សេចក្តីថ្លែងការណ៍

កុមារ​ដែល​ត្រូវ​បាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ដោយ​លួចលាក់​៖ ការ​ក្លែង​បន្លំ​ និងអំពើ​ដែល​ត្រូវ​បាន​​អះអាង​ថា​ ជាអំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​ស្មុំ​កូន​អន្តរ​ប្រទេស

ចេញផ្សាយ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០១៨
F T M

នៅ​ចន្លោះ​ចុងទសវត្សរ៍​ឆ្នាំ១៩៨០​ និង​ឆ្នាំ​២០០៩​ កុមារ​កម្ពុជា​រាប់​ពាន់​នាក់ ត្រូវ​បាន​គ្រួសារ​ជា​ជនបរទេស​សុំយក​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស។ អំឡុង​ពេលនោះ​ មាន​ការ​លើក​ឡើង​ថា កុមារ​កម្ពុជា​ជាច្រើន​ មិនមែន​ជា​កុមារ​កំព្រា​ទេ​​ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ឳពុកម្ដាយ​យក​មក​ផ្ញើ​នៅ​មណ្ឌល​កុមារ​កំព្រា​ដើម្បី​ឱ្យជួយ​ចិញ្ចឹម​ ដោយសារ​ភាព​ក្រីក្រ​ខ្លាំង។​ ឳពុកម្ដាយ​ទាំងនោះ​បានយក​ពួកគេ​មកផ្ញើ​នៅ​មណ្ឌល​កុមារ​កំព្រា​ ដោយសារ​យល់ឃើញ​ថា ពួកគេ​អាច​នឹង​ត្រឡប់​ទៅផ្ទះ​វិញ​នៅ​ថ្ងៃ​ក្រោយ។ ​ឳពុកម្ដាយ​របស់​ពួកគេ​ មិនបាន​ព្រមព្រៀង​ក្នុង​ដំណើរការ​ស្មុំ​កូន​ទេ។​ ប៉ុន្តែ​នាយក​មណ្ឌល​កុមារ​កំព្រា​ទៅវិញ​ទេ ​ដែល​បាន​គ្នា​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់​ ដើម្បី​ធ្វើ​ឯកសារ​មិន​ពិត​ដោយ​អះអាង​ថា កុមារ​ទាំងនោះ​ជា​កុមារ​កំព្រា​ ឬត្រូវ​បាន​ឳពុក​ម្ដាយ​បោះបង់​ចោល។​

នៅ​ពេល​មាន​ភ័ស្ដុតាង​ជាច្រើន​បញ្ជាក់​លើ​ករណី​នេះ​កាន់​តែ​ច្បាស់​ ប្រទេស​ជាច្រើន​បាន​សម្រេច​ផ្អាកការ​ស្មុំកូន​ពី​ប្រទេស​កម្ពុជា​ ហើយ​នៅ​ឆ្នាំ​២០០៩​ ប្រទេស​កម្ពុជា​ក៏បាន​សម្រេច​ផ្អាក​ដំណើរការ​លើ​បញ្ហា​នេះ​ផងដែរ។​ ភាគច្រើន​ ឳពុកម្ដាយ​របស់​កុមារ​ដែល​ត្រូវ​បាន​សុំយក​ទៅ​ចិញ្ចឹម​នៅក្រៅ​ប្រទេស​គឺ​មិនចេះ​អក្សរ​ និង​មិនសូវ​យល់​ដឹង​ពី​សិទ្ធិ​ ឬ​មិន​ស្គាល់​ស្ថាប័ន​ដែល​អាច​ជួយ​អន្តរាគមន៍​បាន​ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួកគាត់​ គ្មាន​លទ្ធភាព​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​អំពី​កូន។​

នៅ​ក្នុង​របាយការណ៍​ស្ដីពី កុមារ​ដែល​ត្រូវ​បាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ដោយ​លួចលាក់​៖ ការ​ក្លែង​បន្លំ​ និងអំពើ​ដែល​ត្រូវ​បាន​​អះអាង​ថា​ ជាអំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​ស្មុំ​កូន​អន្តរ​ប្រទេស ចេញ​ផ្សាយ​ថ្ងៃនេះ​ អង្គការ​ លីកាដូ​ បាន​ពិពណ៌នា​ពី​ករណី​របស់​ស្ដ្រី​មួយចំនួន​ ដែល​បាន​ទាក់ទង​មក​ លីកាដូ​ ដើម្បី​ស្នើឱ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​កូន​របស់​ពួកគាត់​ ដែល​ត្រូវបាន​គ្រួសារ​ជា​ជន​បរទេស​ សុំ​យក​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ កាល​ពី​ទសវត្សរ៍​ឆ្នាំ​២០០០​។ ស្រ្តី​ទាំងនោះ​មាន​ស្ថានភាព​រស់នៅ​ក្រីក្រ​ខ្លាំង​ ហើយ​បាន​យក​កូន​របស់​ពួកគាត់​ដែល​មាន​អាយុ​ចន្លោះ​ពី ៣ឆ្នាំ​ ទៅ​ ៩ឆ្នាំ​ មក​ផ្ញើ​នៅ​មណ្ឌល​កុមារ​កំព្រា​។ ក្នុង​នោះ​មាន​ករណី​ពីរ​ ដែល​ស្រ្តី​ទាំងនោះ​សម្រេច​ចិត្ត​ធ្វើបែប​នេះ​ ព្រោះ​តែ​ចង់​ឱ្យ​កូន​បាន​ទៅ​សាលារៀន​។ ករណី​មួយ​ទៀត​គឺ​កុមារ​មាន​ជំងឺ​ និង​ត្រូវការ​ការព្យាបាល​ឱ្យ​បាន​ទៀង​ទាត់​ ដែល​ស្រ្តី​ជា​ម្ដាយ​មិន​អាច​ធ្វើ​ទៅ​បាន​ ដោយសារ​គាត់​ប្រកប​ការងារ​ជាកម្មការិនី​រោងចក្រ​កាត់ដេរ​។ ក្នុង​ករណី​ទាំងអស់​នេះ​ ស្រ្តី​ជាម្ដាយ​នៅតែ​បន្ត​ទៅ​សួរ​សុខទុក្ខ​កូន​របស់​ពួកគាត់​យ៉ាង​ទៀង​ទាត់​ អំឡុង​ពេល​ដែល​កុមារ​ទាំងនោះ​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​នៅឡើយ​។ មិនមាន​ស្រ្តី​ណា​ម្នាក់​បាន​ផ្ដល់​ការ​ព្រមព្រៀង​ដល់​ដំណើរការ​ស្មុំកូន​របស់​ពួកគេ​ទេ។


មើល​វីដេអូ​នេះ
កុមារ​ដែល​ត្រូវ​បាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ដោយ​លួចលាក់​៖ បទសម្ភាសន៍​របស់ម្ដាយ​កុមាររងគ្រោះ

យោង​តាម​ទិន្នន័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ កុមារ​ចំនួន​ ៣៦៩៦នាក់​ ត្រូវបាន​បញ្ជូន​ទៅ​រស់នៅ​បរទេស​ មុន​ពេល​មាន​ការ​ផ្អាក​ដំណើរការ​ស្មុំកូន​នេះ ​នៅឆ្នាំ​២០០៩។​ ឆ្លង​តាម​បទ​ពិសោធន៍​នៃការ​ស្មុំកូន​អន្តរប្រទេស​នៅ​កម្ពុជា​ មាន​ន័យ​ថា​ ករណី​នេះ​មិនមែន​ជា​បញ្ហាថ្មី​នោះ​ទេ​ ហើយ​ប្រហែល​ជាមាន​គ្រួសារ​ជនរងគ្រោះ​ជា​ច្រើន​ទៀត ​ដែល​បាន​ជួប​បញ្ហា​ស្រដៀង​គ្នា​នេះ។

អ្នកនាង​ ណាលី​ ពីឡូក​ នាយិកា​អង្គការ​លីកាដូ​ បាន​មាន​ប្រសាសន៍​ថា​ “ករណី​ទាំងនេះ​គឺជា​រឿង​ដែល​គួរ​ឱ្យ​ខ្លោច​ផ្សា”។ អ្នក​នាង​បាន​បន្ត​ថា ​“សិទ្ធិ​របស់​ឳពុកម្ដាយ​បង្កើត​នៃ​កុមារ​មិន​ត្រូវបាន​គោរព​ ហើយ​ទុក្ខកង្វល់​របស់​ពួកគាត់​មិន​ត្រូវ​បាន​អើពើ។​ កុមារ​ត្រូវ​បាន​លួចលាក់​បញ្ជូន​ចេញ​ពីប្រទេស​កម្ពុជា​ ដែល​ជា​អត្តសញ្ញាណពិត​របស់​ពួកគេ។​ ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ​ អ្នក​ទាំង​នោះ​គួរតែ​ទទួលបាន​នូវ​ការ​សុំទោស​ និង​គួរ​មាន​ការ​ចាត់​វិធានការ​លើ​អ្នក​ទទួល​ខុសត្រូវ​ទាំងអស់​ដែល​ពាក់ព័ន្ធ”។​

ចាប់​តាំង​ពីការ​ផ្អាក​ដំណើរការ​ស្មុំកូន​អន្តរប្រទេស​នៅឆ្នាំ​២០០៩​ អាជ្ញាធរ​កម្ពុជា​នៅ​មិនទាន់​ចាត់​វិធានការ​ដើម្បី​ផ្ដន្ទាទោស ​ចំពោះ​បទល្មើស​ដែល​បាន​ចងក្រង​ជាឯកសារ​ភ័ស្ដុតាង​នៅឡើយ​ទេ ហើយ​មាន​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​តិចតួច​ណាស់​ដែល​ត្រូវបាន​ធ្វើឡើង។​ ឳពុក​ម្ដាយ​បង្កើត​របស់​កុមារ​រងគ្រោះ​ មិន​បាន​ទទួល​សំណង​ការ​ខូចខាត​ទេ ហើយ​ការ​រងគ្រោះឬ​ការ​បាត់បង់​កូន​របស់​ពួកគាត់​ ក៏មិនត្រូវ​បាន​ទទួល​ស្គាល់​ផងដែរ​។ ទោះ​បីជា​យ៉ាងនេះ​ក្ដី អាជ្ញាធរ​កម្ពុជា​បាន​បញ្ជាក់​ប៉ុន្មាន​ដង​ហើយថា​ គ្រោង​នឹង​បើក​ឱ្យមាន​ដំណើរការ​ស្មុំ​កូន​ឡើង​វិញ។

ស្ត្រី​ជាម្ដាយ​មួយចំនួន​ដែល​បាន​ស្នើឱ្យ​ អង្គការ​លីកាដូ​ ជួយ​អន្តរាគមន៍​ដើម្បី​ស្វែងរក​កូន​របស់​ពួកគាត់​ យល់ថា​ កូន​របស់​ពួកគាត់​នឹង​មិន​អាច​ត្រឡប់​មកវិញ​ទេ។​ ប៉ុន្តែ​ អ្វី​ដែល​ពួកគាត់​ចង់​ដឹង​បំផុត​នៅ​ពេល​នេះគឺ​ ថាតើ​មាន​អ្វី​កើត​ឡើង​ចំពោះ​កូន​របស់​ពួកគាត់​ ហើយ​សុខទុក្ខ​របស់​ពួកគេ ​ដូចម្ដេច​ដែរ។​ ស្ត្រី​ទាំងនោះ​ចង់ជួប​មុខ​កូន​ម្ដងទៀត​ ប្រសិន​បើ​ភាគី​កូន​ត្រូវការ​។ អង្គការ​ លីកាដូ ​បានព្យាយាម​ទាក់ទង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​លើ​បញ្ហានេះ​ ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ដំណើរការ​លើ​បញ្ហា​នេះ គឺ​ពិតជា​ពិបាក​និង​ស្មុគស្មាញ​ ដោយសារ​កង្វះខាត​នៃ​នីតិវិធី​ផ្លូវការ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ និង​ក្រៅ​ប្រទេស​ ដើម្បី​ដោះស្រាយ​វិបត្តិ​ស្មុំ​កូន​បែប​ក្លែង​បន្លំ​នេះ។

លោក​ អំ​ សំអាត​ អ្នក​គ្រប់គ្រង​កម្មវិធី​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ បានមាន​ប្រសាសន៍​ថា​ “រដ្ឋា​ភិបាល​នៃ​ប្រទេស​ជាច្រើន​ដែល​ទទួល​បាន​កុមារ​ពី​ប្រទេស​កម្ពុជា​ ដើម្បី​យក​ទៅចិញ្ចឹម​ មាន​ការ​ទទួល​ខុសត្រូវ​ច្រើន​ដូចគ្នា​ជាមួយ​អាជ្ញាធរ​កម្ពុជា​ ក្នុង​ការ​កែតម្រូវ​កំហុស​ពី​ អតីតកាល​”។ “យើង​ដឹង​ថា​ អាច​មាន​ករណី​ដូចគ្នា​នេះ​ជាច្រើន​ទៀត ​ហើយ​រដ្ឋាភិបាល​ពាក់ព័ន្ធ​គួរតែ​មានយន្តការ​ច្បាស់​លាស់​មួយ​ ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ អាច​ស្វែង​រក​អន្តរាគមន៍​ និង​ទទួល​បានសំណង​ការ​ខូចខាត”។

របាយការណ៍​នេះ​ សំណូមពរ​ដោយ​ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា​និង​រដ្ឋាភិបាល​បរទេស​ពាក់ព័ន្ធ​ ធ្វើការ​សុំទោស​ដល់​អ្នក​គ្រប់គ្នា​ដែល​រងគ្រោះ​ដោយ​ដំណើរការ​ស្មុំកូន​បែប​ក្លែងបន្លំ​នេះ ​ពី​អតីត​កាល។ អ្នក​ទាំងនោះ​គួរតែ​បង្កើត​ឱ្យមាន​ប្រព័ន្ធ​ស៊ើបអង្កេត​ និង​ការ​ផ្ដល់​សំណង​ ដល់​ប្រជាពលរដ្ឋ​កម្ពុជា ​រងគ្រោះ​ និង​បង្កើត​យន្តការ​សម្រាប់​កុមារ​ដែល​ត្រូវបាន​សុំ​យកទៅ​ចិញ្ចឹម​នៅក្រៅ​ប្រទេស​ ដើម្បី​អាច​ស្រាវជ្រាវ​រក​ជីវប្រវត្តិ​កុមារ​ និង​បង្កើត​ការ​ទំនាក់ទំនង​ជាមួយ​ឳពុកម្ដាយ​បង្កើត​របស់​ពួកគេ​ ប្រសិន​បើពួកគេ​ត្រូវការ។

ជា​ចុងក្រោយ​ របាយការណ៍​នេះ​សង្ឃឹមថា​ រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​ស្មុំកូន​អន្តរ​ប្រទេស​ជាថ្មី​ម្ដងទៀត​ទេ ដរាប​ណា​មិនទាន់​មាន​ប្រព័ន្ធ​សុវត្ថិភាព​ឬ​យន្តការ​ការពារ​ដូចបាន​រៀបរាប់​ខាងលើ​នេះ​ ហើយ​វិធានការ​សុវត្ថិភាព​ត្រូវបាន​យក​មក​អនុវត្ត​ ដើម្បី​ការពារ​កុំឱ្យ​កើត​មាន​ការ​រំលោភ​បំពាន​ដូច​អតីតកាល​ទៀត៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 អ្នកនាង​ ណាលី ពីឡូក​ នាយិកា​អង្គការ​លីកាដូ (ភាសាអង់គ្លេស និងបារាំង)​, ទូរស័ព្ទ​លេខ ០១២ ២១៤ ៤៥៤។
 លោក​ អំ សំអាត​ អ្នក​គ្រប់គ្រង​កម្មវិធី​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ (ភាសាខ្មែរ), ទូស័ព្ទ​លេខ​ ០១០ ៣២៧ ៧៧០។

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា