធា ​ម្នាក់ឯង​ ពីវត្តភ្នំ​ ឆ្ពោះទៅ​កាន់​គេហដ្ឋាន​របស់ សម្ដេច​នាយករដ្ឋមន្រ្តី​ ដើម្បី​បង្ហាញ​ពី​កង្វល់​ ពាក់ព័ន្ធ​នឹងការ​អភិវឌ្ឍន៍ ​និងការ​ចាក់លុប​យ៉ាងឆាប់រហ័ស​នៃបឹងតាមោក ​ដែលជា​បឹងធំ​ជាងគេមួយ​ នៅសេសសល់​ក្នុង​រាជធានីភ្នំពេញ ។​ ផ្នែកជាច្រើន​នៃបឹងនេះ​ ត្រូវបាន​កាត់ចេញ​ និងផ្ដល់ទៅ​ឱ្យ​ ស្ថាប័នរដ្ឋ​ និង​បុគ្គល​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកមាន​អំណាច​ នៅរយៈពេល​ប៉ុន្មាន​ខែចុងក្រោយនេះ ។​

ការជំនុំជម្រះក្ដី​នៃសកម្មជន​ទាំងនេះ ​មានការ​សួរដេញដោល​ជាច្រើន​ ទាក់ទិន​នឹងគណនី​ហ្វេសប៊ុក​មាតាធម្មជាតិ​ ដែលជា​អ្នកផ្ដល់​ជំនួយ​ដល់អ្នកការពារ​បរិស្ថាន​ទាំងនេះ ​និងព័ត៌មាន​ទាំងឡាយ​ដែលបាន​បង្ហោះ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ដែលមិនមាន​បង្ហាញពី​ភស្តុតាង​បញ្ជាក់​ពីការញុះញង់​ទាល់តែសោះ ។​ ក្រុម​សង្គមស៊ីវិល​ បានអំពាវនាវ​ឱ្យដោះលែង​សកម្មជន​ទាំងនេះ​ឱ្យបាន​ឆាប់ ​ខណៈដែល​គ្រួសារ​របស់​ពួកគេ​បានកត់សម្គាល់ថា​ ស្ថានភាព​ចង្អៀត​នៅក្នុងពន្ធនាគារ គឺប៉ះពាល់​សុខភាព​ និង​សុវត្ថិភាព​ របស់​អ្នកការពារ​បរិស្ថាន​វ័យក្មេង​ទាំងនេះ​ខ្លាំងណាស់ ។​ កញ្ញា ​គន្ធា​ និង​ កញ្ញា ​កែវរស្មី​ ត្រូវបាន​កំណត់​ឱ្យដោះលែង​ពីពន្ធនាគារវិញ​នៅខែមីនា​ ឆ្នាំ២០២២​ ខណៈដែល​លោក រដ្ឋា​ នឹង​ត្រូវដោះលែង​វិញ​ក្នុងខែឧសភា ​ឆ្នាំ២០២២ ៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា