សេចក្តីថ្លែងការណ៍

ប្រទេសកម្ពុជា៖ មិនទាន់មាន​យុត្តិធម៌ទេ​ក្នុងខួបគម្រប់៥ឆ្នាំ នៃឃាតកម្មលើ​លោកបណ្ឌិត កែម ឡី

ចេញផ្សាយ ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០២១; ក្រុមសង្គមស៊ីវិល
F T M

ថ្ងៃនេះមុនខួប ៥ ឆ្នាំនៃឃាតកម្មលើ លោកបណ្ឌិត កែម ឡី ដែលជាអ្នកអត្ថាធិប្បាយបញ្ហាសង្គមដ៏លេចធ្លោ និងអ្នកការពារសិទ្ធិមនុស្ស អង្គការមិនមែនរដ្ឋាភិបាលចំនួន ៤៥ ដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវជាថ្មីដល់អាជ្ញាធរកម្ពុជាក្នុងការបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីធ្វើការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងប្រកបដោយប្រសិទ្ធភាព ចំពោះឃាតកម្មលើលោកបណ្ឌិត កែម ឡី ។ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅតែខកខានក្នុងការស្វែងរកយុត្តិធម៌ជូន លោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់គាត់ ។

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ នៅហាងកាហ្វេមួយកន្លែងនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ នៅកណ្តាលរាជធានីភ្នំពេញ ដែលឃាតកម្មនេះបានកើតឡើងក្នុងបរិយាកាស អំឡុងពេលដែលការគាប សង្កត់ទៅលើក្រុមសង្គមស៊ីវិល និងគណបក្សជំទាស់កាន់តែកើនឡើងខ្លាំង ។ ភ្លាមៗនោះ អាជ្ញាធរ បានចាប់ខ្លួន លោក អឿត អាង ដែលបានកំណត់អត្តសញ្ញាណខ្លួនឯងថាឈ្មោះ "ជួប សម្លាប់" នៅពេលគាត់រត់គេចខ្លួនពីកន្លែងកើតហេតុ ។ យោងតាមអាជ្ញាធរ ជនសង្ស័យបានសារភាពចំពោះឃាតកម្មមួយនេះ ហើយបាន អះអាងថាការសម្លាប់នេះកើតឡើងដោយសារតែជនរងគ្រោះជំពាក់បំណុលមិនសងចំនួន ៣.០០០ ដុល្លារ ដែលការលើកឡើងនេះត្រូវបានក្រុមគ្រួសាររបស់ លោកបណ្ឌិត កែម ឡី និងភរិយារបស់លោក អឿត អាង បានបដិសេធចោល ។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីសវនាការជំនុំជម្រះរយៈពេលកន្លះថ្ងៃ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ អឿត អាង ពីបទមនុស្សឃាតគិតទុកជាមុនលើលោកបណ្ឌិត កែម ឡី ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ។ រហូតមកទល់ពេលនេះ មិនមានការស៊ើបអង្កេតឯករាជ្យ មិនលម្អៀង និងមានប្រសិទ្ធភាពណា ដើម្បីកំណត់ថាតើជន ណាខ្លះជាប់ពាក់ព័ន្ធក្នុងឃាតកម្មនេះនៅឡើយ ។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ តុលាការកំពូលកម្ពុជាបានបដិសេធចំពោះការប្តឹងឧទ្ធរណ៍របស់ លោក អឿត អាង ដែលសុំឱ្យកាត់បន្ថយទោស និងបានរក្សាការដាក់ពន្ធនាគារអស់មួយជីវិត ។

អង្គការគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ), អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានគូសបញ្ជាក់ពីចំណុចសំខាន់ៗនៃករណីនេះ ដែលមិនត្រូវបានស៊ើបអង្កេត និងដោះស្រាយឱ្យបានគ្រប់គ្រាន់ អំឡុងពេលជំនុំជម្រះ ។ ការខកខានក្នុងការដោះស្រាយមិនបានគ្រប់ជ្រុងជ្រោយខាងលើនេះ នាំឱ្យមានការព្រួយបារម្ភថា ការកំណត់ការងារជាអាទិភាពរបស់ព្រះរាជអាជ្ញា គឺជាការព្យាយាមផ្តន្ទាទោសជនសង្ស័យឲ្យបានឆាប់រហ័ស ជាជាងការស៊ើបអង្កេតឱ្យស៊ីជម្រៅលើករណីនេះ ដែលរួមទាំងកង្វះខាតក្នុងការបង្ហាញព័ត៌មានអំពីអ្នកដែលជាប់ពាក់ព័ន្ធផ្សេងទៀតផងដែរ ។ ដោយផ្អែកទៅលើការខកខានខាងលើទាំងនេះ ដំណើរការនៃការស៊ើបអង្កេត មិនអាចត្រូវបានគេជឿជាក់ថាមានលក្ខណៈហ្មត់ចត់ ឯករាជ្យ មិនលម្អៀង និងមានប្រសិទ្ធភាព ដែលមានចែងដូចនៅក្នុងកតិ កាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ (International Covenant on Civil and Political Rights) និងពិធីសារកែសម្រួលមីនីសូតាស្តីពីការស៊ើបអង្កេតលើការស្លាប់ក្រៅប្រព័ន្ធច្បាប់(២០១៦)នោះទេ ។

ដោយអនុលោមទៅតាម កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ (ICCPR) ប្រទេសកម្ពុជាមានកាតព្វកិច្ចក្នុងការស៊ើបអង្កេតភ្លាមៗ ដោយឯករាជ្យ មិនលម្អៀង និងមានប្រសិទ្ធិភាពទៅលើករណីឃាតកម្មក្រៅប្រព័ន្ធច្បាប់ទាំងអស់ ។ ការស៊ើបអង្កេតត្រូវតែស្វែងរកអត្តសញ្ញាណមិនត្រឹមតែជនល្មើសដោយផ្ទាល់តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកផ្សេងទៀតដែលអាចទទួលខុសត្រូវចំពោះការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទាក់ទងនឹងការស្លាប់ផងដែរ ។

សាវតា

ចំណុចខ្វះខាតដែលមិនត្រូវបានដោះស្រាយឱ្យបានគ្រប់ក្នុងការជំនុំជម្រះរួមមាន៖ ការពន្យល់ដែលមិនសមហេតុផលចំពោះការអះអាងរបស់លោក អឿត អាង ពីមូលហេតុនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ដោយសារការជំពាក់បំណុលមិនសងចំនួន ៣.០០០ ដុល្លារ ការខកខានមិនបានសម្ភាសន៍សាក្សីដែលត្រូវបានចោទប្រកាន់ដោយជនជាប់ចោទ ដើម្បីបញ្ជាក់ពីរឿងរ៉ាវរបស់គាត់ វីដេអូជាវត្ថុតាងក្នុងតុលាការមានតែរូបភាពវីដេអូ ដែលយកចេញ​ ពីកាមេរ៉ាសុវត្ថិភាពមួយគ្រឿងប៉ុណ្ណោះក្នុងចំណោមកាមេរ៉ាសុវត្ថិភាពជាច្រើននៅស្ថានីយ៍ប្រេងឥន្ធនៈ ដែលអាចបានចាប់យកព្រឹត្តិការណ៍នេះ ការខកខានរបស់អ្នកស៊ើបអង្កេតក្នុងការព្យាយាមកំណត់អត្តសញ្ញាណបុរសម្នាក់ដែលបានអង្គុយជាមួយលោកបណ្ឌិត កែម ឡី មុនពេលការបាញ់ប្រហារ ការខកខានរបស់អ្នកស៊ើបអង្កេតក្នុងការព្យាយាមកំណត់អត្តសញ្ញាណបុគ្គលដែលជនជាប់ចោទបានអះអាងថាបានប្រើប្រាស់កំាភ្លើងបាញ់ទៅលើរូបលោកខណៈដែលគាត់កំពុងរត់គេចខ្លួនពីកន្លែងនៃឧក្រិដ្ឋកម្ម ការខកខានរបស់អ្នកស៊ើបអង្កេតក្នុងការកំណត់ទីតាំងនិងសាកសួរអ្នកដែលត្រូវបានចោទប្រកាន់ថាជាអ្នកលក់អាវុធទៅឱ្យឃាតករ ការខកខានរបស់អ្នកស៊ើបអង្កេតដើម្បីស្វែងរកប្រវត្តិរបស់ជនជាប់ចោទនិងទំនាក់ទំនងដែលអាចកើតមានជាមួយនឹងក្រុមយោធា និងការខកខានមិនបានបញ្ជាក់ពីអត្តសញ្ញា ណរបស់បុគ្គលម្នាក់ក្នុងចំណោមពួកគេដែលប្រដាប់ដោយអាវុធនិងត្រូវបានគេឃើញនៅក្នុងខ្សែវីដេអូដែលដេញតាមជនជាប់ចោទនៅពេលគាត់បានរត់គេចខ្លួនពីកន្លែងឧក្រិដ្ឋកម្ម ។

កំណត់ត្រាសិទ្ធិមនុស្សនៅកម្ពុជាក្រោយសង្គ្រាមរហូតមកដល់បច្ចុប្បន្ន ត្រូវបានញាំញីដោយវប្បធម៌និទណ្ឌភាព ។ នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយ គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) ក្នុងឆ្នាំ ២០១៧ បានគូសបញ្ជាក់ថាកង្វះគណនេយ្យភាពនៅក្នុងប្រទេសកម្ពុជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងលើប្រព័ន្ធតុលាការដោយអាជ្ញាធររដ្ឋ ៕

គាំទ្រដោយ៖

១. អង្គការលើកលែងទោសអន្តរជាតិ (AI)
២. Article 19
៣. ASEAN Parliamentarians for Human Rights (APHR)
៤. Asian Democracy Network (ADN)
៥. Asian Forum for Human Rights and Development (FORUM-ASIA)
៦. Asian Network for Free Elections (ANFREL)
៧. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
៨. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៩. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១០. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១១. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១២. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១៣. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
១៤. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
១៥. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
១៦. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៧. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៨. បណ្តាញយុវជនកម្ពុជា (CYN)
១៩. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
២០. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២១. Centre for Civil and Political Rights (CCPR Centre)
២២. CIVICUS: World Alliance for Citizen Participation
២៣. Civil Rights Defenders
២៤. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
២៥. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
២៦. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២៧. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
២៨. អង្គការសមធម៌កម្ពុជា (EC)
២៩. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
៣០.  អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW)
៣១. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៣២. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៣៣. Initiativ Kambodja
៣៤. អង្គការគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ)
៣៥.  International Federation for Human Rights (FIDH), within the framework of the Observatory for the Protection of Human Rights Defenders
៣៦. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
៣៧. Lawyers’ Rights Watch Canada (LRWC)
៣៨. មាតាធម្មជាតិកម្ពុជា (MNC)
៣៩. Not1More (N1M)
៤០. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
៤១. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
៤២. អង្គការតម្លាភាពកម្ពុជា (TI-C)
៤៣. សម្ព័ន្ធសហជីពកម្មករដើម្បីការងារ (UCL)
៤៤. World Organization Against Torture (OMCT), within the framework of the Observatory for the Protection of Human Rights Defenders
៤៥. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Amnesty International
២. Article 19
៣. ASEAN Parliamentarians for Human Rights (APHR)
៤. Asian Democracy Network (ADN)
៥. Asian Forum for Human Rights and Development (FORUM-ASIA)
៦. Asian Network for Free Elections (ANFREL)
៧. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
៨. Cambodian Alliance of Trade Unions (CATU)
៩. Cambodian Center for Human Rights (CCHR)
១០. Cambodian Food and Service Workers Federation (CFSWF)
១១. Cambodian Human Rights Action Coalition (CHRAC)
១២. Cambodian Human Rights and Development Association (ADHOC)
១៣. Cambodian Informal Economic Workers Association (CIWA)
១៤. Cambodia Informal Economy Reinforce Association (CIERA)
១៥. Cambodian Institute for Democracy (CID)
១៦. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១៧. Cambodian Tourism Workers Union Federation (CTWUF)
១៨. Cambodian Youth Network Association (CYN)
១៩. Cambodia's Independent Civil Servants Association (CICA)
២០. Center for Alliance of Labor and Human Rights (CENTRAL)
២១. Centre for Civil and Political Rights (CCPR Centre)
២២. CIVICUS: World Alliance for Citizen Participation
២៣. Civil Rights Defenders
២៤. Coalition for Integrity and Social Accountability (CISA)
២៥. Coalition of Cambodian Apparel Workers’ Democratic Union (C.CAWDU)
២៦. Coalition of Cambodian Farmers Community (CCFC)
២៧. Committee for Free and Fair Elections in Cambodia (COMFREL)
២៨. Equitable Cambodia
២៩. Free Independent Trade Union Federation (FUFI)
៣០. Human Rights Watch
៣១. Independent Democracy of Informal Economy Association (IDEA)
៣២. Independent Trade Union Federation (INTUFE)
៣៣. Initiativ Kambodja
៣៤. International Commission of Jurists
៣៥. International Federation for Human Rights (FIDH), within the framework of the Observatory for the Protection of Human Rights Defenders
៣៦. Labour Right Supported Union Khmer Employee of Nagaworld (L.R.S.U)
៣៧. Lawyers’ Rights Watch Canada (LRWC)
៣៨. Mother Nature Cambodia
៣៩. Not1More (N1M)
៤០. People Center for Development and Peace (PDP-CENTER)
៤១. The Affiliated Network for Social Accountability (ANSA) Cambodia
៤២. Transparency International Cambodia (TI-C)
៤៣. Union Coalition of Labor (UCL)
៤៤. World Organization Against Torture (OMCT), within the framework of the Observatory for the Protection of Human Rights Defenders
៤៥. Youth Resource Development Program (YRDP)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា