ការបង្ក្រាបសេរីភាពក្នុងការបញ្ចេញមតិ៖ បុរសម្នាក់ត្រូវបានបញ្ចូនទៅដាក់ពន្ធនាគារបន្ទាប់ ពីលោកបានចែកគ្នាមើលពីព័ត៌មានចុះផ្សាយនៅលើគេហទំព័រមួយ
ចេញផ្សាយ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ សូមថ្កោលទោសចំពោះការកាត់ទោសដោយគ្មានមូលដ្ឋានរបស់តុលាការរាជធានីភ្នំពេញ ទៅលើបុគ្គលិកអង្គការស្បៀងអាហារពិភពលោកឈ្មោះ សេង គុណាកា កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០១០។
លោកសេង គុណាកា ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃសុក្រ ដោយនគរបាលខណ្ឌឬស្សី។ ការចាប់ខ្លួននេះកើតឡើងបន្ទាប់ពី លោក គុណាកា បានយកឯកសារមួយនៅក្នុងគេហទំព័រ KI-Media ដើម្បីចែកគ្នាមើល ដែលគេហទំព័រនេះចុះផ្សាយព័ត៌មាន និងទស្សនៈនានាស្តីពីកម្ពុជា រួមទាំងអត្ថបទរិះគន់រាជរដ្ឋាភិបាលជាច្រើនផងដែរ។
បន្ទាប់ពីបានចំណាយពេលមួយយប់នៅក្នុងអធិការដ្ឋាននគរបាលលោកសេង គុណាកា ត្រូវបាន បញ្ចូនទៅតុលាការភ្នំពេញដើម្បីសាកសួរ មុនពេលបញ្ជូនខ្លួនត្រលប់ទៅឃុំឃាំងនៅអធិការដ្ឋាននគរបាលមួយយប់ទៀត។
នៅថ្ងៃបន្ទាប់ (ព្រឹកថ្ងៃអាទិត្យ) ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កៅ វណ្ឌី បានប្រកាសថា លោក គុណាកា មានទោសពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌថ្មី ហើយដាក់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន ១លានរៀល។
កញ្ញា ណាលី ពីឡូក នាយិកា អង្គការលីកាដូ បានមានប្រសាសន៍ " ការលើកសវនាការដ៍លឿន និងការកាត់ទោសដោយគ្មានមូលដ្ឋាន គឺជាការបង្ហាញឲ្យឃើញបន្ថែមទៀតពី កើនឡើង នៃការបង្រ្កាបរបស់រាជរដ្ឋាភិបាលកម្ពុជាលើសេរីភាព ក្នុងការបញ្ចេញមតិ” ។ កញ្ញាបានបន្ថែមទៀតថា “ ដូចដែលយើងបានបង្ហាញនៅក្នុងការវិភាគជាសាធារណៈ ក្រមព្រហ្មទណ្ឌក្នុងទំរង់បច្ចុប្បន្ននេះ គឺជាការគំរាមកំហែងលើសេរីភាពក្នុងការបញ្ចេញមតិក្នុងប្រទេសកម្ពុជា។ ការចោទប្រកាន់នេះ (១០ ថ្ងៃបន្ទាប់ពីការអនុម័តក្រមថ្មីនេះ) គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ពីការគំរាមកំហែងនេះ។ “
អង្គការលីកាដូ សូមជម្រុញសាលាឧទ្ធរណ៍ឲ្យដោះលែងលោក សេង គុណាកា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ត រហូតដល់មានការពិនិត្យឡើងវិញលើការកាត់ទោសដោយគ្មានមូលដ្ឋាននេះ។
លើសពីនេះទៅទៀត អង្គការ លីកាដូ សូមអំពាវនាវសារជាថ្មីម្តងទៀត ឲ្យមានការវិសោធនកម្មលើក្រមព្រហ្មទណ្ឌថ្មីនេះ ដើម្បីធានាឲ្យមានការគោរព និងការពារសិទ្ធិជាមូលដ្ឋានដូចដែលបានធានាក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ LICADHO Director Naly Pilorge, 012 803 650
▪ LICADHO Technical Supervisor Am Sam Ath, 012 327 770
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម