ការទាមទាររកយុត្តិធម៌ នៅថ្ងៃរំឭកខួប៦ឆ្នាំ នៃឃាតកម្មលើលោកបណ្ឌិត កែម ឡី
ចេញផ្សាយ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ក្រុមសង្គមស៊ីវិល និងគណបក្សនយោបាយមួយ បានប្រមូលផ្ដុំគ្នានៅក្នុងព្រឹត្តិការណ៍ជាច្រើន ដើម្បីអំពាវនាវរកយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី និងគ្រួសាររបស់លោក នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ព្រឹត្តិការណ៍ និងការប្រារព្ធពិធី ត្រូវបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តតាកែវ ដែលជាភូមិកំណើតរបស់លោកបណ្ឌិត កែម ឡី ដើម្បីរំឭកខួប៦ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយរូបនេះ ។
សហជីព យុវជនសកម្មជន និងមន្ត្រីសង្គមស៊ីវិលប្រមាណជា ៧០នាក់ បានប្រមូលផ្ដុំគ្នានាព្រឹកនេះ នៅខាងក្រៅស្ដាម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ នៅក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលលោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់ អំឡុងពេលពិសារកាហ្វេ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។ អ្នកចូលរួមបានដាក់កម្រងផ្កា និងបានរៀបចំពិធីសូត្រមន្តតាមបែបព្រះពុទ្ធសាសនា ។ ស្ដាម៉ាតនៅទីនោះ ត្រូវបានបិទ ខណៈដែលអ្នកធ្វើបុណ្យរំឭកខួប បានចាប់ផ្ដើមជួបជុំគ្នា ហើយមន្ត្រីសន្តិសុខស្លៀកពាក់ស៊ីវិលប្រមាណ ២០នាក់ ក៏បានមកតាមដានព្រឹត្តិការណ៍នេះផងដែរ ។
ក្រុមសង្គមស៊ីវិល បន្តអំពាវនាវឱ្យបង្កើតគណៈកម្មការស៊ើបអង្កេត ដើម្បីធ្វើការស៊ើបអង្កេតដោយឯករាជ្យ ឥតលំអៀង និងប្រកបដោយប្រសិទ្ធភាព ជុំវិញការស្លាប់របស់លោកបណ្ឌិត កែម ឡី ។ ការស៊ើបអង្កេតកន្លងមកទៅលើអំពើឃាតកម្មនេះ ត្រូវបានចាត់ទុកថា មិនគ្រប់គ្រាន់ និងមិនទាន់បានវែកញែកអ្នកនៅពីក្រោយអំពើបាញ់ប្រហារ ដែលអាចនឹងត្រូវយកមកផ្ដន្តាទោសសម្រាប់អំពើឃាតកម្មនេះ ៕
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម ឃាតកម្ម កែម ឡី