សេចក្តីថ្លែងការណ៍

អង្គការ​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​អនុវត្ត​ជា​បន្ទាន់​តាម​​សេចក្តី​សម្រេច​របស់​ក្រុម ​ការ​ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​ឃុំខ្លួន​តាម​អំពើ​ចិត្ត

ចេញផ្សាយ ថ្ងៃទី​២១ ខែមករា ឆ្នាំ២០១៧; ក្រុមសង្គមស៊ីវិល
F T M

នៅ​ឱកាស​គម្រប់​ពី​រ​ខែ​នៃ​ការ​អនុម័ត​លើ​សេចក្តីសម្រេច​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើចិត្ត​របស់​ (“​ក្រុម​ការ​ងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើចិត្ត”) ដែល​សម្រេច​ថា​ ការ​បន្ត​ឃុំ​ខ្លួន​លើ​បុគ្គលិក​សមាគម​អាដហុក​ ​រួមមាន​​ អ្នក​ស្រី លឹម​ មុនី លោក​ នី​ សុខា លោក​ ណៃ វ៉ង់ដា និង​លោក​ យី ​សុខសាន្ត​ ហើយ​និង​លោក​ នី​ ចរិយា អគ្គ​លេខា​ធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​
(គ.ជ.ប) (អ្នកទាំង៥) គឺ​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត។ យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ (អង្គការ​សង្គម​ស៊ីវិល) ​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​​ដល់​អាជ្ញា​ធរ​កម្ពុជាសូម​​​អនុវត្តតាម​សេចក្តី​សម្រេច​របស់​​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​ដោះ​លែងអ្នកទាំង​៥​ជា​បន្ទាន់។​ រយៈពេល​ជិត​​​ប្រាំ​បួន​ខែ​បន្ទាប់​ពីអ្នក​ទាំង៥ត្រូវ​បាន​​ឃុំ​ខ្លួន​តាំង​ពី​ដំបូង​​​​ កម្ពុជា​ពុំ​ទាន់​បាន​ចាត់​វិធាន​ការ​ដើម្បី​បញ្ឈប់ ឬ​ប៉ះប៉ូវ​​ចំពោះ​ការ​អនុវត្ត​ពុំ​ត្រឹម​ត្រូវ​​​ទៅ​លើ​អ្នក​ទាំង៥​នៅ​​ឡើយ​ទេ ហើយ​កម្ពុជា​​នៅ​តែ​បន្ត​មិន​គោរព​តាម​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​ខ្លួន​ក្រោម​​កតិកាសញ្ញា​អន្ត​រជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ (“ក.អ.ស.ព.ន”)​។ ​អង្គការ​​យើង​ខ្ញុំ​ សូម​សម្តែង​ការ​មិន​ពេញ​ចិត្ត​ជាខ្លាំង​​ចំពោះ​ការ​ខក​ខាន​របស់​អាជ្ញា​ធរ​កម្ពុជា​ ក្នុងការ​អនុវត្ត​តាម​អនុសាសន៍​របស់​​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​។

នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រុមការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើចិត្ត បាន​ប្រកាស​ថា​ការ​បន្តឃុំ​ខ្លួន​​លើ​មន្ត្រី គ.ជ.ប​ និង​បុគ្គលិក​សមាគម​អាដហុក​ចំនួន​៤​នាក់ គឺ​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ និង​ជាការ​រំលោភ​បំពាន​លើ​​​​សិទ្ធិ​សេរីភាព​ខាង​សមាគម​​ និង​សិទ្ធិ​ទទួល​បាន​ការ​ជំ​នុំ​ជម្រះ​ដោយ​យុត្តិ​ធម៌​របស់​ពួកគាត់​​ក្រោម​​ច្បាប់​សិទ្ធិ​មនុស្ស​អន្ត​រជាតិ​ និង​ច្បាប់​ជាតិ​។ បន្ថែម​លើ​នេះទៀត ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​យល់​ឃើញ​​ថា​ អ្នក​ទាំង៥​ទទួល​រង​ការ​​រើស​អើង​ដោយ​សារ​ឋានៈ​របស់​ពួកគាត់​ក្នុង​នាម​ជា​អ្នកការ​ពារ​​សិទ្ធិ​មនុស្ស​។ ការ​ប្រព្រឹត្តពុំ​គប្បី​​ទៅលើ​អ្នក​ជាប់​ឃុំ​ទាំង៥​ក្នុង​ករណី​នេះ​ គឺ​ជា​ការ​បង្ហាញ​ពីការ​ប្រើប្រាស់ប្រព័ន្ធ​តុលាការ​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា (រដ្ឋាភិបាល) ដើម្បី​យាយី​ ធ្វើ​ទុក្ខ​បុក​ម្នេញ និង​បំបិទ​សំឡេង​ជំទាស់​នៅ​មុន​​ការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ/សង្កាត់ និង​ការ​បោះឆ្នោត​​ជាតិ​នា​ពេល​​ខាង​មុខ​។​

ការ​ប្រព្រឹត្តពុំ​គប្បី​​ទៅលើ​អ្នក​ជាប់​ឃុំ​ទាំង៥​ក្នុង​ករណី​នេះ​ គឺ​ជា​ការ​បង្ហាញ​ពីការ​ប្រើប្រាស់ប្រព័ន្ធ​តុលាការ​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​យាយី​ ធ្វើ​ទុក្ខ​បុក​ម្នេញ និង​បំបិទ​សំឡេង​ជំទាស់​នៅ​មុន​​ការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ និង​ការ​បោះឆ្នោត​​ជាតិ​នា​ពេល​​ខាង​មុខ​​

ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ទៅនឹង​​សេចក្តី​សម្រេច​របស់​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំខ្លួន​តាម​អំពើ​ចិត្ត តាំង​ពីដំបូង​រហូត​មក​ដល់​ឥឡូវ​ រួមមាន​ដូចជា​ការ​​មិនចូលរួម​​ក្នុងដំណើរ​ការ​របស់​ក្រុម​ការងារ រហូត​ដល់​ការ​បដិសេធ​សេចក្ដីសម្រេចនេះ​ចោល​ទាំងស្រុង។​ ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើចិត្ត បាន​ទាក់​ទង​រដ្ឋាភិបាល​ជាលើក​ដំបូង​ជុំវិញ​​របក​គំហើញ​របស់​ពួកគេ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៦ តែ​ពុំទទួល​បាន​ការ​ឆ្លើយ​តបទេ​។ ​ចាប់តាំង​ពីពេល​នោះ​មក លោក ជីន​ ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ថា​សេចក្តីសម្រេច​របស់​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​គឺ “មិន​អាច​ទទួល​យក​បាន​ទេ​នៅក្នុង​ប្រទេស​មួយ​ដែល​ប្រកាន់​​នីតិរដ្ឋ”។ លោក​បាន​បន្ត​ថា៖ “អង្គ​ហេតុ​នោះ​គឺថា​តុលាការ​បានស៊ើប​អង្កេត​ហើយ​ [...] និង​បាន​រក​ឃើញ​ថា អ្នក​ទាំង៥ ​មាន​ចេតនា​ទុច្ច​រិត​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​”។ ការ​មិន​គោរព​សេចក្តី​សម្រេច​របស់​ស្ថាប័ន​អន្ត​រ​ជាតិ និង​ការ​មិន​​គោរព​​សិទ្ធិទទួល​បាន​ការ​​សន្មត​ទុកជា​​មុនថា​គ្មានទោស បង្ហាញ​ពីភាព​ចាំបាច់​ដែល​​​សហគមន៍​អន្ត​រជាតិ​​ត្រូវ​បង្កើន​​កិច្ច​ប្រឹង​ប្រែងរបស់​ខ្លួន​បន្ថែម​ទៀត ​​ដើម្បីឱ្យមាន​វិធាន​ការ​សម​ស្រប​ចំពោះ​ការ​រំលោភបំពាន​នានា​ទៅលើ​ច្បាប់សិទ្ធិ​មនុស្ស​អន្ត​រជាតិ​នៅ​កម្ពុជា​ និង​ច្រាន​ចោល​ការ​អះ​អាងមិន​សម​ហេតុ​ផល​របស់​រដ្ឋាភិបាល​អំ​ពីការ​គោរ​ព​​​ “នីតិ​រដ្ឋ​” ដើម្បី​ការ​ពារ​ទង្វើ​យាយី និង​ការ​ដាក់​ពន្ធនាគារ​ទៅលើ​អ្នក​នយោបាយ​បក្ស​ជំទាស់​ និង​សង្គម​ស៊ីវិល​។

ស្រប​ពេល​ដែល​មានសេចក្តី​រាយការណ៍​​ជា​ច្រើនក្នុង​​ខែ​ធ្នូ ឆ្នាំ​២០១៦ ​ថា ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥អាច​នឹង​ត្រូវបាន​​ដោះ​លែង​​ក្នុងពេល​ឆាប់ៗ តែ​ជាក់​ស្តែង​​ពួក​គាត់​ពុំទាន់ត្រូវ​បាន​ដោះ​លែង​​នៅ​ឡើយ​។​ នៅ​គ្រា​ដដែល​នេះ​ ​អ្ន​កទាំង៥​ ត្រូវ​បានអ្នក​នយោបាយ​​យក​ទៅ​​ប្រើ​ប្រាស់​ជា​កូន​អុក​ក្នុងការ​ចរចា​បែប​​​​នយោបាយ​នៅ​ក្នុង​សំណុំ​រឿង​ដែល​មាន​ចរិត​លក្ខណៈ​នយោបាយ​។

អ្នក​សង្កេតការណ៍​ជាច្រើន ក្នុង​នោះ​មាន​ទាំង​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំខ្លួន​តាម​អំពើ​ចិត្តផង​ដែរ មាន​មន្ទិល​​លើ​យុត្តាធិការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (“អ.ប.ព”) ដែល​បាន​សាក​សួរ​លើ​អ្នក​ទាំង៥​ ជា​លើក​ដំបូង ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០១៦​។ ​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើចិត្ត​បាន​រក​ឃើញ​ថា​ នីតិវិធី​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​អនុវត្តទៅ​ដោយ​មានការ​រំលោភបំពាន​លើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិ​ធម៌​មួយ​ចំនួន និង​បាន​រិះគន់​ទៅ​លើ​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​៥ ​ដោយ​ពុំ​មាន​ការ​ផ្តល់​សម្អាង​ហេតុ​តាម​ផ្លូវ​ច្បាប់ឱ្យ​បាន​ត្រឹម​ត្រូវ​​។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥​នាក់​នេះ តែងតែ​បរាជ័យ​ក្នុង​ការ​ស្នើ​​សុំនៅ​ក្រៅ​ឃុំជា​ច្រើន​លើក​ច្រើនសារ​​ ថ្វី​បើ​​តុលាការ​ពុំ​បាន​​ផ្ដល់ភស្តុតាង​គាំទ្រ​ជា​សម្អាង​ហេតុ​ស​មស្របក្នុងការ​បន្ត​ឃុំ​ខ្លួនអ្នកទាំង​៥​តាម​ច្បាប់ជាតិ​យ៉ាង​ណាក្តី​​​។

ដោយ​ផ្អែក​ទៅលើ​ការខ្វះ​ចន្លោះ​​​ផ្នែក​ស៊ើប​អង្កេត​ និង​នីតិ​វិធី​ ដូចមាន​លើក​ឡើង​​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​ ​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំខ្លួន​តាម​អំពើ​ចិត្ត បាន​ផ្តល់​អនុសាសន៍​ឱ្យ​​ដោះ​លែង​អ្នក​ទាំង៥​ ជា​បន្ទាន់ ​​ផ្តល់​សំណងជំងឺ​​ចិត្ត​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​​ដែល​ពួកគាត់​បាន​ទទួល​រង​ បង្កើត​ឱ្យ​មាន​ការ​​ផ្តួច​ផ្តើម​ស៊ើប​អង្កេត​ក្នុង​ការ​រំលោភ​បំពាន​នានា​ទៅលើ​សិទ្ធិ​របស់​ពួកគាត់​ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​​ធ្វើឱ្យ​ច្បាប់​ ​និង​ការ​អនុវត្ត​ជាក់ស្ដែង​របស់​កម្ពុជា​ស្រប​​តាម​កាតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន​​។

យើង​ខ្ញុំជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ សូម​សម្តែង​ការ​មិន​ពេញ​ចិត្ត​ជាខ្លាំង​​ចំពោះ​ការ​ខក​ខាន​របស់​អាជ្ញាធរ​កម្ពុជា ​ក្នុងការ​ប្រតិបត្តិ​តាម​អនុសាសន៍​របស់​ក្រុម​ការ​ងារទទួលបន្ទុកបញ្ហាឃុំខ្លួន​តាម​អំពើចិត្ត​ រហូត​មកទល់​ពេល​នេះ។ យើង​ខ្ញុំ​សូម​ស្នើ​ជា​ថ្មី​ម្តង​ទៀតដល់​រដ្ឋាភិបាលកម្ពុជា​ឱ្យគោរព​តាម​កាតព្វ​កិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្ត​រជាតិ​ តាម​រយៈការ​អនុវត្ត​ជា​បន្ទាន់​នូ​វអនុសាសន៍​​របស់ក្រុមការ​ងារ​ទទួល​បន្ទុក​បញ្ហាឃុំខ្លួន​តាម​អំពើ​ចិត្ត រួមទាំង​ធានា​ថា​នឹង​មាន​ការដោះ​លែង​​​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​​ទាំង៥ ជា​
បន្ទាន់។ ម្យ៉ាងទៀត​ យើង​ខ្ញុំ​សូម​ស្នើ​ដល់​សហគមន៍​អន្ត​រជាតិ​មេត្តា​ប្រើប្រាស់​ឱកាស​ទាំង​អស់នេះ​ដើម្បី​តស៊ូមតិ​​ឱ្យ​មាន​​ការ​អនុវត្តតាម​​សេចក្តីសម្រេច​នេះ​ តាមរយៈ​ការ​ប្រាស្រ័យ​ទាក់​ទង​របស់ខ្លួន​​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល ដែល​គំាទ្រ​សេចក្តីថ្លែងការណ៍​រួមនេះ​ មាន​ ៖

ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ (ACT)
សហគមន៍​បឹងកក់​
សហគមន៍​បឹង​ត្របែក
សហគមន៍​បុរី​កីឡា
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)
សមាគម​អាដហុក ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC)
សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA)
សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិមនុស្ស​ លីកាដូ (LICADHO)
បណ្ដាញ​យុវជន​កម្ពុជា (CYN)
សម្ព័ន្ធ​ដើម្បី​សុចរិតភាព និង​គណនេយ្យភាព​សង្គម​ (CISA)
គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL)
មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC)
សមាគម​កសិករ​ដើម្បី​សន្តិភព និង អភិវឌ្ឍន័ (FAPD)
អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (GADC)
ក្រុម​ការងារ​ពិសេស​សិទ្ធិលំនៅឋាន (HRTF)
សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA)
សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (FIDH) ក្នុង​ក្របខ័ណ្ឌ​អង្កេត​ដើម្បី​កិច្ចការពារ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស
សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​​ឃុំ​ប្រមេរ ខេត្ត​ព្រះវិហារ​
សហគមន៍​ដី​ធ្លី ភូមិ​១ សង្កាត់​៣ ខេត្ត​ព្រះសីហនុ
សហគមន៍​ទំនាស់​ដីធ្លី​ភូមិ​គ្រួស ខេត្ត​បាត់​ដំបង
សហគមន៍​ដីធ្លីឡពាង ខេត្ត​កំពង់ឆ្នាំង
អង្គការពន្លក​ខ្មែរ​ (PKH)
សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ
អង្គការ​ស្ត្រី​ខ្មែរ​ (SKO)
អង្គការ​ពិភពលោក​ប្រឆាំង​នឹង​ទារុណកម្ម (OMCT) ក្នុងក្របខ័ណ្ឌអង្កេត​ដើម្បី​កិច្ចការពារ​ដល់​អ្នកការពារសិទ្ធិមនុស្ស

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Alliance for Conflict Transformation (ACT)
២. Boeung Kak Community
៣. Boeung Trabek Community
៤. Borei Keila Community
៥. Cambodian Centre for Human Rights (CCHR)
៦. Cambodian Human Rights and Development Association (ADHOC)
៧. Cambodian Independent Teacher Association (CITA)
៨. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៩. Cambodian Youth Network (CYN)
១០. Coalition for Integrity and Social Accountability (CISA)
១១. Committee for Free and Fair Elections in Cambodian (COMFREL)
១២. Community Legal Education Center (CLEC)
១៣. Farmer Association for Peace and Development (FAPD)
១៤. Gender and Development for Cambodia (GADC)
១៥. Housing Rights Task Force (HRTF)
១៦. Independent Democratic Association of Informal Economic (IDEA)
១៧. International Federation for Human Rights (FIDH), in the framework of the Observatory for the Protection of Human Rights Defenders
១៨. Kuy Ethnic Community at Prame Commune, Preah Vihear Province
១៩. Land Community, Village I, Sangkat III, Preah Sihanouk Province
២០. Land Conflict Community, Krous Village, Battambang province
២១. Lor Peang Community, Kampong Chhnang Province
២២. Ponlok Khmer (PKH)
២៣. SOS International Airport Community
២៤. Strey Khmer Organization (SKO)
២៥. The World Organisation Against Torture (OMCT), in the framework of the Observatory for the Protection of Human Rights Defenders

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា