អត្ថបទខ្លីៗ

អាជ្ញាធរប្រើហឹង្សារុញច្រានសមាជិកសហជីពណាហ្គាវើលដ៍

ចេញផ្សាយ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០២២
F T M
រូបថត​នៃការរងរបួសរបស់កូដករ បន្ទាប់ពីនាងត្រូវបាន​អាជ្ញាធរ​រុញ​ច្រាន​ឱ្យ​ដួល​លើ​ដី​នៅ​រាជធានី​ភ្នំពេញ។ (រូបភាព​ពី​សមាជិក​សហជីព​ណាហ្គាវើលដ៍)

សមាជិកសហជីពទ្រទ្រង់សិទិ្ធការងារនៃបុគ្គលិកកម្មករខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (LRSU) ត្រូវ​បាន​អាជ្ញាធរ​ជាច្រើន​នាក់​ប្រើ​ហិង្សា​រុញ​ច្រាន​ឱ្យ​ដួល​ទៅ​លើ​ដី នៅ​ខណៈ​ដែល​សមាជិក​ទាំង​នោះ​ព្យាយាម​ដើរ​ទៅ​មុខ​អគារ​កាស៊ីណូ​ណាហ្គាវើលដ៍​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នា​រសៀល​នេះ ។

កូដករជាសមាជិកសហជីពប្រមាណ ៨០នាក់ ដែលភាគច្រើនជាស្ត្រី បានប្រមូលផ្តុំគ្នានៅរសៀលនេះ ហើយត្រូវបានអាជ្ញាធរនគរបាល និងកងកម្លាំងចម្រុះប្រមាណ ១០០នាក់ រារាំងនៅកែងមហាវិថីសម្តេចសុធារស និងសម្តេចព្រះសីហនុ ក្បែរអគារកាស៊ីណូណាហ្គាវើលដ៍ ។ កូដករជាច្រើន ត្រូវបានអាជ្ញាធរប្រើហិង្សារុញច្រាន នៅពេលដែលពួកគេព្យាយាមឆ្លងកាត់របាំងបិទផ្លូវ ។ កងសន្តិសុខជាច្រើននាក់ បានរុញកូដករជាច្រើននាក់ឱ្យដួលលើដី ដែលបណ្តាលឱ្យស្ត្រីម្នាក់ និងបុរសម្នាក់រងរបួសដាច់រលាត់ស្បែកនៅលើផ្ទៃមុខ ។

អ្នកឃ្លាំមើលការរំលោភសិទិ្ធ​មនុស្សមួយចំនួន ត្រូវបានអាជ្ញាធរប្រាប់ឱ្យចាកចេញពីកន្លែងប្រមូលផ្តុំ និងប្រាប់ឱ្យឈប់ថតរូប មុនពេលអាជ្ញាធរទាំងនោះប្រើហឹង្សាទៅលើកូដករ ។

សមាជិកសហជីពណាហ្គាវើលដ៍ តែងតែប្រមូលផ្តុំគ្នាចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកសមាជិកសហជីពដែលត្រូវបានបណ្តេញចេញដោយខុសច្បាប់ ឱ្យចូលធ្វើការវិញ និងផ្តល់ប្រាក់សំណងសមរម្យចំពោះបុគ្គលិកដែលត្រូវបានបញ្ឈប់ផ្សេងទៀត ។

កូដករជាច្រើនបានប្រឈមមុខនឹងការឃាត់ខ្លួន ចាប់ខ្លួន ពិន័យជាប្រាក់ និងការរំលោភបំពានផ្លូវភេទពីសំណាក់អាជ្ញាធរមួយចំនួន អំឡុងពេលអ្នកទាំងនោះប្រមូលផ្តុំគ្នាដោយអហិង្សារយៈពេលជាង ៧ខែកន្លងមកនេះ ។ សមាជិកសហជីពចំនួន ១១នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការអស់ជាង ២ខែ មុនពេលត្រូវបានដោះលែងកាលពីខែមីនា ឆ្នាំ២០២២ ហើយអ្នកទាំង ១១ នៅតែបន្តប្រឈមមុខនឹងទោសពន្ធនាគារជាច្រើនឆ្នាំ ប្រសិនបើតុលាការផ្តន្ទាទោសដោយយោងតាមការចោទប្រកាន់ដែលមិនត្រឹមត្រូវ ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា