ការសិក្សាដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលអាល្លឺម៉ង់ បង្ហាញពីបញ្ហាធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២; ក្រុមសង្គមស៊ីវិលការសិក្សាមួយ ដែលគាំទ្រដោយ ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានផ្ដល់ភស្តុតាងបន្ថែមទៀតនៃការរីករាលដាលបញ្ហាជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ពោលក្នុងកម្រិតមួយ “ខ្ពស់ខ្លាំង” និង “មិនអាចទទួលយកបាន” ។ លទ្ធផលនៃការសិក្សាបង្ហាញថា ប្រជាពលរដ្ឋខ្មែរជាង ១៦៧.០០០ នាក់ បាននិងកំពុងលក់ដី ដើម្បីបង់សងកម្ចីឥណទានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ។ អង្គការហ្វ៊ីអាន (FIAN) ក៏ដូចជា អង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាគឺ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ និងអង្គការសមធម៌កម្ពុជា សូមអំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ និងម្ចាស់ជំនួយផ្សេងទៀតនៃវិស័យមីក្រូហិរញ្ញវត្ថុ ឱ្យគោរពការទទួលខុសត្រូវរបស់ពួកគេ និងចាត់វិធានការជាក់លាក់ និងជាបន្ទាន់ ដើម្បីដោះស្រាយស្ថានភាពដែលមិនអាចប្រកែកបាននេះ ។
ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៩មក អង្គការសិទ្ធិមនុស្សកម្ពុជាមួយចំនួន បានចេញរបាយការណ៍ជាច្រើន ដោយបង្ហាញពីផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ នៃវិបត្តិជាប់ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនលើសលប់ ដែលកំពុងកើតមាននៅកម្ពុជា ។ ការសិក្សាដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពី វិទ្យាស្ថានសម្រាប់ការអភិវឌ្ឍ និងសន្តិភាព (INEF) មានចំណងជើងថា “មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ការអភិវឌ្ឍ បញ្ហាប្រឈម និងអនុសាសន៍” បន្ថែមទៅលើភស្តុតាងដែលមានស្រាប់អំពីវិបត្តិដែលកំពុងកើតមានជាបន្តបន្ទាប់ ដែលមិនអាចព្រងើយកន្តើយតទៅទៀត ។
ដោយទទួលបានការគាំទ្រពី BMZ សម្រាប់គោលបំណងនៃការស្វែងរក “ភស្តុតាងជាតួលេខ” បន្ថែមទៅលើភាពជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ការសិក្សាមានរួមបញ្ចូលនូវការស្ទង់មតិក្នុងទំហំធំតាមគ្រួសារ កិច្ចពិភាក្សាជាក្រុមជាមួយអ្នកភូមិ និងបទសម្ភាសន៍ជាមួយអាជ្ញាធរមូលដ្ឋាន នៅក្នុងភូមិចំនួន២៤ នៅទូទាំងប្រទេស ។ ការសិក្សានេះ បានរកឃើញបញ្ហាមួយចំនួន ក្នុងចំណោមបញ្ហាផ្សេងទៀតដូចជា៖
▪ កម្រិតខ្ពស់ខ្លាំងនៃទំហំកម្ចីគិតជាមធ្យម គឺ ៥.១៨៣ដុល្លារ ក្នុងចំណោមគ្រួសារដែលជាប់ជំពាក់បំណុល ដែលភាគច្រើននៃអ្នកទាំងនោះគឺជាគ្រួសារក្រខ្សត់ខ្លាំង (ជាមួយនឹងអត្រាការប្រាក់ ១៨% បូកនឹងកម្រៃសេវាឥណទានខ្នាតតូច) ។
▪ ជិតពាក់កណ្ដាលនៃគ្រួសារដែលជាប់ជំពាក់បំណុលជួបការលំបាកក្នុងការបង់សង ។
▪ ក្នុងចំណោមគ្រួសារដែលជួបការលំបាកក្នុងការបង់សងទាំងនោះ ១៣%នៃពួកគាត់បានរាយការណ៍ថា ពួកគាត់បានលក់ដីដើម្បីបង់សងបំណុលក្នុងរយៈពេល៥ឆ្នាំចុងក្រោយ (នេះប្រសិនបើប៉ាន់ស្មានសម្រាប់អ្នកខ្ចីប្រាក់ទាំងអស់ មានន័យថា មានការលក់ដីដោយសារបំណុលចំនួន ៣៣.៤៨០ ក្នុងមួយឆ្នាំ ឬលក់ដីម្ដងនៅរៀងរាល់រយៈពេល១៦នាទី) ។
▪ “នៅក្នុងករណីជាច្រើន” អ្នកខ្ចីប្រាក់បានរងគ្រោះពីការរំលោភសិទ្ធិមនុស្ស ។
▪ ការបន្ថយការបរិភោគអាហារ “ត្រូវបានប្រើប្រាស់ជាញឹកញាប់” ដើម្បីឆ្លើយតបនឹងបន្ទុកបំណុល ។
▪ អ្នកចូលរួមក្នុងកិច្ចពិភាក្សាជាក្រុម បានលើកឡើងថា ក្មេងៗត្រូវឈប់រៀន ដើម្បីធ្វើការរកប្រាក់សងបំណុល ដែលស្រដៀងទៅនឹងការអះអាងរបស់អាជ្ញាធរមូលដ្ឋានដែរ ។
ការវិភាគរបស់អ្នកស្រាវជ្រាវ ក៏បានបញ្ជាក់ផងដែរថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គឺចង្អៀតពេក ដែលនាំឱ្យមានការប្រកួតប្រជែងជាខ្លាំងក្នុងចំណោមអ្នកផ្ដល់កម្ចីឥណទានខ្នាតតូចជាផ្លូវការ ។ ការណ៍នេះ នាំឱ្យមានការផ្សព្វផ្សាយយ៉ាងសម្បើមតាមផ្ទះរបស់ប្រជាពលរដ្ឋ ក៏ដូចជាវិធីសាស្រ្តជ្រុលនិយមនៃការយកដីធ្លីដាក់ជាទ្រព្យធានាសម្រាប់កម្ចីខ្នាតតូច ដើម្បីបង្កើន ឬរក្សាអតិថិជន ។ ដូចដែលបានកត់សម្គាល់នៅក្នុងការសិក្សាមួយក្នុងឆ្នាំ២០១៧ អំពីភាពជំពាក់បំណុលច្រើនលើសលប់ ដែលគាំទ្រថវិកាដោយម្ចាស់ជំនួយ (ដែលមានBMZផងដែរ) អ្នកស្រាវជ្រាវនៃINEF បានសន្និដ្ឋានថា នៅចន្លោះពី ២៥%-៥០% នៃ២,៨លានគ្រួសារ ដែលជាប់ជំពាក់បំណុលនៅកម្ពុជា គឺកំពុងជាប់បំណុលវ័ណ្ឌក ។
ចាប់តាំងពីឆ្នាំ២០១៧ យ៉ាងតិច រដ្ឋាភិបាលអាល្លឺម៉ង់ និងម្ចាស់ជំនួយផ្សេងទៀត បានដឹងយ៉ាងច្បាស់អំពីកម្រិតធ្ងន់ធ្ងរនៃភាពជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ប៉ុន្តែពួកគេស្ទើរតែមិនបានចាត់វិធានការអ្វីសោះ ក្នុងការដោះស្រាយបញ្ហានេះ ហើយបន្តផ្ដល់ប្រាក់រាប់លានអឺរ៉ូទៅក្នុងវិស័យនេះ មកដល់បច្ចុប្បន្ន
ផ្អែកតាមការរកឃើញទាំងនេះ ការសិក្សារបស់INEF បានដាក់ចេញនូវអនុសាសន៍មួយចំនួនដូចជា ការលុបចោលបំណុលទូទៅសម្រាប់គ្រួសារដែលក្រខ្សត់ខ្លាំង បញ្ចប់កិច្ចសន្យានិងផ្ដល់សំណងដល់គ្រួសារដែលត្រូវបានបង្ខំឱ្យលក់ដីដោយកើតចេញពីកំហុសឬការធ្វេសប្រហែសរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងការកម្រិតការប្រើប្រាស់ប្លង់កម្មសិទ្ធិដីធ្លីដាក់ជាទ្រព្យធានា ជាដើម ។ ដោយសារវិធានការភាគច្រើនដែលបានស្នើសុំ ត្រូវការពេលវេលាដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយសារតែប្រជាពលរដ្ឋខ្មែររហូតដល់ ១០០គ្រួសារក្នុងមួយថ្ងៃ ត្រូវលក់ដីដើម្បីសងបំណុល ជាថ្មីម្ដងទៀត អង្គការលីកាដូ អង្គសមធម៌កម្ពុជា និងអង្គការ FIAN សូមអំពាវនាវឱ្យមានការប្រគល់ប្លង់កម្មសិទ្ធិដីធ្លីរាប់សែនប្លង់ដែលបច្ចុប្បន្នកាន់កាប់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ជូនទៅម្ចាស់កម្មសិទ្ធិជាអ្នកខ្ចីប្រាក់វិញឱ្យបានឆាប់ ។ ការណ៍នេះនឹងជួយកាត់បន្ថយសម្ពាធរបស់គ្រួសារពួកគាត់ និងកាត់បន្ថយការលក់ដីដោយបង្ខំ ។ ទម្រង់នៃការលុបបំបាត់នេះ ក៏អាចត្រូវបានអនុវត្តមុន ឬក្នុងពេលជាមួយគ្នា ខណៈដែល BMZ និងអាជ្ញាធរកម្ពុជា កំពុងរៀបចំការអនុគ្រោះផ្សេងទៀតសម្រាប់អ្នកខ្ចីប្រាក់ ។
លើសពីនេះទៅទៀត អ្នកស្រាវជ្រាវINEF បានផ្ដល់ជាអនុសាសន៍ថា សហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ ដែលបន្តគាំទ្រវិស័យមីក្រូហិរញ្ញវត្ថុដោយផ្ទាល់ (ធនាគារអភិវឌ្ឍន៍DEG) និងមិនផ្ទាល់ (ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KfW និងBMZ) តាមរយៈជំនួយមីក្រូហិរញ្ញវត្ថុ ឱ្យប្រើប្រាស់វិធានការដែលមានស្រាប់ ដើម្បីណែនាំឱ្យដៃគូរបស់ខ្លួនដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ឱ្យអនុវត្តតាមអនុសាសន៍សំខាន់ៗខាងលើនេះ និងដើម្បីបញ្ឈប់ការគាំទ្ររបស់ខ្លួនទៅលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក្នុងរយៈពេលមធ្យម ។
ខណៈដែលការសិក្សាបានចង្អុលបង្ហាញយ៉ាងត្រឹមត្រូវថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា រកប្រាក់ចំណេញបានលើសពីគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ការចំណាយទៅលើការអនុគ្រោះបំណុលដែលចាំបាច់ ហើយម្ចាស់ជំនួយដូចជា ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ដែលពាក់ព័ន្ធ មិនគួរគេចចេញពីការទទួលខុសត្រូវរបស់ខ្លួនឡើយ ។
ពេលនេះ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ និងម្ចាស់ជំនួយផ្សេងទៀត គួរតែប្រើប្រាស់ប្រាក់ចំណេញ ដែលបានមកពីប្រជាពលរដ្ឋខ្មែរអ្នកខ្ចីប្រាក់ដែលជាប់ជំពាក់បំណុលច្រើនលើសលប់អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីផ្ដល់ការអនុគ្រោះបំណុល និងផ្ដល់សំណងប្រកបដោយប្រសិទ្ធភាពសម្រាប់ជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស
លោក Mathias Pfeifer មន្ត្រីកម្មវិធីនៃអង្គការ FIAN បានមានប្រសាសន៍ថា “ពិតណាស់ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ និងការគាំទ្រជំនួយមីក្រូហិរញ្ញវត្ថុ បានខកខានក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួនឱ្យបានហ្មត់ចត់នៅក្នុងប្រទេសកម្ពុជា” ។ លោកបានបន្ថែមថា “ចាប់តាំងពីឆ្នាំ២០១៧ យ៉ាងតិច រដ្ឋាភិបាលអាល្លឺម៉ង់ និងម្ចាស់ជំនួយផ្សេងទៀត បានដឹងយ៉ាងច្បាស់អំពីកម្រិតធ្ងន់ធ្ងរនៃភាពជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ប៉ុន្តែពួកគេស្ទើរតែមិនបានចាត់វិធានការអ្វីសោះ ក្នុងការដោះស្រាយបញ្ហានេះ ហើយបន្តផ្ដល់ប្រាក់រាប់លានអឺរ៉ូទៅក្នុងវិស័យនេះ មកដល់បច្ចុប្បន្ន” ។ ជាក់ស្ដែង ជំនួយមីក្រូហិរញ្ញវត្ថុ ពីមូលនិធិ MEF ដែលមាន KfW និង BMZ ជាម្ចាស់ភាគហ៊ុនសំខាន់ផងដែរនោះ បានផ្ដល់ប្រាក់ជិត ២០លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងការវិនិយោគថ្មីៗ ទៅកាន់អ្នកផ្ដល់កម្ចីឥណទានខ្នាតតូចនៅកម្ពុជា ក្នុងឆ្នាំ២០២១ ។ នៅឆ្នាំដដែលនោះ ប្រាក់ចំណូលនៃការវិនិយោគរបស់ MEF (សរុប) គឺមានចំនួន ៤៩,៩ លានដុល្លារសហរដ្ឋអាមេរិក ។
អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានមានប្រសាសន៍ថា “ពេលនេះ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ និងម្ចាស់ជំនួយផ្សេងទៀត គួរតែប្រើប្រាស់ប្រាក់ចំណេញ ដែលបានមកពីប្រជាពលរដ្ឋខ្មែរអ្នកខ្ចីប្រាក់ដែលជាប់ជំពាក់បំណុលច្រើនលើសលប់អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីផ្ដល់ការអនុគ្រោះបំណុល និងផ្ដល់សំណងប្រកបដោយប្រសិទ្ធភាពសម្រាប់ជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស” ។
អ្នកគាំទ្រសំខាន់ៗផ្សេងទៀតនៃវិស័យមីក្រូហិរញ្ញវត្ថុ រួមមានធនាគារអភិវឌ្ឍន៍អន្តរប្រទេស និងធនាគារអភិវឌ្ឍន៍អឺរ៉ុប ក៏ដូចជា “ក្រមសីលធម៌” វិនិយោគិនឯកជនដូចជា Oikocredit ធនាគារ Triodos, Invest in Visions, Vision Microfinance និងការវិនិយោគតូចៗមួយចំនួនទៀតដូចជា the Bank im Bistum Essen និង GLS Bank ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាតាមរយៈ Signal: +៨៥៥ ១២ ៧៩១ ៧០០ (ភាសាខ្មែរ និងអង់គ្លេស)
▪ អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ តាមរយៈ Signal: +៨៥៥ ១២២១៤ ៤៥៤ (ភាសាអង់គ្លេស)
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ