សេចក្តីថ្លែងការណ៍

ស្តីពី ការព្រួយបារម្ភអំពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ អ្នកការពារសិទ្ធិមនុស្សនៅក្នុងបញ្ហាទំនាស់ដីធ្លី នៅក្នុងប្រទេសកម្ពុជា

ចេញផ្សាយ ថ្ងៃទី​២៧ ខែមករា ឆ្នាំ២០១១; ក្រុមសង្គមស៊ីវិល
F T M

អង្គការសង្គមស៊ីវិលកម្ពុជា ដែលរួមមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានគាំទ្រសេចក្តីថ្លែងការណ៍រួម ដូចមានឈ្មោះខាងក្រោម សំដែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់សកម្មជនការពារសិទ្ធិមនុស្ស ក្នុងការបំពេញភារកិច្ច ដើម្បីការពារ និងទាមទាររកយុត្តិធម៌ សំរាប់ជនរងគ្រោះដោយអំពើរំលោភសិទ្ធិមនុស្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលចេះតែកើនឡើងជាលំដាប់ និងខ្វះការយកចិត្តទុកដាក់។
ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១១ សាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញសេចក្តីសំរេចផ្តន្ទាទោស លោក សំ ច័ន្ទគា ដែលជាសកម្មជនការពារសិទ្ធិមនុស្សមួយរូប និងជាអ្នកសំរបសំរួលការិយាល័យខេត្តកំពង់ឆ្នាំង នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ពីបទ “ បរិហារកេរ្ត៍ ” យោងតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលទើបតែចូលជាធរមាន កាលពីអំឡុងចុងឆ្នាំ២០១០ ដោយបានបង្គាប់ឲ្យលោកបង់ប្រាក់ពិន័យចំនួន ១ លាន រៀល និងប្រាក់សំណងជំងឺចិត្តទៅភាគីដើមចោទ ចំនួន ៣ លាន រៀល បន្ថែមទៀត។ មួយសបា្តហ៍មុននេះ សាលាដំបូងខេត្ត ក៍បានសម្រេចផ្តន្ទាទោស លោក រាជ សីមា ដែលជាតំណាងប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនដូចគ្នា ពីបទ “ បរិហារកេរ្ត៍ ” ផងដែរ ដោយត្រូវបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន ២លានរៀល និងប្រាក់សំណងជំងឺចិត្តចំនួន ៨លានរៀល ជាទំហំទឹកប្រាក់ដ៍ច្រើនសម្បើម ហើយដែលអាចធ្វើឲ្យគាត់ប្រឈមនឹងការដាក់ពន្ធនាគារជំនួសវិញ ប្រសិនបើគាត់មិនអាចធ្វើតាមសេចក្តីសំរេចនេះបាន។

ការសង្កេតឃ្លាំមើលរបស់អង្គការសង្គមស៊ីវិលចំពោះករណីនេះ បង្ហាញថា ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការចោទប្រកាន់សកម្មជនការពារសិទ្ធិមនុស្ស លោក សំ ច័ន្ទគា ដោយគ្រាន់តែផ្អែកលើការផ្តល់យោបល់ផ្នែកច្បាប់ទាក់ទិននឹងករណីដីធ្លីមួយកន្លែង ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលកំពុងតែនៅមានទំនាស់រវាងភាគីប្រជាពលរដ្ឋនៅតំបន់នោះជាមួយនឹងក្រុមហ៊ុនខេ.ឌី.ស៊ី. អន្តរជាតិ (KDC International) របស់លោកជំទាវ ជា ខេង ភរិយារបស់លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ នៅក្នុងបទសំភាសន៍មួយជាមួយនឹងវិទ្យុអាស៊ីសេរី ដែលបានចាក់ផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៩ ជុំវិញបញ្ហាឈូសឆាយដីមានទំនាស់នេះ លោក សំ ច័ន្ទគា ត្រូវបានដកស្រង់សំដីថា “ អ្វីដែលក្រុមហ៊ុនធ្វើនេះបំពានទៅហើយ ពីព្រោះតុលាការមិនទាន់សំរេចដល់អង្គសេចក្តីនៅឡើយទេ អ៊ីចឹងហើយ ក្រុមហ៊ុនគួរតែត្រូវផ្អាករង់ចាំការសំរេចដោយអង្គសេចក្តីសិន” ។ការសំដែងទស្សនៈបែបនេះ ក៍ត្រូវបានទទួលស្គាល់ក្នុងមាត្រា១៣៦ និង ១៦៧ នៃក្រមនីតិវិធីរដ្ឋប្បវេណីថ្មី របស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ការចោទសួរនៅក្នុងសវនាការសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១ បានគូសបញ្ជាក់ថា នៅមុនពេលផ្តល់សំភាសន៍សំដែងមតិទស្សនៈផ្នែកច្បាប់តាមរយៈវិទ្យុអាស៊ីនេះ លោក សំ ច័ន្ទគា ក៍ធ្លាប់បានទទួលសំណើសុំពីប្រជាពលរដ្ឋទាក់ទិននឹងករណីទំនាស់ដីធ្លី ដែលពួកគាត់បានតវ៉ាជាមួយនឹងតំណាងក្រុមហ៊ុន KDC International តាំងពីឆ្នាំ ២០០១ មកម្លេះ ហើយក៍បានទទួលឯកសារពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានប្តឹងចូលតុលាការខេត្តកំពង់ឆ្នាំង កាល់ពីខែឧសភា ឆ្នាំ២០០៩ ដែលរហូតមកទល់ពេលនេះ សាលាដំបូងខេត្តកំពង់ឆ្នាំងបានទទួលពាក្យបណ្តឹងហើយ តែមិនចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋ។ ឯកសារទាំងពីរខាងលើនេះ ក៍ជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា ដីធ្លីនៅតំបន់នោះមិនទាន់ត្រូវបានដោះស្រាយដាច់ស្រេចអំពីកម្មសិទ្ធិដីធ្លីនៅឡើយ។

ដូចនេះ ជាមួយនឹងករណីខាងលើអង្គការសង្គមស៊ីវិលកាន់តែមានការព្រួយបារម្ភអំពីការអនុវត្តន៍ច្បាប់ និងយល់ឃើញថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ (ទោះជាទស្សនៈ/យោបល់ផ្នែកច្បាប់ ឬទស្សនៈធម្មតាក្តី) ត្រូវបានតុលាការយកមកបកស្រាយក្នុងក្របខណ្ឌដ៍តូចចង្អៀត ហើយអ្នកដែលហ៊ានសំដែងមតិ ទោះជាក្នុងក្របខណ្ឌច្បាប់ក៍ដោយ ក៍ងាយត្រូវប្រឈមនូវការចោទប្រកាន់ និងផ្តន្ទាទោសអំពីបទ “បរិហារកេរ្ត៍” ដែលនេះ ជាការរួមតូចនៃបរិយាកាសការងាររបស់អ្នកការពារសិទ្ធិមនុស្ស ក្នុងការបំពេញតួនាទីជាអ្នកការពារសិទ្ធិមនុស្ស ក្នុងការទាមទាររកយុត្តិធម៌ដល់ជនរងគ្រោះទន់ខ្សោយប្រឆាំងនឹងអ្នកមានអំណាច ឬ អ្នកមានទឹកប្រាក់។ លើសពីនេះទៀត ទង្វើបែបនេះ ក៍នឹងធ្វើឲ្យអ្នកការពារសិទ្ធិមនុស្សដទៃទៀត លែងហ៊ានសំដែងនូវទស្សនៈអំពីព្រឹត្តិការណ៍អ្វីមួយ ឬចូលរួមក្នុងសកម្មភាពការពារ និងលើកស្ទួយសិទ្ធិមនុស្ស ឬ ជួយស្វែងរកយុត្តិធម៌ជូនដល់ក្រុមមនុស្សដែលទទួលរងគ្រោះដោយអំពើរំលោភសិទ្ធិមនុស្ស ទោះជាសេរីភាពក្នុងការសំដែងមតិបែបនេះ ត្រូវបានគាំពារយ៉ាងពេញលេញដោយរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជាផ្តល់សច្ចាប័នហើយក៍ដោយ។

ជុំវិញករណីលោក សំ ច័ន្ទគា និងលោក រាជ សីមា យើងខ្ញុំសង្ឃឹមថា តុលាការជាន់ខ្ពស់នឹងពិនិត្យពិចារណានិងសំរេចបដិសេធចោលនូវសាលក្រមទាំងនេះ។ ម្យ៉ាងទៀត ទាក់ទិនទៅនឹងបញ្ហានេះ អង្គការសង្គមស៊ីវិលក៍សូមអំពាវនាវដល់អ្នកដែលមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីឲ្យពិនិត្យមើលនូវបទប្បញ្ញត្តិ “បរិហារកេរ្ត៍” នេះធ្វើយ៉ាងណាឲ្យការអនុវត្តន៍ និងការបកស្រាយបទប្បញ្ញត្តិនេះមិនប៉ះពាល់ទៅដល់សិទ្ធិសេរីភាពក្នុងបញ្ចេញមតិដែលត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ ជាងនេះទៀតយើងខ្ញុំក៍ទទូចសុំឲ្យរាជរដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាគិតគូរដល់សេរីភាពក្នុងការសំដែងមតិឲ្យបានពេញលេញ តាមរយៈការពន្លឿនការកែទំរង់ប្រព័ន្ធច្បាប់ និងតុលាការ ឲ្យបានឆាប់រហ័ស និងការធានានូវរាល់សកម្មភាពបំពេញតួនាទីដោយត្រឹមត្រូវរបស់អ្នកការពារសិទ្ធិមនុស្សនានានៅក្នុងប្រទេសសំរាប់ជាប្រយោជន៍យុត្តិធម៌សង្គម ដោយមិនត្រូវបានទទួលរងនូវការរំខានផ្សេងៗ ទាំងផ្នែកច្បាប់ និងទាំងផ្នែកនយោបាយ ដើម្បីឲ្យស្របតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្នុងឋានៈជារដ្ឋហត្ថលេខី នៃកតិកាសញ្ញាអន្តរជាតិទាក់ទិននឹងសិទ្ធិមនុស្ស និង បានទទួលស្គាល់សេចក្តីប្រកាសស្តីពីការការពារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. ខាងក្រោមនេះ ជាឈ្មោះអង្គការសង្គមស៊ីវិល (សមាគម និងអង្គការមិនមែនរដ្ឋាភិបាល) ដែលគាំទ្រសេចក្តីថ្លែងការណ៍រួមនេះ
២. ឈ្មោះសមាគម
៣.
៤.
៥. ១ ​​សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
៦. ២ ​ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP)
៧. ៣ ​អង្គការលីកាដូ (LICADHO)
៨. ៤ វិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ(KID)
៩. ៥ មជ្ឍមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍(CLEC)
១០. ៦ មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១១. ៧ សមាគមយុវជនខ្មែរ (KYA)
១២. ៨ មជ្ឍមណ្ឌលកម្ពុជាដើម្បីស្ត្រីមានវិបត្តិ (CWCC)
១៣. ៩ អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា (LAC)
១៤. ១០ អង្គការខារ៉ាមកម្ពុជា(CARAM Cambodia )
១៥. ១១ មជ្ឍមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ (CCPCR)
១៦. ១២ សម្ព័ន្ធសិទ្ធិមនុស្ស និង សុខភាពកម្ពុជា (CHHRA)
១៧. ១៣ សមាគមសិទ្ធិមនុស្សចាម-ខ្មែរឥស្លាមជនជាតិភាគតិច និងអភិវឌ្ឍន៍ (CKIMHRDA)
១៨. ១៤ បេសកកម្មសម្ព័ន្ធសប្បុរសធម៌ខ្មែរ(GENEROUS)
១៩. ១៥ អង្គការការពារសិទ្ធិមនុស្សដើម្បីតម្លាភាព និងសន្តិភាព(HROTP)
២០. ១៦ សមាគមឥន្ទ្រទេវី(IDA)
២១. ១៧ វិទ្យាស្ថានខ្មែរដើម្បីអភិវឌ្ឍន៍ជាតិ(KIND)
២២. ១៨ អង្គការខ្មែរកម្ពុជាក្រោមការពារសិទ្ធិមនុស្ស(KKKHRO)
២៣. ១៩ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
២៤. ២០ មជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
២៥. ២១ អង្គការការពារយុត្តិធម៌កុមារ (PJJ)
២៦. ២២ អង្គការរក្សាការពារសិទ្ធិមនុស្ស នៃកម្ពុជា (VIGILANCE)
២៧. ២៣ មជ្ឍមណ្ឌលអភិវឌ្ឍន៍សង្គម(CSD)
២៨. ២៤ មជ្ឍមណ្ឌលដើម្បីយុត្តិធម៌ និងការបង្រួបបង្រួម (CJR)
២៩. ២៥ អង្គការអភិវឌ្ឍន៍សំលេងសហគមន៍(BCV)
៣០. ២៦ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៣១. ២៧ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API)
៣២. ២៨ សមាគមនិស្សិតខ្មែរ (KSA)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា