ការដកមន្រ្តីកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីតុលាការចេញពីជួរដឹកនាំគណបក្ស នយោយបាយ ក្នុងការធ្វើសកម្មភាពគាំទ្រ និងប្រឆាំងគណបក្សណាមួយ ដើម្បីពង្រឹង នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥; ក្រុមសង្គមស៊ីវិលយើងខ្ញុំជាក្រុមសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) និងក្រុមអង្គការសង្គមស៊ីវិល ថ្កោលទោសចំពោះគណបក្សនយោបាយដែលបាន ឬនឹងបញ្ចូលមន្រ្តីតុលាការ និងមន្រ្តីនៃកងកម្លាំង ប្រដាប់អាវុធទៅក្នុងជួរដឹកនាំគណបក្សនយោបាយរបស់ខ្លួន ដើម្បីចូលរួមសកម្មភាពគាំទ្រគណបក្សខ្លួន ឬនិងប្រឆាំងគណបក្សផ្សេងៗ។ ការបញ្ចូលនេះ គឺរំលោភលើរដ្ឋធម្មនុញ្ញ នីតិរដ្ឋ គោលការណ៍ប្រជាធិបតេយ្យ ពិសេសការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
មានមន្ត្រីតុលាការមួយចំនួន និងយ៉ាងហោចណាស់មន្ត្រីក្នុងតំណែងនៃកងកម្លាំងប្រដាប់អាវុធចំនួន៨០រូប ក្នុងជួរយោធា នគរបាល និងកងរាជអាវុធហត្ថ ត្រូវបានដាក់បញ្ចូលជាសមាជិកថ្មីក្នុងគណៈកម្មាធិការកណ្តាលនៃគណបក្ស ប្រជាជនកម្ពុជាក្នុងឱកាសសមាជវិសាមញ្ញនៃគណបក្ស នេះកាល ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥។ សមាជិកគណៈកម្មាធិការកណ្តាល ស្ថិតនៅរចនាសម្ព័ន្ធនយោបាយកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសិទ្ធិសម្រេចរាល់បញ្ហាសំខាន់ៗអំពីគោលនយោបាយក្នុងប្រទេស និងក្រៅប្រទេសរបស់គណបក្ស អំពីការងារកសាងគណបក្ស ការងារចាត់តាំងការងារមន្រ្តី ការងារគ្រប់គ្រងហិរញ្ញវត្ថុ និងថវិការបស់គណបក្ស។ នេះមានន័យថា សមាជិកគណៈកម្មាធិការកណ្តាលក្លាយជាអ្នកនយោបាយ ឬមន្រ្តីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលពួកគេមានកាតព្វកិច្ចធ្វើសកម្មភាពបំរើ ផលប្រយោជន៍ឱ្យគណបក្សរបស់ពួកគេ។
ការបញ្ចូលមន្ត្រីតុលាការ និងកងកំលាំងប្រដាប់អាវុធនេះ ត្រូវបានមើលឃើញថា បានរំលោភលើរដ្ឋធម្មនុញ្ញមាត្រា ១២៨ «តុលាការជាអំណាចឯករាជ្យ» និងស្មារតីរដ្ឋធម្មនុញ្ញអំពីការពង្រឹង និងការការពារឯកភាពជាតិ និងគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សចែងក្នុងមាត្រា៥១ថ្មី និងច្បាប់ជាច្រើនទៀត។ ពិសេសច្បាប់ស្តីពីគណបក្សនយោបាយ ត្រង់មាត្រា ១៥ ដែលចែងថា «...មន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ និងកងកំលាំងនគរបាលជាតិអាចចូលរួមជាសមាជិកគណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ...»។ ម្យ៉ាងទៀត «គណបក្សនយោបាយមិនត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំងនៅក្នុងស្ថាប័នតុលាការ កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ»។
សមាគម អង្គការសង្គមស៊ីវិលមានការសោកស្តាយជាខ្លាំង ដែលគណបក្សប្រជាជនកម្ពុជានៅចង់ដាក់ បញ្ញត្តិនៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តថា មន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ និងកងកម្លាំង នគរបាលជាតិ ត្រូវអនុញ្ញាតឱ្យធ្វើសកម្មភាពឃោសនាបោះឆ្នោតគាំទ្រគណបក្សខ្លួន និងប្រឆាំងគណបក្សផ្សេងៗ។ បើសិនបញ្ញត្តិច្បាប់នេះ ត្រូវបានអនុម័ត និងអនុវត្ត នោះនឹងនាំមកបញ្ហាសន្តិសុខ និងការដោះស្រាយវិវាទបោះឆ្នោត ពិតជាមានភាពលំអៀងមិនខាន ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់ទីលានប្រកួតនយោបាយ និងស្ថេរភាពនៃការផ្លាស់ប្តូរអំណាច និងនយោបាយនៅប្រទេសកម្ពុជា។ ការជឿទុកចិត្តទៅលើកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងតុលាការកាន់តែបន្តធ្លាក់ចុះបន្ថែមទៀត។ ប្រទេសកម្ពុជានឹងមានហានិភ័យនៃការបាត់បង់មន្រ្តីក្នុងតំណែងនៃកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងតុលាការទាំងនោះដែលមានពិសោធន៍ និងវិជ្ជាជីវៈ បើមានការផ្លាស់ប្តូរគណបក្សនយោបាយដឹកនាំរដ្ឋាភិបាល។
ការមិនឱ្យមន្រ្តីតុលាការ និងកងកម្លាំងប្រដាប់អាវុធក្នុងជួរដឹកនាំ ឬមន្ត្រីនៃគណបក្សនយោបាយ ធ្វើសកម្មភាពគាំទ្រ និងប្រឆាំងគណបក្សណាមួយ គឺមិនរំលោភសិទ្ធិនយោបាយនោះទេក្នុងន័យនៃនិយាមអន្តរជាតិ និងគោលការណ៍សិទ្ធិមនុស្ស។ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកសុរិយា ប្រាសាទ ស៊ូប៊ែឌី បានលើកឡើងក្នុងអនុសាសន៍ (Special Rapporteur for Cambodia 2012 A/HRC/21/63) ថា៖ នគរបាល និងកងយោធព លខេមរភូមិន្ទមិនត្រូវចូលរួមក្នុងសកម្មភាពគណបក្ស នយោបាយ ឬក៏ប្រើប្រាស់ធនធានរដ្ឋនោះទេ។
ការដាក់បញ្ចូលនេះក៏មិនអនុវត្តស្របតាមកិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាខ្លួនឯងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ «...គាំទ្រកំណែ ទម្រង់ការបោះឆ្នោតសំដៅធានាឱ្យការបោះឆ្នោតល្អប្រសើរឡើង...»។ ប្រការ៦ នៃកិច្ចព្រមព្រៀងបានចែងថា «គណបក្សទាំងពីរឯកភាពគ្នាធ្វើការកែទម្រង់ និងពង្រឹងស្ថាប័នជាតិសំខាន់ៗ ជាពិសេសស្ថាប័នឯករាជ្យនានា ឱ្យអាចបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ»។
លោក ធន សារាយ ប្រធានសមាគមអាដហុក បានមានប្រសាសន៍ថា “ដើម្បីប្រយោជន៍ជាតិ នីតិរដ្ឋ យុត្តិធម៌ត្រឹមត្រូវ គណបក្សនយោបាយត្រូវដកមន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិទាំងនោះពីជួរដឹកនាំគណបក្ស។ មន្ត្រីតុលាការ និងកងកម្លាំងទាំងនោះ ត្រូវតែជាមន្ត្រីក្នុងតំណែងដែលមានវិជ្ជាជីវៈ មិនប្រកាន់គណបក្ស និងត្រូវតែជាមន្ត្រី និងកងកម្លាំងរបស់ជាតិ។ ម្ចាស់ឆ្នោតត្រូវពិនិត្យទៅលើចំណុចជាសំខាន់ ថាតើគណបក្សណាមួយនៅតែបន្ត និងដាក់បញ្ចូលមន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិទៅក្នុងការដឹកនាំធ្វើសកម្មភាពបម្រើគណបក្សនោះ មកធ្វើជាលក្ខណៈវិនិច្ឆ័យដ៏សំខាន់បំផុតសម្រាប់ធ្វើការសម្រេចចិត្តខាងនយោបាយ ក្នុងការបោះឆ្នោតគាំទ្រនៅក្នុងពេលបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ ។
ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់គណបក្សនយោបាយ (មាត្រា១៥) និងការបោះឆ្នោត សេរី និងយុត្តិធម៌ បទបញ្ញត្តិនៃ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តគួរត្រូវចែងថា ទាំងក្នុងម៉ោងបំពេញការងារ និងក្រៅម៉ោងបំពេញការងារ មន្ត្រីកងយុទ្ធពលខេមរភូមិន្ទ នគរបាល និងមន្ត្រីតុលាការ មិនត្រូវធ្វើសកម្មភាពគាំទ្រ និងប្រឆាំងគណបក្សនយោបាយណាមួយ ព្រោះថា កងយោធពលខេមរភូមិន្ទ នគរបាលមានតួនាទីសំខាន់ផ្ទាល់ រក្សាសន្តិសុខក្នុងដំណើរការបោះឆ្នោត ហើយមន្ត្រីតុលាការក៏នឹងចូលរួមផ្ទាល់ក្នុងការងារបណ្តឹងទាក់ទិនការបោះឆ្នោត។ មន្ត្រីក្នុងតំណែងពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្ទាល់ក្នុងការងារសន្តិសុខបោះឆ្នោត ឬការដោះស្រាយបណ្តឹងបោះឆ្នោត ក៏ត្រូវបំពេញលក្ខខ័ណ្ឌអព្យាក្រឹត្យភាព ប្រហាក់ប្រហែលសមាជិក និងមន្ត្រីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានព្រមព្រៀងលើច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយគណៈកម្មការចម្រុះនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិថា «សមាជិក និងមន្ត្រីក្នុងតំណែងទាំងនោះត្រូវលាលែងពីគណបក្សនយោបាយ»។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ លោក ធន សារាយ ADHOC ០១៦ ៤៤០ ០៤៤
▪ លោក ហង្ស ពុទ្ធា NICFEC ០១២ ៩៥៩ ៦៦៦
▪ លោក យង់ គិមអេង PDP-Center ០១៦៨២៨ ២១១
▪ លោក គល់ បញ្ញា COMFREL ០១២ ៩៤២ ០១៧
▪ លោក រុង រតនា YCC ០១២ ៩៧៤ ១២៦
▪ លោក ហ៊ឹម យន់ CISA ០១២ ៩៤៧ ០២២
▪ លោកស្រី រស់ សុភាព GADC ០១២ ៦២៧ ៨៥៧
▪ លោក យ៉េង វិរៈ CLEC ០១២ ៨០១ ២៣៥
▪ លោកស្រី ចក់ សុភាព CCHR ០១១ ៩៤៣ ២១៣
▪ លោក ហុង គឹមសួន CDP ០១២ ៩៤៥ ៥០៥
▪ លោកស្រី សិទ្ធ ហុងអៀង KYA ០១៧ ៧៨៨ ៩៥៥
▪ លោក ជាង សុខា YRDP ០១២ ៣៦០ ៤៦៤
▪ លោកស្រី ប្រុក វ៉ាន្នី DKA ០១២ ៥៣៨ ២០១
▪ លោក អ៊ំ សំអាត LICADHO ០១២ ៣២៧ ៧៧០
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ