ការ​ចាប់អារម្មណ៍​លើ​អ្នកការពារ​សិទ្ធិមនុស្ស៖ ដេត ហ៊ួ

សកម្មជនដីធ្លី​ និង​សិទ្ធិកូន​បំណុល ​សហគមន៍​ដីធ្លី​១៩៧ ខេត្តកោះកុង​

ប្រជាពលរដ្ឋ​កម្ពុជា​ ​មាន​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ក្នុង​មនុស្សម្នាក់​ច្រើនជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​ ​។​ ​ក​ម្ចី​ហិរញ្ញវត្ថុ​គិត​ជាមធ្យម​ ​គឺ​ច្រើនជាង​៤​ដង​ ​នៃ​ប្រាក់ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ ​ហើយ​ការ​ខ្វះ​នៃ​បទ​ប្បញ្ញត្តិ​គ្រប់គ្រាន់​ ​បាន​អនុញ្ញាត​ឱ្យ​ធនាគារ​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​រក​ប្រាក់​ចំណេញ​ដោយ​រំលោភបំពាន​លើ​សិទ្ធិ​របស់​អតិថិជនជាច្រើន​ ​។​

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ការ​ផ្ដល់​ប្រាក់​ក​ម្ចី​បែប​កេង​ចំណេញ​ ​និង​ប្រកបដោយ​គ្រោះថ្នាក់​ ​បាន​បង្កើត​ឱ្យ​មានវិបត្តិ​បំណុល​ ​និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ​។​ ​ការ​គំរាមកំហែង​ ​និង​ការ​បំភិតបំភ័យ​ ​ជា​ប្រព័ន្ធ​ ​គឺ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ ​ដោយ​មន្ត្រី​ឥណទាន​ ​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ខ្ចីប្រាក់​ខ្មាសគេ​ ​ឬ​ភ័យខ្លាច​ ​ហើយ​លក់​ដី​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដោយ​មិន​ចាំបាច់​ឱ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ​ត្រូវធ្វើ​តាម​នីតិវិធី​ច្បាប់​ដើម្បី​ប្រមូល​ឥណទាន​មកវិញ​នោះ​ទេ​ ​។​ ​កម្មសិទ្ធិ​ដីធ្លី​ ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដោយសារតែ​វា​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ​ដូចជា​ ​សិទ្ធិ​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ ​សិទ្ធិ​មាន​លំនៅឋាន​សមរម្យ​ ​សិទ្ធិ​មាន​ជី​វ​ភាពសមរម្យ​ ​និង​សិទ្ធិ​ច្រើន​ទៀត​ ​។​ ​ ប៉ុន្តែប្រជាពលរដ្ឋអ្នកខ្ចីប្រាក់ជាង ១៦ម៉ឺននាក់ ​បានលក់ដី​ដើម្បី​សងបំណុល​មីក្រូហិរញ្ញវត្ថុ ​ក្នុងរយៈពេល​៥ឆ្នាំ​ចុងក្រោយ​នេះ ​មានន័យថា​ នៅរៀងរាល់​១៦នាទី ​មានការ​លក់ដី​ម្ដង ។​

ចង់បាន​ឱ្យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ទាំងអស់​ ​ពន្យារពេល​ឱ្យ​បាន​ច្រើន​ ​ហើយ​ហ្នឹង​ការប្រាក់​គាត់​ឱ្យ​បាន​ទាប​បំផុត​ ​តាមដែល​ប្រជាពលរដ្ឋ​មានលទ្ធភាព​បង់​ ​សូម​កុំ​ឱ្យ​ធនាគារ​រឹបអូស​ផ្ទះ​ ​និង​ទ្រព្យសម្បត្តិ​របស់​គាត់

អ្នកស្រី​ ដេ​ត​ ហ៊ួ ​គឺ​ជាសកម្ម​ជន​ ​និង​តំណាង​សហគមន៍​ដីធ្លី​១​៩​៧​ ​នៅ​ក្នុង​ឃុំ​ជី​ខ​លើ​ ​ខេត្ត​កោះ​កុង​ ​។​ ​អ្នកស្រី​ ​បាន​ចាប់ផ្ដើម​ធ្វើជា​អ្នកការពារ​សិទ្ធិ​ដីធ្លី​ ​ធ្វើការ​ជាមួយ​សហគមន៍​របស់​ខ្លួន​ ​ដើម្បី​តស៊ូប្រឆាំង​នឹង​ការរំលោភ​យក​ដីធ្លី​របស់​ពួកគេ​ ​ពីសំណាក់​ក្រុមហ៊ុន​អ្នកមានអំណាច​មួយ​ ​។​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​អ្នកស្រី​បាន​ពង្រីក​ភាព​សកម្ម​និយម​របស់​អ្នកស្រី​ ​ដើម្បី​តស៊ូប្រឆាំង​នឹង​វិធីសាស្ត្រ​កេងប្រវ័ញ្ច​ ​និង​ដោយ​​រំលោភ​បំពាន​ ​ពីសំណាក់​ធនាគារ​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគមន៍​របស់​អ្នកស្រី​ ​។

អ្នកស្រី​ ដេ​ត​ ហ៊ួ ​បាន​លើកឡើង​ពី​របៀប​ដែល​ការ​ផ្ដល់​ក​ម្ចី​ឥណទាន​បែប​កេងប្រវ័ញ្ច​ ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ ​។​ ​ទោះបីជា​កង្វះ​ឱកាស​ការងារ​ ​និង​លទ្ធភាព​បង់​សង​ ​អ្នក​ខ្ចីប្រាក់​ ​នៅតែ​ត្រូវ​បាន​ផ្ដល់​ក​ម្ចី​ឥណទាន​ជាច្រើន​ ​។​ ​ជាក់ស្ដែង​ ​មនុស្សជា​ច្រើន​ ​បាន​ជួប​បញ្ហា​លំបាក​ក្នុង​ការ​សងបំណុល​ទាំងនោះ​ត្រឡប់ទៅវិញ​ ​។​ ​ករណី​នេះ​ហើយដែល​នាំ​ឱ្យ​សមាជិក​សហគមន៍​អ្នកស្រី​ ដេ​ត​ ហ៊ួ ​ជាច្រើន​នាក់​ ​បាន​ធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​ ​ដែល​ចុងក្រោយ​ត្រូវ​បាន​បាត់បង់​ដី​របស់​ពួកគេ​ ​ឬក៏​ត្រូវ​ខ្ចី​ឥណទាន​ខ្នាត​តូច​បន្ថែម​ ​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ ​និង​ចំណាយ​លើ​ការអប់រំ​កូន​ៗ​ ​។​ ​ជា​លទ្ធផល​ ​ពួកគេ​បាត់បង់​ដី​កាន់តែ​ច្រើន​ ​និង​មិន​អាច​មានលទ្ធភាព​បង្កបង្កើន​ផល​ ​ឬ​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាពរស់នៅ​បាន​ ​។​ ​អ្នកស្រី​ ​បានឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​ ​ត្រូវ​បាន​បង្ខំ​ឱ្យ​លក់​ដី​ ​និង​ឱ្យ​កូន​ឈប់​រៀន​ ​ដើម្បី​ជួយ​រក​ប្រាក់​សងបំណុល​មីក្រូ​ហិរញ្ញវត្ថុ​ ​។​ ​អ្នកស្រី​បាន​និយាយ​ថា​ “​កូន​ខ្ញុំ​ក៏​គាត់​អត់​បាន​រៀនចប់​ដែរ​ ​ដោយសារតែ​គាត់​មាន​បញ្ហា​ជីវភាព” ​។​ ​អ្នកស្រី​បន្ត​ថា​ “​ខ្ញុំ​ចង់​ឱ្យ​ពួកគាត់​មានការ​យល់​ដឹង​ពី​ផ្នែក​ច្បាប់​រឿង​សិទ្ធិ​កូនបំណុល​ឱ្យ​បាន​ច្រើន​” ​ដោយ​បន្ថែម​ថា​ ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​បង្កើន​ការលំបាក​កាន់តែ​ច្រើន​ចំពោះ​កម្មករ​-​កម្មការិនី​រោងចក្រ​ជាច្រើន​ ​ដែល​មិនបាន​ទទួល​ប្រាក់ឈ្នួល​ ​។​

អ្នកស្រី​ ដេ​ត​ ហ៊ួ ​និង​សហគមន៍​របស់​អ្នកស្រី​ ​ស្នើសុំ​ឱ្យ​ម្ចាស់បំណុល​ ​ពន្យារពេល​ការ​បង់​សង​ ​ដោយ​លើកឡើង​ពី​ផល​លំបាក​ផ្ទាល់ខ្លួន​ ​ដែល​អ្នកខ្ចី​បាន​ជួបប្រទះ​ ​ខណៈ​ដែល​មនុស្សជា​ច្រើន​មាន​ជំងឺ​ ​និង​គ្មាន​លទ្ធផល​បង់​សង​ក​ម្ចី​ជាច្រើន​ដែល​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​។​ ​អ្នកស្រី​ ​ក៏បាន​លើកឡើង​ពី​ឆន្ទៈ​របស់​សហគមន៍​ ​ដើម្បី​គោរព​ទៅតាម​លក្ខខណ្ឌ​ផ្សេងៗ​ “​ក្នុងនាម​ជា​កូនបំណុល​ ​យើង​ប្រកាន់ខ្ជាប់​នូវ​ភាព​ស្មោះត្រង់​” ​។​

អ្នកស្រី ដេត ហ៊ួ ផ្ដល់បទសម្ភាសន៍​នៅផ្ទះរបស់​អ្នកស្រី នៅ​ខេត្តកោះកុង ។

ការ​បាត់បង់​ដី​ ​និង​ក​ម្ចី​ឥណទាន​បែប​កេងប្រវ័ញ្ច​ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគមន៍​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​មាន​អ្នកតំណាង​តិចតួច​ណាស់​ ​ដែល​រឹង​មាំ​ដូច​អ្នកស្រី​ ដេ​ត​ ហ៊ួ ​ក្នុង​ការ​ជួយការ​ពារ​សិទ្ធិ​សមាជិក​សហគមន៍​ ​។​ ​អ្នកស្រី​បាន​និយាយ​ថា​ “​មូលហេតុ​ដែល​ខ្ញុំ​ចូលរួម​ធ្វើការ​ការពារ​សិទ្ធិមនុស្ស​នេះ​ ​ដោយសារ​ខ្ញុំ​មាន​បញ្ហា​រឿង​ដីធ្លី​” ​។​ ​បញ្ហា​នេះ​ ​ប៉ះពាល់​ដីធ្លី​ប្រមាណ​ជា​ ​១​២​០​ហិច​តា​ ​និង​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មួយ​ ​របស់​លោក​ឧកញ៉ា​ ​ហេង​ ​ហ៊ុយ​ ​ដែល​មានមុខ​ជំនួញ​ជាច្រើន​ ​ប៉ះពាល់​ដល់​បញ្ហា​ដីធ្លី​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។

​អ្នកស្រី​ ដេ​ត​ ហ៊ួ ​បាន​និយាយ​ថា​ ​អ្នកស្រី​ ​និង​សមាជិក​សហគមន៍​ ​ត្រូវ​បាន​គំរាមកំហែង​ថា​ “​ពងមាន់​កុំ​ជល់​នឹង​ថ្ម​” ​ហើយ​នេះ​បង្ហាញ​ថា​ ​ក្រុមហ៊ុន​ ​ដែល​មានការ​ជួយជ្រោមជ្រែង​ពី​អាជ្ញាធរ​ ​មិន​ចង់​ដោះស្រាយ​ជាមួយ​ពួកគាត់​ជា​អ្នក​តវ៉ា​នោះ​ទេ​ ​។​ ​អ្នកស្រី​ ​បន្ថែម​ថា​ “​ឃើញ​គាត់​មាន​អង្គរក្ស​ ​ហើយ​មាន​គ្រឿងចក្រ​គ្រប់​ប្រភេទ​ដែល​គាត់​ចុះ​ឈូស​ឆាយ​លើ​ទីតាំង​ដី​យើង​ចឹ​ង​ ​យើង​មាន​អារម្មណ៍​មួយ​ស្លុត​ ​យើង​មាន​អារម្មណ៍​ភ័យខ្លាច​មែនទែន​ ​យើង​អត់​យល់​ដឹង​ពី​ច្បាប់​ចឹ​ង​ ​យើង​ខ្លាច​គាត់​” ​។​

អ្នកស្រី​ ​បានឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​ ​ត្រូវ​បាន​បង្ខំ​ឱ្យ​លក់​ដី​ ​និង​ឱ្យ​កូន​ឈប់​រៀន​ ​ដើម្បី​ជួយ​រក​ប្រាក់​សងបំណុល​មីក្រូ​ហិរញ្ញវត្ថុ​ ​។​

អ្នកស្រី​ ដេ​ត​ ហ៊ួ ​ត្រូវ​បាន​ធ្វើទុក្ខបុកម្នេញ​ ​ដោយសារតែ​ភាព​សកម្ម​និយម​របស់​អ្នកស្រី​ ​។​ “​យើង​ទៅ​តស៊ូ​មតិ​ ​មាន​ទទួលរង​ ​អាជ្ញាធរ​ ​ព្រមទាំង​កង​សន្តិសុខ​វាយដំ​ពួកយើង​ ​ខ្លះទៀត​ ​ធ្វើ​ឱ្យ​ឆ្កួត​ ​ខ្លះ​មាន​ជំងឺរ៉ាំរ៉ៃ​មកដល់​សព្វថ្ងៃ​” ​។​ ​ទាំង​អ្នកស្រី​ ​និង​ស្វាមី​ ​បាន​ធ្លាក់ខ្លួន​ឈឺ​ ​ដោយសារ​បញ្ហា​ផ្លូវចិត្ត​ ​កើត​ចេញពី​ការ​គំរាមកំហែង​ ​និង​ការ​បំភិតបំភ័យ​ ​ពីសំណាក់​អាជ្ញាធរ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ ​។​ ​អ្នកស្រី​ ​លើកឡើង​ថា​ ​សមាជិក​សហគមន៍​ផ្សេងទៀត​ ​នៅតែ​បន្ត​រងគ្រោះ​ ​។​

នៅ​ក្នុង​ឆ្នាំ​២​០​១​៩​ ​អ្នកស្រី​ ដេ​ត​ ហ៊ួ ​និង​តំណាង​សហគមន៍​៩​នាក់​ទៀត​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​ “​បទ​ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍​” ​និង​”​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ​ដោយសារតែ​ការ​ការពារ​សិទ្ធិ​ដីធ្លី​របស់​ពួកគេ​ ​។​ ​សវនាការ​នៃ​សំណុំរឿង​នេះ​ត្រូវ​បាន​ធ្វើឡើង​ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​ហើយ​នៅ​មិនទាន់​មាន​សាលក្រម​នៅឡើយ​ ​។​ ​លើស​ពី​នេះ​ទៀត​ ​នៅ​ក្នុង​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​ ​អ្នកស្រី​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​ “​បទ​ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍​” ​និង​ “​បទ​បរិហារ​កេរ្ដិ៍​” ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ ​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ក្រោយពីមានបណ្ដឹងពីលោក ហេង ហ៊ុយ ​។​ ​អ្នកស្រី​ ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​១​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ​២​លាន​រៀល​ ​ដែល​​ត្រូវ​បាន​​សាលា​ឧទ្ធរណ៍​ព្រះសីហនុ​​បន្ថយ​ទោស​​ឱ្យ​ជាប់​ពន្ធនាគារ​​ត្រឹម​ ​៦​ខែ​​ ​និង​​ពិន័យ​​ជា​ប្រាក់​​ ​១​លាន​រៀល​ ​នៅ​ក្នុង​ខែតុលា ​ឆ្នាំ​២​០​២​២​ ​។​ អ្នកស្រី បានប្ដឹងសារទុក្ខការផ្ដន្ទាទោសនេះទៅតុលាការកំពូល ។ ​អ្នកស្រី​ ​បាន​ឆ្លើយតប​ទៅ​នឹង​បទ​ចោទ​ទាំងនេះ​ថា​ “​បទ​ចោទ​នេះ​ ​ខ្ញុំ​មិន​អាច​ទទួលយក​បានទេ​ ​យើង​ទាំងអស់គ្នា​ចង់បាន​ឱ្យ​រាជរដ្ឋាភិបាល​ជំរុញ​ទៅ​តុលាការ​ ​ទម្លាក់​ការចោទប្រកាន់​ដល់​តំណាង​រងគ្រោះ​ដីធ្លី​ទាំង​៩​នាក់​ ​និង​សូម​ឱ្យ​កាត់ក្ដី​ឱ្យ​ប្រជាពលរដ្ឋ​យើង​រងគ្រោះ​ដីធ្លី​ហ្នឹង​ ឱ្យ​មាន​តម្លា​ភាព​ ​និង​កាត់ក្ដី​ដោយ​ឯករាជ្យ​” ​។

អ្នកស្រី ដេត ហ៊ួ និងសមាជិក​សហគមន៍​ផ្សេងទៀត មកពីខេត្តចំនួន៣ តវ៉ានៅក្រៅ​ខុទ្ទកាល័យ​សម្ដេចនាយករដ្ឋមន្ត្រី ដើម្បី​ទាមទារ​រកដំណោះស្រាយ​ជម្លោះដីធ្លីដ៏រ៊ាំរ៉ៃ​របស់​ពួកគេ ។

ទោះជាប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ទាំងនេះ​ ​អ្នកស្រី​ ដេ​ត​ ហ៊ួ ​នៅតែ​បន្ត​ភាព​សកម្ម​និយម​ទាំង​បញ្ហា​ដីធ្លី​ ​និង​បញ្ហា​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ ​ហើយ​អ្នកស្រី​សង្ឃឹម​ថា​ ​ធនាគារ​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ដែល​កំពុង​ផ្ដល់​ក​ម្ចី​នៅ​ក្នុង​សហគមន៍​អ្នកស្រី​ ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​របស់​ពួកគេ​ ​។​ ​អ្នកស្រី​បាន​និយាយ​ថា​ “​ការ​ព្រួយបារម្ភ​របស់​ខ្ញុំ​ ​ខ្ញុំ​ខ្លាច​ទៅ​ថ្ងៃ​អនាគត​ ​ប្រជាពលរដ្ឋ​យើង​ជំពាក់​បំណុល​កាន់តែ​ខ្លាំង​ៗ​ ​ធ្វើ​ឱ្យ​បាត់បង់​ដី​ផ្ទះសម្បែង​ ​ដែល​សល់​បន្តិច​បន្ដួច​ហ្នឹង​ ​។​ ​ចង់បាន​ឱ្យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ទាំងអស់​ ​ពន្យារពេល​ឱ្យ​បាន​ច្រើន​ ​ហើយ​ហ្នឹង​ការប្រាក់​គាត់​ឱ្យ​បាន​ទាប​បំផុត​ ​តាមដែល​ប្រជាពលរដ្ឋ​មានលទ្ធភាព​បង់​ ​សូម​កុំ​ឱ្យ​ធនាគារ​រឹបអូស​ផ្ទះ​ ​និង​ទ្រព្យសម្បត្តិ​របស់​គាត់​” ​។

ព័ត៌មាន​បន្ថែមទៀត ​ពីបញ្ហា​មីក្រូហិរញ្ញវត្ថុ៖​ អង្គការ​លីកាដូ ​បានចេញ​ផ្សាយ​របាយការណ៍​ចំនួន៤​​អំពី​ការរំលោភ​បំពាន​ក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​ ចាប់តាំង​ពី​ឆ្នាំ២០១៩​មក ។​ របាយការណ៍​ចុងក្រោយគេ ​មានចំណង​ជើងថា ​“សិទ្ធិទទួលបានការអនុគ្រោះ” ដែល​ត្រូវបាន​ចេញផ្សាយ​រួមគ្នា​ជាមួយ​អង្គការ​សមធម៌​កម្ពុជា​ ក្នុងឆ្នាំ​២០២១​ និង​បាន​សម្ភាស​អ្នកខ្ចីប្រាក់​ ជាង ១៧០នាក់​ នៅក្នុង​សហគមន៍​ចំនួន ១៤ ។​ ឯកសារ​ផ្សេងទៀត​លើប្រធានបទនេះ ​អាចរក​បាននៅ ​ទីនេះ

ត្រឡប់ទៅទំព័រដើមវិញ