អត្ថបទខ្លីៗ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​

ចេញផ្សាយ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០២៣
F T M
រូបភាព​អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ ​និង​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ ថ្ងៃទី១៨​ ខែតុលា ​ឆ្នាំ២០២៣ ​។

​នា​ថ្ងៃនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ប្រកាស​សាលក្រម​ ​ដោយ​សម្រេច​ផ្ដន្ទាទោស​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​អនុប្រធាន​គណ​បក្សជំទាស់​គឺ​គណបក្ស​ភ្លើង​ទៀន​ ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​ ​។​ ​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​របស់​លោក​ ​ទៅកាន់​អ្នកគាំទ្រ​ ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាលពីដើម​ឆ្នាំនេះ​ ​។​

​តុលាការ​ ​បាន​រក​ឃើញ​ពិរុទ្ធ​ភាព​របស់​លោក​ ​សេដ្ឋា​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​មាត្រា​៤​៩​៥​ ​និង​មាត្រា​៤​៩​៦​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ដោយ​បង្គាប់​ឱ្យ​លោក​ ​ជាប់ពន្ធនាគារ​ ​៣​ឆ្នាំ​ ​ព្រមទាំង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៤​លាន​រៀល​ (​ប្រមាណ​ជា​ ​១​.​០​០​០​ដុល្លារ​) ​។​

​បទ​ចោទ​ទាំងនេះ​ ​គឺ​ពាក់ព័ន្ធ​នឹង​សម្ដី​របស់​លោក​ ​ដែល​បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​មួយ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​។​ ​សម្ដី​របស់​លោក​ ​បាន​រិះគន់​ ​ការ​ប្រារព្ធ​ទិវា​៧​មករា​ ​ដែល​ជា​ថ្ងៃឈប់​សម្រាក​បុណ្យជាតិ​ ​ដើម្បី​រំលឹក​ពី​ការ​ផ្ដួល​រំលំ​របប​ប៉ុ​ល​ព​ត​ ​និង​ជា​អ្វី​ដែល​គណ​បក្សជំទាស់​តែងតែ​រិះគន់​ ​នៅពេលដែល​និយាយ​អំពី​វត្តមាន​រដ្ឋាភិបាល​ប្រទេស​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១​៩​៨​០​ ​។​ ​លោក​ ​សេដ្ឋា​ ​ក៏បាន​លើកឡើង​ពី​ភាពជា​ប់​ពាក់ព័ន្ធ​គ្នា​រវាង​គណបក្ស​កាន់អំណាច​គឺ​ ​គណបក្សប្រជាជន​កម្ពុជា​ ​និង​ខ្មែរក្រហម​ផង​ដែរ​ ​។​ ​សម្ដី​របស់​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​ដកស្រង់​ជា​វីដេអូ​ ​និង​បាន​បង្ហោះ​នៅ​ក្នុង​យូ​ធ្យូ​ប​ ​ដោយ​ប្រភព​មិន​ស្គាល់​មួយ​ ​។​ ​ក្រោយមក​ ​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​។​

​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ​ចាប់តាំង​ពី​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោយពេល​មានការ​ចាប់ខ្លួន​លោក​ ​ទាក់ទិន​នឹង​ការចោទប្រកាន់​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន​ ​នៅ​ក្នុង​សំណុំរឿង​ដាច់ដោយឡែក​មួយទៀត​ ​។​ ​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​ផ្ដន្ទាទោស​នៅ​ក្នុង​សំណុំរឿង​នោះ​ ​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​និង​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​១​៨​ខែ​ ​ក៏ដូចជា​ពិន័យ​ជា​ប្រាក់​ ​និង​សំណង​ជំងឺចិត្ត​ ​ផង​ដែរ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា