អង្គការសង្គមស៊ីវិល សំណូមពរដោយទទូចឲ្យសាលាឧទ្ធរណ៍បដិសេធការផ្ដន្ទាទោសដ៏អយុត្តិធម៌លើ អ្នកស្រី ទេព វន្នី ដើម្បីបញ្ចប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់មកលើអ្នកស្រី និងដោះលែងអ្នកស្រីឲ្យមានសេរីភាពវិញ #ដោះលែងទេពវន្នី
ចេញផ្សាយ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧; ក្រុមសង្គមស៊ីវិលយើងខ្ញុំ ជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសំណូមពរដោយទទូចឲ្យសាលាឧទ្ធរណ៍បដិសេធចោលសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានសម្រេចផ្តន្ទាទោសដ៏អយុត្តិធម៌មកលើអ្នកស្រី ទេព វន្នី ពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងត្រូវជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ ដោយសារសកម្មភាពតវ៉ាអហិង្សារបស់អ្នកស្រី កាលពីឆ្នាំ២០១៣។ សាលាឧទ្ធរណ៍នឹងបើកសវនាការបណ្ដឹងឧទ្ធរណ៍របស់ អ្នកស្រី ទេព វន្នី ប្រឆាំងនឹងការផ្តន្ទាទោសនេះ នៅថ្ងៃស្អែក ទី២៧ ខែកក្កដា ឆ្នាំ២០១៧។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ គឺជាខួបមួយឆ្នាំ ដែលអ្នកស្រី ទេព វន្នី ត្រូវបានជាប់ក្នុងពន្ធនាគារ ហើយការជាប់ពន្ធនាគាររបស់អ្នកស្រី ទំនងជាការប៉ុនប៉ង ក្នុងការបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្សដែលហ៊ាននិយាយរិះគន់មិនសំចៃមាត់នៅកម្ពុជា មុនពេលការបោះឆ្នោតថ្នាក់ជាតិខែកក្កដា ឆ្នាំ២០១៨ ចូលមកដល់។
សវនាការថ្ងៃស្អែកនេះ ពាក់ព័ន្ធនឹងករណីមួយក្នុងចំណោមករណីបីផ្សេងទៀត ដែលអសកម្មអស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែត្រូវបានសើរើឡើងវិញ ប្រឆាំងនឹង អ្នកស្រី ទេព វន្នី នាពេលថ្មីៗនេះ។ កាលពីខែសីហា ឆ្នាំ២០១៦ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ បានសើរើសំណុំរឿងចាស់របស់អ្នកស្រី ទេព វន្នី ពីបទប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ខណៈដែលអ្នកស្រីកំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ។ ការសើរើនេះធ្វើឡើង មុនពេលអ្នកស្រីត្រូវបានផ្តន្ទាទោសដោយមិនសមហេតុផលលើសំណុំរឿងមួយទៀត ពាក់ព័ន្ធនឹងការចូលរួមរបស់អ្នកស្រីក្នុងយុទ្ធនាការអហិង្សា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលជាយុទ្ធនាការទាមទារឲ្យមានការ “#ដោះលែងអ្នកទាំង៥” ដែលកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ នាពេលនោះ។ រឿងក្ដី ដែលសាលាឧទ្ធរណ៍នឹងត្រូវបើកសវនាការថ្ងៃស្អែកនេះ គឺជាសំណុំរឿងចាស់មួយ ពាក់ព័ន្ធនឹងការចូលរួមរបស់អ្នកស្រីក្នុងការតវ៉ាអហិង្សារបស់សហគមន៍បឹងកក់ នៅមុខគេហដ្ឋានសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីអំពាវនាវឲ្យមានការដោះលែងសមាជិកសហគមន៍របស់ខ្លួន។ ការតវ៉ានេះបានបញ្ចប់ដោយអំពើហិង្សាមកលើអ្នកតវ៉ាពីសំណាក់កងកម្លាំងសន្តិសុខ ដែលអ្នកស្រី ទេព វន្នី ក៏ត្រូវបានរងរបួសផងដែរ។ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ អ្នកស្រី ទេព វន្នី ត្រូវបានផ្តន្ទាទោសពីបទចោទទាំងនេះ ដោយតម្រូវឲ្យជាប់ពន្ធនាគាររយៈពេល ៣០ ខែ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល (ប្រហែលជា ១.២៥០ ដុល្លារអាមេរិក) និងថែមទាំងតម្រូវឲ្យបង់ប្រាក់សំណងសរុបចំនួន ៩ លានរៀល (ប្រហែលជា ២.២៥០ ដុល្លារអាមេរិក) ទៅដើមបណ្ដឹងទាំងពីរនាក់ដែលជាសន្តិសុខខណ្ឌដូនពេញទៀតផង។
សវនាការរបស់អ្នកស្រី ទេព វន្នី មិនបានអនុលោមតាមបទដ្ឋានអន្តរជាតិ ពាក់ព័ន្ធនឹងសិទ្ធិទទួលបានការជំនុំជម្រះដោយស្មើភាពនោះទេ ដោយសារពុំមានភស្តុតាងជាក់លាក់ណាមួយ សម្រាប់បញ្ជាក់ពីបទចោទមកលើអ្នកស្រី ហើយក៏ពុំឃើញមានដើមបណ្ដឹង ឬសាក្សីដាក់បន្ទុកណាម្នាក់បានផ្ដល់សក្ខីកម្មផ្ទាល់មាត់នៅក្នុងសវនាការទាំងពីរលើក និងមានតែសក្ខីកម្មជាសេចក្ដីថ្លែងការណ៍តែប៉ុណ្ណោះ ដែលនេះជាការរារាំងក្នុងការជជីកសួរដេញដោល។ ចំណែក សមាជិកសហគមន៍ដែលមកគាំទ្រអ្នកស្រីនៅខាងក្រៅតុលាការ ត្រូវបានទទួលរងអំពើហិង្សាពីសំណាក់កងកម្លាំងសន្តិសុខ ហើយបន្ទាប់ពីការប្រកាសសាលក្រមរួចមក មន្រ្តីនគរបាលបង្រ្កាបកុប្បកម្មបានចូលទៅក្នុងតុលាការ និងបានរារាំងសាក្សីដោះបន្ទុកមួយចំនួន។
ការសើរើបទចោទទាំងនេះ ទំនងដូចជាមានហេតុផលនយោបាយ ក្នុងការប៉ុនប៉ងរឹតត្បិតនិងដាក់ទោសលើអ្នកស្រី ដោយសារអ្នកស្រីជាសកម្មជនដីធ្លីនិងជាអ្នកការពារសិទ្ធិមនុស្ស ដែលនេះជាផ្នែកមួយនៃការបង្រ្កាបរបស់អាជ្ញាធរជាបន្តបន្ទាប់មកលើសំឡេងជំទាស់។ ការតវ៉ាដោយសន្តិវិធី និងសេរីភាពបញ្ចេញមតិ មិនមែនជាបទល្មើសនោះទេ ហើយអ្នកការពារសិទ្ធិមនុស្សក៏មិនគួរត្រូវបានដាក់ទោស ដោយសារតែការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានដោយសន្តិវិធីនោះដែរ។ យើងខ្ញុំ សង្ឃឹមថាសាលាឧទ្ធរណ៍ នឹងប្រើប្រាស់ឯករាជ្យភាពរបស់ខ្លួន និងស្វែងរកយុត្តិធម៌ជូនអ្នកស្រី ទេព វន្នី វិញ តាមរយៈការបដិសេធចោលការផ្តន្ទាទោសមកលើអ្នកស្រី ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ។ យើងខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ មកលើ អ្នកស្រី ទេព វន្នី និងសង្ឃឹមថាអ្នកស្រីនឹងត្រូវបានដោះលែងពីពន្ធនាគារវិញ។
សេចក្ដីថ្លែងការណ៍រួមនេះគាំទ្រដោយ ៖
១. អង្គការលើកលែងទោសអន្តរជាតិ
២. សហគមន៍បឹងកក់
៣. សហគមន៍បឹងត្របែក
៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
៥. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
៦. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
៧. សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា
៨. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៩. បណ្ដាញយុវជនកម្ពុជា
១០. សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម
១១. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
១២. អង្គការសមធម៌កម្ពុជា
១៣. សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) ក្នុងក្របខ័ណ្ឌអង្កេតដើម្បីកិច្ចការពារដល់អ្នកការពារសិទ្ធិមនុស្ស
១៤. វេទិកាអាស៊ីសម្រាប់ការអភិវឌ្ឍន៍សិទ្ធិមនុស្ស
១៥. អង្គការឃ្លាំមើលសិទ្ធិមនុស្ស
១៦. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរ ខេត្តព្រះវិហារ
១៧. សមាគមឥន្ទ្រទេវី
១៨. សហគមន៍ដីធ្លី ភូមិ១ ខេត្តព្រះសីហនុ
១៩. សហគមន៍ដីធ្លី ភូមព្រែកជីក ខេត្តកោះកុង
២០. សហគមន៍ដីធ្លី ភូមិស្គន់ ខេត្តសៀមរាប
២១. សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង
២២. អង្គការពន្លកខ្មែរ
២៣. Progressive Voice (Myanmar)
២៤. សហគមន៍ផ្លូវភ្លើង ទួលសង្កែ A
២៥. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
២៦. ក្រុមការងារដើម្បីដោះស្រាយទំនាស់
២៧. អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT) ក្នុងក្របខ័ណ្ឌអង្កេតដើម្បីកិច្ចការពារដល់អ្នកការពារសិទ្ធិមនុស្ស
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Amnesty International
២. Boeung Kak Community
៣. Boeung Trabek Community
៤. Cambodian Center for Human Rights (CCHR)
៥. Cambodian Human Rights and Development Association (ADHOC)
៦. Cambodian Independent Teacher Association (CITA)
៧. Cambodian Indigenous Youth Association (CIYA)
៨. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៩. Cambodian Youth Network
១០. Coalition for Integrity & Social Accountability
១១. Community Legal Education Center
១២. Equitable Cambodia (EC)
១៣. FIDH, in the framework of the Observatory for the Protection of Human Rights Defenders
១៤. Forum Asia
១៥. Human Rights Watch (HRW)
១៦. Indigenous Youth at Prome Community, Preah Vihear Province
១៧. Indradevi Association (IDA)
១៨. Land Community, I Village Preah Sihanouk province
១៩. Land Community, Prek Chik Village, Koh Kong
២០. Land Conflict Community, Skun Village, Siem Reap province
២១. Lor Peang Community, Kampong Chhnang Province
២២. Ponlok Khmer
២៣. Progressive Voice (Myanmar)
២៤. Railway Station, Tuol Sangkae A Community
២៥. SOS International Airport Community
២៦. The Alliance for Conflict Transformation
២៧. World Organisation Against Torture (OMCT), in the framework of the Observatory for the Protection of Human Rights Defenders
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ តុលាការ និងនីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិដីធ្លី បញ្ហាពន្ធនាគារ