សេចក្តីថ្លែងការណ៍

យុវជន​ ក្រុម​សង្គម​ស៊ីវិល​ និង​សហគមន៍​ សូមអំពាវនាវ​ សូមឱ្យ​ដកសិទ្ធិ​អភិវឌ្ឈន៍​កោះកុង​ក្រៅ​ទាំងមូល​ពីក្រុមហ៊ុន​ កោះកុង​ អេស​ អ៊ី​ ហ្ស៊ិត​ ខូអិល​ ធីឌី និងដាក់​កោះកុង​ក្រៅ​ទាំងមូល​ជាតំបន់​អភិរក្សធនធាន​ធម្មជាតិ

ចេញផ្សាយ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២០; ក្រុមសង្គមស៊ីវិល
F T M

អាជ្ញាធរ​ខេត្ត​កោះកុង​ដឹកកង់​ដែលបាន​ដកហូត​ពីក្រុមយុវជន ។​ ក្រុមយុវជន​ត្រូវបាន​បញ្ឈប់​ និង​ឃាត់ខ្លួន​ ខណៈដែល​ពួកគេ​កំពុងជិះកង់​មកភ្នំពេញ​​ដើម្បីគាំទ្រ​ការអភិរក្ស​កោះកុង​ក្រៅ ​។

យើងខ្ញុំ​ជាយុវជន​ ក្រុមសង្គមស៊ីវិល​ និង​សហគមន៍​ ដែលមាន​រាយនាម​ដូចខាងក្រោម​ មានការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្រោយពេល​ដែល​រាជរដ្ឋាភិបាល​ បានផ្ដល់​សិទ្ធិ​អភិវឌ្ឈន៍​កោះកុង​ក្រៅ​ទាំងមូលទៅ​ឱ្យក្រុមហ៊ុន​ កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី​ (KOH KONG S E ZCO., LTD.)​ ដែលជា​របស់​លោកឧកញ៉ា​ លី យ៉ុងផាត់​ ហើយត្រូវបាន​សាធារណជនជាតិ​ និង​អន្តរជាតិ​ដឹងថា​ ពាក់ព័ន្ធ​នឹង​រឿងការ​រំលោភសិទិ្ធ​មនុស្ស​ សិទិ្ធដីធ្លី​ និង​ធនធាន​ធម្មជាតិ ។​ ការផ្ដល់សិទ្ធិឱ្យ​ទៅក្រុមហ៊ុន​មួយនេះ​ដើម្បីអភិវឌ្ឈន៍​កោះកុង​ក្រៅ​ និងអាច​ផ្ដល់ជា​ការគំរាម​គំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ធម្មជាតិ​នៅលើ​កោះនិងជីវៈចម្រុះ​ក្នុងសមុទ្រ ​ការកាប់បំផ្លាញ​ព្រៃឈើ ​ការបរបាញ់​សត្វព្រៃ ​ការសាងសង់​អាគារ​លើឆ្នេរសមុទ្រ​ ការបង្ហូរ​ទឹកកខ្វក់​ចូលសមុទ្រ​ ការបាត់បង់​សោភណភាពធម្មជាតិ​នៃកោះ ​និងការ​បាត់បង់​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរទាំងមូល ។​ល។

ជាក់ស្ដែង​ដូចជា​នៅលើ​កោះរ៉ុងសន្លឹម​ មានការសាងសង់​អាគារ​រំលោភដីឆ្នេរ​ និងការ​បង្ហូរទឹក​កខ្វក់​ចូលសមុទ្រ ។ រីឯ​នៅលើកោះសង្សារវិញ​ ក្រោយពេល​ត្រូវបាន​អភិវឌ្ឍន៍​ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ មិនមាន​លទ្ធភាព​ស្នាក់នៅ​លើកោះនោះទេ​ ដោយសារ​តម្លៃនៃការស្នាក់នៅ​ថ្លៃខ្លាំង​ក្នុងមួយយប់ ។​ ហេតុដូចនេះហើយ​ យើងខ្ញុំ​មានក្ដីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​គោលបំណង​ក្នុងការ​ផ្តល់សិទិ្ធអភិវឌ្ឍន៍​កោះនេះទៅ​ឱ្យបុគ្គល​ ឬក្រុមហ៊ុន​ឯកជន​ និង​សូមអំពាវនាវ​ឱ្យរាជរដ្ឋាភិបាល​ សូមដក​សិទ្ធិអភិឌ្ឍន៍​កោះកុងក្រៅទាំងមូល​ពីក្រុមហ៊ុន​ កោះកុង​ អេស អ៊ីហ្ស៊ិត ខូអិលធីឌី​ (KOH KONG S E Z CO., LTD.)​ ដើម្បី​ទុកជាប្រយោជន៍​សាធារណជន​ និង​អភិរក្ស​ធនធាន​ជីវចម្រុះ​ទាំង​ក្នុងសមុទ្រ​និងលើដីកោះ ។​

នៅថ្ងៃទី​ ០៣​ ខែមិថុនា ឆ្នាំ២០២០​ ក្រសួង​បរិស្ថាន​បានចេញ​លិខិតលេខ​ ៧២២ ​ស.ជ.ណ​ដែលបានបញ្ជាក់​ពីគម្រោង​ដាក់កោះកុង​ក្រៅជា​តំបន់ការពារ​ ឬជា ”ឧទ្យានជាតិ​សមុទ្រ”​ នៅឆ្នាំ​២០២១​ បន្ទាប់ពីធ្វើការ​សិក្សាស្រាវជ្រាវ​ ចងក្រង​ឯកសារ​ចាប់តាំងពីឆ្នាំ២០១៦​ ដោយមើលឃើញ​ពីសក្តានុពល​ដ៏សម្បូរបែប​ផ្នែកធនធាន​ធម្មជាតិ​ និងជីវៈចម្រុះ​ ហើយ​និងឆ្នេរខ្សាច់ល្អស្អាត ។​ មិនខុស​ពីក្រសួង​បរិស្ថានប៉ុន្មានទេ​ រយៈពេល​មួយឆ្នាំ​មកនេះ ​ដោយសារ​តែមើលឃើញ​ពីសក្ដានុពល​ដ៏ច្រើន​របស់កោះមួយនេះ​រួមមាន ​ទឹកធ្លាក់​ពីលើភ្នំ​ជាច្រើនកន្លែង​ ព្រៃឈើ​ក្រាស់ឃ្មឹក​ សត្វព្រៃ ​សត្វសមុទ្រ​ ផ្កាថ្ម ​ឆ្នេរសមុទ្រ​ស្រស់ ស្អាត​ចំនួន ៦កន្លែង​ ជីវចម្រុះ ​និងប្រភេទ​សត្វជិតផុតពូជ​មួយចំនួន ។ល។ ​ក្រុមយុវជន​បានធ្វើវីដេអូ ​និងយុទ្ធនាការ​ជាច្រើន​ ដើម្បីជំរុញ​ និងស្នើសុំឱ្យ​រាជរដ្ឋាភិបាល​ដាក់កោះកុងក្រៅជា​តំបន់អភិរក្ស​ធនធាន​ធម្មជាតិ​ ។

យុទ្ធនាការ​ទាំងនេះក៏​ជាផ្នែកមួយគាំទ្រ​ទៅនឹង​វិធានការ​ជាច្រើន​ដែលក្រសួង​បរិស្ថាន​បានអនុវត្ត​កន្លងមក​ ក្នុងការ​ដាក់កោះមួយនេះ​ជាតំបន់ការពារ​ ឬជា​”ឧទ្យានជាតិ​សមុទ្រ”​ ដើម្បី​ទុកជា​កេរដំណែល​សម្រាប់កូនខ្មែរ​គ្រប់ជំនាន់ ​ដោយការរក្សា​ទុកកោះកុងក្រៅ​ឱ្យនៅសភាព​ដើម​ទាំងស្រុង​ សម្រាប់​បង្កើតជា​តំបន់អេកូទេសចរណ៍​ធម្មជាតិ ។​ ការកំណត់ចំនួនភ្ញៀវ​ទេសចរ​ ដោយយោង​ទៅតាម​លទ្ធផល​នៃការសិក្សា​ស្រាវជ្រាវ​របស់អ្នកជំនាញ​ គួរត្រូវបាន​ធ្វើឡើង ​ ដើម្បីរក្សា​បាននូវ​គម្របព្រៃឈើ​ដែលជា​ជម្រករបស់​សត្វព្រៃ ​សត្វស្លាប​ រក្សាបាន​នៅសោភណភាព​ធម្មជាតិ​នៃកោះ ​បង្កើត​ការងារ​និងផ្ដល់​ចំណូល​ដល់ប្រជាពលរដ្ឋ​មូលដ្ឋាន​ ទាក់ទាញភ្ញៀវ​ទេសចរជាតិនិង​អន្តរជាតិ ​ដែលជាការជួយ​ដល់សេដ្ឋកិច្ចជាតិ​ និងលើកស្ទួយ​មុខមាត់​នៃប្រទេសកម្ពុជា​ទាំងមូល​ក្នុងឆាក​អន្តរជាតិ ​។

កិច្ចការ​អភិរក្ស ​គួរត្រូវបាន​ដាក់ឱ្យស្ថិតនៅ​ក្រោមការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​ និង​ក្រសួងទេចរណ៍​ ដើម្បីធានា​ថាធនធានធម្មជាតិ​ទាំងអស់​ និង​សោភណភាព​នៅលើកោះ​ត្រូវបាន​រក្សា​មិនមានការបំផ្លាញ​ដូចនៅកោះរ៉ុង​ កោះរ៉ុង​សន្លឹម​ ដែលទោះបីជា​ត្រូវបាន​ដាក់ជា ​“ឧទ្យានជាតិសមុទ្រ”​ ហើយក្ដី​ក៏នៅតែត្រូវ​ទទួលរង​នៅការ​បំផ្លិចបំផ្លាញ​ដោយការ​បង្ហូរទឹកកង្វក់​ចូលក្នុង​សមុទ្រ ​ការសាងសង់​អាគាររំលោភដីឆ្នេរ​ ការឈូសឆាយ​ព្រៃឈើធ្វើផ្លូវ​ ជាដើម ។

ដូចបាន​ជម្រាប​ជូន​ខាងលើ​យើងខ្ញុំ​ សូមអំពាវនាវ​យ៉ាងទទូច​ដល់រាជរដ្ឋាភិបាល​ សូមឱ្យ​ដកសិទ្ធិ​អភិវឌ្ឈន៍​កោះកុង​ក្រៅ​ទាំងមូល​ពីក្រុមហ៊ុន​ កោះកុង​ អេសអ៊ីហ្ស៊ិត​ ខូអ៊ិល​ ធីឌី​ ហើយ​រក្សា​កោះកុង​ក្រៅទាំងមូល​ជាតំបន់​ការពារ​ដោយច្បាប់​ ឬ “ឧទ្យានជាតិ​សមុទ្រ​” ដោយដាក់ឱ្យ​ស្ថិតនៅ​ក្រោមការ​គ្រប់គ្រងរបស់​ក្រសួងបរិស្ថាន​ និង​ក្រសួងទេសចរណ៍​ ដើម្បី​ធានាថា​កោះមួយនេះ​នឹងមិនត្រូវ​បានបំផ្លាញ ​និងរក្សាបាន​នៅសភាព​ដើមទាំងស្រុង​សម្រាប់​ទុកជា​តំបន់ទេសចរណ៍​ធម្មជាតិ​ បែបផ្សងព្រេង​ ជាកន្លែងសិក្សា​ស្រាវជ្រាវជីវចម្រុះ ​និងជាកេរដំណែល​របស់​ប្រជាពលរដ្ឋកម្ពុជា​គ្រប់ជំនាន់ ៕

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍កៅពីរ (ភ្នំពេញ)
២. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៣. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៤. សហគមន៍១៨៥K ​ធីតាចំបក់ធំ(កំពង់ឆ្នាំង)
៥. សហគមន៍អមលាំង (កំពង់ស្ពឺ)
៦. សហគមន៍បន្ទាយស្រី​(ភ្នំពេញ)
៧. សហគមន៍បុរីកីឡា(ភ្នំពេញ)
៨. សហគមន៍បឹងឈូក (ភ្នំពេញ)
៩. សហគមន៍បឹងកក់ (កំពង់ឆ្នាំង)
១០. សហគមន៍បុស្សស្អំ (បាត់ដំបង)
១១. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១២. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៣. បណ្តាញយុវជនកម្ពុជា (CYN)
១៤. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
១៥. សហគមន៍ដីធ្លីជីខលើ (កោះកុង)
១៦. សហគមន៍ជើងព្រៃ (កំពង់ចាម)
១៧. សហគមន៍ជាំក្ររៀន (កំពង់ចាម)
១៨. សហគមន៍ទ្រទ្រង់ធនធានធម្មជាតិ (ពោធិ៍សាត់)
១៩. សហគមន៍ដកពរ (កំពង់ស្ពឺ)
២០. សហគមន៍ព្រៃឈើ និងធនធានធម្មជាតិ (ពោធិ៍សាត់)
២១. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
២២. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
២៣. យុវជនជនជាតិដើមភាគតិចសម្រាប់សហគមន៍ខេត្តរតនគិរី
២៤. សហគមន៍ដីធ្លីគៀនទឹក (កោះកុង)
២៥. សហគមន៍ឃុំដា (ត្បូងឃ្មុំ)​
២៦. សហគមន៍ឃ្មុំស្រករថ្លុកឬស្សី (កំពង់ធំ)
២៧. សមាគមនិស្សិតបញ្ញាវន្តខ្មែរ
២៨. ក្រុមយុវជនខ្មែរថាវរៈ
២៩. សហគមន៍ដីធ្លីខេត្តប៉ៃលិន(ប៉ៃលិន)
៣០. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៣១. មាតាធម្មជាតិកម្ពុជា (MNC)
៣២. ក្រុមយុវជន N1M
៣៣. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៣៤. សហគមន៍ភ្នំបាទ(ភ្នំពេញ)
៣៥. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
៣៦. សហគមន៍ភ្នំក្រោម (សៀមរាប)
៣៧. សហគមន៍ភ្នំត្នោត (កំពត)
៣៨. សហគមន៍ភ្នំទទឹង (កំពត)
៣៩. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៤០. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៤១. សហគមន៍ភូមិ២២ (ភ្នំពេញ)
៤២. សហគមន៍ភូមិ២៣ (ភ្នំពេញ)
៤៣. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៤៤. សហគមន៍ភូមិខ្វាវ (ភ្នំពេញ)
៤៥. សហគមន៍ភូមិឬស្សីស្រស់(ភ្នំពេញ)
៤៦. សហគមន៍ដីធ្លីភូមិប្រាសាទរាំង (បន្ទាយមានជ័យ)
៤៧. សហគមន៍ដីធ្លីភូមិសិលា (បន្ទាយមានជ័យ)
៤៨. សហគមន៍ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)
៤៩. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៥០. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៥១. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៥២. សហគមន៍ព្រែកត្រែ(ព្រះសីហនុ)
៥៣. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៥៤. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ធំ)
៥៥. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៥៦. សហគមន៍ព្រៃឡង់(ក្រចេះ)
៥៧. សហគមន៍ព្រៃឡង់ (ស្ទឹងត្រែង)
៥៨. សហគមន៍ដីធ្លីព្រៃពាយ(កំពត)​
៥៩. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
៦០. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៦១. សហគមន៍ដីធ្លីរំចេក (សៀមរាប)
៦២. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
៦៣. សហគមន៍សំបុកចាប(ភ្នំពេញ)
៦៤. សហគមន៍នេសាទស្តីក្រោម (បាត់ដំ​បង)
៦៥. សហគមន៍ស្រ្តីឃ្លាំងសាំង (ភ្នំពេញ)
៦៦. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
៦៧. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
៦៨. សហគមន៍រងគ្រោះដីធ្លីស្រុកគីរីសាគរ​(កោះកុង)
៦៩. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
៧០. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
៧១. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៧២. សហគមន៍ភូមិស្ទឹងបត់ (បន្ទាយមានជ័យ)
៧៣. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៧៤. សហគមន៍ដីធ្លីតានី (សៀមរាប)
៧៥. សហគមន៍ដីធ្លីតានូន (កោះកុង)
៧៦. សហគមន៍ថ្មដា (ពោធិ៍សាត់)
៧៧. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
៧៨. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
៧៩. សហគមន៍ត្រពាំងសង្កែ​ (ភ្នំពេញ)
៨០. សហគមន៍ទន្លូង (ត្បូងឃ្មុំ)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា