អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍តម្តល់ការ​ផ្តន្ទា​ទោស ប៉ុន្តែ​ព្យួរ​ទោស លោក រ៉ុង ឈុន កញ្ញា ស កន្និកា និង​លោក តុន និមល

ចេញផ្សាយ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០២១
F T M
លោក តុន និមល (ឆ្វេង) និងលោក រ៉ុង ឈុន ​មក​ដល់​សាលាឧទ្ធរណ៍​រាជ​ធានី នៅថ្ងៃ១២ វិច្ឆិកា ឆ្នាំ ២០២១

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នាព្រឹកនេះ បានសម្រេច​តម្កល់​ការ​ផ្ដន្ទា​ទោស ប៉ុន្តែ​ព្យួរ​ទោស លោក រ៉ុង ឈុន កញ្ញា ស កន្និកា និង​លោក តុន និមល ។ អ្នក​ទាំង​បី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ពី​បទ​ញុះញង់ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ កាល​ពី​ថ្ងៃទី១៨ ខែ​សីហា ឆ្នាំ​២០២១ ដោយសារ​ការ​អនុវត្ត​សិទិ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ទាំង​នោះ ។

សាលាឧទ្ធរណ៍ បានសម្រេចឱ្យលោក រ៉ុង ឈុន ជាប់​ពន្ធនាគារ​រយៈពេល ១៥ ខែ និង​១១ថ្ងៃ នៃ​ទោស​ពន្ធនាគារ​សរុប ២៤ខែ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​បាន​ព្យួរ ។ កញ្ញា កន្និកា ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៥ ខែ និង ៥ថ្ងៃ នៃ​ទោស​សរុប​ចំនួន ២០ខែ ដោយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ ។ រីឯ​លោក និមល ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៤ ខែ និង ២៤ ថ្ងៃ​នៃ​ទោស​សរុប​ចំនួន ២០ ខែ ដោយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ ។ លោក រ៉ុង ឈុន និងកញ្ញា ស កន្និកា បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង ១៥ខែ មក​ហើយ រីឯ​លោក តុន និមល បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង ១២ខែ ។ ក្រៅ​ពី​នេះ អ្នក​ទាំង​បី​ក៏​ត្រូវ​បាន​សាលា​ឧទ្ធរណ៍ បាន​សម្រេច​ព្យួរ​ទោស​សាកល្បង​ចំនួន ៣ឆ្នាំ ផងដែរ ក្រោយ​ពេល​ដោះ​លែង ដោយ​តម្រូវ​ឱ្យ​អ្នក​ទាំង​បី គោរព​នូវ​វិធានការ​ដ៏​តឹង​រ៉ឹង​ជាច្រើន ដូចជា​មិន​អាច​ទាក់​ទង​ជាមួយ​គ្នា ហើយ​ត្រូវ​រាយ​ការណ៍​ជូន​ព្រះ​រាជ​អាជ្ញា​នៅ​ពេល​អ្នក​ទាំងបី​ផ្លាស់​ប្តូរ​ទី​លំនៅ ឬ​ការងារ យោង​តាម​មាត្រា ១១៩ និង ១២០ នៃ​ក្រម​ព្រហ្មទណ្ឌ ។

សាលាឧទ្ធរណ៍ក៏សម្រេចតម្កល់សេចក្តី​សម្រេច​របស់​សាលា​ដំបូង ដែល​ឱ្យ​សកម្មជន​ទាំង​៣​នាក់ បង់​ប្រាក់​ពិន័យ​ម្នាក់ៗ​ចំនួន ២លាន​រៀល (៥០០ដុល្លារ) និង​បង្គាប់​ឱ្យ​អ្នក​ទាំង​៣នាក់ សង​សំណង​ជំងឺ​ចិត្ត​រួម​ចំនួន ៤០០​លាន​រៀល (១០០.០០០ ដុល្លារ) សម្រាប់​ការ​ខូចខាត​ផ្សេងៗ ដែល​ការ​ពិន័យ​ទាំងពីរ​នេះ គឺ​ជា​ការ​ពិន័យ​ដែល​មាន​ទឹក​ប្រាក់​ច្រើន​ហួស​ហេតុ ។

លោក រ៉ុង ឈុន ដែលជាប្រធានសហជីព និង​ជា​សកម្មជន​ការពារ​សិទ្ធិ​ការងារ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០ ជុំវិញ​ការ​អត្ថាធិប្បាយ​របស់​លោក​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ប្រទេស​កម្ពុជា-វៀតណាម ក្រោយ​ពេល​ដែល​លោក បាន​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ កញ្ញា កន្និកា និង​លោក និមល ត្រូវ​បាន​ចាប់ខ្លួន អំឡុង​ពេល​តវ៉ា​ដោយ​អហិង្សា កាល​ពី​ខែ​សីហា និង​កញ្ញា ឆ្នាំ​២០២០ ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​លោក រ៉ុង ឈុន ។ អំឡុង​ពេល​សាក​សួរ​ទៅ​លើ​កញ្ញា កន្និកា និង​លោក និមល អាជ្ញាធរ បាន​ផ្តោត​ទៅ​លើ ថា​តើ​អ្នក​ទាំងពីរ​បាន​ចែករំលែក​ព័ត៌មាន​ទៅ​លើ​ទំព័រ​ហ្វេស​ប៊ុក និង​ថេឡេ​ក្រាម អំពី​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន ដែរ​ឬ​ទេ។

ការចាប់ខ្លួនលោក រ៉ុង ឈុន បាន​បង្ក​ឱ្យ​មាន​រលក​នៃ​ការ​ថ្កោល​ទោស​ពី​សំណាក់​សហគមន៍​អន្តរជាតិ និង​មាន​ការ​តវ៉ា​ជាច្រើន​ពី​ពលរដ្ឋ​ក្នុង​ស្រុក រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​សកម្មជន សិល្បករ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ១៩​នាក់​បន្ថែម​ទៀត ហើយ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ផង​ដែរ ។ ក្រុម​សង្គម​ស៊ីវិល សហគមន៍ និង​សហជីព ជាង ១៤០ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់​ចំពោះ​លោក រ៉ុង ឈុន ហើយ​អ្នក​រាយការណ៍​ពិសេស និង​ក្រុម​ការងារ​របស់​អង្គការ​សហ​ប្រជាជាតិ ចំនួន ៥នាក់ បាន​សំដែង​​ការ​សោក​ស្តាយ​ជា​បន្ត​បន្ទាប់​ចំពោះ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន និង​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​អាជ្ញាធរ​រដ្ឋ​ជា​បន្តបន្ទាប់​មក​លើ​អ្នក​តវ៉ា​អហិង្សា​ផង​ដែរ ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា