បច្ចុប្បន្នភាពឆ្នាំ២០១៦៖ ការរួចខ្លួនពីបទល្មើស
ចេញផ្សាយ ខែវិច្ឆិកា ឆ្នាំ២០១៦ ទាញយករបាយការណ៍សង្ខេបជាភាសាខ្មែរ (PDF, 368.83 KBs) | |
ទាញយករបាយការណ៍សង្ខេបជាភាសាអង់គ្លេស (PDF, 576.04 KBs) | |
ស្តាប់សំឡេងជាភាសាខ្មែរ |
កាលពី១ឆ្នាំមុន អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស-លីកាដូ បានចេញផ្សាយរបាយការណ៍មួយស្ដីពី “ការរួចខ្លួនពីបទល្មើស៖ ការអនុវត្តច្បាប់ចំពោះបទល្មើសរំលោភសេពសន្ថវៈក្នុងប្រព័ន្ធតុលាការកម្ពុជា” ដើម្បីប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ ឆ្នាំ២០១៥ ទប់ស្កាត់អំពើហិង្សាផ្លូវភេទលើស្រ្តី។ របាយការណ៍នេះត្រូវបានធ្វើឡើងដោយផ្អែកលើសំណុំរឿងជាច្រើនដែលអង្គការលីកាដូបានធ្វើការស៊ើបអង្កេតក្នុងឆ្នាំ២០១២ ២០១៣ និង២០១៤ ហើយបានរកឃើញថា ការផ្តន្ទាទោសលើសំណុំរឿងរំលោភសេពសន្ថវៈនៅក្នុងប្រទេសកម្ពុជាមានកំហុសឆ្គងធ្ងន់ធ្ងរនិងជាលក្ខណៈជាប្រព័ន្ធ ដែលបណ្ដាលឲ្យការផ្ដន្ទាទោសលើសំណុំរឿងទាំងនេះនៅមានចំនួនទាបគួរឲ្យព្រួយបារម្ភ។ នេះអាចមកពីមូលហេតុមួយចំនួនដូចជា៖ ការប្រើប្រាស់ប្រាក់សំណងដើម្បីដោះស្រាយបញ្ចប់រឿងក្ដី ការរីករាលដាលនៃអំពើពុករលួយនៅក្នុងស្ថាប័ននគរបាលនិងប្រព័ន្ធតុលាការ ចៅក្រមនៅខ្វះការយល់ដឹងនិងការអនុវត្តច្បាប់ និងអាកប្បកិរិយារើសអើសចំពោះស្រ្តីភេទ។
រយៈពេលមួយឆ្នាំបន្ទាប់ពីចេញផ្សាយរបាយការណ៍ឆ្នាំ២០១៥ របាយការណ៍សង្ខេបឆ្នាំ២០១៦នេះ ត្រូវបានធ្វើឡើងដោយមានការវិភាគស្រដៀងគ្នាពាក់ព័ន្ធទៅនឹងសំណុំរឿងរំលោភសេពសន្ថវៈជាច្រើនករណី ដែលអង្គការលីកាដូបានធ្វើការស៊ើបអង្កេតក្នុងឆ្នាំ២០១៥ ហើយបានរកឃើញថា នៅក្នុងប្រព័ន្ធយុត្តិធម៌មានកំហុសឆ្គងធ្ងន់ធ្ងរជាច្រើនដែលបានរៀបរាប់នៅក្នុងរបាយការណ៍ឆ្នាំមុន ប៉ុន្តែនៅតែមិនទាន់បានដោះស្រាយនៅឡើយ។
សេចក្ដីសង្ខេបនៃសំណុំរឿងទាំងអស់
កាលពីឆ្នាំ២០១៥ អង្គការលីកាដូបានធ្វើការស៊ើបអង្កេតលើសំណុំរឿងរំលោភសេពសន្ថវៈ និងប៉ុនប៉ងរំលោភសេពសន្ថវៈចំនួន២៨២ករណី ដែលក្នុងនោះមាន១២៥ករណីត្រូវបានបិទបញ្ចប់ និង១៥៧ករណីនៅបើកបន្ត។ ចំពោះសំណុំរឿងដែលនៅបើកបន្តមាន ៣៨ករណី ត្រូវបានចុះកាលបរិច្ឆេទតាំងពីត្រីមាសទី១នៃឆ្នាំ២០១៥ ដែលនេះមានន័យថាសំណុំរឿងទាំងនោះ នៅតែមិនទាន់ត្រូវបានដោះស្រាយរយៈពេលជិត២ឆ្នាំទៅហើយ។ នេះបង្ហាញថា ការឆ្លើយតបនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌចំពោះរបាយការណ៍នៃការរំលោភសេពសន្ថវៈនៅមានការយឺតយ៉ាវ។
សំណុំរឿងទាំង២៨២ករណីមានជាប់ពាក់ព័ន្ធនឹងជនរងគ្រោះចំនួន២៩២នាក់ ដែលក្នុងនោះមាន២១៧នាក់ជាកុមារអាយុក្រោម១៨ឆ្នាំ និង៧៥នាក់ជាស្រ្តីអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ តួលេខទាបនៃសំណុំរឿងពាក់ព័ន្ធនឹងស្រ្តីពេញវ័យជារឿងដែលបន្តកើតមានឡើងតាំងពីរបាយការណ៍ឆ្នាំ២០១៥ ហើយនេះអាចមកពីមូលហេតុនៃការមិនបានរាយការណ៍របស់ជនរងគ្រោះ ជាជាងតួលេខដែលតំណាងឲ្យទិន្នន័យទាំងអស់នៃសំណុំរឿងរំលោភសេពសន្ថវៈ។ ភាពភ័យខ្លាចនៃស្លាកស្នាមសង្គម ការស្ដីបន្តោស និងការបដិសេធពីសំណាក់ស្វាមីរបស់ជនរងគ្រោះទាំងនោះ គឺជាមូលហេតុដែលបង្កឲ្យមានការលំបាកយ៉ាងខ្លាំងដល់ស្រ្តីពេញវ័យដើម្បីរាយការណ៍ពីអំពើរំលោភសេពសន្ថវៈ។
ក្នុងចំណោមកុមាររងគ្រោះអាយុក្រោម១៨ឆ្នាំទាំងនោះមាន៖ ១៤នាក់ (៦.៥%) គឺមានអាយុចន្លោះពី១ទៅ៥ឆ្នាំ ៧៦នាក់ (៣៥%) គឺមានអាយុចន្លោះពី៦ទៅ១១ឆ្នាំ និង១២៧នាក់ (៥៨.៥%) គឺមានអាយុចន្លោះពី១២ទៅ១៧ឆ្នាំ។ ក្នុងនោះមានករណីមួយពាក់ព័ន្ធនឹងជនរងគ្រោះជាបុរស ប៉ុន្តែករណីទាំងអស់ផ្សេងទៀតជនរងគ្រោះជាស្រ្តី។ ចំនួនភាគរយទាំងនេះមានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងករណីរំលោភសេពសន្ថវៈក្នុងរបាយការណ៍ឆ្នាំ២០១៥ ដែលបានរកឃើញថា ៥៨% នៃកុមាររងគ្រោះមានអាយុចន្លោះពី១២ទៅ១៧ឆ្នាំ។ នេះបង្ហាញថា នៅពេលកុមារមានអាយុកាន់តែច្រើន នោះពួកគេកាន់តែមានហានិភ័យខ្ពស់ចំពោះអំពើហិង្សាផ្លូវភេទ ជាពិសេសនៅពេលពួកគេកំពុងលូតលាស់ក្លាយជាមនុស្សពេញវ័យ។
លទ្ធផលនៃសំណុំរឿងដែលត្រូវបានបិទបញ្ចប់ទាំងអស់
ដូចគ្នានឹងរបាយការណ៍ឆ្នាំ២០១៥ដែរ ការវិភាគលើសំណុំរឿងដែលត្រូវបានបិទបញ្ចប់គឺត្រូវបែងចែកជា៣ប្រភេទធំៗដូចជា៖ សំណុំរឿងដែលបានបិទបញ្ចប់នៅចំណុចណាមួយមុនពេលសវនាការ សំណុំរឿងដែលបានបញ្ចូនទៅជំនុំជម្រះប៉ុន្តែបញ្ចប់ទៅដោយគ្មានការផ្ដន្ទាទោសឬការផ្ដន្ទាទោសដែលគួរឲ្យសង្ស័យ និងសំណុំរឿងដែលបានបិទបញ្ចប់ទៅជាមួយនឹងការផ្ដន្ទាទោសចំពោះបទល្មើសរំលោភសេពសន្ថវៈនិងការដាក់ទោសឲ្យជាប់ពន្ធនាគារដោយគោរពទៅតាមលក្ខខណ្ឌនៃក្រមព្រហ្មទណ្ឌ។
ក្នុងចំណោមករណីសរុបចំនួន១២៥ ដែលត្រូវបានបិទបញ្ចប់គឺមានជាប់ពាក់ព័ន្ធទាំងស្រ្តីនិងកុមារដែលក្នុងនោះមាន ៣២ករណី (២៥.៥%) បានបិទបញ្ចប់មុនពេលសវនាការ ៤០ករណី (៣២%) បានបិទបញ្ចប់ជាមួយនឹងការជំនុំជម្រះដោយការផ្ដន្ទាទោសមិនត្រឹមត្រូវឬសម្រេចឲ្យដោះលែង និង៥៣ករណី (៤២.៥%)ទៀត បានបិទបញ្ចប់ដោយការផ្ដន្ទាទោសនិងការដាក់ទោសសមស្រប។ ជាការប្រៀបធៀបជាមួយនឹងរបាយការណ៍ឆ្នាំ២០១៥ ចំនួនភាគរយនៃសំណុំរឿងដែលត្រូវបានបិទបញ្ចប់មុនពេលសវនាការមានការថយចុះតិចជាង ៣២% ចំនួនភាគរយនៃសំណុំរឿងដែលត្រូវបានផ្ដន្ទាទោសមិនត្រឹមត្រូវឬសម្រចឲ្យដោះលែងមានការថយចុះបន្តិចបន្ដួចពី ៣៣% និងចំនួនភាគរយនៃសំណុំរឿងដែលត្រូវបានផ្ដន្ទាទោសត្រឹមត្រូវនិងដាក់ទោសសមស្របមានការកើនឡើងច្រើនជាង៣៥%។ ការកើនឡើងនៃការផ្ដន្ទាទោសត្រឹមត្រូវគឺជាចំណុចវិជ្ជមាន ប៉ុន្តែតម្លៃនៃទិន្នន័យរយៈពេលមួយឆ្នាំនេះគឺមិនគ្រប់គ្រាន់ក្នុងការសន្និដ្ឋានថាវាជាទិន្នន័យតំណាងឲ្យសំណុំរឿងរំលោភសេពសន្ថវៈទាំងអស់បានទេ។ លើសពីនេះទៅទៀត ការពិនិត្យសំណុំរឿងដែលបានបិទបញ្ចប់មុនពេលសវនាការនិងសំណុំរឿងដែលបានបញ្ចប់ដោយការផ្ដន្ទាទោសមិនត្រឹមត្រូវបង្ហាញថា ការអនុវត្តនិងកំហុសឆ្គងទាំងអស់ដែលបានពិភាក្សានៅក្នុងរបាយការណ៍ឆ្នាំ២០១៥ នៅតែបន្តកើតមានឡើង។
ការបញ្ចប់រឿងក្ដីដោយសំណង
ដូចគ្នានឹងរបាយការណ៍ឆ្នាំ២០១៥ដែរ សំណុំរឿងដែលត្រូវបានដោះស្រាយបញ្ចប់ដោយសំណងមានចំនួនច្រើនជាងគេក្នុងប្រភេទនៃសំណុំរឿងដែលបានបិទបញ្ចប់មុនពេលសវនាការ។ អ្នកឃ្លាំមើលនៃអង្គការលីកាដូបានទទួលព័ត៌មានថា ក្នុងចំណោម៣២ករណីមាន១៩ករណីត្រូវបានដោះស្រាយបញ្ចប់ដោយប្រាក់សំណង ដើម្បីជាថ្នូរឲ្យជនរងគ្រោះដកពាក្យបណ្ដឹងព្រហ្មទណ្ឌ។ ក្នុងនោះមាន៥ករណីពាក់ព័ន្ធនឹងស្រ្តីមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និង១៤ករណីពាក់ព័ន្ធនឹងកុមារអាយុក្រោម១៨ឆ្នាំ។
ការចរចាក្នុងការដោះដូរសំណងភាគច្រើនត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលរបស់អាជ្ញាធរ បន្ទាប់ពីសំណុំរឿងត្រូវបានរាយការណ៍ទៅកាន់ពួកគាត់។ ក្នុងចំណោម១៩ករណីមាន៨ករណីដែលសំណងត្រូវបានចរចាដោយនគរបាល ៤ករណីត្រូវបានចរចាដោយព្រះរាជអាជ្ញា ២ករណីត្រូវបានចរចាដោយចៅក្រមស៊ើបសួរ និង១ករណីទៀតត្រូវបានចរចាដោយមេឃុំ/ចៅសង្កាត់។ ក្នុងនោះមាន៤ករណីដែលត្រូវបានចរចាដោយគ្រួសារជនរងគ្រោះនិងជនប្រព្រឹត្តបទល្មើសដោយមិនមានការសម្របសម្រួលពីអ្នកដទៃទេ ហើយក្នុង៤ករណីនោះមាន៣ករណីដែលជនរងគ្រោះនិងជនប្រព្រឹត្តបទល្មើសគឺជាសាច់ញាតិ។
នៅពេលនគរបាលនិងមន្រ្តីតុលាការជួយចរចាអំពីសំណងដើម្បីដោះស្រាយបញ្ចប់រឿងក្ដី អ្នកទាំងនោះតែងតែទទួលបានប្រាក់ពីជនសង្ស័យ ហើយពេលខ្លះទទួលបានប្រាក់ពីជនរងគ្រោះ។ ព័ត៌មានអំពីការទទួលបានប្រាក់នេះគឺមានការលំបាកក្នុងការបង្ហាញដោយសារចរិកលក្ខណៈពុករលួយរបស់អ្នកទាំងនោះ ហើយភាគីទាំងអស់ចង់រក្សាទុករឿងនេះជាសម្ងាត់ ប៉ុន្តែពេលខ្លះអ្នកឃ្លាំមើលនៃអង្គការលីកាដូបានឮព័ត៌មានលម្អិតនៃការចរចានោះ។
ស្រ្តីអាយុ២៤ឆ្នាំម្នាក់ ត្រូវបានចាប់រំលោភបន្ទាប់ពីចូលរួមពិធីមង្គលការរបស់សាច់ញាតិ។ ដំបូងឡើយ ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយសំណុំរឿងនេះត្រូវបានបញ្ចូនទៅកាន់ព្រះរាជអាជ្ញា។ នៅដំណាក់កាលនោះ ជនរងគ្រោះបានព្រមទទួលយកប្រាក់សំណងពីជនសង្ស័យចំនួន១៥០០ដុល្លារ ដើម្បីជាថ្នូរឲ្យជនរងគ្រោះដកពាក្យបណ្ដឹងវិញ។ ជនសង្ស័យបានយល់ព្រមប្រគល់ប្រាក់៣០០០ដុល្លារ ទៅឲ្យព្រះរាជអាជ្ញាដើម្បីធានាថាជនសង្ស័យនឹងមិនត្រូវបានចោទប្រកាន់។ ព្រះរាជអាជ្ញាបានទទួលយកប្រាក់នោះ ហើយជនសង្ស័យត្រូវបានដោះលែង ប៉ុន្តែនៅក្នុងសំណុំរឿងនេះ ជនរងគ្រោះមិនដែលទទួលបានប្រាក់សំណងនោះទេ។ វាអាចទៅរួចដែរថា ចៅក្រមស៊ើបសួរក៏ទទួលបានប្រាក់ផងដែរ ដោយសារសំណុំរឿងនេះស្ថិតនៅក្រោមអំណាចរបស់គាត់ក្នុងការសម្រេចឃុំខ្លួន ឬដោះលែងជនសង្ស័យមុនពេលសវនាការ។
ច្បាប់កម្ពុជាមិនអនុញ្ញតឲ្យមានការដោះស្រាយបញ្ចប់រឿងក្ដីព្រហ្មទណ្ឌដោយសំណងជាប្រាក់នោះទេ ហើយមន្រ្តីនគរបាលត្រូវទទួលទោសព្រហ្មទណ្ឌប្រសិនបើពួកគាត់បដិសេធដំណើរការរឿងក្ដីព្រហ្មទណ្ឌនៅពេលជនរងគ្រោះដកពាក្យបណ្ដឹង ឬទោះបីជាមានការចរចាដោះស្រាយបញ្ចប់រឿងក្ដីរវាងជនរងគ្រោះនិងជនសង្ស័យក៏ដោយ។ ការទទួលសំណូកដោយមន្រ្តីសាធារណៈនិងចៅក្រម គឺជាបទល្មើសព្រហ្មទណ្ឌ។ ទិន្នន័យនិងបទពិសោធន៍របស់អ្នកឃ្លាំមើលនៃអង្គការលីកាដូបង្ហាញថា ការអនុវត្តបែបនេះនៅតែកើតមានឡើងជាញឹកញាប់ដដែល ប៉ុន្តែវានឹងត្រូវកាត់បន្ថយប្រសិនបើមានការផ្ដន្ទាទោសបទលើ្មសទាំងនេះ។
ការរៀបអាពាហ៍ពិពាហ៍ជនរងគ្រោះជាមួយជនសង្ស័យ
ក្នុងឆ្នាំ២០១៥ អ្នកឃ្លាំមើលនៃអង្គការលីកាដូបានទទួលព័ត៌មានថា មានសំណុំរឿងចំនួន២ដែលត្រូវបានដោះស្រាយបញ្ចប់ដោយការរៀបអាពាហ៍ពិពាហ៍រវាងជនរងគ្រោះនិងជនសង្ស័យ។ ដូចគ្នានឹងរបាយការណ៍ឆ្នាំ២០១៥ដែរ តួលេខនៃករណីនេះគឺនៅមានចំនួនទាប ប៉ុន្តែបើករណីនេះនៅតែបន្តកើតមានឡើងរហូត នោះនឹងនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ។ មានការបង្ហាញថា ការឲ្យតម្លៃទៅលើស្រ្តីនៅមានកម្រិតទាប ហើយតម្លៃនោះត្រូវបានភ្ជាប់ទៅនឹងល្បែងតណ្ហាផ្លូវភេទរបស់ជនទាំងនោះ។ វានៅតែជាការបាត់បង់សម្រាប់ស្រ្តីនិងកុមារមួយចំនួន ទោះបីជាជនរងគ្រោះទាំងនោះបានរៀបការជាមួយជនសង្ស័យក្រោយពីទទួលរងការរំលោភសេពសន្ថវៈ ដោយសារករណីនេះត្រូវបានមើលឃើញថា វាត្រឹមតែជាមធ្យោបាយដោះទាល់ល្អបំផុតមួយ ឬដោយសារវាជាជម្រើសតែមួយគត់។
កុមារីអាយុ១២ឆ្នាំម្នាក់ ត្រូវបានបុរសអាយុ២០ឆ្នាំម្នាក់ចាប់រំលោភចំនួន៣ដង។ គ្រួសាររបស់នាងបានរាយការណ៍សំណុំរឿងនេះទៅមន្រ្តីនគរបាលថ្នាក់ឃុំ ដែលជាអ្នករៀបចំការចរចាជាមួយគ្រួសារជនសង្ស័យ។ គ្រួសារកុមារីរងគ្រោះបានយល់ព្រមឲ្យកុមារីរងគ្រោះរៀបការជាមួយបុរសនោះភ្លាមៗនៅពេលនាងគ្រប់អាយុ១៦ឆ្នាំ (អាយុនីតិភាពសម្រាប់ការរៀបអាពាហ៍ពិពាហ៍) និងយល់ព្រមដកបណ្ដឹងព្រហ្មទណ្ឌវិញ។ វាហាក់ដូចជា មន្រ្តីនគរបាលបានទទួលប្រាក់សម្រាប់សម្របសម្រួលក្នុងការចរចា។
ប្រទូស្ដកេរខ្មាស
ចំពោះសំណុំរឿងដែលបានបញ្ចប់ដោយការផ្ដន្ទាទោសមិនត្រឹមត្រូវឬការសម្រេចឲ្យដោះលែងមាន១០ករណី ដែលព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ប៉ុន្តែត្រូវបានបិទបញ្ចប់ដោយការផ្ដន្ទាទោសពីបទប្រទូស្ដកេរខ្មាសទៅវិញ។ បទចោទត្រូវបានប្ដូរដោយចៅក្រមស៊ើបសួរនិងចៅក្រមជំនុំជម្រះ។ បទប្រទូស្ដកេរខ្មាសជាបទល្មើសស្រាលជាងបទល្មើសរំលោភសេពសន្ថវៈ ដែលត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី១ទៅ៣ឆ្នាំ។ ក្នុងករណីមួយចំនួន ការប្ដូរបទចោទត្រូវមានហេតុផលស្របច្បាប់ដូចបានពិភាក្សានៅក្នុងរបាយការណ៍ឆ្នាំ២០១៥ ប៉ុន្តែការប្ដូរបទចោទត្រូវបានធ្វើឡើងជាញឹកញាប់ដោយសារមួយផ្នែកជាការយល់ច្រឡំផ្លូវច្បាប់នៃចៅក្រម ឬដោយសារអំពើពុករលួយ។ ជាឧទាហរណ៍ ក្នុងចំណោម១០ករណីមាន៦ករណី ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពរំលោភសេពសន្ថវៈដែលត្រូវបានរារាំងដោយមនុស្សផ្សេង ឬត្រូវបានបញ្ចប់ដោយសារជនរងគ្រោះវាយតបត។ ស្ថិតក្នុងកាលៈទេសៈទាំងនេះ ការផ្ដន្ទាទោសពីបទប្រទូស្ដកេរខ្មាសគឺជាការបកស្រាយច្បាប់មិនត្រឹមត្រូវ ហើយការផ្ដន្ទាទោសលើបទប៉ុនប៉ងរំលោភសេពសន្ថវៈឲ្យដូចនឹងបទរំលោភសេពសន្ថវៈ ទើបជារឿងត្រឹមត្រូវ។
ការធ្វើកោសល្យវិច័យផ្នែកវេជ្ជសាស្រ្តជាមូលហេតុដែលធ្វើឲ្យមានការផ្លាស់ប្ដូរបទចោទជាញឹកញាប់។ ប្រសិនបើរបាយការណ៍កោសល្យវិច័យបង្ហាញថា គ្មានភ័ស្ដុតាងបញ្ចាក់ពីរបួសធ្ងន់ធ្ងរលើប្រដាប់បន្តពូជឬការខូចខាតសន្ទះព្រហ្មចារីនាពេលថ្មីៗទេ ជាទូទៅតុលាការនឹងធ្វើសេចក្ដីសន្និដ្ឋានថា ការដាក់បញ្ចូលទៅក្នុងប្រដាប់ភេទរបស់ស្ត្រីមិនជ្រៅល្មមដើម្បីអាចចាត់ទុកជាអំពើរំលោភសេពសន្ថវៈនោះទេ ហេតុនេះហើយទើបជនសង្ស័យត្រូវបានចោទប្រកាន់ពីបទប្រទូស្ដកេរខ្មាស។ នៅក្នុងសំណុំរឿងជាច្រើន ពេទ្យបានផ្ដល់របាយការណ៍ដោយមិនមានទម្ងន់សមស្រប និងភ័ស្ដុតាងផ្សេងទៀតក៏មិនត្រូវបានលើកយកមកបង្ហាញដែរ។ លើសពីនេះទៅទៀត ដោយសាររបាយការណ៍ពេទ្យជាភ័ស្ដុតាងសំខាន់ក្នុងការវិនិច្ឆ័យក្ដី ពេលខ្លះជនសង្ស័យផ្ដល់ប្រាក់សំណូកមួយចំនួនទៅឲ្យអ្នកធ្វើកោសល្យវិច័យផ្នែកវេជ្ជសាស្រ្ត ឬផ្នែកសុខាភិបាលក្នុងតំបន់ ដើម្បីជួយសម្រួលការវិនិច្ឆ័យរបួសជនរងគ្រោះ។
កុមារីអាយុ៧ឆ្នាំម្នាក់ ត្រូវបានអ្នករស់នៅជិតខាងចាប់រំលោភចំនួន៣ដងក្នុងពេលផ្សេងៗគ្នា។ ជនសង្ស័យត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងបានទទួលស្គាល់ដោយចៅក្រមស៊ើបសួរ។ ទោះបីជាយ៉ាងណា អំឡុងពេលសវនាការចៅក្រមជំនុំជម្រះបានសម្រេចប្ដូរបទចោទទៅចោទពីបទប្រទូស្ដកេរខ្មាសទៅវិញ ដោយសារកោសល្យវិច័យបង្ហាញថា គ្មានការខូចខាតទៅលើប្រដាប់ភេទ។ ជនប្រព្រឹត្តបទល្មើសត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
អាយុរបស់ជនរងគ្រោះ
ក្នុងចំណោមសំណុំរឿងចំនួន៩ដែលជនរងគ្រោះជាអនីតិជន ជនប្រព្រឹត្តបទល្មើសត្រូវបានផ្ដន្ទាទោសពីបទរំលោភសេពសន្ថវៈ ប៉ុន្តែការដាក់ទោសមិនបានលើកយកមកពិចារណានូវស្ថានទម្ងន់ទោសដែលជនរងគ្រោះជាអនីតិជននោះទេ។ យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បទល្មើសរំលោភសេពសន្ថវៈគឺមានស្ថានទម្ងន់ទោស ប្រសិនបើបទល្មើសនោះបានប្រព្រឹត្តទៅលើជនដែលងាយរងគ្រោះដូចជាអនីតិជន។ នៅពេលបទល្មើសរំលោភសេពសន្ថវៈត្រូវបានប្រព្រឹត្ឡើងជាមួយនឹងស្ថានទម្ងន់ទោស ជនប្រព្រឹត្តបទល្មើសត្រូវដាក់ទណ្ឌកម្មឲ្យជាប់ពន្ធនាគារចន្លោះពី៧ទៅ១៥ឆ្នាំ។ នៅក្នុងសំណុំរឿងចំនួន៩ ជនរងគ្រោះមានអាយុចន្លោះពី៩ទៅ១៤ឆ្នាំ ប៉ុន្តែជនប្រព្រឹត្តបទល្មើសត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ។ នេះបង្ហាញថា ចៅក្រមមួយចំនួនមិនបានយល់ដឹងច្បាស់ពីបញ្ញត្តិច្បាប់នៃបទល្មើសរំលោភសេពសន្ថវៈនៅក្នុងក្រមព្រហ្មទណ្ឌ ឬមិនបានគិតពិចារណាទៅលើស្ថានទម្ងន់ទោសនៅពេលសម្រេចសេចក្ដី។
ការព្យួរទោស
នៅក្នុងសំណុំរឿងចំនួន៦ ជនប្រព្រឹត្តបទល្មើសត្រូវបានផ្ដន្ទាទោស ប៉ុន្តែមួយផ្នែកនៃទោសត្រូវបានព្យួរ។ ការដាក់ទោសឲ្យជាប់ពន្ធនាគារអាចត្រូវបានព្យួរ ប្រសិនបើទោសនោះតិចជាងឬស្មើនឹង៥ឆ្នាំ និងប្រសិនបើជនជាប់ចោទមិនធ្លាប់ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងរយៈពេល៥ឆ្នាំចុងក្រោយ មុនពេលប្រព្រឹត្តបទល្មើស។ ក្រៅពីនេះ គ្មានហេតុផលណាដែលបង្ហាញថាការព្យួរទោសគួរត្រូវបានផ្ដល់ឲ្យនោះទេ។ នេះមានន័យថាប្រសិនបើការផ្ដន្ទាទោសអប្បបរមាចំពោះបទល្មើសរំលោភសេពសន្ថវៈមានរយៈពេល៥ឆ្នាំ ឬប្រសិនបើស្ថានទម្ងន់ទោសមិនត្រូវបានលើកយកមកពិចារណា ឬប្រសិនបើការចោទប្រកាន់ត្រូវបានប្ដូរទៅជាបទប្រទូស្ដកេរខ្មាស នោះការដាក់ទោសលើជនប្រព្រឹត្តបទល្មើសអាចត្រូវបានព្យួរ។ នេះអាចនាំឲ្យសំណុំរឿងមួយចំនួនត្រូវបានផ្ដន្ទាទោសក្នុងកម្រិតស្រាល។ ក្នុងចំណោមករណីចំនួន៦ដែលត្រូវបានបិទបញ្ចប់ដោយការព្យួរទោសមាន៤ករណីដែលជនរងគ្រោះជាអនីតិជន ហើយ២ករណីទៀតបានចាប់ផ្ដើមដោយការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ប៉ុន្តែត្រូវបានប្ដូរទៅចោទពីបទប្រទូស្ដកេរខ្មាសដោយចៅក្រមស៊ើបសួរទៅវិញ។ ជាទូទៅ ទោសដែលត្រូវបានព្យួរអាចបណ្ដាលមកពីប្រាក់ពុករលួយដែលផ្ដល់ឲ្យទៅចៅក្រម។
កុមារីអាយុ១៣ឆ្នាំម្នាក់ បានចូលរួមពិធីមង្គលការរបស់អ្នកជិតខាង។ នៅពេលនាងបានដើរចាកចេញពីកម្មវិធីទៅបន្ទប់ទឹក នាងត្រូវបានបុរសអាយុ២០ឆ្នាំម្នាក់ចាប់រំលោភ។ អំឡុងពេលសវនាការ ជនប្រព្រឹត្តបទល្មើសត្រូវបានផ្ដន្ទាទោសពីបទរំលោភសេពសន្ថវៈ ប៉ុន្តែត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ទោះបីជាកុមារីរងគ្រោះជាអនីតិជនក៏ដោយ។ ផ្នែកមួយចំនួននៃទោសត្រូវបានព្យួរ ហើយជនសង្ស័យត្រូវជាប់ពន្ធនាគារត្រឹមតែ១៦ខែប៉ុណ្ណោះ។ ប្រសិនបើអាយុរបស់ជនរងគ្រោះត្រូវបានលើកយកមកពិចារណា ជនសង្ស័យនឹងត្រូវផ្ដន្ទាទោសដោយត្រឹមត្រូវចំពោះបទល្មើសរំលោភ សេពសន្ថវៈដែលមានស្ថានទម្ងន់ទោស និងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារជាអប្បបរមារយៈពេល៧ឆ្នាំ។ ការព្យួរទោសមិនគួរផ្ដល់ឲ្យទេក្នុងករណីនេះ។
ការសម្រេចដោះលែង
ក្នុងសំណុំរឿងចំនួន៣ មានសវនាការមួយដែលជនសង្ស័យត្រូវបានរកឃើញថាគ្មានកំហុស។ វាជារឿងត្រឹមត្រូវដែលសំណុំរឿងមួយចំនួនគូរតែត្រូវបញ្ចប់ទៅដោយមធ្យោបាយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ សំណុំរឿង២ក្នុងចំណោមសំណុំរឿងទាំង៣ បានធ្វើឲ្យមានហេតុផលមួយចំនួនដែលគួរឲ្យសង្ស័យពាក់ព័ន្ធនឹងភាពត្រឹមត្រូវនៃការជំនុំជម្រះក្ដី។ ក្នុងសំណុំរឿងមួយនោះ លទ្ធផលនៃការរកឃើញថាជនសង្ស័យគ្មានកំហុសបានកើតឡើង បន្ទាប់ពីជនរងគ្រោះយល់ព្រមទទួលប្រាក់សំណង៥០០ដុល្លារ។ ជនរងគ្រោះបានឲ្យដឹងថា ចៅក្រមបានទទួលបា្រក់ពីជនសង្ស័យចំនួន៣៥០០ដុល្លារ ដើម្បីជាថ្នូរនឹងការដោះលែងជនសង្ស័យ។ សំណុំរឿងមួយទៀត ចៅក្រមជំនុំជម្រះបានសួរទៅជនរងគ្រោះអំពីប្រវត្តិផ្លូវភេទរបស់នាង ហើយចៅក្រមបានសន្និដ្ឋានថា ដោយសារនាងធ្លាប់រួមភេទជាមួយបុរសជាច្រើនកន្លងមក ដូច្នេះនាងត្រូវតែបានផ្ដល់ការព្រមព្រៀងនៅអំឡុងពេលកើតហេតុនោះ។
សេចក្ដីសន្និដ្ឋាន
របាយការណ៍ឆ្នាំ២០១៥របស់អង្គការលីកាដូស្ដីពីអំពើរំលោភសេពសន្ថវៈ ត្រូវបានធ្វើឡើងដោយផ្អែកលើការស៊ើបអង្កេតក្នុងឆ្នាំ២០១២ ២០១៣ និង២០១៤ ដែលបានបង្ហាញពីភាពខ្សោយនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជាក្នុងការធ្វើការស៊ើបអង្កេតដោយត្រឹមត្រូវ និងការដាក់ទណ្ឌកម្មចំពោះសំណុំរឿងអំពើហិង្សាផ្លូវភេទលើស្រ្តីនិងកុមារ។ ដោយផ្អែកលើសំណុំរឿងដែលបានស៊ើបអង្កេតក្នុងឆ្នាំ២០១៥ របាយការណ៍សង្ខេបនេះបង្ហាញថា កត្តារួមចំណែកក្នុងការធ្វើឲ្យប្រព័ន្ធយុត្តិធម៌ចុះខ្សោយ (អំពើពុករលួយ អាកប្បកិរិយារើសអើងចំពោះស្រ្តីនិងកុមារ ការខ្វះការយល់ដឹងផ្នែកច្បាប់និងកង្វះខាតធនធាន) នៅតែបន្តកើតមានឡើង ហេតុនេះហើយទើបធ្វើឲ្យភាគច្រើននៃជនរងគ្រោះក្នុងអំពើហិង្សាផ្លូវភេទ មានការពិបាកក្នុងការទទួលបានយុត្តិធម៌។ រាជរដ្ឋាភិបាលកម្ពុជាត្រូវចាត់វិធានការក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការផ្លាស់ប្ដូរអាកប្បកិរិយាចាំបាច់ដើម្បីដោះស្រាយចំណុចខ្វះខាតនាពេលបច្ចុប្បន្ន ដូចបានលើកឡើងនៅក្នុងអនុសាសន៍នៃរបាយការណ៍ឆ្នាំ២០១៥។ ប្រសិនបើមិនធ្វើបែបនេះ នោះនឹងមិនអាចបញ្ចប់អំពើនិទ្ទណ្ឌភាពចំពោះជនប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈបានទេហើយក៏គ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង:
▪កញ្ញា ណាប់ សុម៉ាលី មន្ត្រីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទិ្ធស្ត្រី និងកុមារនៃអង្គការ លីកាដូ, mon4@licadho-cambodia.org, +855 (0)12 251 118 (ភាសាខ្មែរ)
▪ អ្នកនាង ណាលី ពីឡូក នាយិការងផ្នែកតស៊ូមតិនៃអង្គការ លីកាដូ, advocacy@licadho-cambodia.org, +855 (0)12 803 650 (English)
- ចំណងជើង & មូលបទ
- សិទ្ធិកុមារ តុលាការ និងនីតិរដ្ឋ សិទ្ធិស្ត្រី